Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ផាកពិន័យឡានដឹកលើសទម្ងន់ ៣គ្រឿង ឃាត់ទុក១ឆ្នាំ

ចាប់ផាកពិន័យឡានដឹកលើសទម្ងន់ ៣គ្រឿង ឃាត់ទុក១ឆ្នាំ

ខេត្តត្បូងឃ្មុំ ៖ រថយន្តដឹកលើសទម្ងន់កំណត់ ចំនួន៣គ្រឿង ដែលបើកបរលើដងផ្លូវជាតិ ល្មើសច្បាប់កំណត់ ត្រូវបានក្រុមការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សហការជាមួយកម្លាំងសមត្ថ កិច្ចចម្រុះ បានចុះត្រួតពិនិត្យ ចាប់ផាកពិន័យ រួចឃាត់ទុករយៈ ពេល១ឆ្នាំ។

តាមប្រភពពីមន្ត្រីជំនាញ បានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញពីលោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោកសេង ឈួន រដ្ឋលេខាធិការនិងជាប្រធានគណៈ កម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ លោកគឹម សាន់ និងលោកម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារ ចល័ត ចម្រុះ ព្រមទាំងសមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្ត ដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ នៅផ្លូវជាតិលេខ 373A ត្រង់ចំណុចគីឡូម៉ែត្រ03+500 ស្ថិតក្នុងភូមិពពែក ឃុំពពែក ស្រុកពញាក្រែក។

ប្រតិបត្តិការខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្ត សរុប១៤គ្រឿង ក្នុងនោះរថយន្តដឹកលើសទម្ងន់ ចំនួន៥គ្រឿង បានដឹកលើសទម្ងន់កម្រិតកំណត់ ចាប់ពី០៧-២២តោន។ ដោយឡែក មានរថយន្តចំនួន ៣គ្រឿង ដែលបានដឹកលើស ២០ភាគរយ នៃទម្ងន់អនុញ្ញាត ត្រូវបានពិន័យ និងឃាត់ទុករយៈពេល១ឆ្នាំ ដោយអនុ លោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្តីជូនដំណឹងលេខ០៤៩ សជណ សក.គតលទ ស្តីពីការពង្រឹង វិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

ជាថ្មីម្តងទៀត ក្រសួងសាធារណការនិងដឹកជញ្ជូន សូមក្រើនរំលឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្ត ធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ថា ក្រសួងនឹងបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ និង សេចក្តីជូនដំណឹងខាងលើយ៉ាងតឹងរ៉ឹងបំផុត ដោយគ្មានការលើកលែងឡើយ។ អាស្រ័យហេតុនេះ សូមចូល រួមអនុវត្តទាំងអស់គ្នាឱ្យបានខ្ជាប់ខ្ជួន៕

RELATED ARTICLES