Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ប្រពន្ធមិនព្រមរួមស្នេហ៍ថ្មី ប្តីលោតទឹក ភ័យខ្លាច ស្លាប់ ហែលឡើងគោកវិញ

 ប្រពន្ធមិនព្រមរួមស្នេហ៍ថ្មី ប្តីលោតទឹក ភ័យខ្លាច ស្លាប់ ហែលឡើងគោកវិញ

ភ្នំពេញ ៖ ប្តីប្រពន្ធ ២នាក់ រស់នៅមិនចុះសម្រុងនឹងគ្នា ក៏ឈានដល់ការបែកបាក់ លុះបុរសជាប្តីមិនដាច់អាល័យ ជិះម៉ូតូដឹកកូនទៅអង្វរលួងលោមប្រពន្ធ សុំរួមស្នេហ៍ជាថ្មី ប៉ុន្តែត្រូវប្រពន្ធប្រកែក ជាហេតុធ្វើឱ្យបុរសជាប្តីឈឺ ចិត្តស្អិតទ្រូង ជិះម៉ូតូដឹកកូនទៅស្រុក ផ្ញើឱ្យម្តាយជួយ មើលថែ រួចត្រឡប់មកលោតទឹកស្ពានជ្រោយចង្វា តែ ពេលលោតចូលដល់ទឹក ស្រាប់តែខ្លាចស្លាប់ ក៏ហែលឡើងគោកវិញ។

ករណីលោតទឹកស្ពានជ្រោយចង្វា ធ្វើអត្តឃាតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចលើស្ពានជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ជ្រោយ ចង្វា  ខណ្ឌជ្រោយចង្វា។

បុរសដែលលោកទឹកស្ពានជ្រោយចង្វា សម្លាប់ខ្លួន នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ជិះម៉ូតូ ១គ្រឿង ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AD-1313 ។

តាមសម្តីបុរសលោតទឹកខាងលើ បានរៀបរាប់ប្រាប់ដោយសុំមិនបញ្ចេញឈ្មោះថា ខ្លួននិងប្រពន្ធ បានកើត មានភាពរកាំរកូសនឹងគ្នាជាញឹកញាប់ រហូតឈានដល់ការបែកបាក់គ្នា ដោយប្រពន្ធបានចេញទៅរស់នៅផ្សេង ប៉ុន្តែដោយសារខ្លួននៅមិនទាន់ដាច់អាល័យ ណាមួយអាណិតកូនតូចផង ក៏បានតាមទៅអង្វរលួង លោមសុំ ជានាជាមួយប្រពន្ធវិញ តែប្រពន្ធមិនព្រម ទើបជ្រើសយកផ្លូវបញ្ចប់ជីវិតខ្លួនឯងបែបនេះតែម្តង។

បុរសខាងលើ បានបន្តថា មុនពេលកើតហេតុ ខ្លួនបានដឹកកូនទៅសុំប្រពន្ធ ត្រូវរ៉ូវគ្នាវិញ បន្ទាប់ពីមានការ ឈ្លោះប្រកែកគ្នា តែប្រពន្ធមិនព្រមត្រូវគ្នាវិញទេ ទើបខ្លួនតូចចិត្ត ក៏មកលោតទឹកតែម្តង។

បុរសដដែល បន្ថែមថា ក្រោយពីលួងលោមសុំជានាជាមួយប្រពន្ធវិញអត់បាន ខ្លួនក៏បានជិះម៉ូតូដឹកកូន ទៅស្រុកកំណើត ឯខេត្តព្រៃវែង ផ្ញើកូនឱ្យនៅជាមួយយាយ រួចហើយក៏បានជិះម៉ូតូត្រឡប់មកភ្នំពេញ តែម្នាក់ឯង។ លុះពេលមកដល់លើស្ពានជ្រោយចង្វា ក៏ឈប់ម៉ូតូកណ្តាលស្ពាន ក្បែរបង្កាន់ដៃ ហើយចុះពី លើម៉ូតូ លោតទឹកទន្លេតែម្តង ក្នុងបំណងសម្លាប់ខ្លួន តែពេលលោតចុះដល់ក្នុងទឹក ក៏អណ្តែតឡើងមកវិញ ព្រោះខ្លួនចេះហែលទឹក រួចក៏សម្រេចចិត្តហែលឡើងច្រាំងវិញតែម្តង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានថា មានបុរសម្នាក់ បានជិះម៉ូតូឡើងមកលោតទឹកលើស្ពានជ្រោយចង្វា ភ្លាមនោះសមត្ថកិច្ចបានឡើងទៅដល់ទីតាំងកើតហេតុ និងបានប្រទះឃើញស្បែកជើង ១គូ និងម៉ូតូ ១គ្រឿង នៅលើស្ពាន ចំណែកជនរងគ្រោះ បានលោតចូលទឹក បាត់ទៅហើយ។

ប្រភពដដែល បន្តថា ក្រោយពេលដែលលោតចូលដល់ក្នុងទឹក ដោយសារតែបុរសនោះចេះហែលទឹកណា មួយខ្លាចស្លាប់ ក៏បានហែលឡើងមកលើគោកវិញ ហើយក៏ត្រូវបានសមត្ថកិច្ចនាំបុរសខាងលើ ទៅប៉ុស្តិ៍ នគរបាលរដ្ឋបាលជ្រោយចង្វា ដើម្បីសាកសួរភ្លាមៗតែម្តង។

ក្រោយពីសួរនាំដឹងហេតុផលរួចហើយ សមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងលើកទឹកចិត្តដល់បុរសខាងលើ កុំឱ្យមានគំនិតខ្លីតទៅទៀត បន្ទាប់មកក៏អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញទៅ៕

RELATED ARTICLES