ខេត្តតាកែវៈ បើទោះបីតំបន់ភ្នំតាម៉ៅ ត្រូវបានដាក់ឲ្យទៅជា “ឧទ្យានសួនសត្វ ដើម្បីថែរក្សា អភិរក្សព្រៃឈើ និងសត្វព្រៃ” ដើម្បីថែរក្សាព្រៃឈើ និងសត្វព្រៃ តាមរយៈព្រះរាជក្រឹត្យ កាលពីខែសីហា ឆ្នាំ២០២២ ទៅហើយក៏ដោយ ក៏សកម្មជនបរិស្ថាន នៅតែមានមន្ទិលនិងចម្ងល់ ដោយសារគេបានដឹងថា មានដីព្រៃ ១ជ្រុងធំ ត្រូវបានកាត់ចេញ ទើបសកម្មជនបរិស្ថាន ចង់ដឹងថា ម្ចាស់ដីព្រៃភ្នំតាម៉ៅ ១ជ្រុងធំនោះ ជានរណា?
លោកតាន់ គឹមសួរ សកម្មជនបរិស្ថាន បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក ពាក់ព័ន្ធដីព្រៃភ្នំតាម៉ៅ ១ជ្រុងធំនោះ កាលពីពេលថ្មីៗនេះថា “ ពិតជាចង់ដឹងខ្លាំងណាស់ថា ដីមួយជ្រុងហ្នឹង ឆ្កែណាខ្លះជាម្ចាស់? “ ។
ស្របនឹងការលើកឡើងរបស់លោកតាន់ គឹមសួរ ខាងលើនេះ លោកម៉ា ចិត្រា សកម្មជនបរិស្ថាន ម្នាក់ទៀត បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ថា ដីព្រៃ មួយជ្រុងធំ នៅតំបន់ភ្នំតាម៉ៅ នេះ លោកពុំទាន់បានដឹងថា ត្រូវបានគេកាត់ទៅឲ្យផ្នែកណា ឬបុគ្គលណា តាំងពីពេលណាមកទេ ប៉ុន្តែបើមានករណីនេះមែន លោកពិតជាមានការសោកស្ដាយណាស់ ព្រោះតំបន់ព្រៃភ្នំតាម៉ៅ នេះ ជាតំបន់ដែលត្រូវបានការពារដោយព្រះរាជក្រឹត្យ ។
លោកម៉ា ចិត្រា បានមានប្រសាសន៍ថា “ បាទ! ពាក់ព័ន្ធនឹងភ្នំតាម៉ៅ នេះ ដែលការកាត់មួយជ្រុងធំនេះ ខ្ញុំពុំទាន់បានដឹងថា គេត្រូវបានកាត់ទៅឲ្យផ្នែកណា ហើយក៏ពីពេលណាដែរ ហើយពាក់ព័ន្ធនឹងករណីនេះ ខ្ញុំមានការសោកស្ដាយណាស់ ដែលរដ្ឋាភិបាលគាត់នៅបន្តការធ្វើបែបនេះ បន្តការកាប់បំផ្លាញធនធានធម្មជាតិ ដើម្បីយកទីតាំងទៅធ្វើការអភិវឌ្ឍ ហើយខ្ញុំគិតថា ប្រទេសកម្ពុជា ទឹកដីប៉ុណ្ណេះ បើប្រៀបនឹងចំនួនប្រជាជន វាអត់អីចាំបាច់ទៅដល់ថ្នាក់ទៅបំផ្លិចបំផ្លាញធនធានធម្មជាតិដែលជាប្រយោជន៍សម្រាប់ប្រជាជាតិយើងទាំងអស់គ្នានោះទេ ហើយមួយវិញទៀត ខ្ញុំមើលឃើញថា ការដាក់តំបន់នីមួយៗទៅជាតំបន់ឧទ្យានការពារដោយព្រះរាជក្រឹត្យនេះ ខ្ញុំគិតថា វាមានគុណតម្លៃមហាសាលណាស់សម្រាប់ប្រវត្តិសាស្រ្ត យើងឃើញថា តាំងពីជំនាន់សម្ដេចតាមកម្ល៉េះ ការកាប់បំផ្លាញព្រៃឈើហ្នឹងមិនមានច្រើនទេ ពាក់ព័ន្ធទៅនឹងតំបន់ការពារ ជាពិសេសតំបន់ដែលត្រូវបានការពារដោយព្រះរាជក្រឹត្យ ។ ហើយអ្វីដែលយើងសោកស្ដាយ យើងឃើញថា មួយរយៈក្រោយនេះ រដ្ឋាភិបាលអាណត្តិចាស់ហ្នឹង បានធ្វើការកាត់ទៅឲ្យក្រុមហ៊ុនផ្សេងៗ ដែលជាអ្នកមានលុយ អ្នកមានអំណាច អាចថាជាខ្សែស្រឡាយរបស់ពួកគាត់ ហើយចំពោះខ្ញុំៗមិនប្រឆាំងទេ ទៅនឹងការអភិវឌ្ឍ ព្រោះអីប្រទេសមួយ វាត្រូវការអភិវឌ្ឍហើយ ប៉ុន្តែយើងឲ្យមើលផង ថា តើការអភិវឌ្ឍហ្នឹងវាប៉ះពាល់ប៉ុនណាទៅដល់ធនធានធម្មជាតិ ហើយនិងប្រជាពលរដ្ឋ? ហើយខ្ញុំសំណូមពរ ក៏ដូចជាធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋយើងដែលស្រលាញ់ដឹងគុណធនធម្មជាតិហ្នឹង ត្រូវតែចូលរួមតាមដានឃ្លាំមើល ក៏ដូចជាការសំណូមពរ ឬក៏អំពាវនាវទៅដល់រដ្ឋាភិបាលអាណត្តិថ្មីនេះ ឲ្យគាត់ពិចារណាឡើងវិញ ក្នុងការផ្ដល់ដីព្រៃហ្នឹងទៅឲ្យក្រុមហ៊ុនឯកជន ព្រោះអីយើងដឹងហើយថា បច្ចុប្បន្ននេះ ការប្រែប្រួលអាកាសធាតុនេះ វាបានផ្ដល់ផលយ៉ាងក្រក់ទៅហើយ សម្រាប់ប្រជាពលរដ្ឋ ។ មានន័យថា នៅទូទាំងសកលលោក ហើយជាពិសេសពលរដ្ឋកម្ពុជាយើងនេះឯង ហើយយើងឃើញហើយថា ឆ្នាំនេះ យើងមើលទៅ គ្រោះរាំងស្ងួតហ្នឹងវាអាចកើតមានឡើង ដោយសារតែបម្រែបម្រួលអាកាសធាតុ នៅតាមតំបន់ខ្លះហ្នឹង ប្រជាពលរដ្ឋហ្នឹងអត់អាចបូមទឹកចេញពីអណ្ដូង ដើម្បីប្រើប្រាស់បានទេ ដោយសារតែទឹកក្រោមដីហ្នឹង វាខ្សោះអស់បាត់ទៅហើយ ដោយសារតែការបំផ្លិចបំផ្លាញនូវធនធានធម្មជាតិនេះឯង “ ។
លោកម៉ា ចិត្រា បន្តថា “ អ៊ីចឹងហើយវាជាចំណែកមួយនៃផលប៉ះពាល់ នៅមានចំណែកផ្សេងៗទៀតដែលរងផលប៉ះពាល់ពីការបំផ្លិចបំផ្លាញព្រៃឈើ ក៏ដូចជាធនធានធម្មជាតិនេះ ។ អ៊ីចឹងហើយសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យភ្ញាក់ស្មារតីឡើង ចូលរួមការពារធនធានធម្មជាតិ ដើម្បីប្រយោជន៍យើងនៅពេលនេះ ក៏ដូចជាប្រយោជន៍នៅពេលអនាគត ។ យើងអត់ចង់ឲ្យព្រៃយើងត្រូវបានបំផ្លាញរាល់ថ្ងៃ ហើយប្រជាពលរដ្ឋយើងនៅតែក្រីក្រដដែលទេ មានតែអ្នកមានអំណាច មានតែអ្នកដែលទទួលបានដីសម្បទានពីតំបន់ព្រៃហ្នឹង យើងអត់ចង់ឃើញបែបហ្នឹងទេ ហើយពួកគេអាចនឹងទទួលផលប៉ះពាល់ដែរ ប៉ុន្តែវាអត់ទាន់ដល់វេនរបស់គេ វេនដែលទទួលផលដំបូងនៃការបំផ្លាញធនធានធម្មជាតិហ្នឹង គឺប្រជាពលរដ្ឋ ជាពិសេសកសិករដែលអាស្រ័យទៅលើធនធានទឹក ។ កាលណាដែលអត់ទឹក ប្រជាកសិករអត់អាចធ្វើកសិកម្មបានទេ ។ អ៊ីចឹងនេះហើយជាផលជះដំបូងបំផុត ដែលមានន័យថា ទទួលបានពីការបំផ្លិចបំផ្លាញព្រៃឈើ របស់អ្នកមានអំណាច ដែលតែងតែទទួលបានដីធំៗពីរដ្ឋាភិបាលនេះ។ អ៊ីចឹងខ្ញុំសូមអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋយើងឲ្យចូលរួមការពារធនធានធម្មជាតិយើងតាមរយៈគ្រប់រូបភាពដែលអាចធ្វើទៅបាន” ។
ជាមួយគ្នានោះដែរ លោកហេង គឹមហុង ប្រធានប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា ដើម្បីឆ្លើយតបចំពោះក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ជុំវិញការបាត់បង់ដីព្រៃភ្នំតាម៉ៅ នេះ អាជ្ញាធរ គួរតែធ្វើការបំភ្លឺ និងធ្វើការផ្សព្វផ្សាយឲ្យពលរដ្ឋបានដឹង ថាតើគម្រោងនោះ ឬក៏ការអភិវឌ្ឍនោះកើតឡើងយ៉ាងដូចម្ដេច? ហើយអ្នកណាជាអ្នកនៅពីខាងក្រោយ?
លោកហេង គឹមហុង បានមានប្រសាសន៍ថា “ ដូចសាធារណជនលោកបានជ្រាបហើយ បញ្ហាភ្នំតាម៉ៅ ដែលបានកើតឡើងនៅក្នុងឆ្នាំ២០២២ កន្លងមកនេះ បានក្លាយទៅជារបៀបវាវៈមួយយ៉ាងរសើប ដែលរហូតទៅដល់ជំរុញឲ្យមានការឆ្លងឆ្លើយគ្នា លុបចោលគម្រោងអភិវឌ្ឍមួយចំនួន ហើយជំនួសមកវិញតំបន់ភ្នំតាម៉ៅ ត្រូវបានបន្តដាក់ជាតំបន់ការពារ និងតំបន់អភិរក្ស និងជាសួនសត្វអីជាដើម ។ល។ ខ្ញុំយល់ថា ជុំវិញករណីនេះ បើសិនជាលោកមានការព្រួយបារម្ភចំពោះភាពមិនប្រក្រតីណាមួយ ដូចមានការលើកឡើងជាបន្តបន្ទាប់កន្លងមក ខ្ញុំយល់ថា ពលរដ្ឋអាចស្នើសុំអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការស្វែងយល់បន្ថែម ហើយបើសិនជាពិតជាមិនមានគម្រោងណាមួយមកអភិវឌ្ឍន៍ពិតមែននោះ អាជ្ញាធរក៏គួរតែបំភ្លឺចំពោះក្ដីបារម្ភរបស់ពលរដ្ឋ ដើម្បីឲ្យលោកបានជ្រាប ។ ប៉ុន្តែបើសិនជាមាន ក៏គួរតែធ្វើការផ្សព្វផ្សាយឲ្យពលរដ្ឋបានដឹង ថាតើគម្រោងនោះ ឬក៏ការអភិវឌ្ឍនោះកើតឡើងយ៉ាងដូចម្ដេច? ហើយអ្នកណាជាអ្នកនៅពីខាងក្រោយ ហើយមានការផ្ដល់នីតិវិធីត្រឹមត្រូវតាមប្បញ្ញត្តិច្បាប់នៃប្រទេសកម្ពុជា ដែរឬទេ? “ ។
គួររំលឹកថា តំបន់ភ្នំតាម៉ៅ ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជ្យក្រឹត្យ ចុះថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២ ដាក់ឲ្យទៅជា “ឧទ្យានសួនសត្វ ព្រៃការពារ និងភូតគាម” តាមសំណើសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានបញ្ជាឲ្យបញ្ឈប់រាល់ការអភិវឌ្ឍទាំងអស់ នៅតំបន់ព្រៃភ្នំតាម៉ៅ បន្ទាប់ពីសាធារណមតិរិះគន់ការឈូសឆាយដីព្រៃភ្នំតាម៉ៅ អស់ជាង៥០០ហិកតារ ។
បើតាមព្រះរាជក្រឹត្យ ការដាក់តំបន់ភ្នំតាម៉ៅ ទៅជា “ឧទ្យានសួនសត្វ ព្រៃការពារ និងភូតគាម” នេះ ធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍទៅជាតំបន់គោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ ផ្តល់ការថែទាំសង្គ្រោះសត្វព្រៃ បង្កើតគម្របបៃតង និងបង្កើនសោភ័ណភាពក្នុងតំបន់ ព្រមទាំងប្រែក្លាយតំបន់ភ្នំតាម៉ៅ ទៅជាទីតាំងសម្រាប់ការសិក្សាស្រាវជ្រាវ អប់រំផ្សព្វផ្សាយអន្តរអំពើរវាងមនុស្ស សត្វព្រៃ និងព្រៃឈើ ។ ជាពិសេសព្រះរាជក្រឹត្យ បញ្ជាក់ថា តំបន់ការពារភ្នំតាម៉ៅ មានផ្ទៃដីសរុប ២០២៥ហិកតារ។ ក្នុងនោះផ្ទៃដី ១០២១ហិកតារ ជាតំបន់ព្រៃការពារ សម្រាប់ស្តារលទ្ធភាពសត្វព្រៃ។ ៥៣០ហិកតារ ជាតំបន់សួនភូតគាមឈើប្រណីតភ្នំតាម៉ៅ និងផ្ទៃដី៤៧៤ហិកតារ ជាតំបន់ឧទ្យានសួនសត្វ ៕