ភ្នំពេញ ៖ សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសព្វថ្ងៃជាប្រធាន គណ បក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្តាល់ព្រះមហាក្សត្រ បានឆ្លើយតបទៅសម រង្ស៉ី អតីតមេ បក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៉ី) ដែលបាននិយាថា សម្តេច មិនមែនមានជីវិតអមតៈនោះថា អ្នកនិយាយនោះ មានអាយុច្រើនជាង និងចាស់ ជាងសម្តេច ដូច្នេះអាចងាប់មុនសម្តេច។

សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ថា «រឿងគួរឱ្យអស់សំណើចមួយ ! ថ្ងៃមុន ខ្ញុំបានមើលនូវបទសម្ភាសមួយ ដែលមានទាំងបណ្ឌិត សេង សារី ចូលរួមផង។
បុរសម្នាក់ដែលតាំងខ្លួនជាអ្នកចេះជាងគេ ដែលខ្ញុំធ្លាប់ប្រើក្បាលឱ្យជួយកែរដ្ឋធម្មនុញ្ញ ពី២/៣ មក ៥០បូក១ នៅឆ្នាំ២០០៦ បាននិយាយថា ហ៊ុន ម៉ាណែត អត់ចេះអីទេ អ្វីៗឪពុកនៅបញ្ជាដឹកនាំទាំងអស់ ប៉ុន្តែជីវិតមនុស្ស គ្មានអ្វីអមតៈទេ អត់ពីហ៊ុន សែន ទៅ ហ៊ុន ម៉ាណែត នឹងចប់ដែរ ឯឱកាសរបស់អ្នកប្រឆាំង ក៏មកដល់ដែរ Sic! (សង្ខេបចំណុចដែលគេចង់និយាយ)។
ខ្ញុំមិនចង់ឆ្លើយតបជាមួយសមត្ថភាពហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រី នោះទេ ព្រោះប្រជាជនកម្ពុជា បានស្គាល់រួចមកហើយ តែខ្ញុំចង់សួរទៅជនដែលតែងនិយាយជាន់កែងខ្លួនឯងនេះ នូវសំណួរពីរ ដូចខាងក្រោម ៖
១- អំណាចហ៊ុន ម៉ាណែត ផ្អែកលើអំណាចរបស់ហ៊ុន សែន បើហ៊ុន សែន ស្លាប់ ហ៊ុន ម៉ាណែត នឹងចប់។
សំណួរសួរថា ចុះបើហ៊ុន សែន នៅរស់ ២០ ទៅ៣០ឆ្នាំទៀត តើក្រុមប្រឆាំង វាទៅជ្រកនៅទីណា?
២- អ្នកដែលនិយាយថា ហ៊ុន សែន មិនមែនមានជីវិតអមតៈទេ ម្នាក់នេះមានអាយុច្រើនជាង ហ៊ុន សែន។

សំណួរសួរថា ពេលហ៊ុន សែន កើនអាយុ តើលោកមិនកើនអាយុទេអី? ឆ្លើយជួសទៅចុះ កើនដូចគ្នា នឹងអាចងាប់មុនហ៊ុន សែន។
ចង់បញ្ជូនចំណុចទាំងនេះ ទៅកាន់បងប្អូនទាំងគាំទ្រ ទាំងប្រឆាំង ពិចារណា នាចុងសប្តាហ៍»៕