ខេត្តឧត្តរមានជ័យ ៖ កម្មករសំណង់ ប្រមាណជិត៥០នាក់ បានលើកគ្នាមកតវ៉ានៅក្នុងបរិវេណប៉ុស្តិ៍នគរបាល សង្កាត់អូរស្មាច់ ដើម្បីសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ពាក់ព័ន្ធទៅនឹងមេការបកប្រែរបស់ក្រុមហ៊ុនចិន មិន បានបើកប្រាក់ឈ្នួលឱ្យពួកគាត់ ហើយថែមទាំងបានជួលឡានគេ មកប្រមូលអីវ៉ាន់ដឹកចេញ បម្រុងគេចខ្លួន តែត្រូវកម្មករដឹងព័ត៌មានទាន់ ក៏នាំគ្នាឃាត់រថយន្តនោះ ក្រោយដឹកចេញបានបន្តិច រួចក៏ប្រគល់ឱ្យសមត្ថកិច្ច។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ៨និង៣០នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចសង្កាត់អូរស្មាច់ ក្រុងសំរោង។

តាមប្រភពកម្មករសំណង់ម្នាក់ ឈ្មោះទន់ ពេក ភេទប្រុស អាយុ៤៣ឆ្នាំ តំណាងឱ្យកម្មករសរុប៣៤នាក់ បាន រៀបរាប់ប្រាប់កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ថា ពួកគាត់ខ្លះមកពីខេត្តឆ្ងាយៗ ដូចជា បាត់ដំបង បន្ទាយ មានជ័យ សៀមរាប ព្រៃវែង មកធ្វើជាកម្មករសំណង់ ឱ្យក្រុមហ៊ុនចិន មួយកន្លែង ស្ថិតនៅក្រោយផ្សារថ្ម ក្នុងសង្កាត់អូរស្មាច់ ជាប់ព្រំដែនកម្ពុជា-ថៃ។ ពួកគាត់បានមកស៊ីឈ្នួលសាងសង់អគារ ២ខ្នង មានចំនួន ៥២បន្ទប់ អស់រយៈពេល ៣ទៅ៤ខែមកហើយ ដោយមានមេការស្រីម្នាក់ មានឈ្មោះចែហ៊ាង ជាអ្នកបក ប្រែឱ្យចិន ហើយក៏ជាអ្នក បើកប្រាក់ខែឱ្យកម្មករ រាល់ខែផងដែរ។ ប៉ុន្តែនៅចុងក្រោយនេះ កាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ខណៈដែលការងារសាងសង់អគាររួចរាល់អស់ហើយ តែមេការនោះ ពុំទាន់បានបើក លុយឱ្យកម្មករអស់ផង ក្នុងម្នាក់ៗ ចាប់២ទៅ៣លានរៀល ស្រាប់តែយប់ឡើង ឃើញមេការ បានជួលឡាន មកដឹកអីវ៉ាន់ចេញ ទើបពួកគេឃាត់រថយន្ត ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

ពាក់ព័ន្ធករណីខាងលើនោះ ស្ត្រីឈ្មោះចែហ៊ាង ជាមេការនិងជាអ្នកបកប្រែឱ្យក្រុមហ៊ុនចិន បានបញ្ជាក់ប្រាប់ថា ចំពោះការឃាត់រថយន្តពីកម្មករសំណង់នោះ លោកស្រីក៏ពុំបានដឹងដែរ ទាល់តែឡានបើកដល់កន្លែងប៉ូលិស ទើបតៃកុងឡានប្រាប់គាត់ ហើយប្រាក់ឈ្នួលរបស់កម្មករសំណង់ ក៏គាត់ពុំមានការគេចវេះដែរ ហើយបើបង ប្អូនកម្មករមិនទុកចិត្តគាត់នោះ ចង់ឃាត់ឡានទុកឱ្យសមត្ថកិច្ច ជារឿងរបស់ពួកគាត់ដែរ។ ដោយឡែករឿង ថ្លៃឈ្នួលកម្មករសំណង់ គាត់នឹងទាក់ទងទៅថៅកែរបស់គាត់បន្តទៀត ដើម្បីយកប្រាក់មក បើកឱ្យកម្មករ គ្រប់ចំនួន។

លោកអនុសេនីយ៍ឯក អ៊ុជ ប៊ុនអ៊ុយ នាយប៉ុស្តិ៍អូរស្មាច់ បានឱ្យដឹងថា ក្រោយពីមានការឃាត់ រថយន្តដែល ដឹកសម្ភារៈសំណង់ចេញពីក្រុមហ៊ុនហើយ ក៏មានការដាក់ពាក្យបណ្តឹងពីកម្មករសំណង់ចំនួន ៣៤នាក់ ឱ្យជួយធ្វើការដោះស្រាយ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ផងដែរ បន្ទាប់ពីសាកសួរនិងស្រង់បញ្ជី ឈ្មោះបងប្អូនជាកម្មករសំណង់ អស់រយៈពេល១ព្រឹករួចមក ក៏ឃើញថាទឹកប្រាក់ថ្លៃឈ្នួលរបស់កម្មកសំណង់ ដែលមេការក្រុមហ៊ុនចិន មិនទាន់បើកឱ្យគាត់ សរុបទាំងអស់ មានចំនួនរហូតដល់ទៅ ៥៣ ១៨៧ ០០០រៀល។

គួរបញ្ជាក់ថា បន្ទាប់ពីមានការឃាត់រថយន្តដឹកគ្រឿងសំណង់ចេញពីក្រុមហ៊ុនសាងសង់ អគារមួយកន្លែង ខាងលើ និងមានការលើកគ្នាមកតវ៉ារបស់បងប្អូនដែលកម្មករសំណង់ នៅសង្កាត់អូរស្មាច់ នោះមក លោកផុន ចាន់និល អភិបាលក្រុងសំរោង បានចាត់បញ្ជាភ្លាមៗ ឱ្យមន្ត្រីជំនាញ សហការជាមួយសង្កាត់ យ៉ាងយក ចិត្តទុកដាក់ធ្វើការសម្របសម្រួល ដោយហៅភាគីសងខាង ទាំងកម្មករសំណង់ និងមេការក្រុមហ៊ុនចិន ដើម្បី មកធ្វើការដោះស្រាយគ្នាបញ្ចប់រឿង នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤៕