ភ្នំពេញ ៖ សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តេច នឹកអាណិត ខ្លួន ពេលឃើញរូបថត កាលធ្វើរដ្ឋមន្ត្រីការបរទេស ក្នុងវ័យមិនទាន់គ្រប់២៧ឆ្នាំ ស្លៀកពាក់ខោអាវធំ មិនបាន វាស់កាត់ បានជាខោវែងជាងជើង អាវធំជាងខ្លួន។
សម្តេចហ៊ុន សែន បានបង្ហោះរូបថតរបស់សម្តេច មួយសន្លឹក កាលនៅធ្វើជារដ្ឋមន្ត្រីការបរទេស (ខែកុម្ភះ ឆ្នាំ១៩៧៩) ក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ជាមួយសំណេរថា «ឃើញរូបថតមួយសន្លឹកនេះ នឹកអាណិតខ្លួន។ ធ្វើរដ្ឋមន្ត្រីការបរទេស ក្នុងវ័យមិនទាន់គ្រប់ ២៧ឆ្នាំ មិនទាន់ បានជួបប្រពន្ធកូន មានរបបស្បៀង ១៦គីឡូ ក្នុងនោះ អង្ករ ១០គីឡូ ពោតក្រហម ៦គីឡូ។ ងាកមកសម្លៀកបំពាក់ ខ្ញុំមានខោអាវធំ តែមួយសម្រាប់នេះទេ ដែលជាជំនួយរបស់មិត្តវៀតណាម (រូបថតនេះ ថតនៅប្រហែលពាក់កណ្តាលខែកុម្ភះ ឆ្នាំ១៩៧៩ មុនពេលខ្ញុំជួបភរិយានិងកូនខ្ញុំ)»។
សម្តេចហ៊ុន សែន បន្តថា «ខោអាវធំនេះ មិនបានវាស់កាត់ទេ បានជាខោវែងជាងជើង អាវធំជាងខ្លួន។ ឯអាវ ក្នុង មានតែ ២ទេ ។ ស្បែកជើង ទៅរើសនៅផ្សារថ្មី ម្ខាងធំម្ខាងតូច ពាក់ឈឺជើង ស្ទើរដើរមិនរួច។តែទោះយ៉ាងណា ខោអាវមិនស្អាតនេះ មិនរំខានការងារខ្ញុំនោះទេ វាតាមបម្រើខ្ញុំទាំងនៅភ្នំពេញ ហាណូយ មូស្គូ កូឡំបូ ប្រទេសស្រីលង្កា នៅពេលខ្ញុំធ្វើដំណើរទៅប្រជុំប្រទេសនៃចលនាមិនចូលបក្សសម្ព័ន្ធ»។សម្តេចហ៊ុន សែន បន្តទៀតថា «ខោអាវមួយសម្រាប់នេះ វាបានជួយឱ្យខ្ញុំទទួលបានជោគជ័យ រយៈពេលជាង ៤៥ឆ្នាំ កន្លងមក។
ជោគជ័យដែលបានមកដោយការលំបាក គឺជោគជ័យដែលមោទកភាព និងត្រូវចេះថែរក្សាឱ្យខាងតែបាន។ត្រូវចងចាំ ជោគជ័យមិនមែនបានមកដោយការិយាល័យធ្វើការល្អ រថយន្តទំនើប ខោអាវស្អាតនោះឡើយ តែបានមកដោយចេះធ្វើការដោយមានប្រសិទ្ធភាព ដើម្បីបម្រើដល់ផលប្រយោជន៍ជាតិនិងប្រជាជន»៕