អេស្ប៉ាញ ៖ នាយកផ្នែកកីឡាកររបស់ក្លឹប Barcelona លោកដេកូ (Deco) បានបញ្ជាក់ថា ក្លឹបមិនមានគម្រោងក្នុងការចាប់អារម្មណ៍លើខ្សែការពារកណ្តាល រ៉ូណាល់ដ៍ អារ៉ូចូ (Ronald Araujo) នោះទេ។
Manchester United និង Bayern Munich ក្លឹបទាំង២នេះ បានតាមដាន អារ៉ូចូ ក្នុងប៉ុន្មានខែថ្មីៗនេះ ក្នុងក្តីសង្ឃឹមថា នឹងទទួលបានផលចំណេញពីការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុ របស់ Barcelona ប៉ុន្តែសារព័ត៌មាន 90min បានរាយការណ៍កាលពីដើមខែមករា ថា ខ្សែការពារមិនមានចំណាប់អារម្មណ៍ក្នុងការចាកចេញនៅ ពេលនេះទេ។
ការប្តេជ្ញាចិត្តនោះ ឥឡូវនេះត្រូវបានគាំទ្រដោយលោកដេកូ ដែលបានច្រានចោលការរំពឹងទុកបន្ទាប់ពីក្រុម Barcelona យកឈ្នះ 4–2 លើក្រុម Real Betis កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤។
លោកដេកូ បានសង្កត់ធ្ងន់ថា “គាត់គឺជាកីឡាករដ៏សំខាន់ម្នាក់របស់ Barcelona នាពេលបច្ចុប្បន្ន និងអនាគត។ យើងមិនពិចារណាលក់គាត់ទេ យើងចង់ឱ្យគាត់សប្បាយចិត្ត ហើយរឿងនេះត្រូវបានបង្ហាញជារៀងរាល់ថ្ងៃ។ គ្មានអ្វីដែលត្រូវនិយាយទេ អ្វីដែលសំខាន់នោះគឺថា គាត់នៅទីនេះដោយបេះដូង”។
ទោះបីជាមានការច្រានចោលការចាកចេញសម្រាប់កីឡាករ អារ៉ូចូ ក៏ដោយ លោកដេកូ បានសារភាពថា Barcelona នៅតែមិនអាចចុះហត្ថលេខាលើកីឡាករថ្មី ដោយសារតែបញ្ហាហិរញ្ញវត្ថុ Fair Play របស់ពួកគេ។លោកដេកូ បានបន្ថែមថា “នៅពេលនេះយើងមិនមាន Fair Play ហើយយើងមិនអាចចុះហត្ថលេខាលើកីឡាករបានទេ។ វាជាបញ្ហាដូចគ្នានឹងក្រុមជាច្រើន នៅ La Liga ប៉ុន្តែយើងបន្តធ្វើការ”។
Bayern Munich បានជ្រើសរើសអេរិក ដាយើរ (Eric Dier) ជាខ្សែការពារបន្ទាន់ ក្នុងខែនេះ ប៉ុន្តែ Man United មិនត្រូវបានគេរំពឹងថា នឹងធ្វើការផ្លាស់ប្តូរដ៏សំខាន់សម្រាប់ខ្សែការពារថ្មី រហូតដល់ទីផ្សារដោះដូរកីឡាករ នារដូវក្តៅ បន្ទាប់ពីការទិញភាគហ៊ុនរបស់ INEOS ត្រូវបានបញ្ចប់ ហើយ ក្រុមជ្រើសរើសថ្មីរបស់ក្លឹប ត្រូវបានបង្កើតឡើង៕