Saturday, July 27, 2024
Homeព័ត៌មានអន្តរជាតិទាហានអាមេរិក ស្លាប់៣នាក់ ជាលើកដំបូង ក្នុងសង្គ្រាមនៅហ្គាហ្សា

ទាហានអាមេរិក ស្លាប់៣នាក់ ជាលើកដំបូង ក្នុងសង្គ្រាមនៅហ្គាហ្សា

ហ៊្សកដានី ៖ ទាហានអាមេរិក បានស្លាប់ ៣នាក់ ជាលើកដំបូង ក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ា ចាប់តាំងពីសង្រ្គាមនៅហ្គាហ្សាបានចាប់ផ្តើម កាលពីចុងឆ្នាំមុន ធ្វើឲ្យមានការបារម្ភថា ស្ថានការណ៍ក្នុងតំបន់មជ្ឈិមបូព៌ា នឹងមានសភាពធ្ងន់ធ្ងរទៅមុខទៀត។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ថាទាហានអាមេរិក ៣នាក់ បានស្លាប់ និង ៣០នាក់ រងរបួសនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក កាលពីយប់ថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅឯមូលដ្ឋានយោធាតូចមួយ នៅហ្ស៊កដានី វាជាលើកទីមួយហើយ  ដែលទាហានអាមេរិក ត្រូវបានសម្លាប់នៅមជ្ឈិមបូព៌ា ចាប់តាំងពីសង្គ្រាមនៅហ្គាហ្សា បានចាប់ផ្តើមកាលពីខែតុលា ឆ្នាំ២០២៣។

ទីបញ្ជាការកណ្តាលកងទ័ពអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី១៨ ខែមករាឆ្នាំ២០២៤ បញ្ជាក់ពីការស្លាប់និងរបួស បន្ទាប់ពីយន្តហោះគ្មានមនុស្សបើក បានធ្លាក់ចូលអគារ ២២ នៅមូលដ្ឋានទ័ពអាមេរិក តំបន់ព្រំដែនភាគឦសាននៃប្រទេសហ្ស៊កដានី ជាប់ព្រំដែនស៊ីរី។ មានការចោទប្រកាន់ថា វាជាយន្តហោះគ្មានមនុស្សបើកដែលជាកម្មសិទ្ធិរបស់ក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ ហើយវាហាក់ដូចជាត្រូវបាននាំចេញពីប្រទេសស៊ីរី។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន (Joe Biden) បានប្រកាសកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ថានឹងដាក់ទណ្ឌកម្មអ្នកដែលទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ ទោះបីពេលនេះការពិតកំពុងត្រូវបានស្រាវជ្រាវក្ដី ប៉ុន្តែពួកគេដឹងថា នេះជាការវាយប្រហារដោយកងជីវពលជ្រុលនិយម ដែលគាំទ្រដោយអ៊ីរ៉ង់ និងសកម្មជននៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។

គិតត្រឹមថ្ងៃសុក្រ ទី២៦ ខែមករា សហរដ្ឋអាមេរិក និងកងកម្លាំងសម្ព័ន្ធមិត្ត នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី បានរងការវាយប្រហារមិនតិចជាង ១៥៨លើក ប៉ុន្តែមន្ត្រីអះអាងថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក គ្រាប់រ៉ុក្កែត និងមីលស៊ីល បានទទួលរងការបរាជ័យ ដោយសារពួកគេមិនអាចបង្កការខូចខាតដល់ហេដ្ឋារចនា សម្ព័ន្ធ ឬបង្កឱ្យមានរបួសធ្ងន់នោះឡើយ។

ទោះបីជាយ៉ាងណា គេមិនទាន់ដឹងច្បាស់ថា ហេតុអ្វីបានជាប្រព័ន្ធការពារដែនអាកាស បរាជ័យក្នុងការទប់ស្កាត់ការវាយប្រហារលើ Tower 22 ដែលមន្ត្រីអាមេរិក ឈរជើងក្នុងបេសកកម្មណែនាំនិងគាំទ្រទាហានហ្ស៊កដានី នោះទេ។

ចាប់តាំងពីមានការវាយប្រហារលើយោធាអាមេរិក និងប្រទេសសម្ព័ន្ធមិត្ត ចាប់តាំងពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ទាហានអាមេរិក រាប់សិបនាក់ បានរងរបួស។ មន្ត្រីយោធាជាន់ខ្ពស់ម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ កាលពីសប្តាហ៍មុនថា ចំនួនទាហានអាមេរិក ដែលរងរបួស ប្រហែល ៧០នាក់ មុនពេលដែលមន្ទីរបញ្ចកោណ បញ្ជាក់ថា អ្នករបួសភាគច្រើនគឺស្រាល ទាហានម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ ក្នុងការវាយប្រហារកាលពីថ្ងៃបុណ្យណូអែល (គ្រិស្តម៉ាស) ។

ការវាយប្រហារលើកងទ័ពអាមេរិក លើកចុងក្រោយនេះ កើតឡើងចំពេលមានការរំពឹងទុកថា សហរដ្ឋអាមេរិក និងអ៊ីរ៉ាក់ នឹងចាប់ផ្តើមកិច្ចចរចា នាពេលឆាប់ៗនេះ ជុំវិញអនាគតនៃកងទ័ពអាមេរិក ដែលឈរជើងនៅក្នុងប្រទេសអ៊ីរ៉ាក់។

ប្រធានាធិបតីអាមេរិក លោកចូ បៃដិន បានថ្កោលទោសក្រុមជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ ចំពោះការវាយប្រ​ហារលើមូលដ្ឋានយោធាអាមេរិក ឈ្មោះ «Tower22» នៅជិតព្រំដែនហ្ស៊កដានី ជាមួយស៊ីរី ក្នុងប្រទេសហ្ស៊កដានី ដែលបានធ្វើឱ្យទាហានអាមេរិក ៣នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស ខណៈដែលក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ «The Islamic Resistance in Iraq» បានប្រកាសទទួលខុសត្រូវ។

លោកចូ បៃដិន បានប្រកាសថា សហរដ្ឋអាមេរិក នឹងឆ្លើយតបទៅនឹងក្រុមប្រដាប់អាវុធដែលវាយប្រហារមូល​ដ្ឋានសហរដ្ឋអាមេរិក។

ជាមួយគ្នានេះ ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ពីឧប្បត្តិហេតុនេះថា ក្នុងចំណោមអ្នករងរបួស ទាហានអាមេរិក ៨នាក់ ត្រូវបានផ្ទេរចេញពីប្រទេសហ្ស៊កដានី ដើម្បីទទួលបានការថែទាំសុខភាពកម្រិតខ្ពស់ បន្ទាប់ពីរងការវាយប្រហារដោយក្រុមជីវពលអ៊ីស្លាម នៅអ៊ីរ៉ាក់ (The Islamic Resistance in Iraq) ដែលអ៊ីរ៉ង់គាំទ្រ។

ក្រុមជីវពលអ៊ីស្លាម នៅអ៊ីរ៉ាក់ បានអះអាងទទួលខុសត្រូវចំពោះការបញ្ជូនយន្តហោះគ្មានមនុស្សបើក ទៅវាយប្រហារមូលដ្ឋានយោធាអាមេរិក «Tower22»  នៅហ្ស៊កដានី កាលពីថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤ នោះ ។ ទោះជាយ៉ាងណា រដ្ឋាភិបាលអ៊ីរ៉ង់ បានបដិសេធមិនពាក់ព័ន្ធនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក លើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសហ្ស៊កដានី ដូចដែលរដ្ឋាភិបាលអាមេរិក បានចោទប្រកាន់នោះទេ៕

RELATED ARTICLES