កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្លឹប Leverkusen របស់អាល្លឺម៉ង់ប៊ុនដេស្លីហ្គាសម្រេចបានកុងត្រាថ្មីមួយក្នុងតម្លៃទឹកប្រាក់ ១៥លានអឺរ៉ូជាមួយកីឡាករ Leon Bailey ។
Baileyដែលបច្ចុប្បន្នលេងឱ្យក្លឹប Genk របស់បែលហ្ស៊ិក Pro League នឹងលេងឱ្យ Leverkusen រហូតដល់ខែមិថុនា ឆ្នាំ ២០២២ខាងមុខ ។ មានវ័យទើប១៩ឆ្នាំ កីឡាករជាតិហ្សាម៉ាអ៊ីករូបនេះថ្លែងថា Leverkusen ជាក្លឹបល្អមួយ ។ សង្ឃឹមថា ខ្ញុំអាចបន្តអភិវឌ្ឍសមត្ថភាពនៅទីនេះ ។ បច្ចេកទេសលេងរបស់ Leverkusen ពិតជាគួរឱ្យទាក់ទាញ ។
រយៈពេល២ឆ្នាំនៅជាមួយក្រុម Genk កីឡាករ Bailey រកគ្រាប់បាល់បាន១៥គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន ៧៧លើក ។
លោក Rudi Voeller នាយកក្លឹប Leverkusen ថ្លែងថា Baileyជាកីឡាកររហ័សរហួននិងពេញទៅដោយទេពកោសល ។ លោកបន្តថា ៖ សង្ឃឹមថា គេអាចជួយឱ្យយើងដណ្តើមយកជ័យជម្នះថ្មីៗបន្ថែមទៀត ។ គេពិតជាជួយឱ្យយើងសម្រេចបំណងបាន ។
សូមបញ្ជាក់ថា បច្ចុប្បន្ន Leverkusenស្ថិតនៅចំណាត់ថ្នាក់លេខ ៩លើតារាងជើងឯកក្របខ័ណ្ឌអាល្លឺម៉ង់ប៊ុនដេស្លីហ្គា ។ យ៉ាងណាក៏ដោយ ១៨ប្រកួតនារដូវកាលថ្មីនេះ Leverkusenជួបសំណាងអាក្រក់ច្រើនជាងសំណាងល្អ ដោយឈ្នះត្រឹម៧ប្រកួត តែចាញ់ដល់ទៅ៨ប្រកួតខណៈស្មើ ៣ប្រកួត ៕
ដោយៈ ឈិត គឹមឆុន