Saturday, November 23, 2024
Homeនយោបាយហោ សុខុន ប្រកាសចងពៀរ៥លានជាតិ បើមេឃាតករ បញ្ជាឲ្យគេសម្លាប់

ហោ សុខុន ប្រកាសចងពៀរ៥លានជាតិ បើមេឃាតករ បញ្ជាឲ្យគេសម្លាប់

ភ្នំពេញ ៖ អតីតព្រះចៅអធិការវត្តពោធិ៍ព្រះបាត្រ ហៅវត្តច្បារអំពៅ និងជាអតីតទីប្រឹក្សាសម្តេចព្រះសង្ឃរាជ លោកហោ សុខុន បានប្រកាសចងពៀរ ៥លានជាតិ ប្រសិនបើមេឃាតករបញ្ជាឲ្យគេសម្លាប់រូបលោក ដែលជាថ្នាក់ដឹកនាំគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៉ី) ។ ជាមួយនេះ អន្ទិតដែលតាំងខ្លួនជាអាចារ្យទិសាបាមោក្ខ រូបនេះ បានលើកឡើងថា ដរាបណា ស្វែងរកចាប់ពួកក្រុមឧក្រិដ្ឋកម្មជន ជាពិសេស មេខ្លោងឃាតករ នៅកម្ពុជា មិនទាន់បានទេ មនុស្សល្អៗដែលជាធនធានសង្គមខ្មែរ បណ្ឌិត បញ្ញវន្តខ្មែរ កូនខ្មែរអ្នកស្នេហាជាតិ អ្នកធ្វើកិច្ចការសង្គមទាំងឡាយ នឹងនៅតែបន្តត្រូវពួកក្រុមឃាតករ ជាពិសេស មេខ្លោងឃាតករដែលបាតដៃប្រឡាក់ឈាមខ្មែរ បន្តសម្លាប់មនុស្សទៀត ជាក់ជាមិនខានឡើយ ។

 លោកហា សុខុន បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ថា “ប្រសិនបើមេខ្លោងឃាតករ បញ្ជាគេឲ្យសម្លាប់ខ្ញុំ ដោយឧបាយណាក៏ដោយ ឧទាហរណ៍ វាយ ចាក់ កាប់ បាញ់សម្លាប់ ឬគ្រោះថ្នាក់ចរាចរណ៍ ឬឧបាយកលផ្សេងៗគ្រប់ទម្រង់ ខ្ញុំសច្ចាស្បថស្បែថា នឹងមិនឲ្យក្រុមឃាតករទាំងឡាយ ជាពិសេស មេខ្លោងឃាតករ រួចខ្លួន រស់នៅសោយសុខឡើយ ខ្ញុំនឹងប្រមូលភ័ស្តុតាងបញ្ចេ ញអត្តសញ្ញាណ-មុខ-ឈ្មោះ ឲ្យតុលាការកម្មផលផ្តល់យុត្តិធម៌ឲ្យខ្ញុំ ហើយខ្ញុំសច្ចាស្បថថា ចងពៀរវេរាតាម បង្រៀនក្រុមឃាតករ អ្នករួមគំនិតទាំងអស់ ជាពិសេសសំដៅមេខ្លោងឃាតករ ឲ្យស្គាល់រសជាតិដែលបៀត បៀនគេ ឲ្យស្គាល់រសជាតិដែលធ្វើបាបគេ ឲ្យស្គាល់រសជាតិដែលសម្លាប់គេ គឺខ្ញុំចងពៀរវេរា បង្រៀនរសជាតិទាំងអស់នេះ ចំនួនរយ:ពេល ១០០០ ០០០ជាតិ ទៅ ៥០០០ ០០០ជាតិ គ្រប់ៗជាតិ“ ។ 

 លោកហោ សុខុន បានសរសេរបន្តថា “ខ្ញុំហោ សុខុន មិនមែនមានត្រឹមតែឈ្មោះទេ គ្រូហៅខ្ញុំថា អាចារ្យទិសាបាមោក្ខ ពាក្យនេះអាចមើលវចនានុក្រមសម្តេចសង្ឃ ជួន ណាត បាន មិនមែនជាពាក្យផ្តេសផ្តាសទេ ហើយពាក្យឈ្មោះនេះ អត្ថន័យពីរោះត្រឹមត្រូវ ទាំងផ្លូវលោក ផ្លូវធម៌ ផ្លូវបារមី ។ អ្នកព័ត៌មានឯករាជ្យទាំងឡាយ អាចថតសំណេរនេះរក្សាទុកបាន ដើម្បីប្រសិនបើព្រឹត្តិការណ៍នោះកើតឡើងមែន មានអត្ថបទយោងសម្រាប់ចុះ ផ្សាយ…។ កន្លងមក ព្រោះតែសាមីខ្លួនដែលគេបម្រុងសម្លាប់ដឹងខ្លួនហើយ តែមិនបានមូលភ័ស្តុតាងបង្ហាញមុខឈ្មោះពួកក្រុមឃាតករ ជាពិសេស មេខ្លោងឃាតករ ទើបបានជាសមត្ថកិច្ចកម្ពុជា ស្វែងរកពួកក្រុមឧក្រិដ្ឋជនទាំងអស់នោះយកមកឲ្យផ្លូវច្បាប់ កាត់ទោសមិនបាន ដូចជា លោក ជា វិជ្ជា លោក ឈុត វុទ្ធី អ្នកនាងពិសិដ្ឋ ពិលីកា ព្រះតេជគុណ សំ ប៊ុនធឿន លោកបណ្ឌិត កែម ឡី ជាដើម និងមនុស្សទាំងឡាយជាច្រើនទៀត ។ ដរាបណាស្វែងរកចាប់ពួកក្រុមឧក្រិដ្ឋកម្មជន ជាពិសេស មេខ្លោងឃាតករ នៅកម្ពុជា មិនទាន់បាន មនុស្សល្អៗដែលជាធនធានសង្គមខ្មែរ បណ្ឌិត បញ្ញវន្តខ្មែរ កូនខ្មែរអ្នកស្នេហាជាតិ អ្នកធ្វើកិច្ចការសង្គមទាំងឡាយ នឹងនៅតែបន្តត្រូវពួកក្រុមឃាតករទាំងឡាយ ជាពិសេស មេខ្លោងឃាតករដែលបាតដៃពោរពេញទៅដោយឈាមខ្មែរ បន្តសម្លាប់មនុស្សល្អៗដែលជាធនធានសង្គមខ្មែរបន្តទៀត ជាក់ជាមិនខានឡើយ !“ ។

 លោកហោ សុខុន បានសរសេរបន្តទៀតថា “សូមបងប្អូនខ្មែរ ប្រជាពលរដ្ឋខ្មែរ ដែលស្រលាញ់ជាតិទាំងឡាយ ត្រូវក្លាហានដោយបញ្ញា ប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ យុត្តិធម៌ សច្ចធម៌ គុណធម៌ ហ៊ានលះបង់ដើម្បីចូលរួមជួយសង្គមជាតិ ទើបអាចជួយសង្គមជាតិយើង ឲ្យផុតការលំបាក និងរីកចម្រើនជឿនលឿនទៅបាន ជាពិសេសយើងចង់ឃើញប្រទេសកម្ពុជា មានលទ្ធិប្រជាធិបតេយ្យពេញលេញ ។ សម្រាប់ខ្ញុំ ចំពោះភាពត្រឹមត្រូវ  ខ្ញុំមិនដែលតក់ស្លុតខ្លាចញញើតចំពោះសេចក្តីស្លាប់ប៉ុនសរសៃសក់ឡើយ កុំថាឡើយគ្រាន់តែជាការលំបាកផ្សេងៗ និយាយតាមត្រង់ ដោយសច្ចភាព ខ្ញុំក៏ធ្លាប់សម្ងំយកសុខ ចង់រក្សាសុខដែរ តែបើក្រុមឃាតករ គេរាយការណ៍ទៅមេខ្លោងឃាតករ ចុចឈ្មោះថា បុគ្គលណាមានឧត្តមគតិ ឬមានសមត្ថភាពទៀត ឬធ្វើឱ្យខាតផែនការគេ គេនឹងព្យាយាមរកវិធីកម្ចាត់ផ្សេងៗ ធ្វើបាបឬសម្លាប់យើងហើយ គេគេចពីផ្លូវច្បាប់បានទៀត ខ្ញុំប្រឡូកសង្គមនេះស៊ីជម្រៅណាស់ ចឹងហើយល្មមសម្គាល់កំណត់ដឹងក្នុងចិត្តដោយបញ្ញា រួមនិងការខ្សឹបបង្ហើបព័ត៌មានផ្សេងៗ និងជាក់ច្បាស់នូវរឿងរ៉ាវល្បិចកល ធ្វើបាបមនុស្ស វិធីកម្ចាត់មនុស្ស វិធីសម្លាប់មនុស្សរបស់ ក្រុមឃាតករទាំងឡាយ ជាពិសេស ស្គាល់ចរិតច្បាស់ដូចថ្ងៃ ពីរបៀបធ្វើការរបស់កំពូលមេខ្លោងឃាតករដែលធំជាងគេ ។ បងប្អូនខ្មែរយើងខ្លះ គួរកែគំនិតមួយចំណុចនេះ ស្រលាញ់សោកស្តាយខ្លាំងពេលស្លាប់ហើយ ត្រូវកែគំនិត រៀនស្រលាញ់គ្នា រៀនឲ្យតម្លៃគ្នាពេលនៅរស់ផង ។ ពេលនៅរស់ ស្រលាញ់គ្នា ឲ្យតម្លៃគ្នា សាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក តាមលទ្ធភាពជាក់ស្តែង ហើយប្រសិនបើដល់ពេលស្លាប់ទៅ សោកស្តាយ ចងចាំ រំឭកសេចក្តីល្អ ប្រសិនបើបុគ្គលណាមានភាពជាគំរូក្នុងសង្គម ត្រូវយកគំរូតាម ត្រូវបន្តឆន្ទ: ប្រសិនបើបុគ្គលណាស្លាប់ដោយអយុត្តិធម៌ ជាពិសេស បុគ្គលដែលស្លាប់ជាបុគ្គលដែលចូលរួមជួយក្នុងសង្គម បងប្អូនខ្មែរយើង ត្រូវប្រើសិទ្ធិក្នុងនាមពលរដ្ឋដែលការពារដោយច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ទាមទារស្វែងរកយុត្តិធម៌ជូនអ្នកស្លាប់ដោយភាពអយុត្តិធម៌ផ្សេងៗ រហូតទាល់តែទទួលបានយុត្តិធម៌ នេះឈ្មោះថា ខ្មែរសាមគ្គី ខ្មែរខ្លាំង ខ្មែរសាមគ្គី ខ្មែរឈ្នះ ខ្មែរសាមគ្គី ខ្មែរឆ្លងផុតការលំបាក ខ្មែរសាមគ្គី ទើបខ្មែររីកចម្រើនជឿនលឿនខ្លាំង“ ៕ កុលបុត្រ

RELATED ARTICLES