Saturday, July 27, 2024
Homeព័ត៌មានជាតិដោះលែងកឹម សុខា អ្នកនយោបាយប្រឆាំងថា ដោះស្រាយវិបត្តិនយោបាយកម្ពុជា

ដោះលែងកឹម សុខា អ្នកនយោបាយប្រឆាំងថា ដោះស្រាយវិបត្តិនយោបាយកម្ពុជា

ភ្នំពេញ ៖ ស្របពេលដែលសាលាឧទ្ធរណ៍ ចាប់ផ្ដើមបន្តនីតិវិធីលើសំណុំរឿងលោកកឹម សុខា តាមការប្ដឹងជំទាស់របស់សាមីខ្លួន ដែលត្រូវសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ឃុំក្នុងផ្ទះ ២៧ឆ្នាំនោះ អ្នកនយោបាយប្រឆាំង នៃអតីតគណបក្សសង្រ្គោះជាតិ បានលើកឡើងថា សំណុំរឿងក្បត់ជាតិ របស់លោកកឹម សុខា វាជារឿងនយោបាយ ជាពិសេសវាជារឿងជម្លោះនយោបាយរវាងមេបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) សម្ដេចហ៊ុន សែន និងអតីមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) លោកកឹម សុខា ។ ដូច្នេះដើម្បីកុំឲ្យទទួលរងថ្មបាក់ពីឪពុក ឬដើម្បីដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា ដែលបន្សល់ពីអ្នកនយោបាយចាស់ៗ សម្ដេចហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្រ្តីបន្តវេន ត្រូវតែហ៊ានចេញមុខអារកាត់ដោយខ្លួនឯង ក្នុងការរកវិធីផ្សះផ្សា បង្រួបបង្រួមជាតិ តាមរយៈការដោះលែងលោកកឹម សុខា ឲ្យមានសេរីភាពឡើងវិញ ។

លោកមាជ សុវណ្ណារ៉ា អតីតថ្នាក់ដឹកនាំ នៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) បានបញ្ជាក់បា្រប់ “នគរធំ” នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ថា ការបើកសវនាការឡើងវិញនូវបណ្ដឹងរបស់អតីតប្រធានគណបក្សសង្រ្គោះជាតិ លោកកឹម សុខា នៅក្នុងសាលាឧទ្ធរណ៍ នៅថ្ងៃទី៣០ មករា ២០២៤ មិនអាចបញ្ចប់ពីរបីសប្ដាហ៍ខាងមុខទេ ព្រោះជានីតិវិធីហេតុផលនយោបាយ ហើយគណបក្សកាន់អំណាច មានការប្រយ័ត្នប្រយែងបំផុត នៅក្នុងរឿងនេះ ។ ប៉ុន្តែការបើកចិត្តឲ្យទូលាយ បើកលំហប្រជាធិបតេយ្យ សិទ្ធិមនុស្ស លំហនៃសិទ្ធិធ្វើនយោបាយ ការចូលរួមប្រកួតប្រជែងនយោបាយ ដោយមិនមានការគំរាមកំហែង រើសអើងនិន្នាការបក្ស មានតម្លាភាព ក្នុងការចូលរួមបោះឆ្នោត គឺជារឿងមួយដែលជាការចាប់ផ្ដើមនៃអ្នកជំនាន់ថ្មី អ្នកបន្តវេនរបស់អ្នកកាន់អំណាច ។ បានន័យថា បើសិនជាចង់កុំឲ្យនាយករដ្ឋមន្រ្តីបច្ចុប្បន្ន រងទទួលថ្មបាក់ ទម្ងន់នៃវិបត្តិនយោបាយ ជម្លោះនៃអ្នកនយោបាយកំពូលចាស់ៗពីមុនមក សម្ដេចហ៊ុន ម៉ាណែត គួរធ្វើជាគំរូល្អ ក្នុងការស្វែងរកការផ្សះផ្សាជាតិ ឯកភាពផ្ទៃក្នុងជាតិឡើងវិញ តាមរយៈការដោះលែងលោកកឹម សុខា ឬកុំប្រើអំណាចតុលាការ ដាក់សម្ពាធលើមេបក្សប្រឆាំង តទៅទៀត ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំមើលឃើញថា ការបន្តនីតិវិធី ការបើកសវនាការឡើងវិញនូវបណ្ដឹងតបតរបស់អតីតប្រធានគណបក្សសង្រ្គោះជាតិ លោកកឹម សុខា នៅក្នុងសាលាឧទ្ធរណ៍ ថ្ងៃទី៣០ មករា ២០២៤ ម្សិលនិញនេះ ខ្ញុំមើលទៅនីតិវិធី ដូចជាមិនអាចបញ្ចប់ពីរបីសប្ដាហ៍ខាងមុខទេ ហេតុអី? ព្រោះជានីតិវិធីហេតុផលនយោបាយ ។ អ៊ីចឹងខ្ញុំមើលឃើញរដ្ឋាភិបាល នៃបក្សកាន់អំណាច ហាក់រាងប្រយ័ត្នប្រយែង ទាក់ទងទៅនឹងបច្ចេកទេស ទៅនឹងការកាត់ក្ដី ដែលជាហេតុផលនយោបាយ ។ អ៊ីចឹងវាត្រូវការនីតិវិធីណាមួយ ដែលជានីតិវិធីដោយស្រួចស្រាល់ ប្រយ័ត្នប្រយែងបំផុត ព្រោះវាពាក់ព័ន្ធមិនត្រឹមតែលោកកឹម សុខា វាពាក់ព័ន្ធដល់ការរំលាយគណបក្សសង្រ្គោះជាតិ វាពាក់ព័ន្ធទៅដល់ការចោទប្រកាន់ទៅរដ្ឋបរទេសមួយចំនួន ពិសេសចង់ទម្លាក់កំហុសទៅលើសហរដ្ឋអាមេរិក ទៅលើប្រទេសអាល្លឺម៉ង់ សហភាពអឺរ៉ុប ប្រទេសមួយចំនួន ។ អ៊ីចឹងខ្ញុំថាហេតុផលនយោបាយនេះ វាស្ថិតនៅលើនាយករដ្ឋមន្រ្តីបច្ចុប្បនុ្ន លោកហ៊ុន ម៉ាណែត បើសិនជាលោកមានឆន្ទៈជាតិនិយម នៃអ្នកជំនាន់ថ្មី បើកចិត្តឲ្យទូលាយ ហើយគោរពនូវនីតិរដ្ឋ ខ្ញុំថា ការរកដំណោះស្រាយនៅក្នុងសវនាការ នៃអំណាចតុលាការ មិនមែនជារឿងពិបាកទេ ប៉ុន្តែគ្រាន់តែថា កុំឲ្យដើរជាន់ដាននូវការមើលឃើញអំពីហេតុនយោបាយ វាចំៗពេក ទាក់ទងទៅនឹងការចាប់ប្រធានគណបក្ស លោកកឹម សុខា ដាក់គុក ទាក់ទងទៅនឹងការរំលាយគណបក្សសង្រ្គោះជាតិ ហើយនិងធ្លាប់បានចោទប្រកាន់ដល់រដ្ឋបរទេស ដែលគេមានស្ថានទូតនៅក្នុងប្រទេសកម្ពុជា ដោយស្របច្បាប់ តាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងហើយ ខ្ញុំមើលឃើញរាងហាក់បីដូចជាហេតុផលនយោបាយមួយ ដែលត្រូវពន្យារ ត្រូវបង្ហាញឲ្យមហាជន ជាពិសេសសហគមន៍អន្តរជាតិ ឃើញថា ការតទល់ជាមួយគ្នានៅក្នុងសាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោស ២៧ឆ្នាំ ។ អ៊ីចឹងការតវ៉ាកាត់ទោសអយុត្តិធម៌ សាមីខ្លួនដែលត្រូវបានចោទ ស្វែងរកយុត្តិធម៌ គឺថាត្រូវតទល់គ្នានៅសាលាឧទ្ធរណ៍ ឬក៏ទៅសាលាកំពូលអី បន្ទាប់ពីសាលាឧទ្ធរណ៍ នឹងបង្ហាញថា តើទុកទទួលយកជាការបាន នៃសាលាដំបូង ឬក៏អាចបដិសេធនៃការកាត់ទោសលោកកឹម សុខា ដោយសាលាដំបូង ២៧ឆ្នាំ ឬក៏យ៉ាងម៉េចទៅចំពោះមុខទៀត គឺយើងតាមដានទាំងអស់គ្នា។ ប៉ុន្តែខ្ញុំមើលឃើញថា ករណីលោកកឹម សុខា មិនមែនជាករណីដែលចោទទៅដល់រឿងព្រហ្មទណ្ឌក្បត់ជាតិ លក់ទឹក លក់ដី លក់ភោគទ្រព្យជាតិអី ក្រៅតែពីការប្រកួតប្រជែងគ្នាមិនមានសុចរិតភាព គឺថាធ្វើឲ្យគាត់ហ្នឹងមើលឃើញថា ជំហរនៃបក្សប្រឆាំងហ្នឹង អាចមានសន្ទុះទៅរកការឈ្នះឆ្នោត នៅឆ្នាំ២០១៨ អ៊ីចឹងហើយគឺថាយុទ្ធសាស្រ្តនយោបាយដែលខ្វះនូវតម្លាភាព ខ្វះនូវសុចរិតភាព អ៊ីចឹងគឺថា វាជារឿងធម្មតាសម្រាប់សង្គមមួយ ដែលយើងយកអំណាចធំជាងការអនុវត្តច្បាប់ អនុវត្តនីតិរដ្ឋ ការប្រើឥទ្ធិពលរំលោភលើអំណាចតុលាការ អាទាំងអស់ហ្នឹង ដែលធ្វើឲ្យលោកកឹម សុខា ត្រូវបានគេចោទទៅនឹងករណីជាព្រហ្មទណ្ឌ ។ បើយើងមើលអំពីការចោទប្រកាន់ គ្រាន់តែពាក់ព័ន្ធទៅនឹងការបញ្ចេញមតិ ខ្ញុំថា មិនមែនរឿងអីទៅដល់ក្បត់ជាតិទេ ព្រោះយើងមិនបានលក់ទឹក លក់ដី ឬក៏ផ្ដល់សារនយោបាយសម្ងាត់ សន្តិសុខជាតិណា លក់ទៅឲ្យបរទេសទេ គឺគ្រាន់តែនិយាយដើម្បីលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាពរបស់ពលរដ្ឋម្ចាស់ឆ្នោត នៅក្នុងសង្គមប្រជាធិបតេយ្យ ពលរដ្ឋម្ចាស់ឆ្នោត ម្ចាស់ប្រទេស ហើយយើងជាអ្នកដឹកនាំ ជាអ្នកបម្រើនៃប្រទេសជាតិ ប្រជារាស្រ្ត ខ្ញុំថា ករណីលោកកឹម សុខា បើសិនជាចង់ឲ្យមានដំណោះស្រាយ ចង់ឲ្យសហគមន៍អន្តរជាតិ គេទទួលស្គាល់ថា ប្រទេសកម្ពុជា ជាប្រទេសគោរពនីតិរដ្ឋ គោរពសិទ្ធិមនុស្ស ចង់ឲ្យបានអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប ចង់ឲ្យបាន GSP ពីសហរដ្ឋអាមេរិក មកវិញ ហើយមានការងារធ្វើនៅរោងចក្រ អ្នកវិនិយោគទុនទុកចិត្ត ច្បាប់ទម្លាប់អីអ៊ីចឹងទៅ មានជំនួយឥតសំណង ឬក៏ប្រាក់កម្ចីក្នុងកម្រិតណា សម្រាប់ការកសាងប្រទេសជាតិ ខ្ញុំថា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ត្រូវហ៊ានសម្រេចឆន្ទៈនយោបាយដោយខ្លួនឯង ជាជាងការដាក់សម្ពាធពីអតីតនាយករដ្ឋមន្រ្តី ដែលជាឪ ជាអីហ្នឹង“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “អ៊ីចឹងខ្ញុំថា វាជារឿងមួយដែលទូកទៅ កំពង់នៅ របស់អ្នកបន្តវេន បើកចិត្តឲ្យទូលាយ បើកលំហប្រជាធិបតេយ្យ សិទ្ធិមនុស្ស ហើយលំហនៃសិទ្ធិធ្វើនយោបាយ ការចូលរួមប្រកួតប្រជែងនយោបាយ ដោយមិនមានការគំរាមកំហែង រើសអើងនិន្នាការបក្ស ហើយមានតម្លាភាព ក្នុងការចូលរួមបោះឆ្នោត ប្រកួតប្រជែងគ្នាគោលនយោបាយទៅ គឺថាជារឿងមួយដែលជាការចាប់ផ្ដើមនៃអ្នកជំនាន់ថ្មី អ្នកបន្តវេនរបស់អ្នកកាន់អំណាច ។ អ៊ីចឹងហើយ សរុបមកវិញ ខ្ញុំមើលឃើញសវនាការរបស់លោកកឹម សុខា ហាក់ដូចជាមិនងាយស្រួលទេ វាជាហេតុផលនយោបាយ អ៊ីចឹងរកដំណោះស្រាយណាដែលមិនជាន់ដាន ដែលមិនមើលទៅឃើញថា អាចប៉ះទង្គិចទៅដល់នឹងករណីរំលាយគណបក្សសង្រ្គោះជាតិ ករណីចាប់លោកកឹម សុខា ដាក់គុក កាត់ទោស២៧ឆ្នាំហ្នឹង អាចនឹងមានបញ្ហាយ៉ាងណាមួយ ដែលសហគមន៍អន្តរជាតិ គេនឹងមានការរិះគន់ ឬក៏ដាក់ទណ្ឌកម្ម ឬក៏ដាក់សម្ពាធ ហើយយើងចង់បានការឯកភាពជាតិផ្ទៃក្នុងគ្នាឯង យើងអត់ឲ្យបរទេសណាដាក់សម្ពាធ ឬក៏ទៅពឹងបរទេស ដើម្បីឲ្យខ្មែរ បែកបាក់ផ្ទៃក្នុងជាតិទេ គឺយើងចង់បានការបង្រួបបង្រួម ការផ្សះផ្សាជាតិ ខ្ញុំថាការដោះស្រាយឲ្យលោកកឹម សុខា មានសេរីភាពនៅក្នុងប្រព័ន្ធតុលាការ បច្ចេកទេសច្បាប់ ឬក៏សេនាធិការបែបណា ការលើកលែងទោស ការទម្លាក់ចោលទោសបែបណា គឺថាវាជារឿងដែលរដ្ឋាភិបាល លោកចេះធ្វើកិច្ចការហើយ ដើម្បីផ្សះផ្សាជាតិ ដើម្បីឲ្យមានជំនឿជាក់ពីសហគមន៍អន្តរជាតិ ពីប្រទេសម្ចាស់ជំនួយ ពីប្រទេសដែលគេអនុគ្រោះពន្ធ ដើម្បីឲ្យមានល្បឿនសេដ្ឋកិច្ច អនុគ្រោះពន្ធ ដើម្បីឲ្យអ្នកវិនិយោគទុន គេមានលំនឹងទៅនឹងច្បាប់របស់ប្រទេសកម្ពុជា ដើម្បីឲ្យគេមើលឃើញពីការឯកភាពជាតិ ការបង្រួបបង្រួម ផ្សះផ្សាជាតិ ខ្ញុំថាវាមិនមែនជារឿងពិបាកក្នុងការដោះលែងលោកកឹម សុខា ឲ្យមានសេរីភាពទេ។ ប៉ុន្តែគ្រាន់តែថា ក្នុងលក្ខណៈបច្ចេកទេសបែបណា នៃកិច្ចការនយោបាយផ្ទៃក្នុងជាតិ ក៏ដូចជាបច្ចេកទេសអង្គហេតុ អង្គច្បាប់ របស់តុលាការ ខ្ញុំថាវាជារឿងមួយដែលត្រូវប្រយ័ត្នប្រយែងបំផុត នៃបក្សកាន់អំណាច ទៅនឹងតុលាការ ដែលគេមើលឃើញថា រងនូវសម្ពាធឥទ្ធិពលនយោបាយនោះ“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្ថែមថា “ខ្ញុំមើលឃើញថា នេះជាដំណោះស្រាយល្អមួយ បើនាយករដ្ឋមន្រ្តីបច្ចុប្បន្ន ដែលជាអ្នកបន្តវេននៃបក្សកាន់អំណាច គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ខ្ញុំថាបើសិនជាចង់កុំឲ្យនាយករដ្ឋមន្រ្តីបច្ចុប្បន្ន រងទទួលថ្មបាក់ ទម្ងន់នៃវិបត្តិនយោបាយ ជម្លោះនៃអ្នកនយោបាយកំពូលចាស់ៗពីមុនមក ជាពិសេសអតីតនាយករដ្ឋមន្រ្តី ដែលជាឪពុករបស់លោកហ្នឹង គឺលោកហ៊ុន សែន ហ្នឹង គឺថាជម្លោះផ្នែកនយោបាយរវាងលោកហ៊ុន សែន លោកសម រង្ស៊ី លោកកឹម សុខា នៃបក្សកាន់អំណាច និងបក្សប្រឆាំង ក្នុងរយៈពេលជាង ១ទសវត្សរ៍មកនេះ ខ្ញុំថាដំណោះស្រាយល្អ ដែលលោកហ៊ុន ម៉ាណែត អាចហ៊ានសម្រេចកិច្ចការផ្នែកនយោបាយ ពាក់ព័ន្ធទៅនឹងការបែកបាក់ផ្ទៃក្នុងជាតិ ហើយចង់បានការបង្រួមបង្រួម ឯកភាពជាតិ ខ្ញុំថាលោកហ៊ុន ម៉ាណែត អាចកសាងស្នាដៃជាគំរូ នៃអ្នកជំនាន់ថ្មី នៃការចាប់ផ្ដើមឲ្យស្វែងរកនូវដំណោះស្រាយនៃវប្បធម៌សន្ទនាណា ហើយពេលនោះ គឺថាសករាជថ្មី នៃអ្នកជំនាន់ថ្មី យើងធ្វើនយោបាយដោយតម្លាភាព ដោយសុចរិត ប្រកួតប្រជែងគ្នាគោលនយោបាយ ដើម្បីទៅឆក់យកបេះដូងប្រជាពលរដ្ឋ បានកាន់អំណាចហើយ បម្រើជាតិ បម្រើប្រជាពលរដ្ឋ អ្នកឈ្នះ ឈ្នះដោយថ្លៃថ្នូរ អ្នកចាញ់ ចាញ់ដោយអស់ចិត្ត ខ្ញុំថា ជារឿងល្អ ដែលលោកហ៊ុន ម៉ាណែត អាចធ្វើជាគំរូសម្រាប់អ្នកបន្តវេន អ្នកជំនាន់ថ្មី គឺផ្ដើមចេញមេដឹកនាំនៃបក្សកាន់អំណាច មេដឹកនាំកំពូល ដែលជានាយករដ្ឋមន្រ្តី ទៅនឹងការដោះស្រាយវិបត្តិនយោបាយ វិបត្តិជម្លោះអ្នកនយោបាយចាស់ៗមុនៗ ខ្ញុំថាដូចគាត់បានស្រាយនូវចំណងរបស់ឪពុកគាត់ ហើយការទទួលថ្មបាក់អំពីវិបត្តនយោបាយ ជម្លោះនយោបាយ ពីរជ្ជកាលចាស់ របស់ឪពុក ខ្ញុំថានេះជាការជួយជ្រោងឪពុករបស់គាត់ ក៏ជាការរកនូវស្នាដៃក្នុងការដឹកនាំរបស់គាត់ហ្នឹង ដើម្បីទាក់ទាញពលរដ្ឋម្ចាស់ឆ្នោត សម្រាប់ការបោះឆ្នោត នៅឆ្នាំ២០២៧-២០២៨ ខ្ញុំថា ជាឱកាសហើយ ឱកាសរបស់នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ហ្នឹង“ ។

ទោះបីយ៉ាងណា លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ថា រឿងលោកកឹម សុខា ជារឿងពិរុទ្ធភាពផ្ទាល់ខ្លួនរបស់គាត់ ដែលគាត់បានថ្លែងជាសាធារណៈ ធ្វើឲ្យបានដឹងពេញពិភពលោកថា លោកមានរដ្ឋបរទេសនៅពីក្រោយ ហើយធ្វើឲ្យតុលាការ មានទឡ្ហីករណ៍ក្នុងការចៅទប្រកាន់លើរូបគាត់ ពីរឿងក្បត់ជាតិនេះ ។ ដូច្នេះអត់មានពាក់ព័ន្ធនឹងរឿងគណបក្សនយោបាយ អត់មានពាក់ព័ន្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ទេ គឺពាក់ព័ន្ធតែរឿងផ្ទាល់ខ្លួនរបស់គាត់ ដែលគាត់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “រឿងកឹម សុខា ជារឿងពិរុទ្ធភាពផ្ទាល់ខ្លួនរបស់គាត់ ។ តុលាការ ធ្វើការចោទប្រកាន់ទៅតាមពាក្យសម្ដីដែលកឹម សុខា បាននិយាយ ថាគាត់បានធ្វើអ្វីខ្លះ ក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាល ហើយតាមខ្លឹមសារដែលគាត់និយាយនេះ គឺគាត់បានគិតជាមួយជនបរទេស រដ្ឋបរទេស យកជំនួយ យកថវិកាពីរដ្ឋបរទេស ដើម្បីធ្វើសកម្មភាពពីជំហានមួយ ទៅជំហានមួយ ស្របទៅតាមផែនការដែលដាក់ចេញដោយជនបរទេស ហើយជួលសាស្រ្តាចារ្យល្បីឈ្មោះដែលចេញពីវ៉ាស៊ីងតោន ឌីស៊ី ហើយនិងទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា ឲ្យមកឲ្យយោបល់ ឲ្យមេរៀនគាត់ ដើម្បីដឹកនាំបញ្ជាគាត់ ។ អាហ្នឹងពីណាអ្នកនិយាយ? គឺកឹម សុខា គាត់និយាយខ្លួនឯង ហើយផ្អែកទៅលើការនិយាយខ្លួនឯងនេះ បានតុលាការ មានលទ្ធភាព មានទឡ្ហីករណ៍ក្នុងការចោទប្រកាន់គាត់ពីបទសន្ទិដ្ឋភាពជាមួយបរទេស ។ បើគាត់កុំលើកអាហ្នឹងឡើង វាអត់មានទឡ្ហីករណ៍ដើម្បីចោទប្រកាន់គាត់ទេ ។ អ៊ីចឹងអត់មានពាក់ព័ន្ធនឹងរឿងគណបក្សនយោបាយ អត់មានពាក់ព័ន្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាទេ គឺពាក់ព័ន្ធតែរឿងផ្ទាល់ខ្លួនរបស់គាត់ ដែលគាត់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ “ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ យើងអត់មានជំទាស់ជាមួយនឹងការសម្រេចរបស់តុលាការ ដែលកាត់សេចក្ដីតាមអង្គហេតុ និងអង្គច្បាប់ ពាក់ព័ន្ធនឹងករណីកឹម សុខា ដែលមានពិរុទ្ធភាព តាមពាក្យសម្ដីរបស់គាត់ ដែលបានផ្សព្វផ្សាយជាសាធារណៈ នៅទូទាំងពិភពលោក មិនមែនត្រឹមតែប្រទេសកម្ពុជាទេ អ្នកណាក៏ដឹងដែរ ។ ដូច្នេះហើយកុំចោទអ្នកផ្សេង បើយើងហ៊ាននិយាយហើយ យើងហ៊ានទទួលខុសត្រូវ ។ អាការទទួលខុសត្រូវហ្នឹងហើយ ដែលត្រូវប្រឈមមុខចំពោះមុខច្បាប់ហ្នឹងឯង ហើយបើប្រឈមមុខចំពោះមុខច្បាប់ គឺត្រូវតតាំងជាមួយតុលាការ ដែលតុលាការ លោកមានទឡ្ហីករណ៍ច្បាស់លាស់ក្នុងការចោទប្រកាន់ ស្របទៅតាមពាក្យសម្ដីតរបស់សាមីជនដែលបាននិយាយ“ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សាលាឧទ្ធរណ៍ភ្នំពេញ បានបើកសវនាការជំនុំជម្រះសំណុំរឿងលោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ដែលបានប្តឹងទាស់ចំពោះសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ទោសលោក ឲ្យជាប់គុក (ជាប់ឃុំក្នុងផ្ទះ) ២៧ឆ្នាំ ពីបទក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយបរទេស“ ។

សវនាការលោក កឹម សុខា នៅសាលាឧទ្ធរណ៍ នាព្រឹកនោះ មានការរឹតបន្តឹងសន្តិសុខខ្លាំង ដោយលោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចនាំខ្លួនចេញពីផ្ទះរបស់លោក ឆ្ពោះទៅកាន់សាលាឧទ្ធរណ៍ នៅម៉ោង ៧និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ អ្នកសារព័ត៌មាន មិនត្រូវបានអនុញ្ញាតឲ្យទៅជិតមេដឹកនាំអតីតបក្សប្រឆាំងរូបនេះឡើយ ខណៈកម្លាំងសមត្ថកិច្ច ត្រូវបានដាក់ពង្រាយតាមដងផ្លូវ ប្រមាណ៥គីឡូម៉ែត្រ ចាប់តាំងពីមុខផ្ទះរបស់លោកកឹម សុខា រហូតដល់សាលាឧទ្ធរណ៍ នៅក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

អ្វីជាការកត់សម្គាល់ផងដែរ មុននឹងលោកកឹម សុខា ឡើងសាលាឧទ្ធរណ៍ មានមជ្ឈដ្ឋានជាច្រើន រួមមានអ្នកឃ្លាំមើល ក្រុមអ្នកតស៊ូមតិកម្ពុជា និងគណបក្សកម្លាំងជាតិ ជាដើម បានសេចក្ដីប្រកាសព័ត៌មាន សេចក្ដីថ្លែងការណ៍ អំពាវនាវដល់សាលាឧទ្ធរណ៍ភ្នំពេញ ឈរលើគោលការណ៍ឯករាជ្យ និងវិជ្ជាជីវៈ  ទម្លាក់បទចោទ និងដោះលែងលោកកឹម សុខា ដើម្បីស្តារប្រជាធិបតេយ្យ ស្តារសេដ្ឋកិច្ច និងវិបត្តិសង្គមនានា ជាពិសេសដើម្បីបានមកវិញនូវប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP មកវិញ ។            

ទោះបីយ៉ាងណា លទ្ធផលសវនាការសាលាឧទ្ធរណ៍ លើសំណុំរឿងលោកកឹម សុខា កាលពីព្រឹកថ្ងៃទិ៣០ ខែមករា ឆ្នាំ២០២៤ នោះ ចំណាយពេលអស់ជិត ៤ម៉ោង ហើយត្រូវក្រុមប្រឆាំង អះអាងថា បានត្រឹមអានសាលក្រម ហើយក៏សម្រេចបន្តនីតិវិធីនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ។

បើតាមលោកអាង ឧត្តម សហមេធាវីការពារក្តីលោកកឹម សុខា បានប្រាប់អ្នកសារព័ត៌មានក្រោយផ្អាកសវនាការថា ការកំណត់ពេលសវនាការ តែចំនួន៩ដង នៅសាលាឧទ្ធរណ៍ អាចនឹងបាត់ឱកាសកោះហៅសាក្សី មកចូលរួម ។

សូមរំលឹកថា លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ដាក់ពន្ធនាគារកំណត់ ២៧ឆ្នាំ ពីបទ «សន្ទិដ្ឋភាពជាមួយបរទេស» តាមមាត្រា៤៣៩ និងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ តែលោកត្រូវបានដាក់ឱ្យឃុំខ្លួននៅក្នុងផ្ទះ ។ តុលាការ បានបង្គាប់ឱ្យដកសិទ្ធិនយោបាយជាអចិន្រ្តៃយ៍ ចំពោះលោកកឹម សុខា ក្នុងការឈរឈ្មោះ ឬចូលរួមការបោះឆ្នោត ដែលជាទណ្ឌកម្មបន្ថែម តាមមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ ៕ កុលបុត្រ

RELATED ARTICLES