ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលស្ថានភាពប្រឡាយព្រែកប្រា ខណ្ឌច្បារអំពៅ ដើម្បីឈានទៅធ្វើការស្តារ ក៏ដូចជាស្ថាបនា និងចាក់ស៊ីផាយ នៅអមសង ខាងប្រឡាយ ខណៈដែលនៅអមសងខាងប្រឡាយនេះ មានផ្លូវបេតុងស្អាតរួចរាល់។

លោកឃួង ស្រេង បានលើកឡើងថា ជាយុទ្ធសាស្ត្រស្តារប្រឡាយ ដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ ដែលជាអនុសាសរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឱ្យប្រជាពលរដ្ឋដែលរស់នៅលើប្រឡាយ ចំនួនជាង ២០០គ្រួសារ ទៅរស់នៅទីតាំងមួយ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់កម្មសិទ្ធិស្របច្បាប់ជូន ហើយថែមទាំងបានប្រឡាយរំដោះទឹកថែមទៀត ដែលធ្វើឱ្យពួកគាត់រីករាយសប្បាយក្នុងចិត្ត និងរីករាយសហការជាមួយអាជ្ញាធរ ដែលអាចបំពេញភារកិច្ចអភិបាលកិច្ចជូនប្រជាពលរដ្ឋ ដើម្បីរំដោះទឹក។

អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ពិនិត្យនិងធ្វើការសិក្សានៅទីតាំងខាងលើនេះ ឱ្យបានច្បាស់លាស់ ដើម្បីឱ្យដំណើរការនៃការស្ថាបនាបុកស៊ីផាយ ការស្តារប្រឡាយនេះ ឱ្យបានលឿនមុនរដូវវស្សាមកដល់។

ជាគម្រោងសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ក្រោយស្ថាបនាចាក់ស៊ីផាយប្រឡាយនេះរួចរាល់ នឹងស្ថាបនាស្ថានីយបូមទឹក នៅប្រឡាយព្រែកប្រានេះ មួយកន្លែង ជាមួយនិងការស្ថាបនាអាងប្រព្រឹត្តិកម្មទឹកស្អាតផងដែរ៕
