Saturday, July 27, 2024
Homeព័ត៌មានជាតិគឹម សុខ សួរសម្តេចហ៊ុន សែន ហ៊ានទេ? បើកឲ្យមកតតាំងសម្តេចហ៊ុន ម៉ាណែត

គឹម សុខ សួរសម្តេចហ៊ុន សែន ហ៊ានទេ? បើកឲ្យមកតតាំងសម្តេចហ៊ុន ម៉ាណែត

ភ្នំពេញ ៖ កាលសម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅធ្វើជានាយករដ្ឋមន្រ្តី លោកគឹម សុខ អ្នកវិភាគនយោបាយ និងសង្គម និងជាប្រធានវេទិកាពលរដ្ឋ ដែលកំពុងរស់និរទេសខ្លួននៅប្រទេសហ្វាំងឡង់ គេចពីសំណាញ់ច្បាប់កម្ពុជា បានស្នើឲ្យសម្ដេចហ៊ុន សែន ប្រកាសបើកផ្លូវឲ្យលោកបានទៅតតាំងជាមួយសម្ដេច នៅក្នុងស្រុកខ្មែរ ។ ដោយឡែក ពេលនេះ លោកគឹម សុខ សួរសម្ដេចហ៊ុន សែន ថា តើហ៊ានបើកឲ្យលោកទៅតតាំងជាមួយនឹងសម្ដេចហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្រ្តីថ្មី ឬអត់?

កាលពីនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ លោកគឹម សុខ អ្នកវិភាគនយោបាយនិងសង្គម ដែលបាននិរទេសខ្លួនទៅរស់នៅប្រទេសហ្វាំងឡង់ បានសរសេរលិខិតចំហមួយ ក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក ជូនលោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ស្នើសុំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បើកផ្លូវឲ្យលោកចូលស្រុក ធ្វើនយោបាយតតាំងជាមួយសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីអ្នកនាំពាក្យគណបក្សកាន់អំណាច លោកសុខ ឥសាន ថ្លែងចំអកឲ្យលោកថា អួតថាខ្លួនខ្លាំង តែមិនហ៊ានមកបង្កើតគណបក្សនយោបាយ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោត ។

ក្នុងលិខិតចំហនោះ លោកគឹម សុខ បានសរសេរបញ្ជាក់ជូនលោកសុខ ឥសាន ថា “ស្ដាប់វិទ្យុអាស៊ីសេរី (RFA Khmer) ព្រឹកថ្ងៃទី២៦ មករា ខ្ញុំបានឮឯកឧត្តម សុខ ឥសាន ឆ្លើយនឹងលោកម៉ែន ណាត និងខ្ញុំ ថា «បើខ្លួនខ្លាំង ខ្លួនមិនព្រមបង្កើតគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតទៅ អាហ្នឹងបានគេហៅក្លាហាន…» ។ ខ្ញុំសួរឯកឧត្តម សុខ ឥសាន វិញថា តើគណបក្សប្រជាជនកម្ពុជា ជាពិសេសលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ធ្លាប់បានបង្ហាញសេចក្ដីក្លាហាន ហ៊ានបើកឲ្យយើងខ្ញុំទៅបង្កើតគណបក្សនយោបាយ ដើម្បីចូលរួមប្រកួតប្រជែងបោះឆ្នោត ម្ដងណាទេ? រឿងយន្តហោះមកដឹកខ្ញុំ ឲ្យទៅធ្វើបាតុកម្មនៅភ្នំពេញ ពិភពលោកដឹងច្បាស់ហើយថា សម្ដេចហ៊ុន សែន ក្បត់ការប្រកាសរបស់គាត់។ នៅពេលនេះ ខ្ញុំមិនចង់និយាយច្រើនឡើយ ហើយគ្រាន់តែសួរដោយខ្លីថា ហ៊ានបើកឲ្យយើងខ្ញុំទៅតតាំងនឹងលោកហ៊ុន ម៉ាណែត ឬអត់? ខ្ញុំសង្ឃឹមថា គណបក្សប្រជាជនកម្ពុជា តាមរយៈឯកឧត្តម សុខ ឥសាន មានឥរិយាបថចាស់ទុំគ្រប់គ្រាន់ ផ្ដល់ចម្លើយបានច្បាស់ដល់យើងខ្ញុំវិញ“ ។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកគឹម សុខ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ថា បើសម្ដេចហ៊ុន សែន និងសម្ដេចហ៊ុន ម៉ាណែត ទម្លាក់ចោទប្រកាន់ទាំងអស់ លោកនឹងចូលរួមប្រកួតប្រជែងនយោបាយនៅកម្ពុជា ។

លោកគឹម សុខ បានមានប្រសាសន៍ថា “ខ្ញុំនឹងចូលរូមប្រកួតនយោបាយនៅកម្ពុជា បើលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ហ៊ានទម្លាក់ចោលការចោទប្រកាន់ទាំងអស់ ដែលពួកគាត់បានបញ្ជាឲ្យប្ដឹងខ្ញុំ“ ។

ទោះបីជាយ៉ាងណា លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ថា សិទ្ធិនយោបាយរបស់លោកគឹម សុខ មានហើយ ចង់ចូលឬមិនចូល ជាសិទ្ធិស្វ័យសម្រេចរបស់ខ្លួនឯង មិនចាំបាច់ឲ្យអ្នកណាឲ្យភ្លើងខៀវ ឬឲ្យអ្នកណាអញ្ជើញទេ គឺបើចង់មក ទិញសំបុត្រកប៉ាល់ហោះជិះមក អត់មានអ្នកណាធ្វើទុក្ខបុកម្នេញទេ បើអត់ធ្វើខុសច្បាប់ តែខ្លាចតែអ្នកប្រព្រឹត្តល្មើសច្បាប់ ទើបមិនហ៊ានចូលមក ព្រោះគេអត់និយាយរឿងនយោបាយទេ គឺគេនិយាយពីរឿងអនុវត្តច្បាប់ ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “អារឿងចូលទៅក្នុងស្រុក ឬមិនចូល ជាសិទ្ធិរបស់សាមីជន ចង់ចូលក៏ចូលទៅ មានអ្នកណាថាអី? ហើយលំហនយោបាយនៅកម្ពុជា កំពុងតែទូលំទូលាយ ។ ឥឡូវគណបក្ស មិនមែនតិចទេ គណបក្សដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ មាន៤៥គណបក្ស ។ អ៊ីចឹងជនណាក៏ដោយ ទោះបីថាមានគណបក្សច្រើនក៏ដោយ អ្នកណាក៏ដោយ ដែលមានសិទ្ធិធ្វើនយោបាយ អាចទៅបើកគណបក្សបាន ឲ្យតែបំពេញបែបបទបានត្រឹមត្រូវទៅតាមគោលការណ៍ច្បាប់ស្ដីពីគណបក្សនយោបាយ បានកំណត់ ។ មានអ្នកណាហាមឃាត់? ហើយបើខ្លួនឯងចង់ទៅធ្វើនយោបាយ មិនបាច់គេហៅទេ អាហ្នឹងទៅដោយខ្លួនឯង ព្រោះអានេះជាសិទ្ធិស្វ័យសម្រេចដោយខ្លួនឯងតើ! ចាំបាច់គេឲ្យទៅ? គេឲ្យទៅហ្នឹង បានសេចក្ដីថា ដល់គេឲ្យទៅ បានខ្លួនហ៊ានទៅ អាហ្នឹងតើជាការក្លាហានដែរឬទេ? គឺអាហ្នឹងកំសាកហ្នឹង ទើបអត់ហ៊ានទៅខ្លួនឯង ចាំបាច់គេឲ្យទៅ? បានហ៊ានទៅ អាហ្នឹងម៉េចគេហៅថាក្លាហានកើត? ឥឡូវអ្នកណាក៏ដោយ ជាពលរដ្ឋខ្មែរ មានសិទ្ធិធ្វើនយោបាយ ហើយមានសិទ្ធិបង្កើតគណបក្សនយោបាយ ឲ្យតែបំពេញបែបបទត្រឹមត្រូវតាមលក្ខខណ្ឌដែលបានកំណត់ក្នុងច្បាប់ ។ ដូច្នេះអត់មានអ្នកណាហាម តែបើខ្លួនឯងខ្លាច ខ្លួនឯងធ្វើសកម្មភាពបម្រើឧទ្ទាមក្រៅច្បាប់ ខុសច្បាប់ ហើយខ្លួនឯងមិនហ៊ានចូល អាហ្នឹងជារឿងខ្លួនឯងទេ មិនមានអ្នកណាហាមឃាត់ទេ ហើយចង់ចូលស្រុក អ្នកឯងចូលទៅ វាជាសិទ្ធិនយោបាយរបស់អ្នកឯង ក៏ប៉ុន្តែចាំបាច់គេហៅ បានហ៊ានទៅ ឬចាំបាច់មានភ្លើងខៀវពីរាជរដ្ឋាភិបាល បានខ្លួនឯងចូលទៅ អាហ្នឹងម៉េចនឹងកើត ។ អាហ្នឹងរឿងខ្លួនឯង អាហ្នឹងខ្ញុំមានយោបល់តែប៉ុណ្ណឹង មានអី!“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “និយាយទៅ ការដែលគាត់សួរសម្ដេចហ៊ុន សែន តាមរយៈខ្ញុំថា ហ៊ានបើកឲ្យគាត់តតាំងជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ឬអត់នោះ ខ្ញុំសុំបញ្ជាក់ឡើងវិញថា ទ្វារគេបើកស្រាប់ ប៉ុន្តែលំហនយោបាយនៅកម្ពុជា ទូលំទូលាយ ។ គ្រប់ពលរដ្ឋកម្ពុជា ដែលមានលក្ខណសម្បត្តិត្រឹមត្រូវ អាហ្នឹងអាចចូលទៅដោយសេរី ហើយបង្កើតគណបក្សនយោបាយដោយសេរី អត់អ្នកណាហាមឃាត់ទេ ។ ក្រែងគាត់រអើលខ្លួនគាត់ហ្នឹង បានជាគាត់មិនហ៊ានចូល អាហ្នឹងរឿងគាត់ ។ ខ្ញុំមិននិយាយពីរឿងអ្នកដែលប្រព្រឹត្តល្មើសច្បាប់ អ្នកដែលចូលដៃចូលជើងធ្វើវិច្ឆេទកម្មនយោបាយ បម្រើឧបាយកលក្រុមជនទុច្ចរិត ក្រុមឧទ្ទាមជនឧទ្ទាមក្រៅច្បាប់ អាហ្នឹងយើងមិននិយាយទេ ពីព្រោះអានេះជាការទទួលខុសត្រូវចំពោះមុខច្បាប់ ក៏ប៉ុន្តែបើយើងថា យើងខ្លួនឯងល្អហើយ ខ្លួនឯងពូកែហើយ ខ្លួនឯងក្លាហាន អាហ្នឹងខ្លួនឯងចូលទៅ មិនបាច់អ្នកណាហាម?“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “ចំពោះគាត់ (គឹម សុខ) រំលឹករឿងសម្ដេចហ៊ុន សែន ប្រកាសឲ្យយកយន្តហោះទៅដឹកគាត់ ហើយថាពេលនេះសម្ដេច ក្បត់ការប្រកាសរបស់ខ្លួននោះ ខ្ញុំសុំបញ្ជាក់ថា អាហ្នឹងគ្រាន់តែជាវោហារសាស្រ្តនយោបាយ ។ បើខ្លួនឯងទៅ ខ្លួនឯងទិញសំបុត្រកប៉ាល់ហោះទៅៗ មានស្អី! ចាំបាច់គេហៅ បានៗទៅ? ចាំ់គេអនុញ្ញាត បានៗទៅ អាហ្នឹងម៉េចហៅថាអ្នកក្លាហាន? ដូច្នេះរឿងគាត់ក្លាហាន មិនក្លាហាន អាហ្នឹងទុកឲ្យអ្នកសារព័ត៌មានដែលជាអ្នកសង្កេតការណ៍ហ្នឹង វាយតម្លៃទៅ ។ បើគាត់ហ៊ាន អាហ្នឹងបានសេចក្ដីថា គាត់ក្លាហានហើយ ហើយបើហ៊ានហើយ ទៅបង្កើតគណបក្សនយោបាយទៅ ដាក់ពាក្យប្រកួតប្រជែងតាមការបោះឆ្នោតនីមួយៗទៅ អាហ្នឹងគេហៅថាក្លាហាន តែបើនៅតែក្រៅ ហើយថាតែមាត់ទទេ អត់មានការទទួលខុសត្រូវអីហ្នឹង អាហ្នឹងម៉េចហៅថា ក្លាហានកើត?” ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្ថែមថា “នៅក្នុងចំណុចចុងក្រោយនៃសាររបស់គាត់ គាត់សង្ឃឹមថា គណបក្សប្រជាជនកម្ពុជា តាមរយៈខ្ញុំ មានឥរិយាបថចាស់ទុំគ្រប់គ្រាន់ ផ្ដល់ចម្លើយបានច្បាស់ដល់ពួកគាត់វិញ ខ្ញុំសុំបញ្ជាក់ថា ឥឡូវសារព័ត៌មាន “នគរធំ” ហ្នឹងផ្សាយឲ្យគាត់ដឹងទៅ ព្រោះគាត់ប្រហែលជាគាត់ស្ដាប់ គាត់មើលសារព័ត៌មានហើយ ហើយតាមវិទ្យុអាស៊ីសេរី វិទ្យុបារាំងអន្តរជាតិអី ខ្ញុំនិយាយច្បាស់ៗហើយ មិនចាំបាច់អ្នកដឹកនាំឆ្លើយទេ ពីព្រោះខ្ញុំហ្នឹងហើយ ជាតំណាងអ្នកដឹកនាំ ពីព្រោះខ្ញុំជាអ្នកនាំពាក្យរបស់គណបក្សកាន់អំណាច ។ អាហ្នឹងមិនបាច់ឆ្លើយអីទៀតទេ អាហ្នឹងគឺថា សិទ្ធិនយោបាយអ្នកឯងមានហើយ អ្នកឯងចង់ចូលឬមិនចូល ជាសិទ្ធិស្វ័យសម្រេចរបស់អ្នកឯង មិនចាំបាច់ឲ្យអ្នកណាឲ្យភ្លើងខៀវ មិនចាំបាច់ឲ្យអ្នកណាអញ្ជើញទេ អត់ទេ! ចង់ទៅ ទិញសំបុត្រកប៉ាល់ហោះជិះទៅ អាហ្នឹងមានអ្នកណាធ្វើអី? អ្នកឯងមានសិទ្ធិទូលំទូលាយខាងបង្កើតគណបក្សនយោបាយ ហើយធ្វើសកម្មភាពនយោបាយ ស្របទៅតាមគោលការណ៍ច្បាប់ទៅ អាហ្នឹងវាអត់មានអ្នកណាធ្វើទុក្ខបុកម្នេញអ្នកឯងទេ ខ្លាចតែអ្នកឯងប្រព្រឹត្តល្មើសច្បាប់ អាហ្នឹងអត់ទេ អត់និយាយរឿងនយោបាយទេ គេនិយាយពីរឿងអនុវត្តច្បាប់“ ។

គួររំលឹកថា លោក គឹម សុខ អ្នកវិភាគនយោបាយ ធ្លាប់ជាប់ពន្ធនាគារ នៅក្នុងបណ្ដឹងរបស់សម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ពាក់ព័ន្ធការចោទប្រកាន់សម្ដេច នៅពីក្រោយនៃឃាតកម្មលើលោកបណ្ឌិតកែម ឡី អ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវសង្គម ដើម្បីការអភិវឌ្ឍ ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ កាលពីឆ្នាំ២០១៦ ។ លោកគឹម សុខ បានចេញពីពន្ធនាគារ នៅខែសីហា ឆ្នាំ២០១៨ ក្រោយពីលោកបានអនុវត្តទោសតាមកំណត់។ បន្ទាប់ពីចេញពន្ធនាគារភ្លាម អ្នកវិភាគរូបនេះ នៅតែនិយាយរិះគន់រាជរដ្ឋាភិបាល ដោយឥតសំចៃមាត់ រហូតដល់សម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រកាសទាមទារសំណងជំងឺចិត្ត ៨០០លានរៀល ដោយអមនឹងការព្រមានចាប់ដាក់ពន្ធនាគារវិញ បើសិនជាគ្មានលុយសង។ ដោយសារការព្រមានពីនាយករដ្ឋមន្ត្រី បែបនេះហើយ ទើបធ្វើឲ្យលោកគឹម សុខ គេចខ្លួនពីប្រទេសកម្ពុជា ទៅរស់នៅប្រទេសហ្វាំងឡង់ រហូតមកដល់ពេលនេះ ៕ កុលបុត្រ

RELATED ARTICLES