Saturday, July 27, 2024
Homeព័ត៌មានអន្តរជាតិលោកចូ បៃដិន ៖ យើងមិនចង់ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់

លោកចូ បៃដិន ៖ យើងមិនចង់ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន (Joe Biden) បាននិយាយថា គាត់មិនចង់ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ទេ ប៉ុន្តែនឹងធ្វើអ្វីដែលត្រូវធ្វើ ឆ្លើយតបទៅនឹងក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់ បានបញ្ជូនយន្តហោះគ្មានមនុស្សបើក ទៅវាយប្រហារលើមូលដ្ឋាយោធាអាមេរិក នៅប្រទេសហ្ស៊កដានី ដែលបណ្តាលឲ្យទាហានអាមេរិក ៣នាក់ បានស្លាប់ និងរបួស ៣៤នាក់ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ដែលបណ្តាលឱ្យស្ថានភាពនៅមជ្ឈិមបូព៌ា កាន់តែអាក្រក់ទៅ។

ទីភ្នាក់ងារព័ត៌មានបរទេសរាយ ការណ៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី ចូ បៃដិន (Joe Biden) បានប្រកាសថា សហរដ្ឋអាមេរិក នឹងធ្វើអ្វីដែលចាំបាច់ ដើម្បីការពារទាហានអាមេរិក ដែលឈរជើងនៅក្នុងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីបាត់បង់ទាហាន ៣នាក់ និងយ៉ាងហោចណាស់ ៣៤នាក់ បានរងរបួស នៅពេលដែលក្រុមជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ បានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក នៅលើមូលដ្ឋានសហរដ្ឋអាមេរិក «Tower22» នៅក្នុងប្រទេសហ្ស៊កដានី ជាប់ព្រំដែនស៊ីរី កាលពីថ្ងៃអាទិត្យ ទី២៨ ខែមករា ដែលត្រូវបានគេចាត់ទុកជាការវាយប្រហាររបស់សត្រូវ ដែលបណ្តាលឲ្យទាហានអាមេរិក ត្រូវបានសម្លាប់ជាលើកដំបូង នៅក្នុងតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីក្រុមហាម៉ាស់ បានវាយប្រហារលើអ៊ីស្រាអែល នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។

លោកឡយដ៍ អូស្ទីន (Lloyd Austin) រដ្ឋមន្ត្រីការពារជាតិអាមេរិក បានថ្លែងបន្ទាប់ពីជួបជាមួយលោកប្រធានាធិបតី ចូ បៃដិន ដែលបានទទួលព័ត៌មានសង្ខេបពីភ្នាក់ងារពាក់ព័ន្ធ ទាក់ទងនឹងការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសហ្ស៊កដានី ថាគាត់និងប្រធានាធិបតី  ចូ បៃដិន នឹងធ្វើនូវអ្វីដែលចាំបាច់ ក្រោយការវាយប្រហារលើកងកម្លាំងយោធាអាមេរិក ក្នុងប្រទេសហ្ស៊កដានី ក្រោយមកក្រុមប្រដាប់អាវុធនៃ ចលនាតស៊ូអ៊ីស្លាមអ៊ីរ៉ាក់ គាំទ្រដោយអ៊ីរ៉ង់ បានចេញមកអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។

លោក ចន ខឺរប៊ី (John Kirby) អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បាននិយាយថា រដ្ឋាភិបាលអាមេរិក មិនចង់មានសង្រ្គាមជាមួយអ៊ីរ៉ង់ ឬបណ្តាលឱ្យជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ា ពង្រីកកាន់តែទូលំទូ​លាយទេ តែទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក នឹងធ្វើនូវអ្វីដែលត្រូវធ្វើ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោកអែនថូនី ប្លិងខេន (Antony Blinken) បាននិយាយថា ស្ថាន​ភាពនៅមជ្ឈិមបូព៌ា ឥឡូវនេះគឺមានគ្រោះថ្នាក់បំផុត តាំងពីឆ្នាំ១៩៧៣ មក។ លោក Blinken បាននិយាយថាការឆ្លើយតបរបស់សហរដ្ឋអាមេរិក វាអាចកើតឡើងក្នុងកម្រិតជាច្រើន និងបន្តតាមកាលកំណត់។

រដ្ឋបាលលោកចូ បៃដិន ឥឡូវនេះកំពុងស្ថិតនៅក្រោមសម្ពាធដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដែលបានសម្លាប់ទាហានអាមេរិក ៣នាក់ នៅហ្ស៊កដានី ដោយសហរដ្ឋអាមេរិក ថាមិនចង់ធ្វើឱ្យសង្គ្រាមនៅមជ្ឈិមបូព៌ា កាន់តែធ្ងន់ធ្ងរឡើងនោះទេ ខណៈពេលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិងកំពុងព្យាយាមធ្វើឱ្យក្រុមហាម៉ាស់ ដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ជាង ១០០នាក់ ដែលត្រូវបានចាប់ខ្លួន តាំងពីការវាយប្រហារអ៊ីស្រាអែល នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣៕

RELATED ARTICLES