ប៉ាឡេស្ទីន ៖ ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍ថា មន្ត្រីចារកម្មអ៊ីស្រាអែល ខ្លះស្លៀកពាក់បន្លំជាបុគ្គ លិកពេទ្យ បានវាយប្រហារលើមន្ទីរពេទ្យ Ibn Sina នៅស្រុកចេនីន (Jenin) ភាគខាងជើងតំបន់វេសថ៍បែងខ៍ (West Bank) នៅថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤ ហើយបានបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីន ៣នាក់ ដែលអ៊ីស្រាអែលចោទប្រកាន់ថាជាសមាជិកក្រុមហាម៉ាស់។

កងទ័ពអ៊ីស្រាអែល បានបញ្ជាក់ថា ទាហានរបស់ពួកគេ ចូលមន្ទីរពេទ្យនោះ ដោយមានគោលដៅវាយប្រហារលើក្រុមភេរវករ ហាម៉ាស់។
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានសង្កត់ធ្ងន់ថា គ្រឹះស្ថានសុខាភិបាលទទួលបានការការពារពិសេសក្រោម ច្បាប់អន្តរជាតិ ហើយគេអំពាវនាវដល់មហាសន្និបាតអង្គការសហប្រជាជាតិ ស្ថាប័នអន្តរជាតិ និងភ្នាក់ងារមនុ ស្សធម៌ ជួយបញ្ចប់ឧក្រិដ្ឋកម្មប្រចាំថ្ងៃ របស់អ៊ីស្រាអែលប្រឆាំងនឹងប៉ាឡេស្ទីន និងបរិក្ខារពេទ្យ។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន Wafa បានរាយការណ៍ថា អ្នកស្លាប់ទាំង ៣នាក់ គឺ ៖ ១-មហាមម៉េដ ចាឡាមណាហ៍ (Muhammad Jalamnah), មហាមម៉េដ អាយម៉ាយ ហ្គាហ្សាវី (Muhammad Aymay Ghazawi) និងបាសេល អាយម៉ាន ហ្គាហ្សាវី (Basel Ayman Ghazawi) ។
លោកណាជី ណាសហ្សាល ( Naji Nazzal) នាយកមន្ទីរពេទ្យ Ibn Sina បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ទាហានអ៊ីស្រាអែល មួយក្រុម ស្លៀកពាក់ខោអាវធម្មតា បានចូលមន្ទីរពេទ្យ និងបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៣នាក់ នៅក្នុងនាយកដ្ឋានស្តារនីតិសម្បទា ដោយពួកគេប្រើអាវុធជាមួយឧបករណ៍ខ្ទប់សំឡេង។យោធាអ៊ីស្រាអែល បានចោទប្រកាន់ជនរងគ្រោះឈ្មោះ មហាមម៉េដ ចាឡាមណាហ៍ ជាភេរវករហាម៉ាស់ កំពុងលាក់ខ្លួននៅក្នុងមន្ទីរពេទ្យ Ibn Sina ហើយភេរវករ ២នាក់ផ្សេងទៀតដែលលាក់ខ្លួននៅទីនោះ ក៏ត្រូវបានសម្លាប់ផងដែរ។

កងទ័ពអ៊ីស្រាអែល អះអាងដែរថា មហាមម៉េដ ចាឡាមណាហ៍ ជាប់ពាក់ព័ន្ធយ៉ាងសំខាន់ក្នុងចលនាភេរវករ ហើយត្រូវបានគេស្គាល់ថា ជាអ្នកចែកចាយអាវុធនិងគ្រាប់រំសេវ សម្រាប់ប្រើប្រាស់ក្នុងការវាយប្រហារផ្សេងៗ ហើយគាត់ក៏ជាអ្នកទទួលខុសត្រូវលើការវាយប្រហារដ៏ធំរបស់ក្រុមហាម៉ាស់ លើតំបន់ហ្គាហ្សា កាលពីថ្ងៃទី០ ខែតុលា ឆ្នាំ២០២៣ ហើយកំពុងរៀបចំផែនការវាយប្រហារភេរវកម្ម នាពេលខាងមុខ ដោយបានប្រើមន្ទីរពេទ្យ ជាកន្លែងលាក់ខ្លួន មុនពេលត្រូវបានបាញ់សម្លាប់៕