ខេត្តតាកែវ ៖ ជនសង្ស័យ ចំនួន២នាក់ បានធ្វើសកម្មភាពលបចូលលួចនៅក្នុងផ្ទះប្រជាពលរដ្ឋ១កន្លែង បានសម្រេច ដោយយកបានសម្ភារៈមួយចំនួន រួចនាំគ្នារត់គេចអស់រយៈពេលជាង១០ថ្ងៃ ទីបំផុតត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ខ្លួនបានទាំង២នាក់ នាំយកមកចាត់ការតាមច្បាប់។
ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ធ្វើឡើងកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិព្រៃផ្គាំក ឃុំព្រៃផ្គាំ ស្រុកអង្គរបុរី។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះភាវ វីនឌី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិព្រៃផ្គាំក ឃុំព្រៃផ្គាំ ស្រុកអង្គរបុរី និងទី២-ឈ្មោះវង់ ដាលីន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិ-ឃុំជាមួយគ្នា។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីសំណាក់លោកស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបុរី បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបុរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃផ្គាំ ធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ រួមនិងវត្ថុតាង (១-ឈ្មោះភាវ វីនឌី ២-ឈ្មោះវង់ ដាលីន) ពាក់ព័ន្ធករណីអំពើលួច នាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបុរី។
ប្រភពដដែល បន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងដោយយោងតាមពាក្យបណ្តឹងរបស់ឈ្មោះពេជ ភី ភេទប្រុស អាយុ៥៤ឆ្នាំ មានលំនៅ ភូមិព្រៃផ្គាំក ឃុំព្រៃផ្គាំ ស្រុកអង្គរបុរី ដែលបានប្តឹងថា កាលពីវេលាម៉ោង ១០និង១០នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្ទះរបស់ខ្លួន (ឈ្មោះពេជ ភី) មានជនសង្ស័យបានលួចស្ពីកឃ័រ (ធុងបាស់) ចំនួន១គ្រឿង និងណរ ឬកន្ទុយកណ្តុរ ចំនួន៧កន្ទុយ មានប្រវែង ៤៩ម៉ែត្រ។ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕