អ៊ុយក្រែន ៖ រថក្រោះរុស្ស៊ី ១១គ្រឿង ត្រូវបានអ៊ុយក្រែន ប្រើយន្តហោះគ្មានមនុស្សបើក (ដ្រូន) បាញ់កម្ទេច នៅតំបន់ណូវ៉ូមីខៃលីវកា (Novomykhailivka) នៃតំបន់ដូនេតស្ក៍ (Donetsk) ដែលគ្រប់គ្រងដោយរុស្ស៊ី នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន។
ខ្សែវីដេអូដែលថតបានពីកាមេរ៉ាដែលបំពាក់ដោយយន្តហោះគ្មានមនុស្ស បើកបង្ហាញពីពេលវេលាមុនពេលគ្រាប់ UAV រត់ទៅបុករថពាសដែករុស្ស៊ី ចំនួន ១១គ្រឿង ដែលត្រូវបានបំផ្លាញនៅក្នុងការវាយប្រហាររបស់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន។

ប៉ុន្តែខ្សែអាត់វីដេអូនេះ បានលេចចេញចំពេលមានរបាយការណ៍ដែលថា ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) ត្រៀមខ្លួនរួចជាស្រេចក្នុងការបណ្តេញអគ្គមេបញ្ជាការកងទ័ពរបស់ គឺលោកឧត្តមសេនីយ៍ វ៉ាឡេរី ហ្សាលុស្ហយី (Valerii Zaluzhnyi) បើទោះបីជាគាត់មានឋានៈជាវីរបុរស ជាតិ សម្រាប់ការដឹកនាំកិច្ចខិតខំប្រឹងប្រែងក្នុងសង្រ្គាមប្រឆាំងនឹងកងកម្លាំងរបស់ប្រធានាធិបតីរុស្ស៉ី លោកវ៉្លាឌីមៀរ ពូទីន ក៏ដោយ។

មន្ត្រីអ៊ុយក្រែន នៅអឺរ៉ុបបាននិយាយទៅកាន់សារព័ត៌មាន Associated Press ថាលោកប្រធានាធិបតី ហ្សេឡេនស្គី បានប្រាប់លោកឧត្តមសេនីយ៍ វ៉ាឡេរី ហ្សាលុស្ហយី ក្នុងអំឡុងពេលប្រជុំមួយ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ថាគាត់ត្រូវតែលាលែងពីតំណែង ប្រសិនបើពួកគេមិនអាចរកដំណោះស្រាយលើបញ្ហាសំខាន់ៗ។មន្ត្រីរូបនោះ បាននិយាយថា ភាពតានតឹងរវាងបុរសទាំងពីរ កំពុងកើនឡើង ហើយថា ឧត្តមសេនីយ៍ នឹងមិនចាក ចេញពីមុខតំណែងរបស់គាត់ដោយស្ម័គ្រចិត្តនោះទេ។
គេហទំព័រ Mirror of the Week របស់ប្រទេសអ៊ុយក្រែន បាននិយាយដោយដកស្រង់ប្រភពមិនស្គាល់អត្ត សញ្ញាណដែលស្និទ្ធនឹងលោកហ្សេឡេនស្គី និងលោកឧត្តមសេនីយ៍ ហ្សាលុស្ហយី ថា ប្រធានាធិបតី បានស្នើឱ្យឧត្តមសេនីយ៍ ចុះចេញពីតំណែង។

សេចក្តីរាយការណ៍ បានឲ្យដឹងថា លោកឧត្តមសេនីយ៍ ហ្សាលុស្ហយី ត្រូវបានផ្តល់តំណែងជាទីប្រឹក្សា ប៉ុន្តែគាត់បានបដិសេធ។
យោងតាមវីដេអូដែលត្រូវបានទម្លាយចេញ បានបង្ហាញពីការវាយប្រហារយ៉ាងខ្លាំង ទៅលើរថក្រោះរុស្ស៉ី នៅតំបន់ដូនេតស្ក៍ ដែលគេជឿថាដោយកាំជ្រួច Storm Shadow ដែលជាប្រភេទកាំជ្រួចធ្វើដំណើរ ដែលផ្តល់ដោយចក្រភពអង់គ្លេស ដល់កងទ័ពអ៊ុយក្រែន។

ដោយឡែក កងទ័ពរុស្ស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី០១ ខែកុម្ភ: ឆ្នាំ២០២៤ ថា កងការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់អ៊ុយក្រែន ចំនួន ១១គ្រឿង លើទឹកដីខ្លួន ពេញមួយយប់។

ក្រសួងការពារជាតិរុស្ស៉ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យប់នេះជាការប៉ុនប៉ងរបស់របបក្រុងកៀវ ដើម្បីប្រព្រឹត្តការវាយប្រហារភេរវកម្ម ដោយប្រើយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងទីតាំងនានានៅលើទឹកដីរុស្ស៊ី ត្រូវបានបរាជ័យ ។ កងការពារដែនអាកាស បានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានមនុស្សបើក ចំនួន ៤ នៅលើតំបន់បេលហ្គោរ៉ូដ ( Belgorod ) និងនៅតំបន់ ខឺរស្ក (Kursk) ចំនួន១ ។ ហើយប៉ុន្មានម៉ោងក្រោយមក យន្តហោះគ្មានមនុស្សបើក ចំនួន ៤គ្រឿងទៀត ត្រូវបានបាញ់ទម្លាក់ នៅតំបន់បេលហ្គោរ៉ូដ (Belgorod) និង ២ទៀត នៅលើតំបន់វ៉ូរ៉ូណេស្ហ (Voronezh) ។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អ៊ុយក្រែន បានបង្កើនការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ប្រឆាំងនឹងរុស្ស៊ី ដោយផ្តោតជាសំខាន់ទៅលើតំបន់ព្រំដែន ប៉ុន្តែក៏មានរដ្ឋធានីម៉ូស្គូ និងទីក្រុងសេនថ៍ ភីធឺរបឺក (Saint Petersburg) ភាគខាងជើង ដែលស្ថិតនៅជ្រៅទៅក្នុងប្រទេសរុស្ស៊ី ផងដែរ។

ការវាយប្រហារដ៏សាហាវនេះ បានកើតឡើងនៅក្នុងទីក្រុងបេលហ្គោរ៉ូដ ( Belgorod) កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ នៅពេលដែលមនុស្ស ២៥នាក់ បានស្លាប់ និងប្រហែល ១០០នាក់រងរបួស និងជាច្រើនរយនាក់ផ្សេង ទៀត ត្រូវបានជម្លៀសចេញ៕