Saturday, July 27, 2024
Homeព័ត៌មានជាតិអេង ឆៃអ៊ាង រិះគន់មន្ទីរពេទ្យរុស្ស៊ី ដោះសាមិនចំបញ្ហាអ្នកជំងឺស្លាប់

អេង ឆៃអ៊ាង រិះគន់មន្ទីរពេទ្យរុស្ស៊ី ដោះសាមិនចំបញ្ហាអ្នកជំងឺស្លាប់

ភ្នំពេញ ៖ ក្រោយពេលមានផ្ទុះការភ្ញាក់ផ្អើលជុំវិញករណីស្រី្តម្នាក់ ចោទមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) សម្លាប់ឪពុករបស់នាង ដោយទុកអ្នកជំងឺចោលដល់ស្លាប់ ហើយត្រូវខាងមន្ទីរមិត្តភាពខ្មែរ-សូវៀត ចេញសេចក្ដីបំភ្លឺ ឆ្លើយតបគ្រួសារសពអ្នកជំងឺ ដោយច្រានចោទការចោទប្រកាន់នោះរួចមក លោកអេង ឆៃអ៊ាង អតីតតំណាងរាស្រ្តមណ្ឌលខេត្តកណ្ដាល និងជាអតីតអនុប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានរិះគន់ថា ការបំភ្លឺរបស់មន្ទីរពេទ្យរុស្ស៊ី ជាការដោះសាមិនចំបញ្ហា ។

លោកអេង ឆៃអ៊ាង បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ថា “លិខិតដោះសាមិនចំបញ្ហា ដែលក្រុមគ្រួសារជនរងគ្រោះបានជួប ! បញ្ហាដែលក្រុមគ្រួសារបានប្រឈម ពេលទៅដល់មន្ទីរពេទ្យ មានជាអាទិ៍ ៖

-តម្រូវឲ្យក្រុមគ្រួសារអ្នកជំងឺបង់លុយមុនការជួយសង្គ្រោះ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់

-ពេលចូលដល់បន្ទប់សង្គ្រោះហើយ គ្រូពេទ្យប្រចាំការនៅឆ្ងាយ ត្រូវទូរស័ព្ទហៅ

-មុនយកទៅថតខួរក្បាល (MRI) ត្រូវទៅបង់លុយជាមុនសិន

-ពេលរុញដល់បន្ទប់ថតហើយ គ្រូពេទ្យប្រចាំការខាងថតមិននៅកន្លែង ត្រូវទូរស័ព្ទហៅ

-រារាំងមិនឲ្យឡានសាមុយពីខាងក្រៅ ចូលទៅដឹកជំងឺ“ ។

លោកអេង ឆៃអ៊ាង បានសរសេរបន្តថា “បញ្ហាបែបនេះ មិនមែនកើតមានតែមួយករណីនេះទេ គឺកើតមានស្ទើរគ្រប់អ្នកជំងឺខ្មែរ ដែលចាំបាច់ត្រូវចូលទៅរកការសង្គ្រោះបន្ទាន់ពីមន្ទីរពេទ្យរដ្ឋនានា នៃរបបត្រកូលហ៊ុន ។ ដូច្នេះហើយបានជាប្រជាពលរដ្ឋខ្មែរ ភាគច្រើន ដែលមានលទ្ធភាព ឬលទ្ធភាពតិចតួច រួមទាំងពួកអ្នកធំនៃរបបត្រកូលហ៊ុន ហើយដែលមានជំងឺអាចធ្វើដំណើរបាន សុខចិត្តទៅពិនិត្យព្យាបាលនៅប្រទេសវៀតណាម ឬប្រទេសថៃ ឬសិង្ហបុរី“ ។

ស្របគ្នានេះដែរ លោកសោ ចាន់ដេត អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីជំនិតលោកសម រង្ស៊ី ដែលកំពុងរស់និរទេសខ្លួននៅប្រទេសកាណាដា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ថា និយាយរឿងសុខាភិបាល នៅស្រុកខ្មែរ លោកពិតជាមានការសង្វេគមែនទែន ព្រោះអ្នកជំងឺច្រើនករណីណាស់ ដែលបានស្លាប់នៅក្នុងមន្ទីររដ្ឋ គឺទោះបីអ្នកជំងឺមិនត្រូវស្លាប់ នៅអាចមើលជា ពេលចូលមន្ទីរពេទ្យរដ្ឋ ដឹងតែស្លាប់ ដោយសារតែគ្រូពេទ្យមិនយកចិត្តទុកដាក់ ។

លោកសោ ចាន់ដេត បានមានប្រសាសន៍ថា “ជាពិតហើយ តាមពិតទៅ រឿងសុខាភិបាលហ្នឹង ដូចដែលមតិផ្សេងៗបានលើកឡើង គឺមិនខុសទេ រឿងដែលព្រៃផ្សៃ មនុស្សដែលស្លាប់ ដោយសារទៅរកពេទ្យ ដែលរបបក្រោមការគ្រប់គ្រងរបស់ត្រកូលហ៊ុន ហ្នឹង គឺច្រើនករណីណាស់ ហើយជាក់ស្ដែងករណីនៅពេទ្យរុស្ស៊ី ដែលមន្ទីរពេទ្យគេចេញសេចក្ដីថ្លែងការណ៍ (សេចក្ដីបំភ្លឺ) ហ្នឹង គឺជាលេស គឺជាការដោះសា ។ ធាតុពិត យើងមើលឃើញរូបភាពតាមប្រព័ន្ធសង្គម ដែលក្រុមគ្រួសារសពថតផុស គឺថាឃើញគ្នាធ្វើសកម្មភាព គឺថាទូរស័ព្ទខ្វាត់ខ្វែង ដើម្បីសុំឲ្យពេទ្យ រកពេទ្យហ្នឹងមកមើល គ្មានពេទ្យណាមកមើល ទុកគេចោលនៅខាងក្រៅហ្នឹងឯង ។ អាហ្នឹងហើយគឺជារឿងដែលយើងមើលឃើញ ដែលពលរដ្ឋម្នាក់ ដែលគាត់ហ៊ានផុស ចុះពលរដ្ឋក្រីក្រនៅតាមជនបទនោះ គឺច្រើនណាស់ ច្រើនករណីណាស់ ដែលមន្ទីរពេទ្យយកទៅទុកគ្នាស្លាប់ ហើយមិនអើពើទាំងអស់ ។ និយាយឲ្យអស់ទៅ និយាយរឿងសុខាភិបាលនៅស្រុកខ្មែរ ខ្ញុំមានការសោកសង្វេគមែនទែន នៅពេលដែលខ្ញុំមកដល់ស្រុកនេះ (កាណាដា) ។ ជំងឺខ្ញុំ ខ្ញុំជឿថា ប្រជាពលរដ្ឋដែលតាមដានសង្គម តាមដានហ្វេសប៊ុកខ្មុំ គឺដឹងស្រាប់ហើយថា ជំងឺខ្ញុំ បើនិយាយនៅស្រុកខ្មែរ ប្រហែលស្លាប់បាត់ទៅហើយ គេថាពិបាកមើលបំផុត ប៉ុន្តែដោយសារពេទ្យនៅស្រុកនេះ គេយកចិត្តទុកដាក់ ទោះបីខ្ញុំមកដល់ភ្លាម គេមិនទាន់ទទួលស្គាល់ គេមិនទាន់ឲ្យតម្លៃក្នុងនាមជាពលរដ្ឋគេក៏ដោយ ក៏គេយកចិត្តទុកដាក់មើល រហូតដល់ខ្ញុំរស់ឡើងវិញ ហើយរស់ឡើងវិញសព្វថ្ងៃនេះ គឺថាសុខភាពខ្ញុំល្អជាងដើមទៅទៀត ។ អាហ្នឹងហើយដែលធ្វើឲ្យខ្ញុំនឹកស្រណោះដល់ពលរដ្ឋខ្មែរ ថាជំងឺច្រើនណាស់ ជំងឺដែលមើលជា ជំងឺដែលមិនត្រូវស្លាប់ បើជំងឺមើលមិនជា ត្រូវស្លាប់ អាហ្នឹងមិនដឹងធ្វើម៉េចទេ ប៉ុន្តែជំងឺពលរដ្ឋខ្មែរច្រើនណាស់ គឺថា អត់ត្រូវស្លាប់ ប៉ុន្តែទៅដល់ពេទ្យស្លាប់ៗ ដោយសារអី? ដោយសារពេទ្យមិនយកចិត្តទុកដាក់“ ។

លោកសោ ចាន់ដេត បានមានប្រសាសន៍បន្តថា “ជាការបញ្ជាក់ឡើងវិញ ដូចករណីអ្នកជំងឺដែលបានស្លាប់ថ្មីៗនៅពេទ្យរុស្ស៊ី ហើយមន្ទីរពេទ្យចេញសេចក្ដីថ្លែងការណ៍ ដោយដោះសាហ្នឹង គឺដដែលៗហ្នឹង រឿងក្រោមការដឹកនាំរបស់ហ៊ុន សែន ត្រកូលហ៊ុន ជាងសាមសែសិបឆ្នាំ ទាំងកុម្មុយសនីស្តផង គឺជីវិតខ្មែរយើង ពលរដ្ឋខ្មែរយើង និយាយទៅគឺផុយស្រួយមែនទែន គឺអត់មានសង្ឃឹម អត់មានជំនឿអីដល់មន្ទីរពេទ្យទេ ។ យើងឃើញពលរដ្ឋខ្មែរយើង យើងឃើញស្រាប់ហើយ អ្នកមានលុយល្មមៗ គឺថាឈឺ គ្នារត់មកស្រុកក្រៅអស់ហើយ អ្នកមានលុយស្ដុកស្ដម្ភហ្នឹង គេមកដល់សាំងហ្គាពួរ ទៅ អ្នកមានលុយមធ្យមទៅ គឺត្រឹមយួន ត្រឹមសៀម អ៊ីចឹងទៅ ហើយអ្នកដែលមានលុយរម៉ក់រម៉ាល អាចខ្ចីបុលធនាគារ អាចលក់ទ្រព្យសម្បត្តិបាន ទៅពេទ្យឯកជនទៅ ហើយអ្នកដែលក្រទីទ័ល គ្នាម៉េច? ទៅស្លាប់! ទៅប្រថុយស្លាប់! តែប៉ុណ្ណឹងឯង ។ ហ្នឹងហើយគឺជារឿងដែលយើងសោកសង្វេគ ដែលយើងថ្កោលទោសនូវរបបត្រកូលហ៊ុន ដែលដឹកនាំម្ហៃសាមសិបឆ្នាំ ដែលសម័យវិទ្យាសាស្រ្ត សម័យគេទំនើបហើយ មិនមែនយកប្រៀបធៀបសម័យខ្មែរក្រហម សម័យស្អីគេទេ សម័យនេះ វាអត់ត្រូវប្រៀបធៀប ដូចលោកប្រធាន សម រង្ស៊ី និយាយថា យើងទៅប្រៀបធៀបនឹងនរក ។ អ៊ីចឹងអ្នកប្រៀបធៀបហ្នឹង យើងហ្នឹងក៏វានរកដែរ គ្រាន់បើជាងនរកបន្តិច វានៅតែនរកដដែលហ្នឹងឯង ។ បានន័យថា ឃាតករ វានៅតែឃាតករដដែលហ្នឹងឯង ។ អាហ្នឹងហើយដែលយើងសោកស្ដាយស្រុកយើងមែនទែន ដែលបណ្ដែតបណ្ដាយឲ្យត្រកូលហ៊ុន ហ្នឹងយកធ្វើជាកម្មសិទ្ធិរបស់ខ្លួនឯង ធ្វើឲ្យប្រជាពលរដ្ឋស្លាប់គ្រប់រូបភាពទាំងអស់ មិនថាមណ្ឌលសុខភាពទេ អានេះយើងនិយាយតែរឿងសុខភាព គឺថាច្រើនករណីណាស់ ខ្ញុំនិយាយនិងថ្លែងមិនអស់ទេ“ ។

លោកសោ ចាន់ដេត បានមានប្រសាសន៍បន្តទៀតថា “រឿងប្រព័ន្ធសុខាភិបាល មន្ទីរពេទ្យរដ្ឋ របបត្រកូលហ៊ុន នេះ បើធ្វើបាន ធ្វើបានតាំងពីដប់ម្ភៃឆ្នាំមុននោះ វាមិនដែលមកធ្វើអីនៅពេលនេះ ធ្វើមិនបានទេ! ព្រោះរឿងនេះឥឡូវវាអស់រលីងទៅហើយហ្នឹង អាធនធានធម្មជាតិ ដែលថាស្រូបយកមកដើម្បីអភិវឌ្ឍប្រទេសនោះ វាអស់រលីងហើយហ្នឹង ធនធានដែលខ្ចីបុលបរទេសយកមកកសាងស្រុកហ្នឹង គឺរលាយអស់រលីងហើយហ្នឹង ពុករលួយអស់រលឺងហើយហ្នឹង ។ ឥឡូវទៅមានស្អីទៀត? អ៊ីចឹងវាអត់មានសង្ឃឹម អត់មានជំនឿ មានតែរលាយថែមទៅទៀត អត់មានសង្ឃឹមថា អាចហ៊ុន សែន ហ្នឹង ត្រកូលហ៊ុន ហ្នឹងអាចមកធ្វើឲ្យប្រព័ន្ធសុខាភិបាលយើងប្រសើរឡើងទេ ប្រើសើរតែក្រុមគ្រួសារគេប៉ុន្មានហ្នឹងឯង ។ ដូច្នេះជារួម ខ្ញុំសុំអំពាវនាវដល់ពលរដ្ឋកម្ពុជា ថាសម័យកាលនេះហើយ គឺជាសម័យកាលដែលមន្ទីរពេទ្យនៅលើពិភពលោកនេះ គឺថាគេធ្វើទំនើបកម្មណាស់ ហើយជីវិតមនុស្ស មិនថាល្មម ទោះបីដល់ទីបញ្ចប់បែបណា ក៏គេនៅតែមើលរហូត ឲ្យមនុស្សមានសង្ឃឹមវិញ ។ អ៊ីចឹងជម្រើសមានតែមួយទេ គឺត្រូវតែដូរត្រកូលហ៊ុន ហ្នឹងចេញ ត្រូវតែដណ្ដើមយក ត្រូវតែរំដោះយកប្រទេសកម្ពុជាយើងពីកណ្ដាប់ដៃត្រកូលហ៊ុន វិញ ។ បើយើងទុកនៅលើដៃត្រកូលហ៊ុន អាប្រព័ន្ធសុខាភិបាល គឺគ្មានសង្ឃឹមទេ គឺមានតែហិនហោចទៅ យ៉ាប់ទៅៗ វេទនាទៅៗ រហូតដល់រលាយស្រុកទេសអស់“ ។

ទោះបីយ៉ាងណា ជុំវិញការលើកឡើងរបស់ក្រុមសម រង្ស៊ី នៃអតីតគណបក្សប្រឆាំង ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំមតិយោបល់ ការឆ្លើយតបពីអ្នកនាំពាក្យរាជរដ្ឋាភិបាល អ្នកនាំពាក្យក្រសួងយុត្តិធម៌ អ្នកនាំពាក្យក្រសួងសុខាភិបាល និងពីខាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតណាម បានទេ កាលពីម្សិលមិញ ។

សូមរំលឹកថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ មាននារីម្នាក់ ឈ្មោះធូ ស្រីពេជ្រ ប្រើគណនីហ្វេសប៊ុក ឈ្មោះ «SreyPich Thou» ដែលអះអាងថា ត្រូវជាកូនរបស់អ្នកជំងឺម្នាក់ បានបង្ហោះរូបភាពនិងសំណេរថា “មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតសម្លាប់ប៉ាខ្ញុំ! តើមានបងប្អូនខ្មែរ ប៉ុន្មាននាក់ ទៀតដែលត្រូវជួបរឿងបែបនេះ? កាលពីម៉ោង ២ទៀបភ្លឺ ថ្ងៃទី២៦ ខែមករា ប៉ាខ្ញុំមានអាការសន្លប់បាត់បង់ស្មារតី ខ្ញុំនិងម៉ាក់ បានដឹកប៉ាមកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) មន្ទីរពេទ្យ មិនមានក្រុមការងារគ្រាប់គ្រាន់សម្រាប់លើកប៉ាខ្ញុំទេ ដោយទុកប៉ាខ្ញុំចោលតម្រូវខ្ញុំបង់ប្រាក់មុន ដោយចំណាយពេលជាង៤០នាទី បន្ទាប់ពីខ្ញុំចំណាយពេលបង់ប្រាក់ហើយ ពួកខ្ញុំនិងប៉ាខ្ញុំ ត្រូវចាំគេ call ដាស់ពេទ្យស្កែន និងតម្រូវឱ្យបង់ប្រាក់មុនស្កែនម្តងទៀត។ បន្ទាប់មកពីថត គេអូសប៉ាទៅថតស្កែន ១កន្លែងទៀត ដោយក្រុមតែ ១នាក់គត់។ រឿងដដែលកើតឡើងនៅពេលដល់បន្ទប់ស្កែន គេត្រូវចំណាយពេល call ដាស់ពេទ្យម្តងទៀត។ មិនមានការបឋមត្រឹមត្រូវចំពោះប៉ាខ្ញុំឡើយ គាត់ត្រូវសន្លប់ពីម៉ោង២ រហូតដល់ ម៉ោង៤ៈ៣០ ដោយលទ្ធផលបង្ហាញថា ប៉ាខ្ញុំត្រូវដាច់សរសៃរក្នុងខួរក្បាល ខាងពេទ្យក៏ប្រាប់ខ្ញុំនិងម៉ាក់ថា ប៉ាខ្ញុំមិនអាចសង្គ្រោះបានទៀតទេ…”។

នារីដដែល បានបន្តថា “រឿងដែលហួសចិត្តជានេះទៅទៀត នៅពេលដែលខ្ញុំសុំពេទ្យយកប៉ាចេញទៅព្យាបាលបន្តនៅវៀតណាម ខាងឡានសាមុយពេទ្យរុស្ស៊ី បានស្កាក់ឡានសាមុយដែលមកយកប៉ាខ្ញុំ ដោយមិនឱ្យចូល ដោយនិយាយថា មន្ទីរពេទ្យ មិនអនុញ្ញាតឱ្យឡានខាងក្រៅ ដឹកអ្នកជំងឺចេញទេ ទាំងដែលខ្ញុំផ្តិតមេដៃសុំអនុញ្ញាតយកប៉ាចេញព្យាបាល ទៅជាមួយហើយក៏ដោយ។ មិនមែនខ្ញុំមិនចង់យកឡានសាមុយខាងពេទ្យរុស្ស៊ីទេ តែតម្លៃខាងគាត់ គឺគុណនឹង២ ធៀបនឹងឡានសាមុយពេទ្យខាងក្រៅ លើសពីនោះទៅទៀត គាត់បាននិយាយមកកាន់ពួកខ្ញុំថា “នរណាអនុញ្ញាតឱ្យបងចេញ? ពេទ្យមួយណា? ឈ្មោះអី? ចំពោះតម្លៃ អ្នកឯងមានតថ្លៃពួកខ្ញុំហើយឬនៅ?” ទាំងដែលប៉ាខ្ញុំជិតអស់ពេលទៅ រហូតដល់ម៉ោង៨ព្រឹក ទើបពួកខ្ញុំអាចដោះស្រាយដឹកប៉ាចេញបាន តែគ្រប់យ៉ាងហួសពេលបាត់ទៅហើយ! ក្នុងនាមនាងខ្ញុំជាក្រុមគ្រួសារសព សូមអំពាវនាវឲ្យរដ្ឋាភិបាល រកយុត្តិធម៌ ក៏ដូចជាមានវិធានការចំពោះករណីនេះផង…”។

បន្ទាប់ពីទទួលរងការចោទប្រកាន់ខាងលើ នៅរាត្រីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញលិខិតស្រាយបំភ្លឺ និងច្រានចោលការចោទប្រកាន់របស់កូនស្រីអ្នកជំងឺខាងលើ ដោយបញ្ជាក់ថា អ្នកជំងឺដែលត្រូវបានក្រុមគ្រួសារបញ្ជូនមកផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២ៈ៣៧ រំលងអធ្រាត្រ ដោយអ្នកជំងឺមានសភាពធ្ងន់ធ្ងរខ្លាំង ក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះអស់ពីលទ្ធភាព។ ក្រោយពីបានធ្វើការពិនិត្យនិងវិភាគអមវេជ្ជសាស្ត្រ ទៅតាមលក្ខណៈ បច្ចេកទេស ដើម្បីរកមូលហេតុឲ្យបានច្បាស់លាស់រួចមក លទ្ធផលបានបង្ហាញថា អ្នកជំងឺមានដាច់សរសៃឈាមខួរក្បាល បណ្តាលឱ្យហូរឈាមក្នុងខួរក្បាលធ្ងន់ធ្ងរ។

សេចក្តីបំភ្លឺរបស់មន្ទីរពេទ្យរុស្ស៉ី បន្តថា ក្រុមគ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់ បានពិភាក្សាជាមួយក្រុមគ្រូពេទ្យផ្នែកឯកទេសវះកាត់ខួរក្បាល និងបានពន្យល់អំពីស្ថានភាពធ្ងន់ធ្ងររបស់អ្នកជំងឺ ដែលហួសពីលទ្ធភាពក្នុងការជួយសង្គ្រោះតាមមធ្យោបាយវេជ្ជសាស្ត្រផ្សេងៗ រួមទាំងការវះកាត់ខួរក្បាលផងដែរ។ ប៉ុន្តែក្រុមគ្រួសារអ្នកជំងឺ បានសម្រេចចិត្តសុំយកអ្នកជំងឺ ទៅព្យាបាលបន្តនៅប្រទេសវៀតណាម។ បន្ទាប់មក ក្រុមគ្រួសារអ្នកជំងឺ បានទំនាក់ទំនងមកផ្នែករថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យ ដើម្បីពិភាក្សាអំពីការបញ្ជូនអ្នកជំងឺ បន្តទៅព្យាបាលនៅប្រទេសវៀតណាម ប៉ុន្តែក្រុមគ្រួសារអ្នកជំងឺបានសម្រេចចិត្តជ្រើសរើសយកសេវារថយន្តសង្គ្រោះបន្ទាន់ខាងក្រៅ ដោយខ្លួនឯង ហើយមន្ទីរពេទ្យ បានសម្របសម្រួលអនុញ្ញាតឱ្យចេញទៅព្យាបាលបន្តនៅប្រទេសវៀតណាម… ។

សេចក្តីបំភ្លឺរបស់មន្ទីរពេទ្យរុស្ស៊ី ខាងលើនេះ ត្រូវបាននារីជាកូនស្រីអ្នកជំងឺ ដែលប្រើគណនីហ្វេសប៊ុក ឈ្មោះ «SreyPich Thou » បានសរសេរសារឆ្លើយតបនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ថា “ក្នុងនាមខ្ញុំជាក្រុមគ្រួសារសព ក៏ដូចជាប្រជាជនខ្មែរម្នាក់​ ក្នុងចំណោមរាប់ម៉ឺននាក់ អ្នកដែលជួបរឿងនេះ ពិតជាមានការឈឺចាប់ណាស់។ ស្ថាប័ននៅតែគាំទ្របុគ្គលិក និងកិត្តិយសស្ថាប័នខ្លួន ជាជាងទទួលយកការពិត មិនឃើញទទួលស្គាល់ ហើយយកមកកែតម្រូវ ព្រោះការតែការមានះនេះហើយ ទើបបងប្អូនអស់ជំនឿចិត្ត និងមានជនរងគ្រោះច្រើនបែបនេះ (បើទោះបីមានការសង្គ្រោះច្រើន ក៏ប្រជាជនដែលត្រូវរងគ្រោះក៏មិនតិចដែរ)…”។

នារីជាកូនស្រីអ្នកជំងឺខាងលើ បានសរសេរបន្តថា “ចំណុចគោលរួមដែលនាងខ្ញុំបានលើកឡើង គឺទៅលើ ៖ គ្មានអ្នកប្រចាំការគ្រប់គ្រាន់ មានការយឺតយ៉ាវក្នុងការបញ្ជូនអ្នកជំងឺទៅបន្ទប់សង្គ្រោះបន្ទាន់ ត្រូវរង់ចាំពេទ្យខលដាស់គ្នា (lack of communication) រឿងបង់លុយមុន ហើយនៅតែមិនទាន់យកទៅស្កែន មិនមានការសង្គ្រោះបឋមត្រឹមត្រូវនិងការយកចិត្តទុកដាក់ ទុកទាល់តែប៉ារកខ្យល់ រឿងឡានសាមុយទារលុយ និងស្កាត់មិនឱ្យយកទៅក្រៅ និងប្រើពាក្យពេចន៍ខ្វះក្រមសុជីវធម៌ (រួមទាំងមានវីដេអូភ័ស្តុតាង) ឯណាការបកស្រាយលើចំណុចទាំងនេះ? តើមានវិធីសាស្ត្រណាដែលល្អជាងការបកស្រាយបំភ្លឺទេ? ឬក៏ត្រូវឱ្យមានករណីនេះ បន្តកើតមានឡើងលើប្រជាពលរដ្ឋផ្សេងៗទៀត?…”។

នៅយប់ថ្ងៃដដែលនោះ នារីខាងលើ បានសរសេរបន្ថែមថា “នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤ ក្រុមការងារក្រសួងសុខាភិបាល ក៏ដូចក្រុមការងារមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានអញ្ជើញមកដល់គេហដ្ឋាននាងខ្ញុំផ្ទាល់ បានអុជធូបសុំខមាទោសដល់សព និងបាននាំយកបច្ច័យនិងគ្រឿងឧបភោគ បរិភោគ មកចូលបុណ្យ ដល់គេហដ្ឋាននាងខ្ញុំផ្ទាល់ ដោយពួកគាត់បានលើកឡើងទាក់ទងនឹងករណីដែលកើតឡើងនៅថ្ងៃកើតហេតុ។ ដោយខាងមន្ទីរពេទ្យ នឹងបង្កើតក្រុមប្រឹក្សាវិន័យ ដើម្បីដាក់វិន័យទៅលើបុគ្គលដែលបានប្រព្រឹត្តខុសតាមច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល និងច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជា។ ជាកុសលមួយសម្រាប់ព្រលឹងសពលោកឪពុកនាងខ្ញុំ។ ទាក់ទងនឹងព័ត៌មានបន្ថែម នាងខ្ញុំនឹងជម្រាបជូនបងប្អូនបន្ត“ ៕ កុលបុត្រ

RELATED ARTICLES