យេម៉ែន ៖ ក្រុមឧទ្ទាមហ៊ូធី (Houthi) នៅប្រទេយេម៉ែន បានព្រមានថា ពួកគេនឹងវាយប្រហារលើនាវាចម្បាំងអាមេរិក និងអង់គ្លេស ទាំងអស់ ដែលឈ្លានពានប្រទេសយេម៉ែន ខណៈពេលដែលនាវាចម្បាំងអាមេរិក បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែលបញ្ជូនដោយក្រុមឧទ្ទាមហ៊ូធី ដើម្បីបើកការវាយប្រហារថ្មី ដោយបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ១០គ្រឿង។

ទីភ្នាក់ងារព័ត៌មាន Al Jazeera បានរាយការណ៍នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ក្រុមឧទ្ទាម ហ៊ូធី នៅប្រទេសយេម៉ែន គាំទ្រដោយអ៊ីរ៉ង់ បានចេញការព្រមាន កាលពីថ្ងៃទី៣១ ខែមករា ម៉ោងក្នុងតំបន់ ថា ពួកគេនឹងវាយប្រ ហារនាវាចម្បាំងអាមេរិក និងអង់គ្លេស ទាំងអស់ នៅក្នុងសមុទ្រក្រហម បន្ថែមទៀត ដោយបញ្ជាក់ថា នាវាចម្បាំងអាមេរិក និងអង់គ្លេស ទាំងអស់ ដែលបានចូលរួមក្នុងការលុកលុយយេម៉ែន គឺជាគោលដៅនៃការវាយប្រហារដោយពួកឧទ្ទាម ហ៊ូធី ។
ទន្ទឹមនឹងនេះ បញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានប្រកាសមុននេះថា នាវា USS Carney (USS Carney) បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ចំនួន ១០គ្រឿង ពីក្រុមឧទ្ទាមហ៊ូធី ដែលបានប្រកាសគាំទ្រក្រុមហាម៉ាស់ (Hamas) ខណៈពេលដែលបញ្ជូនពួកគេមកវាយប្រហារម្តងទៀត។ លើសពីនេះទៀត កងទ័ពសហរដ្ឋអាមេរិក វាក៏បានវាយប្រហារមជ្ឈមណ្ឌលបញ្ជាការរបស់ក្រុមឧទ្ទាមហ៊ូធី ផងដែរ។CENTCOM បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ថា នឹងការពារដែនទឹកអន្តរជាតិ ឱ្យកាន់តែមានសុវត្ថិភាព រួមទាំងការការពារសុវត្ថិភាពនាវាចម្បាំងរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក និងនាវាដឹកទំនិញជាច្រើនទៀត។

CENTCOM ក៏បាននិយាយមុននេះថា នាវា USS Carney បានបាញ់ទម្លាក់មីសស៊ីលផ្លោង ដែលបាញ់ដោយក្រុមហ៊ូធី និងបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ចំនួន ៣គ្រឿង ដែលផលិតដោយអ៊ីរ៉ង់ ផងដែរ៕