ភ្នំពេញ ៖ បក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានប្រតិកម្មទៅនឹងសកម្មជនអទីតបក្សប្រឆាំង ក្រុមលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សង្គ្រោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៉ី) ដែលបានចោទថា ទិញទឹកចិត្តអង្គបោះឆ្នោតគណបក្សភ្លើងទៀន ក្នុងម្នាក់ ២ម៉ឺនដុល្លារ ដែលមានន័យថា តម្លៃអង្គបោះឆ្នោតគណបក្សភ្លើងទៀន ម្នាក់ ២ម៉ឺនដុល្លារ ចំណែកអង្គបោះឆ្នោតគណបក្សកាន់អំណាច គ្មានតម្លៃ(០ដុល្លារ) សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ថ្មីៗនេះ ក្នុងនាមគណបក្សកាន់អំណាច លោកបានវាយតម្លៃថា នៅក្នុងការបោះឆ្នោតព្រឹទ្ធសភា ខាងមុខនេះ គណបក្សប្រជាជនកម្ពុជា អាចនឹងមានការកើនសំឡេងមែន ដោយសារមើលឃើញថា គណបក្ស២ ដែលអួតខ្លួនជាគណបក្សប្រឆាំង កំពុងឈ្លោះទាស់ទែងខ្វែងគំនិតគ្នា រឿងអង្គបោះឆ្នោត ធ្វើឲ្យអង្គបោះឆ្នោតទាំងនោះ មានការធុញទ្រាន់ នឹងរត់មកបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ។ ប៉ុន្តែនេះមិនមែនមានន័យថា គណបក្សប្រជាជនកម្ពុជា ទិញទឹកចិត្តអង្គបោះឆ្នោតគណបក្សភ្លើងទៀន នោះទេ គឺគណបក្សប្រជាជនកម្ពុជា មិនមានគោលការណ៍បែបនេះឡើយ ព្រោះគណបក្សប្រជាជនកម្ពុជា មានការជឿទុកចិត្តទៅលើអង្គបោះឆ្នោតរបស់ខ្លួន ហើយបើសិនមានលុយ យកទៅឧបត្ថម្ភអង្គបោះឆ្នោតរបស់ខ្លួន វាប្រសើរជាងទិញអង្គបោះឆ្នោតបក្សប្រឆាំង ។ ដូច្នេះការដែលក្រុមទណ្ឌិតសម រង្ស៊ី ចោទថា គណបក្សកាន់អំណាច គំរាមកំហែង ទិញទឹកចិត្តអង្គបោះឆ្នោតគណបក្សភ្លើងទៀន ក្នុងម្នាក់ ២ម៉ឺនដុល្លារនោះ ជាការប្រឌិតរឿងមួលបង្កាច់មកលើគណបក្សប្រជាជនកម្ពុជា ទាំងស្រុង ។
លោកសុខ ឥសាន បានមានប្រសាសន៍ថា “ការនិយាយយ៉ាងដូច្នោះ គឺជាការប្រឌិតរឿងមួលបង្កាច់មកលើគណបក្សប្រជាជនកម្ពុជា ។ គណបក្សប្រជាជនកម្ពុជា បើមានលុយ ២ម៉ឺន សម្រាប់ម្នាក់ហ្នឹង គឺអាចចែកឲ្យ គ្នាឯងហ្នឹងមិនស្រួល? ចេះតែនិយាយ! អាហ្នឹងហើយវាគ្មានអ្នកណាទៅចំណាយលុយពីរបីម៉ឺនទេ ព្រោះសមា ជិក សមាជិកាគណបក្សប្រជាជន ច្រើនណាស់ មិនចាំបាច់អីទៅទិញទេ ហើយបើក្នុងអង្គបោះឆ្នោតមួយរយ ពីររយនោះ ទើបបាន១កៅអីព្រឹទ្ធសភា តើអ្នកណាទៅទិញគាត់? គាត់បែកបាក់គ្នា គឺគេធុញទ្រាន់នឹងការដឹកនាំរបសមេបក្សរបស់ខ្លួនហ្នឹង បានជាគេមកបោះឆ្នោតឲ្យគណបក្សទេវតាហ្នឹង ។ អាហ្នឹងការវាយតម្លៃរបស់ខ្ញុំ ទៅតាមសភាពការណ៍ដែលឡើង ឥឡូវភ្លើងទៀន ទាស់ជាមួយនឹងកម្លាំងជាតិ ហើយមេភ្លើងទៀនហ្នឹង ទៅអំពាវ នាវឲ្យបោះឲ្យឆន្ទៈខ្មែរ។ វាត្រឡប់ត្រឡិន មិនដឹងជាបាយបិណ្ឌ ទៅជាបាយបាត្រ វាមិនច្បាស់លាស់ត្រង់ណា ដែលធ្វើឲ្យអង្គបោះឆ្នោត គេធុនទា្រន់ ហើយដល់ធុញទ្រាន់ហើយ គេបោះឆ្នោតគាំទ្រគណបក្សប្រជាជនហើយ គេមិនចាំបាច់អ្នកណាទៅទិញទេ“ ។
លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ចំពោះថា អង្គបោះឆ្នោតគណបក្សប្រជាជន គ្មានតម្លៃសូម្បី ១សេន ហើយអស់លុយខ្លួនឯងទៀតនោះ អាហ្នឹងគេថាប្រឌិតទៅ ។ ទស្សនៈឬមួយសតិអារម្មណ៍របស់សមាជិក សមាជិកាគណបក្សប្រជាជន មិនមែនដូចគាត់ថាទេ គេស្មោះត្រង់ជាមួយគណបក្ស គេដើរតាមអំពើល្អរបស់គណបក្ស ។ អ៊ីចឹងទេ គេស្មោះស្ម័គ្រជាមួយគណបក្ស ហើយគេបោះឆ្នោតគាំទ្របេក្ខភាពរបស់គណបក្សហើយ វាអត់មានបញ្ហាអីចាំបាច់ទៅទិញទឹកចិត្ត ហើយអង្គបោះឆ្នោតទាំងអស់ សុទ្ធតែមានតម្លៃទាំងអស់គ្នា គឺអាហ្នឹងវាជាការពិតហើយ គឺថាអង្គបោះឆ្នោតរបស់គណបក្សប្រជាជន គឺជាអង្គបោះឆ្នោតដែលប្រកបដោយគុណធម៌ នយោបាយប្រកបទៅដោយគោលជំហររឹងមាំក្នុងការដើរតាមគណបក្ស ។ ដូច្នេះហើយមិនបាច់គេទិញទឹកចិត្ត មិនបាច់គេសូកប៉ាន់អីទេ គឺអង្គបោះឆ្នោត នឹងបោះឆ្នោតគាំទ្របេក្ខភាពសមាជិកព្រឹទ្ធសភា របស់គណបក្សហ្នឹង អត់មានបាត់មួយទេ ហើយដោយឡែកចំពោះគណបក្សប្រឆាំង គឺមានការទាស់ទែងគ្នា ខ្វែងគំនិតគ្នា ដោះស្រាយមិនចេញ ដែលធ្វើឲ្យអង្គបោះឆ្នោត គេធុញទ្រាន់ ។ អ៊ីចឹងការធុញទ្រាន់របស់អង្គបោះឆ្នោតបក្សប្រឆាំងហ្នឹង វាអាចនឹងមានបងប្អូនមួយចំនួនហ្នឹង បោះឆ្នោតគាំទ្រគណបក្សកាន់អំណាចទៅវិញ“ ។
លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “ជាការបញ្ជាក់ឲ្យច្បាស់ បើសិនជានៅក្នុងការបោះឆ្នោតព្រឹទ្ធសភា ខាងមុខនេះ គណបក្សប្រជាជនកម្ពុជា មានការកើនសំឡេង មិនមែនមានន័យថា គណបក្សប្រជា ជន ទិញអង្គបោះឆ្នោតនោះទេ គឺអត់មានទិញទេ ។ បើមានលុយ គណបក្សប្រជាជន មានគោល នយោបាយឧបត្ថម្ភដល់សមាជិក សមាជិការបស់ខ្លួន ។ ម្យ៉ាងទៀត អង្គបោះឆ្នោតបក្សភ្លើងទៀន ជាង២ពាន់នាក់ បើទិញម្នាក់ ២ម៉ឺនដុល្លារ វាច្រើន អាចយកទៅធ្វើសាលារៀន ធ្វើផ្លូវ ធ្វើវត្តអារាម វាប្រសើរជាងទិញម្នាក់ ២ម៉ឺននោះ ព្រោះគណបក្សប្រជាជន មិនមានគោលការណ៍ចំណាយលុយខ្ជះខ្ជាយដែលអត់មានប្រយោជន៍ទេ ។ ប៉ុន្តែគេចេះតែនិយាយមួលបង្កាច់ហ្នឹង ដោយសារតែការប្រកួតប្រជែងហ្នឹង វាអតុល្យភាពហើយ គណបក្សប្រឆាំងនោះ ។ ឥឡូវយើងឃើញហើយ កំពុងតែទាស់គ្នា កំពុងតែបែកបាក់គ្នា រកការសម្របសម្រួល គ្រាន់តែបក្សមួយ មកបក្សមួយ ដើម្បីនិយាយគ្នា និយាយមិនត្រូវគ្នាផង ហើយយើងទៅធ្វើអីឲ្យអង្គបោះឆ្នោតពេញចិត្ត? អាហ្នឹងអង្គបោះឆ្នោតគេឃើញការដឹកនាំរបៀបអនាធិបតេយ្យអ៊ីចឹង អាហ្នឹងអង្គបោះឆ្នោត គេមិនបោះឆ្នោតឲ្យគណ បក្សខ្លួនទេ គេងាកទៅបោះឆ្នោតឲ្យគណបក្សផ្សេងហើយ ។ ដូច្នេះជារួម មិនបាច់និយាយអីទេ យើងគ្មានគោលការណ៍ទិញអង្គបោះឆ្នោតគណបក្សណាផ្សេងទេ យើងខិតខំតែថែរក្សាអង្គបោះឆ្នោតរបស់យើង ឲ្យបានធានានូវសុខភាពល្អ បរិបូរណ៍ ដើម្បីដល់ថ្ងៃបោះឆ្នោត អញ្ជើញទៅបោះឆ្នោតទៅ ហើយយើងជឿទុកចិត្តអង្គបោះឆ្នោតរបស់យើងហើយ មិនបាច់ព្រួយបារម្ភអីទេ“ ។
គួបញ្ជាក់ថា ប្រតិកម្មរបស់អ្នកនាំពាក្យគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ខាងលើនេះ បានធ្វើឡើងក្រោយពីលោកឆាំ ឆានី សកម្មជននៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ជាសហ ការីលោកសម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេស បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ថា “ត្រកូលហ៊ុន គំរាម និងទិញទឹកចិត្តអង្គបោះឆ្នោតបក្សភ្លើងទៀន ពីរម៉ឺនដុល្លារ/ម្នាក់ ខណៈអង្គបោះឆ្នោត CPP គ្មានតម្លៃសូម្បី ១សេន ហើយអស់លុយខ្លួនឯងទៀត“ ។
សូមបញ្ជាក់ដែរថា គណបក្សភ្លើងទៀន មានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅទូទាំងប្រទេស ប្រមាណ ២១៩៨នាក់ ដែលត្រូវបានពលរដ្ឋបោះឆ្នោតឱ្យ កាលពីខែមិថុនា ឆ្នាំ ២០២២។ ពួកគេជាអង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា នាពេលខាងមុខ។ ដោយសារមិនអាចចូលរួមការបោះឆ្នោតបាន គណបក្សភ្លើងទៀន បានជ្រើសរើសគណបក្សឆន្ទៈខ្មែរ មកឈរឈ្មោះចូលរួមប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភា នាពេលខាងមុខ ។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤។ ការបោះឆ្នោតនេះ គឺជាការបោះឆ្នោតអសកល ដែលធ្វើឡើងរយៈពេល ៦ឆ្នាំម្តង ហើយអ្នកបោះឆ្នោត និងអង្គបោះឆ្នោត គឺតំណាងរាស្ត្រក្នុងតំណែង ដែលជាប់ឆ្នោតឆ្នាំ២០២៣ ដែលមានចំនួនសរុប ១២៥ នាក់ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ក្នុងតំណែង ដែលជាប់ឆ្នោតឆ្នាំ២០២២ សរុបចំនួន ១១ ៦២២នាក់។ ដូច្នេះអង្គបោះឆ្នោតសរុបចំនួន ១១ ៧៤៧នាក់ នឹងបោះឆ្នោតក្នុងក្របខ័ណ្ឌនៃភូមិភាគនីមួយៗ ដែលមណ្ឌលបោះឆ្នោត ត្រូវបានបែងចែកជា ៨ភូមិភាគ។
ការបោះឆ្នោតអសកលនេះ នឹងជ្រើសរើសសមាជិកព្រឹទ្ធសភា ចំនួន ៦២រូប ដោយសមាជិកចំនួន ៥៨រូប ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកល និងជាសម្ងាត់ តាមរយៈអង្គបោះឆ្នោត ហើយសមាជិកចំនួន ២រូប ត្រូវចាត់តាំងដោយព្រះមហាក្សត្រ និង ២រូបទៀត ត្រូវជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើន។ នេះបើយោងតាមបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលបោះពុម្ពផ្សាយឆ្នាំ២០២៣ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។
បើតាមការបង្ហើបប្រាប់កន្លងទៅ របស់សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយសព្វថ្ងៃជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ គឺក្រោយការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី ៥ ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ សម្តេច នឹងក្លាយជាប្រធានព្រឹទ្ធសភា ជំនួសសម្តេចសាយ ឈុំ អនុធានគណ បក្សប្រជាជនកម្ពុជា៕ កុលបុត្រ