Wednesday, October 30, 2024
Homeព័ត៌មានអន្តរជាតិស្តេចឆាលស៍ ទី៣ នៃអង់គ្លេស រកឃើញមានជំងឺមហារីក

ស្តេចឆាលស៍ ទី៣ នៃអង់គ្លេស រកឃើញមានជំងឺមហារីក

អង់គ្លេស ៖ ព្រះរាជវាំងអង់គ្លេស បានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ថា ស្តេចឆាលស៍ ទី៣ (Charles III) ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីក ហើយត្រូវសម្រាកពីការងារ ដើម្បីចាប់ផ្តើមការព្យាបាលតាមកាលវិភាគរបស់វេជ្ជបណ្ឌិត។ ចំណែកព្រះអង្គម្ចាស់ហាររី (Harry) បានរៀបចំព្រះកាយមកប្រទេសអង់ គ្លេស ដើម្បីសួរសុខទុក្ខ និងលើកទឹកព្រះទ័យដល់ព្រះបិតារបស់ព្រះអង្គ។

នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រះរាជវាំងបាក់ឃីងហែម (Buckingham) របស់ប្រទេសអង់គ្លេស បានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ថា ស្តេចឆាលស៍ ទី៣ ព្រះជន្ម ៧៥ព្រះវស្សា ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីក មួយប្រភេទ ហើយកំពុងចាប់ផ្តើមចូលដំណើរការព្យាបាលតាមកាលវិភាគរបស់វេជ្ជបណ្ឌិត ។ ឥឡូវនេះ ព្រះអង្គកំពុងគង់នៅព្រះរាជវាំង ។ ប៉ុន្តែមិនទាន់មានព័ត៌មានលម្អិតជាក់លាក់ណាមួយត្រូវបានបង្ហាញថា ជំងឺមហារីក របស់ព្រះអង្គ ជាមហារីកប្រភេទណានោះទេ ដោយបញ្ជាក់តែប៉ុណ្ណោះថា ជាប្រភេទមហារីកដែលមិនមែនជាមហារីកក្រពេញប្រូស្តាត។

សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ការធ្វើរោគវិនិច្ឆ័យមហារីក បានធ្វើឡើងខណៈដែលព្រះអង្គកំពុងទទួលការវះកាត់ក្រពេញប្រូស្តាតរីកធំ កាលពីខែមុន។ ព្រះមហាក្សត្រ បានទទួលការណែនាំពីគ្រូពេទ្យ ឲ្យផ្អាកព្រះរាជកិច្ច ក្នុងអំឡុងពេលនេះ។ ទោះជាយ៉ាងណា ក្នុងរយៈពេលនេះ ព្រះអង្គ នឹងបន្តអនុវត្តការងាររដ្ឋាភិបាល និងឯក សារផ្លូវការផ្សេងៗដូចធម្មតា។

ទន្ទឹមនឹងនោះ សមាជិករាជវង្សជាច្រើន ដែលបានឮដំណឹងនេះ ទាំងអស់គ្នាបានមកជួបព្រះអង្គ  និងផ្តល់ការលើកទឹកព្រះទ័យ ខណៈពេលដែលព្រះអង្គម្ចាស់ ហាររី (Harry) ព្រះរាជបុត្រទីពីរ ដែលស្នាក់នៅជាមួយគ្រួសារ នៅសហរដ្ឋអាមេរិក ក៏បានផ្ញើការលើកទឹកព្រះទ័យដល់ព្រះបិតា របស់ព្រះអង្គ ផងដែរ និងត្រៀមមកប្រទេសអង់គ្លេស នៅប៉ុន្មានថ្ងៃខាងមុខនេះ៕

RELATED ARTICLES