Wednesday, October 30, 2024
Homeព័ត៌មានអន្តរជាតិ ឈីលី ភ្លើងឆេះព្រៃ ជិត១សប្តាហ៍ហើយ មិនទាន់អាចគ្រប់គ្រងបាន

 ឈីលី ភ្លើងឆេះព្រៃ ជិត១សប្តាហ៍ហើយ មិនទាន់អាចគ្រប់គ្រងបាន

ប្រទេសឈីលី ៖ ភ្លើងឆេះព្រៃ នៅប្រទេសឈីលី បានឆាបឆេះតាំងពីចុងសប្តាហ៍មុន រហូតមកដល់ពេលនេះ វានៅតែមិនអាចគ្រប់គ្រងបាន ហើយពីតំបន់ព្រៃនោះ ភ្លើងបានរាលដាលចូលទៅក្នុងតំបន់សហគមន៍ដែលមានប្រជាជនរស់នៅច្រើនកុះករ។

តាមប្រភពបណ្តាញព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២៤ ថា មកទល់ពេលនេះ មានមនុស្ស ចំនួនជាង ១០០នាក់ បានស្លាប់ ហើយចំនួននេះ គេរំពឹងថានឹងកើនឡើងកាន់តែច្រើន ចំណែកផ្ទះប្រមា ណ ៣០០០-៤០០០ ខ្នងត្រូវបានខូចខាត ហើយការខូចខាត បានគ្របដណ្តប់លើផ្ទៃដីជាង ៥០ ០០០រ៉ៃ។ ការស៊ើប អង្កេតបឋមជឿថា មូលហេតុភ្លើងឆេះព្រៃនេះ បង្កឡើងដោយមនុស្ស ប៉ុន្តែអាកាសធាតុក្តៅ និងស្ងួតខ្លាំង គួបផ្សំនឹងតំបន់ព្រៃដែលពិបាកចូលទៅដល់ ធ្វើឱ្យបេសកកម្មគ្រប់គ្រងអណ្តាតភ្លើង ពិបាកធ្វើ ហើយអណ្តាតភ្លើងបានឆេះរាលដាលយ៉ាងឆាប់រហ័ស។

មន្ត្រីឈីលី បានបញ្ជាក់ថា វាជាភ្លើងឆេះព្រៃ ដ៏គ្រោះថ្នាក់បំផុត ក្នុងកំណត់ត្រា ដែលធ្វើឲ្យមានអ្នករងគ្រោះជា ច្រើននាក់ ភាគច្រើនជាអ្នកភូមិ និងអ្នកទេសចរ ដែលធ្វើដំណើរទៅតំបន់ឆ្នេរក្នុងអំឡុងពេលថ្ងៃឈប់សម្រាករដូវក្តៅ ខណៈដែលក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងអំពីសុខភាពនៅទីក្រុងវ៉ាលប៉ារ៉ៃសូ (Valparaíso)។

 វិបត្តិភ្លើងឆេះព្រៃ របស់ប្រទេសឈីលី បានរាលដាលយ៉ាងឆាប់រហ័ស ពី ៤កន្លែង ទៅ ១៦១កន្លែង ក្នុងរយៈ ពេលប៉ុន្មានថ្ងៃ។ អ្នកពន្លត់អគ្គិភ័យ បានគ្រប់គ្រងភ្លើងបានចំនួន ១០២កន្លែង ហើយបច្ចុប្បន្នកំពុងពន្លត់ភ្លើងចំនួន ៤០កន្លែង ខណៈដែល ១៩កន្លែង កំពុងស្ថិតនៅក្រោមការសង្កេត។

រដ្ឋមន្ត្រីហិរញ្ញវត្ថុឈីលី លោក ម៉ារីអូ ម៉ារសែល (Mario Marcel) បាននិយាយថា ការវាយតម្លៃបឋមនៃការខូចខាតនៅក្នុងតំបន់វ៉ាលប៉ារ៉ៃសូ (Valparaiso) ត្រូវបានធ្វើឡើង នឹងឈានដល់រាប់រយលានដុល្លារ។

វិធានការគ្រប់គ្រងភ្លើងឆេះព្រៃ និងការខូចខាតចុងក្រោយបង្អស់ បន្ទាប់ពីភ្លើងឆេះព្រៃ បានឈានដល់ថ្ងៃទីបីហើយ ខណៈដែលនាយករដ្ឋមន្ត្រីឈីលី លោកហ្គ្រាប៊្រៀល បូរិក (Gabriel Boric) បានប្រកាសដាក់ក្នុងភាពអាសន្ន សម្រាប់ភ្លើងឆេះព្រៃ នៅតំបន់វ៉ាលប៉ារ៉ៃសូ (Valparaiso) បន្ទាប់ពីភ្លើងបានរាលដាលដល់ទីក្រុងឆ្នេរសមុទ្រនេះ ដែលមានចម្ងាយប្រហែល ១១៦គីឡូម៉ែត្រ ពីទីក្រុងសានត្យាហ្គោ (Santiago) ហើយមានអ្នកទេសចរជាច្រើនក្នុងរដូវក្តៅ។ លោកនាយករដ្ឋមន្ត្រីឈីលី បាននិយាយថា ភាពអាសន្នមាន រដ្ឋត្រូវប្រមូលធនធានចាំបាច់ទាំងអស់ ដើម្បីជួយដោះស្រាយស្ថានការណ៍ភ្លើងឆេះព្រៃ ដែលកាន់តែធ្ងន់ធ្ងរ។

កាលពីថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២៤ បម្រាមគោចរ ត្រូវបានប្រកាស សម្រាប់អ្នករស់នៅទីក្រុងវីណាដេលម៉ារ (Vina del Mar) ក៏ដូចជាក្រុង លីម៉ាច (Limache), ហ្គីលពួ (Gilpua) និងទីក្រុង វីលឡា អាលេម៉ាណា (Villa Alemana)។ បម្រាមគោចរ អនុញ្ញាតឱ្យរថយន្តសង្គ្រោះបន្ទាន់ទៅដល់តំបន់ដែលរងផលប៉ះពាល់ បន្ទាប់ពីភ្លើងឆេះព្រៃ បានរាលដាលទៅជិតតំបន់ទាំងនេះ។

ក្រសួងសុខាភិបាល នៃប្រទេសឈីលី បានអំពាវនាវឲ្យគ្រូពេទ្យផ្អាកការវះកាត់មិនបន្ទាន់ ក្នុងរយៈពេលនេះ និងបានផ្តល់ភ្លើងខៀវឱ្យបង្កើតមន្ទីរពេទ្យបង្អែកបណ្ដោះអាសន្ន។ ទន្ទឹមនឹងការប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍នោះ និស្សិតពេទ្យ ជិតបញ្ចប់ការសិក្សា នឹងត្រូវបានជួល ដើម្បីជួយសម្រាលសម្ពាធលើសេវាសុខភាព អំឡុង ពេលមានវិបត្តិភ្លើងឆេះព្រៃ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃប្រទេសឈីលី ខារ៉ូលីណា តូហា (Carolina Toha) បាននិយាយថា អ្នកពន្លត់អគ្គិភ័យ ប្រហែល ១៤០០នាក់ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ភ្លើងឆេះព្រៃ ហើយឥឡូវនេះក្រុមអ្នកជួយសង្គ្រោះ កំពុងតស៊ូដើម្បីទៅដល់តំបន់ដែលរងគ្រោះខ្លាំងបំផុត ហើយចំនួនអ្នកស្លាប់ នឹងកើនឡើងក្នុងរយៈ ពេលប៉ុន្មានម៉ោងខាងមុខនេះ។

រដ្ឋាភិបាលឈីលី បានព្រមានប្រជាជន កុំឱ្យធ្វើដំណើរទៅកាន់តំបន់ដែលមានភ្លើងឆេះព្រៃ ដើម្បីការពារគ្រោះថ្នាក់ដែលអាចកើតមាន។ នៅចុងក្រោយនេះ មានរបាយការណ៍នៃអ្នកបាត់ខ្លួន ប្រមាណ ៣៧០នាក់។លោករ៉ូឌ្រីហ្គោ មុនដាកា (Rodrigo Mundaka) អភិបាលនៃតំបន់វ៉ាលប៉ារ៉ៃសូ (Valparaiso)  និយាយថា មូលហេតុនៃភ្លើងឆេះព្រៃនេះ ត្រូវបានគេជឿថា ជាមនុស្សបង្កើត ព្រោះកើតឡើង៤ចំណុច ក្នុងពេលតែមួយ ហើយអាជ្ញាធរត្រូវប្រញាប់ស្វែងរកជនល្មើស ដើម្បីចាប់ខ្លួនមកផ្តន្ទាទោស។

គួរបញ្ជាក់ថា ភ្លើងឆេះព្រៃនេះ បានកើតឡើងខណៈដែលប្រទេសឈីលី ប្រឈមនឹងរលកកម្ដៅក្នុងរដូវក្តៅដ៏យូរនិងខ្លាំង ដោយនៅរដ្ឋធានី សានត្យាហ្គោ (Santiago) នៃប្រទេសឈីលី អាកាសធាតុបានក្តៅជាច្រើនថ្ងៃជាប់ៗគ្នា ជាមួយនឹងសីតុណ្ហភាពក្តៅស្ងួត បានកើនឡើងលើសពី ៣៣ អង្សាសេ។

អ្នកវិទ្យាសាស្ត្រនិយាយថា ការប្រែប្រួលអាកាសធាតុ និងបាតុភូតអាកាសធាតុ អែលនីណូ (El Niño) ធ្វើឱ្យពិភពលោកកាន់តែក្តៅ អាកាសធាតុកាន់តែក្តៅនិងស្ងួត បណ្តាលឱ្យមានគ្រោះធម្មជាតិផ្សេងៗ ដូចជារលកកម្តៅដែលប៉ះពាល់ដល់តំបន់ភាគខាងត្បូងនៃអាមេរិកខាងត្បូង ហើយភ្លើងឆេះព្រៃ មានទំនោរកើតឡើងញឹក ញាប់និងកាន់តែខ្លាំង។

គេហទំព័រ CNN Chile រាយការណ៍ថា យ៉ាងហោចណាស់មនុស្សម្នាក់ ត្រូវបានចាប់ខ្លួន រហូតមកដល់ពេលនេះ ជាបុរសម្នាក់ រស់នៅក្នុងទីក្រុងតាល់កា (Talca)  កណ្តាលប្រទសឈីលី ដែលគេជឿថា ភ្លើងបានចាប់ផ្តើមឆេះដោយចៃដន្យ នៅពេលគាត់កំពុងធ្វើការផ្សារដែក ហើយអណ្តាតភ្លើងបានរាលដាលយ៉ាងលឿន ទៅវាលស្រែ ក្បែរនោះ ហើយជនសង្ស័យនេះ ត្រូវបានចាប់ខ្លួននៅសប្តាហ៍នេះ។

ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលប្រទេសឈីលី កំពុងប្រយុទ្ធនឹងការកើនឡើងសីតុណ្ហភាព រលកកម្តៅក៏កំពុងគំរាមកំហែងដល់ប្រទេសកូឡុមប៊ី អាហ្សង់ទីន ប៉ារ៉ាហ្គាយ និងប្រេស៊ីល ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ៕

RELATED ARTICLES