យេម៉ែន ៖ យោធាអាមេរិក បន្តវាយប្រហារលើគោលដៅក្រុមឧទ្ទាមហ៊ូធី (Houthi) ក្នុងប្រទេសយេម៉ែន បន្ទាប់ ពីបានបើកការវាយប្រហារលើក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ជាការឆ្លើយតបទៅនឹងការបញ្ជូនយន្តហោះគ្មានមនុស្សបើកទៅវាយប្រហារមូលដ្ឋានយោធាអាមេរិក ក្នុងប្រទេសហ្ស៊កដានី ដោយបានសម្លាប់ទាហានអាមេរិក ៣នាក់។

នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍ថា យោធាអាមេរិក បានធ្វើការវាយ ប្រហារមួយទៀត ទៅលើគោលដៅរបស់ក្រុមឧទ្ទាមហ៊ូធី ក្នុងប្រទេសយេម៉ែន នៅថ្ងៃអាទិត្យ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានរួមគ្នាធ្វើប្រតិបត្តិការវាយប្រហារទៅលើគោលដៅក្រុមឧទ្ទាមហ៊ូធី ចំនួន៣៦កន្លែង ក្នុងប្រទេសយេម៉ែន កាលពីថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ទីបញ្ជាការកណ្តាលរបស់កងទ័ពសហរដ្ឋអាមេរិក (CENTCOM) ដែលទទួលខុសត្រូវចំពោះផលប្រយោជន៍របស់សហរដ្ឋអាមេរិក ក្នុងប្រទេសចំនួន ២០ នៅមជ្ឈិមបូព៌ា អាស៊ីកណ្តាល និងអាស៊ីខាងត្បូង បានចេញសេច ក្តីថ្លែងការណ៍មួយ តាមប្រព័ន្ធផ្សព្វផ្សាយសង្គម អំពីការវាយប្រហារម្តងទៀត លើក្រុមឧទ្ទាម ហ៊ូធី នៅក្នុងប្រទេសយេម៉ែន និងស្ទាក់ចាប់កាំជ្រួច Cruise និងកាំជ្រួចប្រឆាំងនាវា ចំនួន៤ ដែលក្រុមឧទ្ទាមកំពុងរៀបចំដើម្បីវាយប្រហារនាវាដឹកជញ្ជូននៅសមុទ្រក្រហម។

សម្រាប់ប្រតិបត្តិការយោធាចុងក្រោយរបស់កងទ័ពអាមេរិក លើកនេះ ធ្វើឡើងបន្ទាប់រដ្ឋបាលរបស់លោកប្រធា នាធិបតី ចូ បៃដិន (Joe Biden) នៃសហរដ្ឋអាមេរិក បានសម្រេចបើកការវាយលុកប្រឆាំងនឹងអ៊ីរ៉ង់ ដោយវាយប្រហារក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ នៅទូទាំងប្រទេសអ៊ីរ៉ាក់ និងស៊ីរី នៅថ្ងៃសុក្រ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីក្រុមប្រដាប់អាវុធចលនាអ៊ីស្លាម សម្រាប់ការតស៊ូនៅអ៊ីរ៉ាក់ គាំទ្រដោយអ៊ីរ៉ង់ បានបញ្ជូនយន្ត ហោះគ្មានមនុស្សបើក វាយប្រហារមូលដ្ឋានទ័ពអាមេរិក «Tower22» ក្នុងប្រទេសហ្ស៊កដានី ក្បែរព្រំដែនជា មួយប្រទេសស៊ីរី នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ បណ្តាលឱ្យទាហានអាមេរិក ស្លាប់ ៣នាក់ និង ជាង ៤០នាក់ រងរបួស ហើយវាជាការវាយប្រហារដំបូងដែលបណ្តាលឱ្យទាហានអាមេរិក ស្លាប់ ចាប់តាំងពីក្រុមហាម៉ាស់ បានវាយប្រហារអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ខណៈពេលដែលស្ថានភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា កំពុងកើនឡើងនូវភាពតានតឹងថែមទៀត។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមឧទ្ទាមហ៊ូធី នៅយេម៉ែន បានប្រកាសម្តងទៀត បន្ទាប់ពីត្រូវបានវាយប្រហារដោយកងកម្លាំងអាមេរិក និងអង់គ្លេស កាលពីថ្ងៃសៅរ៍ នោះថា ប្រតិបត្តិការរបស់ក្រុមហ៊ូធី ដើម្បីវាយប្រហារលើកប៉ាល់ឈ្មួញនៅសមុទ្រក្រហម គឺមានគោលបំណងបញ្ចប់សង្គ្រាមរបស់អ៊ីស្រាអែល នៅហ្គាហ្សា ពួកគេនឹងមិនបញ្ឈប់បេសកកម្មនេះទេ៕

