Saturday, July 27, 2024
Homeព័ត៌មានអន្តរជាតិលោកថាក់ស៊ីន អាចត្រូវដោះលែងពីពន្ធនាគារ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤

លោកថាក់ស៊ីន អាចត្រូវដោះលែងពីពន្ធនាគារ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤

ប្រទេសថៃ ៖ យោងតាមបណ្តាញព័ត៌មានថៃ បានរាយការណ៍ថា លោកថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋ មន្ត្រីថៃ អាយុ ៧៤ឆ្នាំ ដែលកំពុងមានទោសជាប់ពន្ធនាគារ អាចនឹងត្រូវដោះលែងពីពន្ធនាគារ នៅនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ។ 

គួបញ្ជាក់ថា បន្ទាប់ពីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ បានត្រឡប់មកប្រទេសថៃ វិញ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ គាត់បានទទួលការកាត់ទោស ដាក់ពន្ធនាគារ រយៈពេល ៨ឆ្នាំ លើបទចោទ ៣ ករណី ហើយក្រោយមក គាត់បានទទួលការប្រោសព្រះរាជទានលើកលែងទោស ពីព្រះមហាក្សត្រ និងត្រូវបានកាត់បន្ថយទោស មកត្រឹម ជាប់គុក ១ឆ្នាំ។

ប៉ុន្តែជាមួយនឹងនិន្នាការនោះ លោក ថាក់ស៊ីន អាចនឹងទទួលបានការព្យួរទោស ព្រោះវាត្រូវតាមលក្ខខណ្ឌដែលត្រូវពិចារណាសម្រាប់ការព្យួរទោស ក្នុងករណីមានកាលៈទេសៈពិសេស ដោយសារជំងឺធ្ងន់ ឬពិការភាព ឬមានអាយុចាប់ពី ៧០ឆ្នាំឡើងទៅ សម្រាប់អ្នកទោសក្នុងវណ្ណៈកណ្តាល និងខ្ពស់ជាងនេះ ដែលបានទទួលទោសជាប់ ពន្ធនាគារ យោងតាមសាលក្រមស្ថាពរ មិនតិចជាង ៦ខែ ឬ 1/3 នៃទោស ត្រឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។ លោក ថាក់ស៊ីន នឹងត្រូវឃុំខ្លួនរយៈពេល ១៨០ថ្ងៃ ឬ ៦ខែ ហើយមានសេចក្តីរាយការណ៍ថា គេរំពឹងថា លោក ថាក់ស៊ីន នឹងត្រូវបានដោះលែងពីពន្ធនាគារ ហើយត្រឡប់មកផ្ទះវិញ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមបញ្ជាក់ថា ករណីលោកថាក់ស៊ីន បានទទួលការប្រោសព្រះរាជទានលើកលែងទោស ពីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ និងកាត់បន្ថយការកាត់ទោស នៅសល់ទោសដាក់ពន្ធនាគារ មួយឆ្នាំ តាមទោស សរុប ៨ឆ្នាំ លើបទចោទប្រកាន់ ៣ករណី រួមមាន ៖

១- ករណីធនាគារអាហរ័ណ នីហរ័ណ នៃប្រទេសថៃ (EXIM Bank) អនុម័តប្រាក់កម្ចី ចំនួន ៤០០០លានបាត ទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុន Thaicom និង Shin Corporation Public Company Limited ដែលត្រូវបានកាត់ទោសដាក់ពន្ធនាគារ រយៈពេល ៣ឆ្នាំ។

២-សំណុំរឿងពុករលួយ គម្រោងរបស់ការិយាល័យឆ្នោតរដ្ឋាភិបាល ក្នុងការចេញលេខឆ្នោតពិសេស ៣ខ្ទង់ និង ២ខ្ទង់ ឬសំណុំរឿងឆ្នោតលើផែនដី ដែលតុលាការកំពូល បានកាត់ទោសលោកថាក់ស៊ីន ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ។

៣- ករណីដែលបុគ្គលផ្សេងទៀត (អ្នកតែងតាំង) កាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Shin Corp. តុលាការកំពូល បានកាត់ទោសលោកថាក់ស៊ីន ឱ្យជាប់គុក ៥ឆ្នាំ៕

RELATED ARTICLES