Saturday, July 27, 2024
Homeព័ត៌មានអន្តរជាតិនាយករដ្ឋមន្ត្រីកម្ពុជា ជួបនាយករដ្ឋមន្រ្តីថៃ និងប្រធានរដ្ឋសភា-ប្រធានព្រឹទ្ធសភាថៃ

នាយករដ្ឋមន្ត្រីកម្ពុជា ជួបនាយករដ្ឋមន្រ្តីថៃ និងប្រធានរដ្ឋសភា-ប្រធានព្រឹទ្ធសភាថៃ

បាងកក (ថៃ) ៖ នៅថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២៤  សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីថៃ និងជួបពិភាក្សាការងារជាមួយលោកប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភាថៃ ក្នុងឱ កាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ។

ក្នុងជំនួបជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២៤  លោកនាយករដ្ឋមន្ត្រីថៃ បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រី របស់សម្តេចហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងព្រះរាជាណាចក្រថៃ។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រីថៃ បានធ្វើការគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចហ៊ុន ម៉ាណែត នាឱកាសនេះ ទំនាក់ទំនងទ្វេភាគីកម្ពុជា-ថៃ នឹងកាន់តែរីកចម្រើនរឹងមាំ។

សម្តេចហ៊ុន ម៉ាណែត បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារទ្វេភាគីនេះ និងបានថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រីថៃ ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចផ្លូវការ លើកទី១ របស់សម្តេច ក្នុងនាមជានាយករដ្ឋមន្ត្រី នៅព្រះរាជាណាចក្រថៃ នាឱកាសនេះ។

សមភាគីទាំងពីរ បានវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងបានផ្លាស់ប្ដូរយោបល់ពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន ដែលរួមមាន ៖ វិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្ដិសុខ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ និងវិស័យថាមពល។ ក្នុងក្របខ័ណ្ឌនៃការពង្រឹងទំនាក់ទំនងនយោបាយ និងការទូត សមភាគីទាំងពីរ បានឯកភាពលើការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ពី “ការពង្រឹងភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។  ទន្ទឹមគ្នានេះ សមភាគីទាំងពីរ ក៏បានពិភាក្សាអំពីកិច្ចការក្នុងតំបន់ និងសកល ដោយបានបង្ហាញនូវការពេញចិត្តចំពោះការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិ និងការជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការបោកប្រាស់តាមប្រព័ន្ធអនឡាញ និងការកសាងព្រំដែនប្រទេសទាំងពីរ ទៅជាព្រំដែនសន្ដិភាព និងវិបុលភាព។

នៅក្នុងឱកាសនៃជំនួបនេះផងដែរ ថ្នាក់ដឹកនាំទាំងពីរក៏បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការចំនួន ៥ រួមមាន ៖ ១-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិ បត្តិការលើវិស័យនៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន រវាងគណៈកម្មាធិ ការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា និងក្រសួងមហាផ្ទៃថៃ; ២-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសិក្សាធិការ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងក្រសួងឧត្តមសិក្សា វិទ្យាសាស្រ្ត ស្រាវជ្រាវ និងនវានុវត្តន៍ថៃ; ៣-អនុស្ស រណៈនៃការយោគយល់គ្នាស្តីពីទំនិញឆ្លងកាត់ រវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងនាយកដ្ឋានគយថៃ; ៤-អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងធនាគារនាំចេញ-នាំចូលថៃ; ៥-អនុស្ស រណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងគណៈកម្មាធិការពាណិជ្ជកម្មថៃ ។

បន្ទាប់មក នៅរសៀលថ្ងៃដដែលនោះ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក វ៉ាន់មូហាម៉ាត់ណ មះថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ។

ជាកិច្ចចាប់ផ្តើម លោកប្រធានរដ្ឋសភាថៃ បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចហ៊ុន ម៉ាណែត នៅព្រះរាជាណាចក្រថៃ ព្រមទាំងបានអបអរសាទរចំពោះសម្ដេច ដែលត្រូវបានជ្រើស តាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។ បន្ថែមលើនេះ លោកប្រធានរដ្ឋសភាថៃ ក៏បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ ដែលសម្តេច ជានាយករដ្ឋមន្រ្តីទីមួយ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ បន្ទាប់ ពីលោក សេដ្ឋា ថាវីស៊ីន ឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ។ លោកប្រធានរដ្ឋសភា ក៏បានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អប្រសើរលើគ្រប់វិស័យនៃប្រទេសទាំងពីរ ហើយលោកបានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងនេះ នឹងកាន់តែត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត ក្រោយទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីទាំងពីរ។

ជាការឆ្លើយតប សម្តេចហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកប្រធានរដ្ឋសភាថៃ ព្រមទាំងបានជម្រាបជូនអំពីលទ្ធផលនៃកិច្ចជំនួបពិភាក្សាជាមួយលោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ជាពិសេសការដំឡើងកម្រិតនៃទំនាក់ទំនងនៃប្រទេសទាំងពីរ ពី ”ភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតត្តិការក្នុងវិស័យសំខាន់ៗជាច្រើន។ ទន្ទឹមគ្នានេះ សម្តេច ក៏បានសម្តែងនូវសេចក្តីរីករាយ និងស្វាគមន៍នូវវត្តមាននៃលោកប្រធានរដ្ឋសភាថៃ នៅព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត។

សម្តេចហ៊ុន ម៉ាណែត ក៏បានលើកឡើងបន្ថែមថា នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ កម្ពុជា នឹងមានការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នេះ ដែលសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងឈរឈ្មោះជាប្រធានព្រឹទ្ធសភា ហើយសម្ដេច មានជំនឿជាក់ថា លោកប្រធានរដ្ឋសភាថៃ នឹងមានជំនួបជាច្រើនទៀតជាមួយនឹងសម្តេចហ៊ុន សែន នៅក្រោយការបោះឆ្នោតព្រឹទ្ធសភា នាពេលខាងមុខនេះ ។

ដោយឡែក នៅរសៀលថ្ងៃពុធ ទី០៧ ខែកុម្ភ: ឆ្នាំ២០២៤ ដដែលនោះ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ ផនភេត វិឈិតឆុលឆៃ (Pornpetch Wichitcholchai) ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រថៃ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ។

ក្នុងជំនួបនេះ លោក ផនភេត វិឈិតឆុលឆៃ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រី របស់សម្តេច ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងព្រះរាជាណាចក្រថៃ និងបានរំឭកផងដែរ អំពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរ នាពេលកន្លងមកនេះ។ លោកប្រធានព្រឹទ្ធសភា មានជំនឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចហ៊ុន ម៉ាណែត កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ នឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត។ ទន្ទឹមនឹងនេះ លោកប្រធានព្រឹទ្ធសភា បានសម្ដែងនូវសេចក្តីរីករាយ ដោយបានទទួលដំណឹងថា សម្តេចឃួន សុដារី ត្រូវបានជ្រើសតាំងជាប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយក៏បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ជូនសម្ដេចហ៊ុន សែន ផងដែរ។

ជាការឆ្លើយតប សម្តេចហ៊ុន ម៉ាណែត បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារនាឱកាសនេះ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើរ នៅក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ រវាងប្រទេសទាំងពីរ។ បន្ថែមលើនេះ សម្តេច ក៏បានជម្រាបអំពីលទ្ធផលនៃជំនួបជាមួយលោកនាយករដ្ឋមន្រ្តីថៃ ជាពិសេសការដំឡើងកម្រិតនៃទំនាក់ទំនងពី “ភាពជាដៃគូរឹងមាំដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” និងបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែត្រូវបានពង្រឹងបន្ថែមទៀតលើវិស័យជាច្រើន ដែលជាប្រយោជន៍រួមនៃប្រទេសទាំងពីរ មានជាអាទិ៍ វិស័យពាណិជ្ជកម្ម និងវិនិ យោគ សន្តិសុខថាមពល ការដោះមីន ការងារ អប់រំ ទេសចរណ៍ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លង ដែន៕ ខៀវទុំ

RELATED ARTICLES