ភ្នំពេញ ៖ ស្របពេលដែលមជ្ឈដ្ឋានប្រឆាំង កំពុងនាំគ្នាស្រែកយុត្តិធម៌ និងកំពុងបង្ហាញក្ដីអស់សង្ឃឹមក្នុងការទទួលបានយុត្តិធម៌នៅក្នុងសង្គម យុត្តិធម៌នៅក្នុងប្រព័ន្ធតុលាការ និងយុត្តិធម៌នៅក្នុងវិស័យនយោបាយ ជាដើមនោះ អ្នកវិភាគ បានលើកឡើងថា យុត្តិធម៌ ត្រូវតែមាន ទោះបីជាមេឃរលំ ភ្នំរលាយ ក៏ដោយ ។
គួរបញ្ជាក់ថា ពាក្យយុត្តិធម៌ ជាបញ្ញត្តិដែលមាននៅក្នុងច្បាប់ ពិសេសនៅក្នុងប្រព័ន្ធតុលាការ និងច្បាប់សង្គម។ ប៉ុន្តែមនុស្សជាច្រើនក្នុងសង្គមខ្មែរ នៅតែស្រែកថា យុត្តិធម៌ មានសម្រាប់តែអ្នកមានលុយ មានអំណាច ឯសម្រាប់អ្នកក្រ តូចទាប គ្មានថ្ងៃទទួលបានយុត្តិធម៌ទេ គឺទទួលរងតែភាពអយុត្តិធម៌ ការឈឺចាប់តែប៉ុណ្ណោះ ។ ដូច្នេះពួកគេនៅតែមានទុទ្ទិដ្ឋិនិយមថា លើលោកនេះ គ្មានទេយុត្តិធម៌ ទោះបីខំស្វែងរកដល់ទីណា ក៏គ្មានថ្ងៃទទួលបានយុត្តិធម៌ដែរ ។
ទោះបីយ៉ាងណា ជុំវិញមតិលើបញ្ហាយុត្តិធម៌នេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយនិងសង្គម បានបញ្ជាក់ថា សម្រាប់ទស្សនៈរបស់លោក នៅតែយល់ថា យុត្តិធម៌ត្រូវតែមាន ទោះជាមេឃរលំ ភ្នំរលាយ ក៏ដោយ ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍ប្រាប់ «នគរធំ» នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថា “បាទ! ការលើកឡើងរបស់ខ្ញុំ ពីយុត្តិធម៌នេះ ជាការលើកទឹកចិត្តឲ្យតស៊ូរកយុត្តិធម៌ គឺក្នុងន័យមួយ ប៉ុន្តែក្នុងន័យទូទៅ គឺខ្ញុំចង់បញ្ជាក់ថា សង្គមមួយដែលយើងត្រូវតែមានយុត្តិធម៌ ហើយត្រូវមានអ្នកដែលតស៊ូដើម្បីរកយុត្តិធម៌ហ្នឹង ព្រោះអ្នកខ្លះអស់ទឹកចិត្តអីអ៊ីចឹងទៅ គឺមិនឲ្យអ៊ីចឹងទេ យើងត្រូវមានគុណធម៌ពីរ ។ មួយ យុត្តិធម៌ ម្នាក់ៗនេះត្រូវយុត្តិធម៌ ក៏ប៉ុន្តែយើងត្រូវមានសេចក្ដីក្លាហាន ដើម្បីឲ្យរកយុត្តិធម៌ឲ្យបាន ។ បើអត់មានសេចក្ដីក្លាហានទេ ឬធ្លាក់ទឹកចិត្តនោះ ធ្វើម៉េចបាន? ធ្លាក់ទឹកចិត្ត អត់បានទេ ដែលត្រូវតស៊ូទៀត ។ អាហ្នឹងផ្នត់គំនិតរបស់យើងមួយ អត្តចរិតរបស់យើងម្នាក់ៗ ប៉ុន្តែយើងធ្វើការសង្កេត ក្នុងគ្រួសារមួយមានបងប្អូនច្រើនគ្នា ឪពុកម្ដាយផ្គត់ផ្គង់ ឬក៏ស្រលាញ់មួយច្រើនជាងអ្នកឯទៀតទៅ អាហ្នឹងហើយអ្នកឯទៀតនោះ ក្មេងឯទៀតនោះ នឹងថា អយុត្តិធម៌ណាស់ ។ បើយើងនិយាយ ថាវាច្រណែន មិនមែនទេ! វាទាមទាររកយុត្តិធម៌របស់គេ ។ ឯយើងអ៊ីចឹងដែរ គឺខ្ញុំថា យុត្តិធម៌ទៅគេ ហើយក៏គេហ្នឹងត្រូវយុត្តិធម៌មកយើង ចង់រាប់អានយើងដែរ យើងមិនចង់ឲ្យគេធ្វើអ្វីមកលើយើង ដែលយើងមិនចូលចិត្ត ។ អ៊ីចឹងយើងក៏មិនត្រូវធ្វើអ្វីដែលគេមិនចូលចិត្តដែរ ។ អាហ្នឹងគេហៅថា មូលដ្ឋាននៃយុត្តិធម៌ គឺនៅត្រង់ហ្នឹង ។ យើងកុំធ្វើអ្វីទៅលើគេទេ អ្វីដែលយើងមិនចង់ឲ្យគេធ្វើមកលើយើង ។ អាហ្នឹងមូលដ្ឋានយុត្តិធម៌ រួចបន្តទៅទៀត ក្នុងគ្រួសារ ក្នុងសង្គម ក្នុងប្រទេសទាំងមូល ក៏អ៊ីចឹងដែរ ។ អ៊ីចឹងបានថា រឿងយុត្តិធម៌នេះ គឺសំខាន់ណាស់ សម្រាប់បុគ្គលផង សម្រាប់សង្គមផង សម្រាប់ប្រទេសទាំងមូលផង ព្រោះអាហ្នឹងស្អីដែលទ្រទ្រង់ ឬក៏ផ្ដល់ឲ្យបានយុត្តិធម៌ ឬធានាបាន តិចទេ យុត្តិធម៌ គឺការគោរពសិទ្ធិធ្វើបាន និងសិទ្ធិទទួលបាន ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ។ គោរពសិទ្ធិទាំងពីរបែបនេះបាន អាហ្នឹងគឺមានយុត្តិធម៌ហើយ ដូចសិទ្ធិត្រូវបានទទួលការអប់រំដោយឥតគិតថ្លៃ អាហ្នឹងសិទ្ធិទទួលបាន ។ សិទ្ធិធ្វើ សិទ្ធិបញ្ចេញមតិ សិទ្ធិបោះពុម្ពផ្សាយ…” ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍បន្តថា “មានករណីជាក់ស្ដែង ឧទាហរណ៍ជាក់ស្ដែង មានមនុស្សខ្លះ រឿងដីធ្លីអីហ្នឹង សូម្បីតែព្រំមួយចំអាមអីហ្នឹង គឺយល់ថា អយុត្តិធម៌ហ្នឹង គេមកយកដីមួយចំអាមហ្នឹង ហើយប្ដឹងផ្ដល់ដល់តុលាការកំពូល ដល់អី ហើយខាងឯកឧត្ដមប្រធានតុលាការកំពូល គាត់ស្ដីឲ្យទៅវិញ រឿងអីប៉ុណ្ណឹងម៉េចនិយាយគ្នាមិនបាន? ហើយមកដល់តុលាការកំពូល ដឹងអស់លុយប៉ុន្មានទេ? អាហ្នឹងគឺរឿងគេចង់បានយុត្តិធម៌ ។ អ៊ីចឹងហើយបានជាក្នុងរដ្ឋធម្មនុញ្ញ គេឲ្យមានតុលាការឯករាជ្យ ហើយគឺម្នាក់ៗមានសិទ្ធិកាត់ទោស ឬកាត់ក្ដីដោយតុលាការឯករាជ្យ ឥតលម្អៀង រួចត្រង់ហ្នឹង អាឯករាជ្យ និងឥតលម្អៀងនេះ គឺប្រទេសជាច្រើន គេមានច្បាប់ហាមឃាត់ចៅក្រម និងព្រះរាជអាជ្ញា កុំឲ្យចូលជាសមាជិកគណបក្សនយោបាយ និងធ្វើសកម្មភាពនយោបាយ គឺខ្ញុំឃើញច្រើនណាស់ ជាពិសេសនៅក្នុងប្រទេសអតីតកុម្មុយនីស្ត ដែលទៅជាប្រទេសសេរី ប្រជាធិបតេយ្យហ្នឹង គេមានច្បាប់ហ្នឹង រហូតមានប្រទេសមួយដាក់ក្នុងរដ្ឋធម្មនុញ្ញទៀត អាឃ្លាមិញហ្នឹង ។ ចំពោះយុត្តិធម៌ ក្នុងវិស័យនយោបាយ ខ្ញុំថាមិនជាពិបាកទេ ប៉ុន្តែនិយាយទៅ ដូចថាបន្ទោសគេ គឺអ្នកច្បាប់យើងហ្នឹងដូចជាសោះអង្គើយ មិនជួយចង្អុលបង្ហាញទេថា អានេះខ្វះខាតត្រង់នេះ អានេះខ្វះខាតត្រង់នោះ ។ អាហ្នឹងហើយ ដែលអាប្រព័ន្ធហ្នឹងល្អឬអាក្រក់ អាស្រ័យនឹងអ្នកដែលឈឺឆ្អាលនឹងប្រព័ន្ធហ្នឹង ហើយឈឺឆ្អាលនឹងអយុត្តិធម៌ដល់អ្នកដទៃហ្នឹង ។ ទាល់តែយើងជាអ្នកចេះដឹងច្បាប់ហ្នឹងឈឺឆ្អាល ហើយសកម្ម សរសេរ ហើយអង្គការអ្នកច្បាប់ណាដែលធំជាងគេ គឺគណៈមេធាវីហ្នឹង គេមើលតាំងពីសេចក្ដីព្រាងច្បាប់ តើវាសមស្រប ហើយទ្រទ្រង់សិទ្ធិមនុស្សហ្នឹងល្អទេ? យុត្តិធម៌ល្អទេ? គេមានគោលការណ៍មួយ គឺពីដើម មកទល់ឥឡូវហ្នឹង អយុត្តិធម៌ មិនមែនជាច្បាប់ទេ មិនបាច់គោរពទេ ហើយពីដើមទៀត នៅក្នុងខ្មែរយើងហ្នឹង គេថា ច្បាប់មិនឲ្យប៉ះពាល់ទៅដល់សិទ្ធិសេរីភាពដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញទេ ។ ហ្នឹងគោលការណ៍ធំៗ គេយកមកដាក់ក្នុងរដ្ឋធម្មនុញ្ញ“ ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍បន្តទៀតថា “និយាយរួម យុត្តិធម៌ត្រូវតែមាន ទោះមេឃរលំ ភ្នំរលាយ ក៏ដោយ គឺខ្ញុំចង់បញ្ជាក់ថា ខ្មែរយើងតែមានទស្សនៈទុទ្ទិដ្ឋិនិយម ។ យើងត្រូវប្ដូរផ្នត់គំនិតហ្នឹងឲ្យសុទិដ្ឋនិយម ។ ខ្លះថា តវ៉ាក៏អត់បានការដែរ ។ ម៉េចនិយាយជួសគេ? មិនទាន់តវ់ាផង? ដរាបណាខ្ញុំនៅមានជីវិត ខ្ញុំនៅតែមានសុទិដ្ឋិនិយម ។ ខ្ញុំឃើញនៅមានប្រព័ន្ធនេះអត់បិទជិតទេ វានៅធ្លាយត្រង់នេះ ធ្លាយត្រង់នោះ ប្រេះត្រង់នេះ ប្រេះត្រង់នោះ អាហ្នឹងហើយវាជ្រៀតចូលទៅ ។ ប៉ុន្តែកត្តារួមផ្សំដើម្បីឲ្យទទួលបានយុត្តិធម៌នោះ យើងត្រូវជួយនាំគ្នាពិនិត្យមើលសច្ចាប្រណិធានរបស់មេដឹកនាំយើងកំពូលៗទាំងអស់ តំណាងរាស្រ្ត សមាជិកព្រឹទ្ធសភា សមាជិករដ្ឋាភិបាល ។ សច្ចាប្រណិធាននេះ ប្រឆាំងនឹងអយុត្តិធម៌ អាហ្នឹងគឺច្បាស់ អញ្ជើញបើកមើលខ្លះ! ហើយគោរពសិទ្ធិសេរីភាព ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ គោរពរដ្ឋធម្មនុញ្ញទៀត សុទ្ធតែប្ដេជ្ញា ។ អាហ្នឹងដែលយើងត្រូវទាមទារ ចុះបើមេៗគ្រាន់តែធ្វើសច្ចាប្រធាន ដូចទៅសុំសិល៥អ៊ីចឹង មកផ្ទះវិញ អត់គោរពធ្វើតាម អ៊ីចឹងយ៉ាងម៉េចទៅ? ហើយគ្រប់គ្រងប្រជាពលរដ្ឋ ១៧លាននាក់ មិនមែនលេងសើចទេ សច្ចាប្រណិធាន មានសកម្មភាពនៅចំពោះព្រភក្ដ្រព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់យើង ចំពោះព្រះភក្រ្តសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ ហើយតមកទៀតមក ត្រូវត្រួតពិនិត្យតៗគ្នាមើល តើមានការធ្វើប្រហែសមិនគោរពរដ្ឋធម្មនុញ្ញទេ? គោរពរដ្ឋធម្មនុញ្ញជាឆន្ទៈរបស់ប្រជាពលរដ្ឋ យើងត្រូវគោរព រួចថារដ្ឋាភិបាល អត់ឆន្ទៈ មិនមែនរឿងអត់ឆន្ទៈរបស់ប្រជាពលរដ្ឋទេ គឺរដ្ឋាភិបាល ត្រូវតែគោរព អនុវត្តឆន្ទៈរបស់ប្រជាពលរដ្ឋ“ ។
ស្រដៀងគ្នានេះដែរ លោកសេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថា យុត្តិធម៌ មានការចាំបាច់ណាស់ សម្រាប់មនុស្សជាតិនៅទូទាំងសកលលោក ដោយសារតែយើងដឹងហើយថា គ្មានយុត្តិធម៌ ហាក់ដូចជាមនុស្សខ្វះខ្យល់អុកស៊ីហ្សែន សម្រាប់ដកដង្ហើម ។ ដូច្នេះលោកនៅតែចាត់ទុកថា យុត្តិធម៌ គឺជាគ្រឹះដ៏សំខាន់ដែលមិនអាចខ្វះបាន សម្រាប់មនុស្សជាតិរបស់យើង ហើយតម្រូវឲ្យមានការទទួលស្គាល់ និងការអនុវត្តដោយស្មើភាពគ្នាចំពោះមនុស្សគ្រប់និន្នាការ ពណ៌សម្បុរទាំងអស់ ។
លោកសេក សុជាតិ បានមានប្រសាសន៍ថា “បាទ! ការពិត ទាក់ទងជាមួយពាក្យយុត្តិធម៌នេះ វាមានការចាំបាច់ណាស់ សម្រាប់មនុស្សជាតិយើងនៅទូទាំងសកលលោក ដោយសារតែយើងដឹងហើយថា គ្មានយុត្តិធម៌ ហាក់ដូចជាមនុស្សខ្វះខ្យល់អុកស៊ីហ្សែនសម្រាប់ដកដង្ហើមអីអ៊ីចឹង ។ ដូច្នេះការងារដែលយើងបានឃើញនៅក្នុងការដែលមនុស្សគ្មានយុត្តិធម៌ ឬក៏មនុស្សដែលរងអយុត្តិធម៌ ហាក់បីជាមនុស្សរងនូវឥទ្ធិពលនៅក្នុងកន្លែងដែលគ្មានខ្យល់អុកស៊ីហ្សែនអ៊ីចឹង វាស្ទើរស្លាប់ ស្ទើររស់ ហើយនិងអាចធ្វើឲ្យមនុស្សស្លាប់ដូចគ្នា ។ នៅក្នុងន័យនេះ គឺខ្ញុំចង់សំដៅទៅលើកត្តាមួយចំនួន ដែលចាំបាច់សម្រាប់មនុស្សជាតិ ហើយសម្រាប់ភាគីដែលពាក់ព័ន្ធទាំងអស់ត្រូវធ្វើការពិចារណា និងលើកទឹកចិត្តធ្វើយ៉ាងណាផ្ដល់នូវលទ្ធភាពមួយ គឺឲ្យគ្រប់គ្នាមានយុត្តិធម៌ ហើយយុត្តិធម៌នេះ ត្រូវតែមានភាពស្មើគ្នាចំពោះមុខច្បាប់ មិនថាអ្នកមាន-អ្នកក្រ ស-ខ្មៅ ទាប-ខ្ពស់ និន្នាការនយោបាយ សាសនា ឬក៏ពណ៌សម្បុរអីទេ គឺត្រូវតែមាន ហើយគ្រប់គ្នាត្រូវតែស្មើភាពគ្នាចំពោះមុខច្បាប់“ ។
លោកសេក សុជាតិ បានមានប្រសាសន៍បន្តថា “កាលណាគ្រប់គ្នាមានសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់ មានន័យស្មើនឹងយើងអាចផ្ដល់យុត្តិធម៌ឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលគាត់កំពុងតែប្រឈម ហើយេពួកគាត់អាចប្រើប្រាស់នូវរាល់សិទ្ធិដែលមានជាសកល ឬក៏ជាមូលដ្ឋានសម្រាប់គ្រប់គ្នាទាំងអស់ មិនថាជាតិសាសន៍ណា ក៏ដូចជាតិសាសន៍ណាទេ ។ ដូច្នេះគ្រប់យ៉ាងដែលយើងមើល គឺយុត្តិធម៌វាមានការចាំបាច់សម្រាប់មនុស្សជាតិ សម្រាប់សង្គម ហើយវាគឺជាអុកស៊ីហ្សែន ដែលអាចធ្វើឲ្យសង្គមរបស់យើងមានបរិយាកាសល្អ ហើយអាចធ្វើឲ្យការងារគ្រប់បែបយ៉ាងមានភាពល្អប្រសើរឡើងដូចគ្នា ។ អ៊ីចឹងខ្ញុំនៅតែចាត់ទុកថា យុត្តិធម៌ គឺជាគ្រឹះដ៏សំខាន់ដែលមិនអាចខ្វះបាន សម្រាប់មនុស្សជាតិរបស់យើង ហើយតម្រូវឲ្យមានការទទួលស្គាល់ ហើយនិងការអនុវត្តដោយស្មើភាពគ្នាចំពោះមនុស្សគ្រប់និន្នាការ ពណ៌សម្បុរទាំងអស់“ ។
ដោយឡែក លោកមាជ សុវណ្ណារ៉ា អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដែរថា ជាង៣០ឆ្នាំហើយ លោកឃើញប្រជាពលរដ្ឋ នៅតែស្រែកយំស្វែងរកយុត្តិធម៌ ហើយការស្វែងរកយុត្តិធម៌ រហូតដល់ទីបំផុត ពួកគាត់លែងជឿជាក់ទៅនឹងប្រព័ន្ធច្បាប់ ដោយពួកចៅក្រម តុលាការ ព្រះរាជអាជ្ញា ក្រៅតែពីដើរអុជធូប រកកន្លែងស័ក្ដិសិទ្ធិ រកព្រះជួយរកយុត្តិធម៌ឲ្យពួកគាត់ ពួកគាត់អស់សង្ឃឹមក្នុងការទទួលបានយុត្តិធម៌ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំមើលរដ្ឋាភិបាលអាណត្តិថ្មីហ្នឹង អ្នកបន្តវេននៃបក្សកាន់អំណាចហ្នឹង ទាំងនាយករដ្ឋមន្រ្តិ ពិសេសរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ គាត់តែងតែស្រែក តែងតែប្ដេជ្ញា តែងតែបង្ហាញនូវឆន្ទៈនយោបាយ ស្ដីពីគោលនយោបាយជាតិរបស់រដ្ឋាភិបាល របស់អាណត្តិរបស់ខ្លួនហ្នឹង ថានឹងកែទម្រង់ប្រព័ន្ធតុលាការ និងធ្វើយ៉ាងណាដើម្បីកម្ចាត់អំពើពុករលួយ ភាពអយុត្តិធម៌ ការកកស្ទះនៃការរកយុត្តិធម៌ ធានានិងការពារឲ្យប្រជាពលរដ្ឋដែលរងគ្រោះ។ ប៉ុន្តែខ្ញុំមើលឃើញជាទូទៅ ភាពអយុត្តិធម៌ អំពើពុករលួយ ការជិះជាន់ ការរំលោភបំពានដីធ្លី រំលោភបំពានសិទ្ធិប្រជាពលរដ្ឋហ្នឹង វាហាក់បីដូចជានៅដដែលៗ ហើយគ្មានអ្វីក្រៅតែពីអ្នកដឹកនាំហ្នឹងប្រើតែនយោបាយប្រជាភិថុតិ គិតអំពីនិន្នាការបក្ស ច្រើនជាងអាផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាពលរដ្ឋ ។ អ៊ីចឹងយើងមើលគ្រប់ទីកន្លែង ប្រជាពលរដ្ឋហាក់បីដូចជាអស់នូវក្ដីសង្ឃឹម ក្នុងជីវភាពក្រីក្រហ្នឹង ពួកគាត់មិនសង្ឃឹមទៅលើភាពយុត្តិធម៌ ការពិត ដែលអាចឈ្នះនូវអ្វីដែលជាការរំលោភបំពានភាពអយុត្តិធម៌ រំលោភសិទ្ធិមនុស្ស ការបិទសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋ ដែលត្រូវធានានិងការពារដោយរដ្ឋធម្មនុញ្ញ ដែលពលរដ្ឋជាម្ចាស់ប្រទេស ម្ចាស់សន្លឹកឆ្នោត ប្រទេសប្រជាធិបតេយ្យ យកប្រជាពលរដ្ឋជាធំ ហើយមន្រ្តីរាជការ អ្នកដឹកនាំអីហ្នឹង សុទ្ធតែជាអ្នកបម្រើ ជាខ្ញុំរបស់ប្រជាពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យ ។ សង្គមដែលគោរពនូវគោលការណ៍ប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ឲ្យសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិធ្វើនយោបាយ សិទ្ធិតវ៉ាចំពោះមុខច្បាប់ ដោយគ្មានការរើសអើងអ្នកធំ អ្នកតូច អ្នកមានក្រ ។ អ៊ីចឹងហើយរហូតមកដល់ឥឡូវ វាជាង៣០ឆ្នាំ ខ្ញុំឃើញប្រជាពលរដ្ឋនៅតែស្រែកយំស្វែងរកយុត្តិធម៌ ហើយការស្វែងរកយុត្តិធម៌ រហូតដល់ទីបំផុត គាត់លែងជឿជាក់ទៅនឹងប្រព័ន្ធច្បាប់ ដោយពួកចៅក្រម តុលាការ ព្រះរាជអាជ្ញា ក្រៅតែពីគាត់ដើរអុជធូប រកកន្លែងស័ក្ដិសិទ្ធិ រកព្រះជួយរកយុត្តិធម៌ឲ្យគាត់ គាត់អស់ក្ដីសង្ឃឹម ។ ដល់អ៊ីចឹងហើយ អានេះជាបញ្ហាដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិ គេមើលឃើញថា ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានការរំលោភអំណាចហួសព្រំដែន រំលោភអំណាចដែលប្រើដោយចង្អុល មិនមែនអនុវត្តច្បាប់ ក្រៅពីបក្ខពួក គ្រួសារនិយម ប្រើអំណាចបុណ្យសក្ដិ លាភសក្ការៈ និងលុយកាក់ជាធំហ្នឺង ធ្វើឲ្យវាមានពុករលួយប្រព័ន្ធជាស្ដង់ដារបក្ខពួក គ្រួសារនិយម ហើយបង្កើតនូវអំពើពុករលួយ ដោយសារយកលុយជាធំ“ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងខ្ញុំគ្មានក្ដីសង្ឃឹមទេ បើសិនជាការអះអាងរបស់នាយករដ្ឋមន្រ្តី របស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅតែបង្ហាញឆន្ទៈបែបប្រជាភិថុតិ ហើយមិនអនុវត្តឲ្យបានជាក់ស្ដែង យើងឃើញភាពអយុត្តិធម៌នៅខេត្តសៀមរាប ដូចជាតំបន់រុនតាឯក ដូចជាតំបន់ផ្សេងៗ គឺថា ស្ទើរតែគ្រប់នៃទូទាំងប្រទេសកម្ពុជា ។ អាហ្នឹងហើយេជាបញ្ហាដែលធ្វើឲ្យពួកគាត់អស់សង្ឃឹមនៅក្នុងការទៅរកភាពយុត្តិធម៌ពីប្រព័ន្ធតុលាករ ប្រព័ន្ធផ្នែកច្បាប់ ។ អាហ្នឹងជាបញ្ហាដែលខ្ញុំមើលឃើញថា តើរដ្ឋាភិបាលអាណត្តិថ្មី ត្រូវធ្វើអីដើម្បីប្រទេសជាតិ ដើម្បីប្រជារាស្រ្ត? ហើយយើងកាន់ប្រទេសជាតិ យើងបានសន្លឹកឆ្នោតពីប្រជាពលរដ្ឋ យើងបែរជាធ្វើការសន្សា មុននឹងបានសន្លឹកឆ្នោត បានអំណោច បានឈ្នះឆ្នោត យើងសន្យា ដល់ពេលយើងបានឈ្នះឆ្នោត យើងបានអី យើងប្រែជាវ៉ៃឆ្នាំងបាយប្រជាពលរដ្ឋ យើងវ៉ៃក្បាលប្រជាពលរដ្ឋ យើងបង្កើននូវការចាប់ចងប្រជាពលរដ្ឋដាក់គុក ដោយសារភាពអយុត្តិធម៌ ការរើសអើងនិន្នាការគណបក្សនយោបាយ ដោយហេតុផលនយោបាយ ខ្ញុំថា អាហ្នឹងហើយជាបញ្ហាដែលរដ្ឋាភិបាលត្រូវដោះស្រាយ ហើយធ្វើឲ្យប្រជាពលរដ្ឋមានក្ដីសង្ឃឹម ដើម្បីទទួលបានសន្លឹកឆ្នោត នៃការបោះឆ្នោតមួយអាណត្តិម្ដង ប្រាំឆ្នាំបោះឆ្នោតម្ដង ។ អ៊ីចឹងហើយអាហ្នឹងហើយជាគំរូ ជាបទពិសោធន៍ ជាការបង្ហាញនូវឆន្ទៈសម្រាប់ឲ្យពលរដ្ឋមើលឃើញថា ពួកគាត់ជាអ្នកម្ចាស់ឆ្នោត ជាអ្នកតំណាងឲ្យគោលការណ៍ប្រជាធិបតេយ្យ តើអ្នកតំណាងរាស្រ្តគាត់ហ្នឹង បានជួយស្អីសម្រាប់តវ៉ានូវភាពអយុត្តិធម៌ អំពើពុករលួយ ធ្វើឲ្យគាត់លែងជឿជាក់ប្រព័ន្ធច្បាប់ ក្រៅពីទៅជឿនឹងជំនឿអរូបី ការអុជធូប ដាក់បណ្ដាសា ជឿដោយធ្វើឲ្យគាត់បាត់បង់នូវជំនឿផ្នែកច្បាប់ ក្រៅពីជំនឿផ្នែកណាមួយ ដែលវាមិនអាចបានផលសម្រាប់គាត់ជាក់ស្ដែងទៅនឹងដំណោះស្រាយបញ្ហាហ្នឹង“ ៕ កុលបុត្រ