ឥណ្ឌូនេស៊ី ៖ យោងតាមលទ្ធផលបឋមនៃការបោះឆ្នោតជាតិ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បង្ហាញថា លោកប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) កូនប្រសាអតីតប្រធានាធិបតី ស៊ូហារតូ បានជាប់ឆ្នោតជាប្រធានាធិបតីថ្មី នៃប្រទេសឥណ្ឌូនេស៊ី ។

តាមប្រភពបណ្តាញព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ថា លោកប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) អាយុ ៧២ឆ្នាំ ជាកូនប្រសាអតីតប្រធានាធិបតី ស៊ូហារតូ បានជាប់ឆ្នោតជាប្រធានាធិប តីថ្មី នៃប្រទេសឥណ្ឌូនេស៊ី ដោយទទួលបានសំឡេងសំឡេងគាំទ្រប្រហែល 57-59% ដែលធ្វើឱ្យគាត់នាំមុខគូប្រជែងសំខាន់ពីររូបរបស់គាត់។
លោកប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) បានកើតនៅក្នុងគ្រួសារដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងប្រ ទេសឥណ្ឌូនេស៊ី។ គាត់បានចំណាយពេលភាគច្រើនក្នុងវ័យកុមារភាព នៅបរទេស រហូតដល់អាចនិយាយបានច្រើនភាសា រួមទាំង បារាំង អាល្លឺម៉ង់ អង់គ្លេស និងហូឡង់។ ក្រោយបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធា (AKABRI) ក្នុងឆ្នាំ១៩៧៤ លោកបានចូលបម្រើក្នុងជួរកងទ័ពឥណ្ឌូនេស៊ី រហូតឡើងដល់ថ្នាក់ឧត្តមសេនីយ៍ឯក ជាមេបញ្ជាការកងកម្លាំងពិសេស។
លោកប្រាបូវ៉ូ ស៊ូបៀនតូ Prabowo បានរៀបការជាមួយកូនស្រីរបស់អតីតប្រធានាធិបតី ស៊ូហារតូ (Suharto) ឈ្មោះស៊ីទិ ហេឌៀទិ ហារីយ៉ាឌី (Siti Hediati Hariyadi) ក្នុងឆ្នាំ១៩៨៣ ហើយមានកូនប្រុសមួយជាមួយគ្នា ប៉ុន្តែពួកគេបានលែងលះគ្នាភ្លាមៗ បន្ទាប់ពីលោកប្រធានាធិបតី ស៊ូហារតូ ត្រូវបានបណ្តេញចេញពីតំណែង កាលពីឆ្នាំ១៩៩៨។ បន្ទាប់មកលោកប្រាបូវ៉ូ បានរស់និរទេសក្នុងប្រទេសហ្ស៊កដានី អស់រយៈពេលជាច្រើនឆ្នាំ មុនពេលត្រឡប់មកប្រទេសឥណ្ឌូណនេស៊ី ក្នុងឆ្នាំ២០១១ និងដើរតាមគន្លងបងប្រុសរបស់គាត់ ដោយធ្វើអាជីវកម្ម បង្កើតក្រុមហ៊ុនផលិតក្រដាស និងបោះពុម្ព គឺក្រុមហ៊ុន Nusantara Energy និងក្រោយមកទៀត គឺ Nusantara Group ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ធ្វើអាជីវកម្មផ្សេងៗ ទាំងប្រេងដូង ធ្យូងថ្ម និងឧស្ម័ន ការរ៉ែ កសិកម្ម និងឧស្សាហកម្មនេសាទ រហូតមានជីវភាពធូរធារ និងសម្រេចចិត្តប្រឡូកក្នុងនយោបាយ។

លោកប្រាបូវ៉ូ ស៊ូបៀនតូ ធ្លាប់បានជួបប្រទះនឹងការខកចិត្តក្នុងការឈរឈ្មោះជាប្រធានាធិបតី នាពេលកន្លងទៅ បន្ទាប់ពីគាត់ចាញ់លោកចូកូ វីដូដូ (Joko Widodo) ក្នុងការបោះឆ្នោតប្រធានាធិបតី កន្លងមក ២ដង។ មុនពេលត្រូវបានផ្តល់ការជឿទុកចិត្តឲ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅក្នុងរដ្ឋាភិបាល របស់ប្រធា នាធិបតី ចូកូ វីដូឌូ (Joko Widodo) និងជាក្តីសង្ឃឹមក្នុងការក្លាយជាប្រធានាធិបតីថ្មី របស់ប្រទេសឥណ្ឌូនេស៊ី នៅក្នុងការបោះឆ្នោត ថ្មីៗនេះ។
សូមបញ្ជាក់ថា លោកប្រាបូវ៉ូ ស៊ូបៀនតូ កើតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៨៩១ នៅទីក្រុងហ្សាការតា។ គាត់គឺជាកូនទី៣ ក្នុងចំណោមបងប្អូនបង្កើត ៤នាក់ ក្នុងគ្រួសារដែលមានឥទ្ធិពលបំផុតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយ សារតែលោកស៊ូមីត្រូ ចូយ៉ូហាឌីគូស៊ូម៉ូ (Sumitro Joyohadikusumo) ឪពុករបស់លោក គឺជាសេដ្ឋវិទូដ៏ល្បីល្បាញ និងអ្នកនយោបាយដែលកាន់តំណែងជារដ្ឋមន្ត្រីជាច្រើន ក្នុងអំឡុងរដ្ឋាភិបាលរបស់អតីតប្រធានាធិបតី ស៊ូការណូ (Sukarno) និងស៊ូហារតូ (Suharto)។ ម្តាយរបស់គាត់ ឈ្មោះដូរ៉ា ម៉ារៀ ស៊ីរីចារ (Dora Maria Sirijar) គឺជាស្ត្រីមេផ្ទះ ដែលបានបញ្ចប់ការសិក្សាផ្នែកវះកាត់កែសម្ផស្ស នៅប្រទេសហូឡង់ដ៍។ ចំណែកជីតារបស់លោក ឈ្មោះម៉ារកូណូ ចូយ៉ូហាឌីគូស៊ូម៉ូ (Marcono Joyohadikusumo) ស្ថាបនិកធនាគារ Negara Indonesia (BNI) ដែលជាធនាគាររដ្ឋដំបូងគេ របស់ប្រទេសឥណ្ឌូនេស៊ី។ ជីតារបស់គាត់ ក៏ជាមនុស្សដំបូងគេដែលដឹកនាំក្រុមប្រឹក្សាជាន់ខ្ពស់របស់ប្រទេសឥណ្ឌូនេស៊ី ដែលត្រូវបានរំលាយនៅឆ្នាំ២០០៣ ។

ទោះបីជាលោកប្រាបូវ៉ូ មានសំណាងជោគជ័យក្នុងអាជីវកម្មក៏ដោយ ប៉ុន្តែគាត់មិនបានជោគជ័យក្នុងនយោបាយ តំណាងឱ្យគណបក្ស Golkar ក្នុងការប្រជែងតំណែងប្រធានាធិបតីក្នុងឆ្នាំ២០០៤ ។ គាត់បានឈរឈ្មោះជាប្រ ធានាធិបតី មួយអាណត្តិទៀត នៅក្នុងការបោះឆ្នោតឆ្នាំ២០០៩ ប៉ុន្តែបានបរាជ័យ។ បន្ទាប់មកលោកប្រាបូវ៉ូ ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានគណបក្ស Gerinndra ក្នុងឆ្នាំ២០១៤ ។

លោកប្រាបូវ៉ូ គឺជាអ្នកនយោបាយដែលមានទ្រព្យច្រើនជាងគេ ក្នុងចំណោមបេក្ខជនប្រធានាធិបតី ឆ្នាំ២០២៤ ជាមួយនឹងទ្រព្យសម្បត្តិសរុប គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ប្រមាណ ២០០០ពាន់លានរូពៀ ឬប្រហែល ១២៨លានដុល្លារសហរដ្ឋអាមេរិក៕