Thursday, January 23, 2025
Homeព័ត៌មានជាតិនាយករដ្ឋមន្ត្រីកម្ពុជា ឆ្លើយតបក្រុមសម រង្ស៊ី ចោទបូមប្រេងតំបន់ត្រួតស៊ីគ្នាជាមួយថៃ ក្បត់ជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា ឆ្លើយតបក្រុមសម រង្ស៊ី ចោទបូមប្រេងតំបន់ត្រួតស៊ីគ្នាជាមួយថៃ ក្បត់ជាតិ

ភ្នំពេញ ៖ បន្ទាប់ពីថ្មីៗនេះ នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីថៃ បានព្រមព្រៀងគ្នាសិក្សាបូមយកប្រេងនិងឧស្ម័ន នៅដែនសមុទ្រ តំបន់ត្រួតស៊ីគ្នា ដែលមានទំហំជាង ២៦០០០គីឡូម៉ែត្រការ៉េ ក្នុងឈូងសមុទ្រថៃ នោះមក អ្នកនយោបាយប្រឆាំង នៃអតីតគណបក្សសង្រ្គោះជាតិ ក្រុមលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) បានចោទនាយករដ្ឋមន្រ្តីកម្ពុជា ថាយកដែនសមុទ្រខ្មែរ ទៅដាក់រកស៊ីរួមគ្នាជាមួយថៃ ហើយនឹងកាត់ដែនសមុទ្រខ្មែរ ឲ្យថៃ នាពេលអនាគត ព្រមទាំងបានចោទសម្ដេចហ៊ុន សែន និងសម្ដេចហ៊ុន ម៉ាណែត ក្បត់ជាតិ ២ជំនាន់ បន្ទាប់ពីសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានហៅលោកសម រង្ស៊ី ជាជនក្បត់ជាតិ ៣ជំនាន់ ។ 

ទោះបីជាយ៉ាងណា សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើការបកស្រាយឆ្លើយតបថា ការព្រមព្រៀងជាមួយភាគីថៃ យកប្រេងនៅតំបន់ត្រួតស៊ីគ្នានេះ គឺដើម្បីផលប្រយោជន៍ជាតិ មិនមែនជាទង្វើក្បត់ជាតិនោះទេ។

សូមបញ្ជាក់ថា កាលពីទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជា និងថៃ បានឯកភាពគ្នាទាញយកផលប្រយោជន៍ពីតំបន់ប្រេងត្រួតស៊ីគ្នា នៅឈូងសមុទ្រ ដែលជាប់គាំងតាំងពី២០ឆ្នាំកន្លងមក ។ សម្ដេចហ៊ុន ម៉ាណែត ប្រកាសជាសាធារណៈថា រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ បានឯកភាពគ្នាទាញយកផលប្រេងកាត លើតំបន់ត្រួតគ្នារវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ជាតិ។

ក្រោយបានឃើញការប្រកាសរបស់នាយករដ្ឋមន្រ្តីកម្ពុជា ដូចខាងលើនេះ អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីលោកសម រង្ស៊ី ដែលកំពុងរស់និរទេសខ្លួននៅសហរដ្ឋអាមេរិក បានលើកឡើងថា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុន ម៉ាណែត នឹងក្លាយជាជនក្បត់ជាតិ ប្រសិនបើគាត់ហ៊ានយកតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ ទំហំជាង ២៦០០០គីឡូម៉ែត្រការ៉េនេះ ទៅចូលរួមសហការរកស៊ីប្រេង និងឧស្ម័ន ជាមួយថៃ ព្រោះតំបន់សមុទ្រត្រួតស៊ីគ្នា ជាង ២៦០០០គីឡូម៉ែត្រការ៉េ គឺស្ថិតក្នុងតំបន់សមុទ្រ ៣០០០០គីឡូម៉ែត្រការ៉េ ដែលថៃ បានដណ្តើមយកពីកម្ពុជា តាមរយៈកិច្ចព្រមព្រៀងទ្វេភាគីរវាងថៃ និងវៀតណាម ឆ្នាំ១៩៩៧ ដោយផ្អែកលើសន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្ត្រ ឆ្នាំ១៩៨២ ខណៈកិច្ចព្រមព្រៀងទ្វេភាគីរវាងថៃ និងវៀតណាម ឆ្នាំ១៩៩៧ នោះ ត្រូវបានទុកជាមោឃៈ ដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ទៅហើយនោះ។ ដូច្នេះនៅពេលដែលសម្ដេចហ៊ុន ម៉ាណែត ចូលរួមក្នុងគម្រោងរកស៊ីប្រេងនិងឧស្ម័ន រួមគ្នានៅតំបន់សមុទ្រត្រួតស៊ីគ្នាជាមួយថៃ នេះ មានន័យថា កម្ពុជា មិនត្រឹមតែមិនអាចទាមទារដែនសមុទ្រ ៣០០០០គីឡូម៉ែត្រក្រឡា ដែលបាត់ទៅនោះទេ គឺថែមទាំងត្រូវកំណត់ព្រំដែនសមុទ្រលើតំបន់សមុទ្រត្រួតស៊ីគ្នា ជាង ២៦០០០គីឡូម៉ែត្រក្រឡា ជាមួយថៃ នៅថ្ងៃអនាគតថែមទៀត ។

លោកអ៊ុំ សំអាន បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ថា “ត្រកូលហ៊ុននឹងក្លាយជាជនក្បត់ជាតិ ២ជំនាន់ ៖ លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តីថៃ បានព្រមព្រៀងគ្នាសិក្សាបូមយកប្រេងនិងឧស្ម័ននៅតំបន់ត្រួតស៊ីគ្នា ដែលមានទំហំជាង ២៦០០០គីឡូម៉ែត្រការ៉េ ក្នុងឈូងសមុទ្រថៃ។ តំបន់ត្រួតស៊ីគ្នា ចំនួន២៦០០០គីឡូម៉ែត្រការ៉េ គឺស្ថិតក្នុងតំបន់ ៣០០០០គីឡូម៉ែត្រការ៉េ ដែលថៃ បានដណ្តើមកាន់កាប់សមុទ្រខ្មែរ តាមរយៈថៃ បានចុះហត្ថលេខាទ្វេភាគីជាមួយវៀតណាម ឆ្នាំ១៩៩៧ ដោយយោងតាមសន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្រ្ត ឆ្នាំ១៩៨២ (សន្ធិសញ្ញានេះត្រូវបានទុកជាមោឃៈ ដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ព្រោះសន្ធិសញ្ញានេះ ធ្វើឡើងសម័យវៀតណាមត្រួតត្រាកម្ពុជា) ។

ក្រោយព្រឹត្តិការណ៍រដ្ឋប្រហារ ឆ្នាំ១៩៩៧ លោកហ៊ុន សែន ក៏ធ្លាប់បានតវ៉ាជាមួយថៃ នៅទីក្រុងបាងកក ដែរ ករណីដែលថៃ បានរំលោភយកសមុទ្រខ្មែរ ចំនួន ៣០០០០គីឡូម៉ែត្រការ៉េនោះ។ ប៉ុន្តែកាលនោះ ថៃ បានប្រាប់លោកហ៊ុន សែន ឲ្យទៅតវ៉ាជាមួយវៀតណាម ពាក់ព័ន្ធសន្ធិសញ្ញាស្តីពីតំបន់ទឹកប្រវត្តិសាស្រ្ត ឆ្នាំ១៩៨២។ ឮដួច្នោះ លោកហ៊ុន សែន ក៏ស្ងាត់មាត់ ហើយក៏មិនហ៊ានសួរនាំវៀតណាម នូវរឿងនេះទេ។

គម្រោងរកស៊ីរួមគ្នាអំពីប្រេងនិងឧស្ម័ន នៅតំបន់ត្រួតស៊ីគ្នានោះ គឺយកសមុទ្រខ្មែរ ទៅដាក់រកស៊ីរួមគ្នាជាមួយថៃ ហើយថ្ងៃអនាគត កម្ពុជា នឹងចរចាកំណត់ព្រំដែនសមុទ្រជាមួយថៃ ដោយបែងចែកសមុទ្រខ្មែរ ចំនួន២៦០០០គីឡូម៉ែត្រការ៉េ ជាមួយថៃ។ តាមពិត កម្ពុជា ត្រូវចរចាកំណត់ព្រំដែនសមុទ្រជាមួយថៃ ជាមុនសិន។ កម្ពុជា មិនត្រូវរកស៊ីរួមគ្នាអំពីប្រេងនិងឧស្ម័នជាមួយថៃ មុនកំណត់ព្រំដែនសមុទ្រនោះទេ។ សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ចែងថា «ព្រំដែនសមុទ្រកម្ពុជា-សៀម ដើរតាមចំណុចខ្ពស់បំផុតនៃកោះគុត ឆ្ពោះទៅសមុទ្រ»។ ការកំណត់ព្រំដែនសមុទ្រ ត្រូវយកចំណុចខ្ពស់បំផុតនៃកោះគុត (ខេត្តកោះកុង) ជាគោល រួចឆ្ពោះទៅព្រំដែនសមុទ្រ។ តាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ តំបន់ត្រួតស៊ីគ្នា ចំនួន២៦០០០គីឡូម៉ែត្រការ៉េ ដែលកម្ពុជា គ្រោងរកស៊ីរួមគ្នាអំពីប្រេងនិងឧស្ម័ន ជាមួយថៃ គឺស្ថិតនៅក្នុងដែនសមុទ្ររបស់កម្ពុជា ១០០%។ កម្ពុជា បានបាត់បង់កោះគុត ទាំងស្រុង ទៅប្រទេសថៃ នៅឆ្នាំ២០១០។ ពេលនេះ កោះគុត បានបាត់បង់ វានាំព្រំដែនសមុទ្រ ក៏បាត់បង់ច្រើនដែរ ព្រោះការកំណត់ព្រំដែនសមុទ្រ ត្រូវយកចំណុចខ្ពស់បំផុតនៃកោះគុត ជាគោល។ សន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្រ្ត ឆ្នាំ១៩៨២ ដែលធ្វើឡើងសម័យវៀតណាមត្រួតត្រាកម្ពុជា ក៏ធ្វើឲ្យកម្ពុជា បាត់បង់ដែនសមុទ្រខ្មែរ ទៅថៃ និងវៀតណាម យ៉ាងច្រើន»។ លោកអ៊ុំ សំអាន បន្តថា «សន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្រ្តឆ្នាំ១៩៨២ ដែលស៊ីញ៉េដោយលោក ហ៊ុន សែន បានធ្វើខ្មែរបាត់បង់កោះត្រល់ ចង្កោមកោះក្រចកសេះ ដាក់សមុទ្រខ្មែររួមជាមួយវៀតណាមចំនួន១០០០០ គីឡូម៉ែត្រការ៉េ បាត់បង់ដែនសមុទ្រខ្មែរទៅវៀតណាមចំនួន៣០០០០គីឡូម៉ែត្រការ៉េ និងបាត់បង់ដែនសមុទ្រខ្មែរទៅថៃចំនួន៣០០០០គីឡូម៉ែត្រការ៉េ (តាមឯកសារលោក ស៊ាន ប៉េងសែ) ។

ត្រកូលហ៊ុន នឹងក្លាយជាជនក្បត់ជាតិ ២ជំនាន់ ដោយលោកហ៊ុន សែន បានកាត់ទឹកដីខ្មែរ ឲ្យយួន ដើម្បីសងគុណយួន ដែលបានលើកបន្តុបគាត់ឲ្យកាន់អំណាច តាំងពីទសវត្សទី៨០ ហើយលោកហ៊ុន ម៉ាណែត នឹងយកដែនសមុទ្រខ្មែរ ទៅដាក់រកស៊ីរួមគ្នាជាមួយថៃ ហើយនឹងកាត់ដែនសមុទ្រខ្មែរ ឲ្យថៃ នាពេលអនាគត ជាថ្នូរនឹងថៃ ជួយបង្រ្កាបនិងចាប់ខ្លួនសកម្មជនបក្សប្រឆាំងរបស់ខ្មែរ នៅប្រទេសថៃ។

សម្គាល់ ៖ ថៃ រំលោភយកសមុទ្រខ្មែរ ចំនួន ៣០០០០គីឡូម៉ែត្រការ៉េ ឆ្នាំ១៩៩៧ (តាមឯកសារលោកស៊ាន ប៉េងសែ)“ ។

 បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកអ៊ុំ សំអាន បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ថា “បាទ! នៅពេលដែលលោកហ៊ុន ម៉ាណែត ព្រមព្រៀងរកស៊ីជាមួយថៃ ហ្នឹង មានន័យថា ទទួលស្គាល់ថា សមុទ្រហ្នឹង ពិតជាមានអធិបតេយ្យរបស់ថៃ នៅក្នុងដែនសមុទ្រហ្នឹង ។ មានន័យថា ប្រាកដជាទទួលស្គាល់ថា ថៃ មានផ្ទៃសមុទ្រក្នុងតំបន់ត្រួតស៊ីគ្នាហ្នឹង ។ អ៊ីចឹងនៅពេលដែលព្រមព្រៀងរកស៊ីប្រេងរួមគ្នា នឹងយកឧស្ម័ននៅតំបន់ត្រួតស៊ីគ្នាហ្នឹង នៅពេលក្រោយ នៅពេលដែលចរចាព្រំដែន ប្រាកដជាទទួលស្គាល់ថា ថៃ មានអធិបតេយ្យនៅក្នុងដែនសមុទ្រហ្នឹង ។ អ៊ីចឹងត្រូវបែងចែកតំបន់ដែលត្រួតស៊ីគ្នាហ្នឹង ទៅឲ្យថៃ មួយចំណែក កម្ពុជា មួយចំណែក ។ មានន័យថា ថៃ អាចបាន ៥០%ទៅ យើង៥០% ទៅ ថៃ ៦០% យើង​ ៤០% អ៊ីចឹងទៅ ឬក៏យើង៤០% ថៃ ៦០% អ៊ីចឹង ។ មានន័យថា នៅពេលដែលយើងព្រមព្រៀងរកស៊ីប្រេងរួមគ្នា ឧស្ម័នរួមគ្នាហ្នឹង មានន័យថា យើងទទួលស្គាល់ថា មានដែនសមុទ្រនៅក្នុងតំបន់ត្រួតស៊ីគ្នាហ្នឹងហើយ ។ មានន័យថា ទទួលស្គាល់ថា ថៃ មានអធិបតេយ្យនៅក្នុងតំបន់ត្រួតស៊ីគ្នាហ្នឹងហើយ ។ ដូច្នេះនៅថ្ងៃក្រោយ នៅពេលដែលកម្ពុជា ចរចាព្រំដែនសមុទ្រ ប្រាកដជាចែកតំបន់ត្រួតស៊ីគ្នាហ្នឹង ទៅឲ្យថៃ មួយចំណែក កម្ពុជា មួយចំណែកហើយ ។ អ៊ីចឹងវាធ្វើឲ្យបាត់បង់អធិបតេយ្យរបស់កម្ពុជា នៅពេលដែលចរចាព្រំដែនជាមួយថៃ ហ្នឹង ហើយតាមពិត យើងគួរតែប្ដឹងទៅតុលាការអាជ្ញាកណ្ដាលអន្តរជាតិ ទើបយើងអាចបានដែនសមុទ្ររបស់យើង ចំនួន ៣០០០០គីឡូម៉ែត្រការ៉េ មកវិញ“ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍បន្តថា “លោកហ៊ុន សែន គាត់កាត់កោះត្រល់ កោះក្រចកសេះ ទៅឲ្យយួន កាត់ទឹកដីខ្មែរទៅឲ្យយួន តាមសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ដែលយកតាមសន្ធិសញ្ញាឆ្នាំ១៩៨៥ សម័យយួនត្រួតត្រាហ្នឹង ។ ដូច្នេះលោកហ៊ុន សែន គាត់ជាជនក្បត់ជាតិហើយ ។ ដល់លោកហ៊ុន ម៉ាណែត គាត់នឹងព្រមកាត់ដែនសមុទ្រខ្មែរ ទៅឲ្យថៃ ដោយគ្រាន់តែចង់ឲ្យរដ្ឋាភិបាលថៃ ហ្នឹងបង្រ្កាបនិងចាប់សកម្មជនបក្សប្រឆាំងរបស់កម្ពុជា នៅប្រទេសថៃ តែប៉ុណ្ណោះឯង ការដោះដូរគ្នា ។ ដូចលោកហ៊ុន សែន គាត់កាត់ដីឲ្យយួន ដើម្បីសងគុណយួន ដែលយួន លើកបន្តុបគាត់តាំងពីទសវត្សរ៍ទី៨០ ។ ដូច្នេះលោកហ៊ុន សែន កាត់ដីឲ្យយួន លោកហ៊ុន ម៉ាណែត នឹងកាត់ដីឲ្យថៃ ហើយថ្ងៃក្រោយ នឹងបន្តបោះបង្គោលព្រំដែនហ្នឹង តាមសន្ធិសញ្ញាបំពេញបន្ថែម ដែលលោកហ៊ុន សែន គាត់ធ្វើហ្នឹង នឹងកាត់ដីឲ្យយួន ទៀត ។ ដូច្នេះលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត គឺជាជនក្បត់ជាតិដូចគ្នាហើយ ឪនិងកូនហ្នឹង ។ អ៊ីចឹងត្រកូលហ៊ុន នឹងក្លាយទៅជាជនក្បត់ជាតិ ពីរជំនាន់ហើយ ដែលលោកហ៊ុន សែន ចោទលោកសម រង្ស៊ី ថាជាជនក្បត់ជាតិ ៣ជំនាន់ហ្នឹង តាមពិតមិនមែនទេ គឺត្រកូលហ៊ុន ទេ ជាជនក្បត់ជាតិ ២ជំនាន់ ដែលកាត់ដីឲ្យយួន ។ ត្រកូលសម មិនដែលកាត់ដីឲ្យយួន ឲ្យសៀម អីឯណា ។ អាហ្នឹងភាសាដែលលោកហ៊ុន សែន ប្រើហ្នឹង គឺដូចសុភាសិតខ្មែរយើងនិយាយថា ស្វាស៊ីបាយ លាបមាត់ពពែ ដែលខ្លួនឯងក្បត់ជាតិ តែថាគេក្បត់ជាតិ“ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍បន្តទៀតថា “ខ្ញុំអំពាវនាវកុំឲ្យលោកហ៊ុន ម៉ាណែត ហ្នឹង ទៅរកស៊ីរួមគ្នានៅតំបន់ត្រួតស៊ីគ្នាហ្នឹងជាមួយថៃ ហើយត្រូវដោះស្រាយបញ្ហាព្រំដែនឲ្យរួចស្រេចសិន ចាំគិតទៀត រឿងរកស៊ីរួមគ្នាឬមិនរកស៊ីនោះ ។ កំណត់ព្រំដែនសមុទ្រ ឲ្យរួចរាល់សិន ហើយការការកំណត់ព្រំដែនសមុទ្រហ្នឹង មិនគួរចរចាទ្វេភាគីទេ គួរតែប្ដឹងទៅតុលាការអាជ្ញាកណ្ដាលអន្តរជាតិ PCA មិនមែន ICJ ហើយក៏មិនមែន ICC ដែរ PCA ហ្នឹង គឺតុលាការអាជ្ញាកណ្ដាលអន្តរជាតិ សម្រាប់ដោះស្រាយបញ្ហាព្រំដែនសមុទ្រ ។ ដល់ ICJ តុលាការយុត្តិធម៌អន្តរជាតិហ្នឹង ដូចរឿងព្រះវិហារហ្នឹង អាហ្នឹងសម្រាប់ដោះស្រាយព្រំដែនគោក ឯ ICC ហ្នឹង សម្រាប់កាត់ក្ដីមេដឹកនាំផ្ដាច់ការ ។ ដូច្នេះលោកហ៊ុន ម៉ាណែត ត្រូវយកសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ហ្នឹង ដែលគេយកចំណុចកោះគុត ជាគោល ឆ្ពោះទៅសមុទ្រហ្នឹង អាហ្នឹងបានអាចការពារបូរណភាពទឹកដីព្រំដែនសមុទ្រយើងបានជាមួយថៃ ហើយនិងយកអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ UNCLOS  ហ្នឹង ដែលគេកំណត់ថា ព្រំដែនទឹករបស់ប្រទេសមួយហ្នឹង មានចម្ងាយ ២២គីឡូម៉ែត្រ ហើយនិងតំបន់សេដ្ឋកិច្ចផ្ដាច់មុខហ្នឹង មានចម្ងាយ ២៧០គីឡូម៉ែត្រ ។ អ៊ីចឹងបើសិនយើងគិតតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់កម្ពុជា ២៧០គីឡូម៉ែត្រ ពីឆ្នេរខេត្តកោះកុង ទៅ ពីកោះគុត ទៅ ពីចំណុចខ្ពស់បំផុតនៃកោះគុត ទៅ គឺតំបន់ត្រួតស៊ីគ្នា ស្ថិតនៅក្នុងតំបន់ដែនសមុទ្ររបស់កម្ពុជា ១០០% តែម្ដង ។ ដូច្នេះទាល់តែយើងប្ដឹងទៅតុលាការអាជ្ញាកណ្ដាលអន្តរជាតិ បានយើងអាចការពារទឹកដីយើងបាន“ ។

ទោះយ៉ាងណា ឆ្លើយតបទៅលោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តបក្សប្រឆាំង ដែលបានថ្លែងចោទប្រកាន់ខាងលើនេះ សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពូជា បានលើកឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ការព្រមព្រៀងគ្នាជាមួយភាគីថៃ យកប្រេងនៅតំបន់ត្រួតគ្នានេះ គឺដើម្បីផលប្រយោជន៍ជាតិ មិនមែនជាទង្វើក្បត់ជាតិ ដូចជនអគតិខ្លះបានលើកឡើងនោះទេ។ សម្ដេចនាយករដ្ឋមន្ត្រី អះអាងថា មូលហេតុដែលកម្ពុជា និងថៃ ជជែកគ្នាដើម្បីយកផលប្រយោជន៍នេះ ព្រោះរដ្ឋាភិបាលនៃប្រទេសទាំងពីរ យល់ឃើញថា សន្តិសុខថាមពល ជាយុទ្ធសាស្ត្រយូរអង្វែងរវាងកម្ពុជា និងថៃ។ បើគ្មានថាមពលទេ នោះអ្វីៗក៏មិនអាចដំណើរការបានដែរ សូម្បីតែមនុស្ស ខណៈប្រេងកាត នឹងចម្រាញ់ទៅជាប្រេងសាំង ឬប្រេងម៉ាស៊ូត ដើម្បីផ្គត់ផ្គង់ក្នុងស្រុក ព្រមទាំងបង្កើតការងារនៅតំបន់រុករកប្រេងថែមទៀត ។ សម្ដេច បញ្ជាក់ថា នៅតំបន់ត្រួតគ្នានេះ ក្រៅពីប្រេងកាត ក៏មានឧស្ម័នធម្មជាតិជាច្រើនដែរ ហើយប្រសិនបើកម្ពុជា ទទួលបានប្រេងកាត និងឧស្ម័ន នោះកម្ពុជា នឹងលក់ដើម្បីប្រមូលថវិកាចូលរដ្ឋទាំងអស់ ។ ប៉ុន្តែក្រៅពីផលប្រយោជន៍ប្រេងកាត ការងារព្រំដែនទឹក ជាមួយភាគីថៃ ក៏ត្រូវចរចាជាមួយគ្នាប្រកបដោយការប្រុងប្រយ័ត្ន ដើម្បីធានាការពារអធិបតេយ្យជាតិ រវាងប្រទេសទាំងពីរ ឱ្យបានត្រឹមត្រូវដាច់ខាត ។

សម្ដេចហ៊ុន ម៉ាណែត បានមានប្រសាសន៍នៅពេលនោះថា “…បើប្រេងនេះជួយនៅក្នុងការថែទាំនូវតម្លៃនិងធានានូវថាមពលរបស់យើង សន្តិសុខថាមពលយើង រយៈពេលវែង វាធានានូវការអភិវឌ្ឍសេដ្ឋកិច្ចគ្រប់វិស័យទាំងអស់ ។ អ៊ីចឹងការងារក្នុងវិស័យផ្សេងទៀត ក៏អាចជួយបាន ។ អ៊ីចឹងអ្នកដែលចោទខ្ញុំថា យើងយកអភិវឌ្ឍរួមគ្នា ទាញយកប្រេង ថាខ្ញុំក្បត់ជាតិ ទៅ! គិតមើលទៅ! តើទាញផលប្រយោជន៍ដើម្បីឲ្យប្រទេសជាតិ និងប្រជាជន ហើយធានាសន្តិសុខថាមពលរបស់យើងរយៈពេលវែង តើជាការក្បត់ជាតិមែនទេ? អានេះបើសិនជាគាត់ (អ៊ុំ សំអាន) ឡើងមកដឹកនាំ បានន័យថា គ្មានធ្វើអីកើត ពឹងគេរហូត! យើងរករស់ខ្លួនឯងខ្លះទៅ អ្វីដែលយើងមាន! ថៃ ក៏ដូចគ្នា សន្តិសុខថាមពល ផលប្រយោជន៍រួមគ្នា! ញែកឲ្យដាច់! ផលប្រយោជន៍សេដ្ឋកិច្ច និងការសិក្សារួមគ្នា មិនបានធ្វើឲ្យបាននូវអធិបតេយ្យ និងការចរចាព្រំដែនទេ ញែកឲ្យដាច់! ការចរចាព្រំដែនទឹក ត្រូវតែបន្តធ្វើតាមក្រុមបច្ចេកទេស ។ នេះគឺខ្ញុំសុំបញ្ជាក់អារឿង OCA នេះ…” ។

សម្ដេចហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា “បើនិយាយសាមញ្ញ ត្រកូលហ៊ុន មិនមានបំណងណាមួយចង់ទៅជាជនក្បត់ជាតិទេ ហើយគ្មានការធ្វើអីមួយឲ្យខុសពីផលប្រយោជន៍ជាតិទេ ។ សម្ដេចតេជោ ដាក់ទិសដៅចរចារឿងព្រំដែន ដើម្បីកុំឲ្យកូនខ្មែរ ថ្ងៃក្រោយទៅ ពាំត្រណោត វ៉ៃគ្នាជាមួយប្រទេសជិតខាង ដោយសារតែរឿងព្រំដែន ។ យើងចរចាដោយការងារច្បាស់លាស់ គណៈកម្មការព្រំដែន ឥឡូវចូលរដ្ឋលេខាធិការដ្ឋានហើយ យើងចរចាអត់បាយអត់ទឹក មួយចំណុចៗ មន្រ្តីយើងឆ្លងកាត់ ជិះទូកជិះអី ដើម្បីទៅមើល ធ្វើម៉េចកំណត់ឲ្យបានច្បាស់លាស់ ព្រំដែនយើង ។ តើការដោះស្រាយបញ្ហាបញ្ចប់ ដើម្បីធានាឲ្យកូនចៅរបស់យើង និងកូនចៅប្រទេសជិតខាង នៅមើលមុខគ្នាមិនត្រង់ ឈ្លោះគ្នា វ៉ៃគ្នារហូតឬមួយយ៉ាងម៉េច? នេះជាការក្បត់ជាតិទេ? អត់ទេ គឺការដោះស្រាយបញ្ហាជាតិ រយៈពេលវែង ដោយការទទួលខុសត្រូវ ហើយការរួមគ្នាដោះស្រាយ និងទាញផលប្រយោជន៍ពី OCA នេះ ដូចគ្នាដែរទេ ។ មិនមែនកញ្ចប់ប្រេងហ្នឹង ១០គីឡូ នៅក្នុងដីយើងទេ គឺបច្ចេកទេសបានបញ្ជាក់ វានៅទាំងសងខាង ព្រោះធ្វើម៉េចបើផែនដីកើតមក អាប្រេងវាទៅចន្លោះហ្នឹង មុននឹងប្រទេសយើងបោះព្រំដែន ព្រោះអាប្រេងហ្នឹង មិនមែនទើបកើតឆ្នាំ១០០០ជាងទេ វាកើតរាប់ម៉ឺនឆ្នាំមកហើយ មុននឹងទឹកដីកកើតចែកព្រំដែន បើវានៅហ្នឹង ។ ឥឡូវមិនឲ្យយើងទាញផលប្រយោជន៍ដើម្បីប្រទេសជាតិរបស់យើង ប្រជាជនយើង ឲ្យយើងធ្វើអី? អ៊ីចឹងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថៃ ដើម្បីរួមគ្នាវិនិយោគទៅលើកិច្ចការងារនេះ ដើម្បីទាញផលប្រយោជន៍ ធានានូវការអភិវឌ្ឍប្រទេសជាតិ ធានានូវជីវភាពរស់នៅរបស់ប្រជាជន និងធានានូវសន្តិសុខថាមពល សម្រាប់ប្រទេសរៀងៗខ្លួន នៅក្នុងរយៈពេលវែងនេះ គឺជាការសំខាន់ ដែលយើងធ្វើ ហើយមិនមានអ្វីដែលខុសពីគោលការណ៍ផលប្រយោជន៍ជាតិទាំង២ នោះទេ គឺរួមគ្នាដើម្បីអភិវឌ្ឍប្រយោជន៍ជាតិ…” ។

គួររំព្ញកថា សិទ្ធិអភិវឌ្ឍន៍លើតំបន់ត្រួតស៊ីគ្នា ក្នុងឈូងសមុទ្រថៃ គឺជាចំណុចនៃជម្លោះរវាងប្រទេសជិតខាងថៃ និងកម្ពុជា ដែលបានទាមទារតំបន់នេះ តាំងពីដើមទសវត្សឆ្នាំ ១៩៧០មក។ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើអនុស្សររណៈយោគយល់ កិច្ចចរចាអភិវឌ្ឍប្រេងនិងឧស្ម័ននៅតំបន់នោះ តាំងពីខែមិថុនាឆ្នាំ២០០១ ក៏ប៉ុន្តែត្រូវបានផ្អាកនៅក្នុងអន្តរកាលប្តូរនាយករដ្ឋមន្ត្រីថៃ កាលពីឆ្នាំ២០០៩។ កិច្ចពិភាក្សាគ្នារវាងប្រទេសទាំង២ ក៏ធ្លាប់ចង់គូសវាសឡើងវិញដែរ តែត្រូវបង្អាក់ដោយសារវិបត្តិជំងឺកូវីដ-១៩ កាលពីចុងឆ្នាំ២០១៩ ។

គួរបញ្ជាក់ដែរថា កិច្ចចរចាការអភិវឌ្ឍប្រេងនិងឧស្ម័ន រវាងកម្ពុជា-ថៃ នៅតំបន់ត្រួតស៊ីគ្នា នៅឈូងសមុទ្រ បានជាប់គាំងជាង២០មកហើយ។ តំបន់ទាមទារត្រួតស៊ីគ្នា (OCA) នោះ មានទំហំ ២៦០០០គីឡូម៉ែត្រការ៉េ ដែលប៉ាន់ប្រមាណថា នឹងអាចស្តុកទុកប្រេងនិងឧស្ម័នរហូតដល់ ៥០០លានបារ៉ែល នៅក្រោមបាតសមុទ្រ និងដោយត្រូវការពេលយ៉ាងហោចណាស់ ៨ឆ្នាំ ក្នុងការទាញយកធនធានធម្មជាតិ ចេញពីឈូងសមុទ្រនោះ។ ប៉ុន្តែយ៉ាងណា រដ្ឋមន្ត្រីក្រសួងថាមពលថៃ បានទទួលស្គាល់ថា ការដោះស្រាយវិវាទដែនដីនៅត្រង់ដែនសមុទ្រ គឺជារឿងស្មុគ្រស្មាញ លំបាក និងត្រូវការពេលវេលាយូរ ព្រោះគ្មានប្រទេសណាអាចទទួលយកការរំកិលព្រំដែនរបស់ខ្លួនថយក្រោយដោយងាយ មិនថាថៃ ឬកម្ពុជា។ នេះគឺជាការកែប្រែយុទ្ធសាស្ត្រចរចាជាមួយកម្ពុជា របស់ថៃ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មី លោកសេដ្ឋា ថាវីស៊ីន ខណៈកន្លងមក ថៃ ធ្លាប់ប្រកាន់យកនូវការកំណត់ការបោះបង្គោលព្រំដែនសមុទ្រជាមួយកម្ពុជា ៕ កុលបុត្រ

RELATED ARTICLES