បាងកក (ថៃ) ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត់ បានចេញពីមន្ទីរពេទ្យប៉ូលិស ត្រឡប់មករស់នៅជាមួយគ្រួសាររបស់លោក នៅភូមិគ្រឹះ «បានចន្ទសងឡា» នៅតំបន់បានផ្លាត់ សយចះរ៉ាន់សនិវង្ស 69 លេខ 472 និង 474 វិញហើយ បន្ទាប់ពីបាត់មុខលោកពីប្រទេសថៃ ដោយត្រូវបាននិរទេសខ្លួនទៅរស់នៅក្រៅប្រទេស អស់ ១៥ឆ្នាំ ក្រោយពីត្រូវបានព្យួរទោស នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។ ចំពោះមូលហេតុព្យួរ ទោសនេះ ដោយសារលោកមានវ័យចាស់ (៧៤ឆ្នាំ) និងមានជំងឺប្រចាំកាយ។

តាមប្រភពបណ្តាញព័ត៌មានថៃ បានឲ្យដឹងថា ការវិលត្រឡប់របស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ ទៅកាន់ភូមិគ្រឹះ «បានចន្ទសងឡា» លើកនេះ គឺបន្ទាប់ពីលោកបានចាកចេញពីប្រទេស ជាលើកទី២ ទៅរស់នៅក្រៅប្រទេស ជាង ១៥ឆ្នាំ។

គួបញ្ជាក់ថា បន្ទាប់ពីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ បានត្រឡប់មកប្រទេសថៃ វិញ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដែលជាការបញ្ចប់ការនិរទេសខ្លួនរយៈពេល ១៥ឆ្នាំ របស់លោក ដោយយន្តហោះឯកជន បានដឹកលោកថាក់ស៊ីន ចុះចតនៅអាកាសយានដ្ឋាន ដនមឿង ក្រុងបាងកក នៅម៉ោងប្រហែល ៩ព្រឹក ។ នៅពេលចុះពីយន្តហោះ លោកថាក់ស៊ីន ត្រូវបាននាំខ្លួនទៅឃុំខ្លួននៅពន្ធនាគារ ក្នុងក្រុងបាងកក ។ គាត់បានទទួលការកាត់ទោស ដាក់ពន្ធនាគារ រយៈពេល ៨ឆ្នាំ លើបទចោទ ៣ករណី ហើយក្រោយមក គាត់បានទទួលការប្រោសព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ និងត្រូវបានកាត់បន្ថយទោស មកត្រឹមជាប់គុក ១ឆ្នាំ តែត្រូវបានព្យួរទោសនៅថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០២៤។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោកព្រីឆា ស៊ុតស្ងួន អគ្គអយ្យការនាយក ដ្ឋានព្រហ្មទណ្ឌ បានបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ ពិតជាឈឺធ្ងន់មែន ដោយគាត់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ គ្មានសំឡេង (និយាយមិនចេញ) និងមិនអាចដើរបាន។

សូមបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត់ បានទទួលការប្រោសព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ ដោយបានបន្ធូរបន្ថយទោសពីត្រូវជាប់ពន្ធនាគារ ៨ឆ្នាំ មកនៅសល់ទោសដាក់ពន្ធនាគារ មួយឆ្នាំ បន្ទាប់ពីលោកត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ សរុប ៨ឆ្នាំ លើបទចោទប្រកាន់ ៣ករណី ពាក់ព័ន្ធអំពើពុករលួយ៕



