អេស្ប៉ាញ ៖ អ្នកបើកយន្តហោះ ជនជាតិរុស្ស៉ីម្នាក់ ដែលបានរត់ចោលស្រុក ត្រូវបានបាញ់សម្លាប់នៅប្រទេសអេស្ប៉ាញ បន្ទាប់ពីធ្វើឱ្យលោកប្រធានាធិបតីរុស្ស៉ី វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ខឹងសម្បយ៉ាងខ្លាំង ដោយគាត់បានបើកឧទ្ធម្ភាគចក្រ Mi-8 ដែលមានតម្លៃជាង ១៥លានផោន ទៅឲ្យអ៊ុយក្រែន រហូតដល់ត្រូវបានភ្នាក់ងារសម្ងាត់រុស្ស៊ី ដាក់គោលដៅសម្លាប់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយបរទេស បានរាយការណ៍នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ថា លោក ម៉ាកស៊ីម គូសមីណូវ (Maxim Kuzminov) អាយុ ២៨ឆ្នាំ ជាអ្នកបើកយន្តហោះរុស្ស៊ី ដែលរត់ចោលជួរ បានសាកល្បងបើកឧទ្ធម្ភាគចក្រយោធារុស្ស៊ី Mi-8 ហើយយោធាបានប្រគល់ឱ្យគាត់ នៅខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីប្រធានាធិបតី ពូទីន បានចាប់ផ្តើមធ្វើសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២។ ទីបំផុតលោក ម៉ាកស៊ីម គូសមីណូវ ត្រូវបានបាញ់សម្លាប់នៅប្រទេសអេស្ប៉ាញ ក្រោយពីគាត់បានរត់ចោលស្រុក បន្ទាប់ពីបានបើកឧទ្ធម្ភាគចក្រ Mi-8 ដែលមានតម្លៃជាង 600លានដុល្លារ ទៅឲ្យអ៊ុយក្រែន។
លោក ម៉ាកស៊ីម គូសមីណូវ ត្រូវបានរកឃើញស្លាប់ ពីការបាញ់ច្រើនគ្រាប់។ សពរបស់គាត់ត្រូវបានរកឃើញនៅក្នុងយានដ្ឋានមួយ នៅ Villajoyosa ជិត Benidorm ទីក្រុងទេសចរណ៍មាត់សមុទ្រ នៅឆ្នេរខាងកើតនៃប្រទេសអេស្ប៉ាញ។
ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសអេស្ប៉ាញ និងរុស្ស៊ី បានរាយការណ៍ពីការស្លាប់របស់លោក ម៉ាកស៊ីម គូសមីណូវ ដោយត្រូវបានបាញ់សម្លាប់ ពីរបីថ្ងៃបន្ទាប់ពីលោកអាឡិចសេ ណាវ៉ាលនី (Alexei Navalny) មេដឹកនាំបក្សប្រឆាំងរុស្ស៊ី វ័យ៤៧ឆ្នាំ ដែលព្យាយាមលាតត្រដាងអំពើពុករលួយក្នុងប្រទេសរុស្ស៊ី រហូតដល់ត្រូវបានគេចាត់ទុកថាជាគូប្រជែងសំខាន់របស់លោកប្រធានាធិបតី ពូទីន ទើបតែស្លាប់ ដោយមិននឹកស្មានដល់ ខណៈ ពេលដែលគាត់ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ នៅក្នុងតំបន់រង្វង់មូលអាកទិក នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ភរិយារបស់លោកណាវ៉ាលនី បានលាតត្រដាងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ថាប្តីរបស់គាត់ ត្រូវបានគេសម្លាប់តាមការបញ្ជារបស់លោកពូទីន។

សូមបញ្ជាក់ថា លោកម៉ាកស៊ីម គូសមីណូវ បានធ្វើឱ្យលោកពូទីន និងមន្ត្រីយោធារុស្ស៊ី ខឹងយ៉ាងខ្លាំង នៅពេលដែលគាត់បានបើកឧទ្ធម្ភាគចក្រ Mi-8 របស់យោធារុស្ស៊ី មកចុះនៅទីក្រុងគៀវ ប្រទេសអ៊ុយក្រែន នៅខែសីហា ឆ្នាំ២០២៣ ហើយឧទ្ធម្ភាគចក្រ ដែលមានតម្លៃ ១៥លានផោន ហើយប្រគល់ឲ្យអ៊ុយក្រែន ខណៈលោកលោកម៉ាកស៊ីម គូសមីណូវ បានចោទប្រកាន់ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ពីអំពើប្រល័យពូជសាសន៍ ដោយបានសម្លាប់ជនជាតិអ៊ុយក្រែន និងរុស្ស៊ី យ៉ាងព្រៃផ្សៃ នៅក្នុងសង្រ្គាមដែលគ្មាននរណាម្នាក់ចង់ឲ្យកើតឡើង ខណៈពេលដែលប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានរាយការណ៍ថា រដ្ឋាភិបាលអ៊ុយក្រែន បានបង្កើតរង្វាន់ផ្លូវការ សម្រាប់ការរត់ចោលជួរទាហានរុស្ស៊ី រួមជាមួយនឹងការនាំយកសម្ភារៈយោធារបស់រុស្ស៊ី រង្វាន់គឺ ១រយពាន់ដុល្លារ ។
ទោះបីជាយ៉ាងណាក៏ដោយ សកម្មភាពរបស់លោកម៉ាកស៊ីម គូសមីណូវ បានធ្វើឱ្យអាជ្ញាធររុស្ស៊ី ចាត់ទុកជាជនក្បត់ជាតិ និងបានចោទប្រកាន់ថា បានសម្លាប់សមាជិកយានិករុស្ស៊ី ពីរនាក់ នៅលើឧទ្ធម្ភាគចក្រ ហើយមិនបានដឹងពីផែនការរបស់គាត់ក្នុងការរត់ចោលជួរ។ ក្រោយមក ទីភ្នាក់ងារចារកម្មរុស្ស៊ី GRU បានព្រមានដល់ម៉ាកស៊ីម គូសមីណូវ កាលពីខែតុលា ឆ្នាំមុន២០២៣ ថា «អ្នកនឹងស្លាប់» ៕