ភ្នំពេញ ៖ កីឡាករប្រដាល់ ជនជាតិប្រេស៊ីស លោកធីអាហ្គោ តេសេរ៉ា (Thiago Teixeira) ដែលបានលះបង់ច្រើនដើម្បីលើកកម្ពស់វិស័យគុនខ្មែរ រហូតរាជរដ្ឋាភិបាលកម្ពុជា សម្តេចផ្តល់សញ្ជាតិកម្ពុជា ដល់លោនិងក្រុមគ្រួសារ ហើយលោកមានឈ្មោះខ្មែរថា «សែន ចន្ទឫទ្ធីគុន» នោះ បានទម្លាយរឿងក្នុងចិត្តរបស់លោកថា មួយរយ:កន្លងមកនេះ លោកបានជម្នះគ្រប់យ៉ាងដើម្បីជួយគុនខ្មែរ ដោយលោកបានខាតបង់លុយ ចំនួន ៥០ ម៉ឺនដុល្លារ ជាមួយនឹងក្លឹប និងអាហារដ្ឋានរបស់លោកនៅប្រទេសថៃ ហើយលោកបានមកប្រទេសកម្ពុជា ដោយ សារលោកស្រឡាញ់កម្ពុជា និងគុនខ្មែរ ចង់ជួយលើកស្ទួយវិស័យគុនខ្មែរ ឲ្យរីកចម្រើន មានមុខមាត់លើឆាកអន្តរជាតិ ។ នៅពេលនេះ លោកបានបើកក្លឹបមួយ ដែលត្រូវការការឧបត្ថម្ភពីបងប្អូនជនជាតិខ្មែរ ដោយលោកបានខ្ចីលុយធនាគារ ដើម្បីបន្តដំណើរទៅមុខ សម្រេចនូវក្តីស្រមៃរបស់លោក។

លោកសែន ចន្ទឫទ្ធីគុន បានបង្ហោះវីដេអូ និងសំណេរ ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ថាថា «សួស្តីអ្នកទាំងអស់គ្នា! ខ្ញុំគឺ សែន ចន្ទឫទ្ធីគុន, ខ្ញុំមានដំណឹងដ៏ភ្ញាក់ផ្អើលមួយ ប្រាប់អ្នកទាំងអស់គ្នា គឺក្លឹបរបស់ខ្ញុំ នឹងចាប់ផ្តើមដំណើរការ ១សប្តាហ៍ទៀត។ តោះខ្ញុំនឹងបង្ហាញកន្លែងមួយចំនួន!

ក្នុងនេះ ពួកយើងមានអាងហែលទឹក ហើយនឹងបើកថ្នាក់បង្រៀនហែលទឹកផងដែរ ដែលមានអ្វីជាច្រើនទៀតនៅទីនេះ។ នៅខាងក្នុង គឺមានកន្លែងស្ប៉ា សម្រាប់ឲ្យបងប្អូនចូលត្រាំទឹកក្តៅទឹកត្រជាក់ និងស្ទីម បន្ទាប់ពីការហាត់ប្រាណរួច ។ ហើយនៅជាន់ទីមួយ ពួកយើងមានកន្លែងហាត់ប្រាណ វ៉ៃប៉េងប៉ុង ឬឧបករណ៍ជាច្រើនដែលនឹងដាក់នៅទីនេះសម្រាប់ការហាត់ប្រាណ។
នៅជាន់ទីបីវិញ គឺមានបន្ទប់សម្រាប់ហាត់រាំ ដែលអ្នកទាំងអស់គ្នា ចូលមកបានគ្រប់វ័យនៅទីនេះ។
នៅជាន់ខាងលើ គឺជាកន្លែងមួយដែលល្អសម្រាប់ខ្ញុំ និងគុនខ្មែរ ផងដែរ វាជាកន្លែងសម្រាប់ហាត់គុនខ្មែរ នៅទីនេះ។

ពួកយើងពិតជាត្រូវការការជួយគាំទ្រខ្លាំងណាស់ពីអ្នកទាំងអស់គ្នា យើងនឹងសាងសង់ដំបូលនៅលើនេះ ដូច្នេះសូមបងប្អូនជួយគាំទ្រគុនខ្មែរ ក៏ដូចជាគាំទ្រខ្ញុំផងដែរ ។
ខ្ញុំនឹងដាក់កុង ABA សម្រាប់ការជួយឧបត្ថម្ភខ្ញុំ និងគុនខ្មែរ 1$ ឬក៏ 0,50$ អីក៏បាន វាជាទឹកចិត្តដ៏ល្អរបស់បងប្អូន ក្នុងការជួយគុនខ្មែរ :
ABA : 070814777 Name STARTLIGHT BY TEIXEIRA MACHADO THIAGO
សូមចូលរួមចែករំលែកក្តីស្រលាញ់សម្រាប់គុនខ្មែរ ទាំងអស់គ្នា ។ សូមអរគុណ! សែន ចន្ទឫទ្ធីគុន»។

លោកសែន ចន្ទឫទ្ធីគុន បានបង្ហោះវីដេអូ និងសរសេរបន្ថែម នៅថ្ងៃដដែលនោះថា «ជម្រាបសួរអ្នកទាំងអស់គ្នា ! នេះជាវីដេអូរបស់ខ្ញុំ ដែលខ្ញុំចង់បញ្ចេញនូវអារម្មណ៍របស់ខ្ញុំ ប្រាប់អ្នកទាំងអស់គ្នា ។
ចំពោះមួយរយ:កន្លងមក ខ្ញុំបានជម្នះគ្រប់យ៉ាងដើម្បីជួយគុនខ្មែរ ប៉ុន្តែទន្ទឹមនោះ ខ្ញុំក៏បានខាតបង់លុយ ចំនួន 500,000ដុល្លារ ជាមួយនឹងក្លឹប អាហារដ្ឋាន ហាងរបស់ខ្ញុំ និងអ្វីគ្រប់យ៉ាងនៅប្រទេសថៃ ហើយខ្ញុំបានមកប្រទេសកម្ពុជា ។ ខ្ញុំនៅតែជម្នះមកទីនេះ ព្រោះខ្ញុំមានមោទនភាពខ្លាំងណាស់ចំពោះប្រទេសកម្ពុជា និងកីឡានៅទីនេះ ។
ពួកយើងបានទទួលការឧបត្ថម្ភពីមនុស្សជាង 2000នាក់ ដែលបានផ្ញើលុយមក 1$ ឬច្រើនជាងនេះ ទឹកប្រាក់បានប្រហែលជាង 2000$ ។ ខ្ញុំពិតជាអរគុណបងប្អូនជាខ្លាំង ប៉ុន្តែលុយទាំងអស់នេះ វានៅតែមិនគ្រប់គ្រាន់ទេក្នុងការចំណាយនានា ។
ខ្ញុំមើលឃើញថា មានក្រុមហ៊ុនជាច្រើនដែលកំពុងតែចង់លើកស្ទួយវិស័យគុនខ្មែរ ឲ្យរីកចម្រើន និងចង់ឃើញគុនខ្មែរ មានមុខមាត់លើឆាកអន្តរជាតិ ។ វាជាក្តីសុបិនមួយរបស់បងប្អូនទាំងអស់គ្នា ក៏ដូចជាខ្ញុំផងដែរ ។ ប៉ុន្តែក្តីសុបិននេះ មានអារម្មណ៍ថា ខ្ញុំកំពុងសុបិនម្នាក់ឯង។
ខ្ញុំគ្រាន់តែចង់បង្ហាញពីអារម្មណ៍របស់ខ្ញុំតែប៉ុណ្ណេះ ដែលកន្លងទៅ ពួកយើងព្យាយាមប្រាប់ពិភពលោក ពីវប្បធម៌របស់យើង ។ វាមិនសម្រាប់ខ្ញុំទេ គឺសម្រាប់បងប្អូនទាំងអស់គ្នា ព្រោះតែឥឡូវខ្ញុំជាប្រជាជនកម្ពុជា មួយរូបទៅហើយ ។

ខ្ញុំបានបើកកន្លែងហាត់ប្រាណមួយ ដែលនៅតែត្រូវការការឧបត្ថម្ភពីបងប្អូន 1$ ឬ 2$ វាក៏មិនអាចគ្រប់គ្រាន់លើការចំណាយថ្លៃទីតាំងដែរ តែវាជាទឹកចិត្តនិងសេចក្តីគោរពរបស់អ្នកទាំងគ្នាជាមួយខ្ញុំដែលបានបង្ហាញមក។
ខ្ញុំពិតជាមិនដឹងថានឹងធ្វើបានរឿងអ្វីជាច្រើនទៀតទេ តែខ្ញុំកំពុងជម្នះវា ហើយពួកយើងបានខ្ចីលុយធនាគារ ដើម្បីបន្តដំណើរទៅមុខ ដោយមិនចុះចាញ់ ឬរួញរាអ្វីឡើយ ។ យើងនឹងមិនបោះបង់ទេ !
សូមអ្នកជួយឧបត្ថម្ភដែលស្រលាញ់គុនខ្មែរ សូមជឿជាក់លើខ្ញុំ និងគាំទ្រខ្ញុំ ខ្ញុំនឹងធ្វើវាបាន ។ ខ្ញុំស្រលាញ់គុនខ្មែរ ហើយក៏មិនមែនមកធ្វើជំនួញអីដែរ គឺមកដើម្បីជំរុញរឿងនេះឲ្យវាកាន់តែល្អទៅមុខ ។ សូមអរគុណបងប្អូនទាំងអស់គ្នា! សែន ចន្ទឫទ្ធីគុន

ABA : 070814777 Name STARTLIGHT BY TEIXEIRA MACHADO THIAGO»៕ ខៀវទុំ