Saturday, July 27, 2024
Homeព័ត៌មានអន្តរជាតិយន្តហោះដឹកអ្នកដំណើរខ្នាតធំចិន COMAC C919 បង្ហាញក្នុងពិព័រណ៍ យន្តហោះ នៅសិង្ហបុរី

យន្តហោះដឹកអ្នកដំណើរខ្នាតធំចិន COMAC C919 បង្ហាញក្នុងពិព័រណ៍ យន្តហោះ នៅសិង្ហបុរី

សិង្ហបុរី ៖ ចិន បានបង្ហាញយន្តហោះដឹកអ្នកដំណើរខ្នាតធំ COMAC C919 ទៅកាន់ពិភពលោកជាលើកដំបូង ក្នុងពិព័រណ៍យន្តហោះនៅប្រទេសសិង្ហបុរី «Singapore Air Show 2024» ដែលក្រុមហ៊ុនអាកាសចរណ៍ Tibet Airlines បានបញ្ជាទិញ ចំនួន ៤០គ្រឿង។

ក្រុមហ៊ុន COMAC  ដែលជាក្រុមហ៊ុនយន្តហោះពាណិជ្ជកម្មរបស់ចិន ដែលជាអាជីវកម្មរបស់រដ្ឋាភិបាលចិន យន្តហោះដឹកអ្នកដំណើរដ៏ធំបំផុត ដែលផលិតដោយប្រទេសចិន ម៉ូដែល C919 ត្រូវបានដាក់ឱ្យដំណើរការ ដើម្បីបង្ហាញដល់ពិភពលោក និងក្រុមហ៊ុនបរទេស ជាលើកដំបូងនៅក្នុងកម្មវិធី «Singapore Airshow 2024» ដែលត្រូវបានគេចាត់ទុកជាពិព័រណ៍យន្តហោះដ៏ធំបំផុត នៅអាស៊ី។

យន្តហោះដឹកអ្នកដំណើរខ្នាតធំ COMAC C919 របស់ប្រទេសចិន បានចាកចេញពីប្រទេសចិនជាលើកដំបូង ហើយបានហោះហើរត្រង់ទៅចុះចតនៅអាកាសយានដ្ឋាន ឆាងយី (Changi) ក្នុងប្រទេសសិង្ហបុរី ដោយចំណាយពេល ៦ម៉ោង ដើម្បីហោះហើរក្នុងកម្មវិធី «Singapore Air Show 2024» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈដែលយន្តហោះដឹកអ្នកដំណើរ C919 ត្រូវបានគេចាត់ទុកថា នឹងមកប្រកួតប្រជែងទីផ្សារយន្តហោះដឹកអ្នកដំណើរខ្នាតធំ ជាមួយយន្តហោះ A320 របស់ក្រុមហ៊ុន Airbus និង 737 Max របស់ក្រុមហ៊ុន Boeing នៅសហរដ្ឋអាមេរិក។

តាមប្រភពព័ត៌មានបរទេស ឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Tibet Airlines របស់ប្រទេសចិន បានបញ្ជាក់ថា ខ្លួនបានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ C919 ចំនួន ៤០គ្រឿង បន្ទាប់ពីបានហោះហើរចេញពីការបង្ហាញនៅឯកម្មវិធីពិព័រណ៍យន្តហោះ នៅប្រទេសសិង្ហបុរី  ។

សម្រាប់យន្តហោះដឹកអ្នកដំណើរ C919 គឺជាយន្តហោះដឹកអ្នកដំណើរដែលមានតួខ្លួនតូចចង្អៀត វាមានសមត្ថភាពផ្ទុកអ្នកដំណើរ ១៩២នាក់ និងអាចហោះហើរបានចម្ងាយ ៣៥០០ម៉ៃល៍ ឬ ៥៦៦៤គីឡូម៉ែត្រ។ យន្តហោះដឹកអ្នកដំណើរ C919 បានដំណើរការជើងហោះហើរពាណិជ្ជកម្មនៅក្នុងប្រទេសចិន ចាប់តាំងពីខែឧសភា ឆ្នាំ២០២៣ និងរហូតមកដល់ពេលនេះ វាត្រូវបានអនុញ្ញាតឱ្យហោះហើរតែនៅក្នុងប្រទេសចិន ប៉ុណ្ណោះ៕

RELATED ARTICLES