Thursday, November 14, 2024
Homeព័ត៌មានជាតិខ្មែរគ្រប់មជ្ឈដ្ឋាន សាទរបទបញ្ជានាយករដ្ឋមន្រ្តី ប្រឆាំងគ្រឿងញៀន មិនវែកចក គឺសម្អាតចក

ខ្មែរគ្រប់មជ្ឈដ្ឋាន សាទរបទបញ្ជានាយករដ្ឋមន្រ្តី ប្រឆាំងគ្រឿងញៀន មិនវែកចក គឺសម្អាតចក

ភ្នំពេញ ៖ បន្ទាប់ពីសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្នុងជួរកងកម្លាំងប្រដាប់អាវុធ ដោយត្រូវបង្ក្រាបឲ្យអស់ មិនមែនធ្វើដូចវែកចក គឺត្រូវសម្អាតចក ហើយត្រូវបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះបុគ្គលណាដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀន ឬមានពាក់ព័ន្ធនឹងគ្រឿងញៀន នោះមក គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ក៏ដូចជាក្រសួង ស្ថាប័ន និងជនរួមជាតិខ្មែរគ្រប់មជ្ឈដ្ឋាន បាននាំគ្នាញត្តិគាំទ្រសាទរយ៉ាងផុលផុស ដោយចាត់ទុកថា ការដាក់ចេញបទបញ្ជា និងវិធានការនេះ គឹជាការពង្រឹងកែលម្អប្រព័ន្ធការងារមន្រ្តីរាជការគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសគឺមានសារសំខាន់ណាស់ក្នុងការលើកស្ទួយមុខមាត់ កិត្តិយស និងភាពស្អាតស្អំ របស់ស្ថាប័នរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ដែលត្រូវដើរតួនាទីជាគំរូដ៏ល្អ ក្នុងការបម្រើប្រជារាស្រ្ត និងចូលរួមអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន ។

គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ដែលបានធ្វើញត្តិគាំទ្រនោះ មានដូចជាគណបក្សខ្មែរតែមួយ គណបក្សធម្មាធិបតេយ្យ និងសហភាពអង្គការសង្គមស៊ីវិល រួមទាំងក្រសួង ស្ថាប័ននានាជាច្រើន ។

ញត្តិគាំទ្ររបស់គណបក្សខ្មែរតែមួយ ចុះថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ មានខ្លឹមសារថា “គណបក្សខ្មែរតែមួយ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការម៉ឺងម៉ាត់និងមុតស្រួចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញនូវបទបញ្ជាស្ដីពីការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ការដាក់ចេញវិធានការនេះ គឹជាការពង្រឹងកែលម្អប្រព័ន្ធការងារមន្រ្តីរាជការគ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ។ ការលុបបំបាត់បញ្ហាគ្រឿងញៀន នៅក្នុងប្រទេស គឺជាការជំរុញភាពស្អាតស្អំក្នុងការអភិវឌ្ឍប្រទេសយើងឲ្យឈានទៅសម្រេចគោលដៅក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ ។

គណបក្សខ្មែរតែមួយ សូមបន្តគាំទ្រដោយស្មោះស្ម័គ្រចំពោះការដឹកនាំប្រទេសកម្ពុជាប្រកបដោយគតិបណ្ឌិត របស់សម្ដេចធិបតី នឹងបន្តបោះជំហានទៅមុខប្រកបដោយទំនុកចិត្តគ្រប់ភាគីនិន្នាការនយោបាយ ជាមួយភាតរភាព និងការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យរីកចម្រើនជឿនលឿនគ្រប់វិស័យ“ ។

បន្ថែមលើខ្លឹមសារក្នុងញត្តិគាំទ្រ ខាងលើនេះ លោកគុជ លី ប្រធានគណបក្សខ្មែរតែមួយ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ថា នេះគឺជាបទពិសោធន៍របស់នាយករដ្ឋមន្រ្តីថ្មី សម្ដេចហ៊ុន ម៉ាណែត ថាតើបទបញ្ជារបស់សម្ដេច គ្រាន់តែឲ្យល្អមើល ឬក៏មានប្រសិទ្ធភាព? បើសិនគ្មានប្រសិទ្ធភាព ហើយធ្វើឲ្យតែល្អៗមើល ប្រជាពលរដ្ឋនឹងអស់ជំនឿទុកចិត្តថា កាលពីឪពុក ក៏ដោះស្រាយមិនបាន រហូតដល់កូន ក៏ដោះស្រាយមិនបាន រឿងបញ្ហាគ្រឿងញៀននេះ តែយ៉ាងណា លោកជឿថា បទបញ្ជានេះ នឹងមានប្រសិទ្ធភាព ។

លោកគុជ លី បានមានប្រសាសន៍ថា “យើងមើលឃើញថា ឫសគល់នៃបញ្ហាគ្រឿងញៀននេះ គឺមិនមែនកើតឥឡូវទេ ក៏ប៉ុន្តែនេះគឺជាយុទ្ធសាស្រ្តថ្មី នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ។ សម្រាប់ខ្ញុំ ខ្ញុំមើលឃើញ ៣ចំណុច ។ ចំណុចទី១ ដោយសាររាជរដ្ឋាភិបាល អាណត្តិថ្មីនេះ យើងឃើញថា ការកែទម្រង់ប្រព័ន្ធរដ្ឋបាល នៅក្នុងក្រសួងនីមួយៗ មានការលំបាក ។ អ៊ីចឹងបន្ទាប់ពីកែទម្រង់រដ្ឋបាលការងារ ឥឡូវនេះ គេហៅកំណែទម្រង់ធនធានមនុស្សវិញ ដើម្បីឲ្យក្លាយទៅជាមូលធនមនុស្ស អ៊ីចឹងហើយបានឲ្យមានការអនុវត្តនូវវិធានការប្រឆាំងនឹងបុគ្គលិក ឬក៏មន្រ្តីរាជការណាដែលបានទទួលគ្រឿងញៀនហ្នឹងតែម្ដង ហើយនិងដេញចេញពីរាជរដ្ឋាភិបាល ឬក៏ក្របខ័ណ្ឌតែម្ដង ។ ចំណុចទី២ ខ្ញុំមើលឃើញថា រដ្ឋាភិបាល សព្វថ្ងៃកំពុងតែមានបញ្ហាក្នុងការគ្រប់គ្រងសេដ្ឋកិច្ច ប្រចាំឆ្នាំ ក្នុងការអនុវត្តប្រមូលពន្ធ ឬក៏ប្រមូលថវិកាជាតិ ។ អ៊ីចឹងហើយ ដើម្បីឲ្យសន្សំសំចៃនៅក្នុងថវិកាជាតិ ចំពោះមន្រ្តីរាជការមួយចំនួន ដែលគាត់បានធ្វើអំពើពុករលួយក្នុងការជួញដូរគ្រឿងញៀនហ្នឹង ក៏ជាការរួមចំណែកជាមួយការសន្សំសំចៃថវិកាសម្រាប់អាណត្តិទី៧ នេះផងដែរ ។ ចំណុចទី៣ ដែលធំបំផុត គឺជាយុទ្ធសាស្រ្តបញ្ចកោណ របស់សម្ដេចបវរធិបតី ដើម្បីអនុវត្តការងារហ្នឹងឲ្យបាន គឺជាសាងស្នាដៃធំមួយ សម្រាប់ទៅថ្ងៃខាងមុខៗផងដែរ ។ យើងមើលឃើញថា យុទ្ធសាស្រ្តរបស់លោក រយៈពេលជាង ៦ខែនេះ គឺមានការកែទម្រង់ ២យ៉ាង ដែលយើងមើលឃើញថា ប្រជាពលរដ្ឋ កំពុងតែរង់ចាំមើលធំហ្នឹង គឺកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ។ ប្រព័ន្ធយុត្តិធម៌ អនុញ្ញាតឲ្យមានការដោះស្រាយក្រៅប្រព័ន្ធតុលាការ ។ ឥឡូវចំណុចទី២ គឺកាលពីថ្ងៃទី២០ ខែកុម្ភៈ ថ្មីៗនេះ រាជរដ្ឋាភិបាល បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ចំពោះការប្រឆាំងនឹងគ្រឿងញៀន ។ អ៊ីចឹងវិធានការពីរនេះ គឺជាវិធានការដែលធ្វើឲ្យប្រជាពលរដ្ឋសប្បាយចិត្ត ហើយនិងមានការគាំទ្រ បើសិនជាលោកអនុវត្តទៅមានប្រសិទ្ធភាព ហើយរួមផ្សំទាំងយុទ្ធនាការមួយទៀតដែរ គឺការបន្តឹងច្បាប់ចរាចរណ៍ជើងគោករបស់យើង តាមផ្លូវសាធារណៈ គឺការវាស់ល្បឿនហ្នឹងតែម្ដង ។ អ៊ីចឹងយុទ្ធសាស្រ្តនេះ បង្ហាញឲ្យឃើញថា រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ចំពោះកិត្តិនាម និងប្រជាប្រិយភាពរបស់ខ្លួន ដើម្បីឈានទៅការបោះឆ្នោត នៅឆ្នាំ២០២៧ និង២០២៨“ ។

លោកគុជ លី បានមានប្រសាសន៍បន្តថា “ចំពោះខ្លួនខ្ញុំៗយល់ឃើញថា នេះគឺជាបទពិសោធន៍របស់នាយករដ្ឋមន្រ្តីថ្មី គឺសម្ដេចមហាបវរធិបតី ថាតើបទបញ្ជារបស់លោក គ្រាន់តែឲ្យល្អមើល ឬក៏មានប្រសិទ្ធភាព? នេះហើយគឺជាស្នាដៃរបស់លោក បើសិនបទបញ្ជារបស់លោកគ្មានប្រសិទ្ធភាព ហើយធ្វើឲ្យតែល្អៗមើល មានន័យថា ប្រជាពលរដ្ឋនឹងអស់ជំនឿ ហើយគ្មានការជឿទុកចិត្ត មានន័យថា កាលពីឪពុក ក៏ដោះស្រាយមិនបាន រហូតដល់កូន ក៏ដោះស្រាយមិនបាន រឿងបញ្ហាគ្រឿងញៀននេះ ។ អ៊ីចឹងគ្រឿងញៀននេះ មិនមែនប៉ះពាល់ធម្មតាឯណា គឺកូនមន្រ្តីរាជការ ក៏ប៉ះពាល់ ជាពិសេសគឺមន្រ្តីថ្នាក់ក្រោមជាតិតែម្ដង ។ យើងក្រឡេកឃើញថា មេប៉ុស្ដិ៍ នៅទូទាំងប្រទេសកម្ពុជា គឺជាអ្នកទទួលបន្ទុកធ្ងន់បំផុត ក្នុងការស្រាវជ្រាវ ឬចរាចរគ្រឿងញៀនហ្នឹងតែម្ដង ។ អ៊ីចឹងយើងមើលឃើញថា នេះគឺជាចលនាមួយ ដែលកំពុងរីកដុះដាលទូទាំងប្រទេស ដែលធ្វើឲ្យមានការព្រួយបារម្ភអំពីការធ្លាក់អសីលធម៌នៅក្នុងសង្គម ដោយសារតែបញ្ហាគ្រឿងញៀន ហើយទី២ ធ្លាក់ដល់អវិជ្ជានៅក្នុងសង្គម ដល់យុវជនបន្តវេន ។ អ៊ីចឹងមានន័យថា កម្រិតវប្បធម៌នៃការចូលរួម នៃការអប់រំគ្រឿងញៀននេះ នៅមានកម្រិត ដែលធ្វើឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជន យុវតី ដែលកំពុងសិក្សា អាចបោះបង់ការសិក្សា ដោយសារតែគ្រឿងញៀនតែម្ដង ។ អ៊ីចឹងបើសិនជាការអនុម័ត ឬក៏បទបញ្ជារបស់រាជរដ្ឋាភិបាល របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅលើកនេះមិនមានប្រសិទ្ធភាព ឬលើកក្រោយមានប្រកាសទៀត មានន័យថា ការអនុម័ត ឬក៏ដាក់បញ្ជានូវអ្វីមួយ មិនបានមានប្រសិទ្ធភាព វាសបញ្ជាក់អំពីសមត្ថភាពនៅក្នុងការដឹកនាំ ។ អ៊ីចឹងទៅថ្ងៃអនាគត វាអាចប្រឈមនឹងការបាត់បង់ជំនឿដល់ប្រជាពលរដ្ឋ ហើយខ្ញុំសូមបញ្ជាក់ថា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត មិនមានឥទ្ធិពលដូចសម្ដេចតេជោ ពីអតីតកាល ដែលជាមេដឹកនាំនោះទេ ក្នុងការបន្តអំណាច ។ បើសិនជាធ្វើអ្វីគ្មានប្រសិទ្ធភាព ដើម្បីកសាងជំនឿទុកចិត្តពីប្រជាពលរដ្ឋយើងទេ ខ្ញុំមើលឃើញថា សម្ដេចហ៊ុន ម៉ាណែត រាល់ថ្ងៃ គឺបានប្រជាប្រិយភាពរបស់លោកឪពុក នៅពីក្រោយ ដើម្បីទប់អំណាច ដើម្បីដឹកនាំប្រទេស ។ អ៊ីចឹងមានតែកសាងស្នាដៃដោយខ្លួនឯង ក្នុងការដឹកនាំប្រទេសនៅពេលនេះ គឺស្នាដៃប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយនិងស្នាដៃធ្វើម៉េចដោះស្រាយបញ្ហាយុត្តិធម៌នៅក្រៅប្រព័ន្ធហ្នឹង ឲ្យបានល្អ ហើយមិនមែនកំណែទម្រង់រដ្ឋបាលនោះទេ គឺកំណែទម្រង់ធនធានមនុស្ស ឲ្យក្លាយទៅជាមូលធនមនុស្ស នៅក្នុងមន្រ្តីរាជការ ជាពិសេសមន្រ្តីថ្នាក់ក្រោមជាតិហ្នឹងតែម្ដង“ ។

ដោយឡែក ញត្តិគាំទ្ររបស់គណបក្សធម្មាធិបតេយ្យ ចុះថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ លុបបំបាត់គ្រឿងញៀន ឲ្យអស់នៅក្នុងប្រទេសកម្ពុជា ក្នុងបំណងធានាជួយសង្គមជាតិ និងចូលរួមអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន គណបក្សធម្មាធិបតេយ្យ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការដាក់ចេញនូវបទបញ្ជា ០១បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។

ចំណែកញត្តិគាំទ្ររបស់សហភាពអង្គការសង្គមស៊ីវិល ចុះថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ មានខ្លឹមសារថា “សហភាពអង្គការសង្គមស៊ីវិល សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការដាក់ចេញនូវបទបញ្ជា ០១បប ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតក្រោមឱវាទរបស់ខ្លួន និងមានវិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌ ករណីរកឃើញថា បានប្រើប្រាស់ និងការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

បទបញ្ជានេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការលើកស្ទួយមុខមាត់ កិត្តិយស និងភាពស្អាតស្អំ របស់ស្ថាប័នរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ដែលត្រូវដើរតួនាទីជាគំរូដ៏ល្អក្នុងការបម្រើប្រជារាស្រ្ត និងចូលរួមអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន ។ ការប្រើប្រាស់គ្រឿងញៀន មិនត្រឹមតែប៉ះពាល់ដល់បុគ្គល និងគ្រួសារប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងប្រសិទ្ធភាពការងាររបស់ក្រសួង ស្ថាប័ន ជាពិសេសសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ និងភាពសុខដុមរមនាក្នុងសង្គម ។

ជាថ្មីម្ដងទៀត យើងខ្ញុំសូមប្រកាសគាំទ្រយ៉ាងមុតមាំចំពោះបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក្នុងជួរមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ព្រមទាំងមន្រ្តីជាប់កិច្ចសន្យា ជាពិសេសធានាថា មិនមានការប្រើប្រាស់ ឬពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់  នៅក្នុងស្ថាប័នរដ្ឋ ។

សហភាពអង្គការសង្គមស៊ីវិល សូមបេ្ដជ្ញាអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ នូវបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាបាននូវកិត្តិយស សេចក្ដីថ្លៃថ្នូរ និងកិត្យានុភាពរបស់ស្ថាប័នរដ្ឋ និងឯកជន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារឲ្យកាន់តែប្រសើរឡើង“ ។

សូមបញ្ជាក់ថា ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៤ សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល មិនអាចអនុញ្ញាតឱ្យមានច្បាប់ដាំកញ្ឆា ជាលក្ខណៈស្របច្បាប់ នៅក្នុងប្រទេសកម្ពុជា នោះទេ នៅពេលដែលសម្ដេច ស្ថិតនៅក្នុងតំណែងនាយករដ្ឋមន្ត្រី ដោយសម្ដេច ទើបតែបានស៊ីញ៉េលើបទបញ្ជាមួយរបស់រាជរដ្ឋាភិបាល គឺពន្លាតការអនុវត្តនៅទូទាំងរដ្ឋាភិបាលតែម្តង បានន័យថា មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យតែមានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀន គឺត្រូវតែបណ្តេញចេញពីក្របខ័ណ្ឌ មិនទុកនោះទេ ។

សម្ដេចហ៊ុន ម៉ាណែត បានមានប្រសាសន៍នៅពេលនោះថា «កុំឱ្យថាយើងអនុវត្តតែសម្រាប់ប៉ូលិស ទាហាន អ៊ីចឹងមន្ត្រីស៊ីវិល គឺអនុវត្តដូចគ្នា ដើម្បីពង្រឹងវិន័យការអនុវត្ត មន្ត្រីរាជការ ទាំងកងកម្លាំងប្រដាប់អាវុធ ទាំងស៊ីវិល គឺត្រូវមានក្របខ័ណ្ឌវិន័យ ក្របខ័ណ្ឌសីលធម៌ ដែលត្រូវទទួលខុសត្រូវជាប្រជាពលរដ្ឋធម្មតា ហើយយើងជាគំរូគេ អ៊ីចឹងយើងត្រូវចាប់ផ្តើមអនុវត្តផ្ទះរបស់យើងតែម្តង ដោយមិនមានការអនុគ្រោះបន្តទៀតទេ នៅក្នុងជួររាជរដ្ឋាភិបាល… “ ។

សម្ដេចហ៊ុន ម៉ាណែត បន្តថា “ខ្ញុំជឿថា មន្ត្រីរាជការរបស់យើង បើមិនបានប្រើគ្រឿងញៀន មិនដាច់ពោះស្លាប់នោះទេ។ បើមិនបានប្រើប្រាស់ មិនបានប៉ះគ្រឿងញៀននេះ ប្រហែលជាកាន់តែមានសុភមង្គលក្នុងគ្រួសារ។ នេះគឺជាវិធីសាស្ត្រមួយក្នុងការសម្អាតចក ក្នុងបឹងធំរបស់យើង។  ខ្ញុំជឿថាយើងអាចធ្វើបាន» ។

ឆ្លៀតឱកាសនោះដែរ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់សង្កត់ធ្ងន់ថា ក្នុងពេលនេះ គឺត្រូវទុកឱកាសរួមគ្នាដើម្បីចាប់ផ្តើមបើកលម្ហនូវផ្ទៃបឹង លែងឱ្យមានចក (គ្រឿងញៀន) និងរួមគ្នាសម្អាតចក មិនមែនវែកចកទេ នៅតាមមូលដ្ឋាន តាមផ្នែកនីមួយៗ ដោយមិនឱ្យមានគ្រឿងញៀនបន្តទៀត ក្នុងប្រទេសកម្ពុជា ។

យោងតាមបទបញ្ជា លេខ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលចុះហត្ថលេខាដោយសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានបញ្ជាក់ថា «រាជរដ្ឋាភិបាល បានសង្កេតឃើញថា គ្រោះថ្នាក់ដែលបណ្តាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀន នៅតែបន្តរីករាលដាលគួរឱ្យព្រួយបារម្ភ ទាំងក្នុងតំបន់ និងលើពិភពលោក រួមទាំងកម្ពុជា ផងដែរ។ ដូចនីតិកាលមុនៗដែរ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាល បានបន្តចាត់ទុកការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺជាអាទិភាពនយោបាយដ៏សំខាន់របស់ខ្លួន ហើយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ រាជរដ្ឋាភិបាល ក៏បានប្រកាសដាក់ចេញនូវផែនការស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ ផងដែរ ។ ដូចនេះ ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ ដែលជាអាទិភាពនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាលើកកម្ពស់ជំនឿទុកចិត្តប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អ នៅក្នុងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការស៊ីវិល រាជរដ្ឋាភិបាល មានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់ តាមរយៈបទបញ្ជាដាច់ខាត ដូចខាងក្រោម ៖

១. គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

២. គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌ ដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ ។

៣. ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌ ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ» ។  

យោងតាមរបាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ចំនួន ៨លើកកន្លងទៅ (២០១៧-២០២៣) សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួន ៥៥ ៣០៥ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ១២០ ៣០៧នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទ ទម្ងន់ប្រមាណ ២៧​ ៦៤១គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណ ៥២០ ០០៥គីឡូក្រាម រួមទាំងមធ្យោបាយ សម្ភារ និងវត្ថុតាងជាច្រើនទៀត។ ចំណែកការងារផ្សព្វផ្សាយ អប់រំ បានគ្របដណ្តប់លើអ្នកដែលបានទទួលនូវសារអប់រំពីបញ្ហាគ្រឿងញៀន មានចំនួន ១៥ ៧៩៨ ៩១៤នាក់ រួមទាំងព្រះសង្ឃ។ ការងារព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម បានគ្រប់គ្រងអ្នកប្រើប្រាស់និងអ្នកញៀនគ្រឿងញៀន ចំនួន ២៣ ០៤៦នាក់ ធៀបនឹងឆ្នាំ២០២២ ដែលមាន ២២ ២១៣នាក់ ។

គួរបញ្ជាក់ដែរថា ក្រៅគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល សម្រាប់ស្ថាប័នរដ្ឋនានា និងមហាជនគ្រប់មជ្ឈដ្ឋាន ក៏បានធ្វើញត្តិគាំទ្រយ៉ាងពេញទំហឹង ចំពោះបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដូចខាងលើនេះ ដោយជឿជាក់ថា បទបញ្ជា និងវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងសម្អាតចក (គ្រឿងញៀន) មិនមែនវែកចក ដូចកន្លងទៅនោះទេ…៕ កុលបុត្រ

RELATED ARTICLES