ភ្នំពេញ ៖ អតីតថ្នាក់ដឹកនាំ នៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ដែលជាសហការីលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៉ី) បានស្នើអ្នកនយោបាយខ្មែរ ធ្វើដូចថៃ គឺមិនគុំកួនសងសឹក យកខ្មែរគ្នាឯងជាសត្រូវ ។ ជាក់ស្តែងអតីតនាយករដ្ឋមន្រ្តីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត់ បើទោះបីបាននិរទេសខ្លួន ទៅក្រៅប្រទេស អស់រយៈ១៥ឆ្នាំ ទើបចូលមកក្នុងស្រុកវិញ ពេលនេះត្រូវបានព្យួរទោស រីឯផ្ទះរបស់លោក មិនត្រូវបានរឹបអូសឡើយ ។ ផ្ទុយទៅវិញ សម្រាប់មេបក្សប្រឆាំង នៅកម្ពុជា លោកសម រង្ស៊ី បាននិរទេសខ្លួនទៅរស់នៅក្រៅប្រទេស ត្រូវបានរឹបអូសផ្ទះលក់ឡាយឡុងសងសំណងទៅដើមបណ្ដឹង នៃថ្នាក់ដឹកនាំគណបក្សកាន់អំណាច ។
លោកជា ប៉ូច អតីតតំណាងរាស្រ្តមណ្ឌលខេត្តកំពត នៃអតីតគណបក្សសង្រ្គោះជាតិ និងជាបច្ចុប្បន្នជាអគ្គហេរញ្ញិកគណបក្សភ្លើងទៀន បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ថា “អ្នកនយោបាយនៅប្រទេសថៃ នៅពេលដែលឈ្លោះគ្នារឿងនយោបាយ ទោះបីជាកាត់ទោសប៉ុន្មានឆ្នាំក៏ដោយ តុលាការនៅប្រទេសថៃ គឺនៅរក្សារភូមិគ្រឹះរបស់លោកថាក់ស៊ីន ដដែល។ យើងខ្ញុំមានបំណងចង់ឲ្យអ្នកនយោបាយស្រុកខ្មែរ ធ្វើដូចនៅប្រទេសថៃ“ ។
លោកជា ប៉ូច បានមានប្រសាសន៍បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ ប្រាប់ “នគរធំ” នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ថា “បាទ! ខ្ញុំគ្រាន់តែចង់ឲ្យខ្មែរយើងធ្វើដូចថៃ គឺថា យើងកុំគុំកួនគ្នា មានអីយើងអាចនិយាយគ្នាបាន យើងគួរតែនិយាយ ។ ខ្ញុំគ្រាន់តែចង់បានប៉ុណ្ណឹងទេ ដោយសារខ្ញុំឈឺ ឥឡូវនេះខ្ញុំនៅអូស្រ្តាលី ហើយរាងធូរបន្តិច ប៉ុន្តែខ្ញុំអត់ដែលបានតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា សោះ ពីព្រោះខ្ញុំគិតតែពីរឿងសុខភាព ។ យ៉ាងណា ខ្ញុំឃើញអត្ថបទមួយហ្នឹង (ព័ត៌មានលោកថាក់ស៊ីន) ល្អ ដូច្នេះខ្ញុំក៏សរសេរបន្តិចទៅ ដើម្បីក្នុងន័យឲ្យយើងរួបរួមសាមគ្គីគ្នា យើងជាខ្មែរដូចគ្នា យើងគួរតែនិយាយគ្នា យើងបញ្ចប់ការខឹង គុំកួនគ្នា ។ ជារួម ដូចនៅក្នុងអត្ថបទហ្នឹងអ៊ីចឹង ខ្ញុំគ្រាន់តែចង់បានថា ធ្វើអីឲ្យរួបរួមសាមគ្គីគ្នា ខ្មែរនិងខ្មែរដូចគ្នា ខុសត្រូវអី យើងជជែកគ្នា យើងកុំគុំកួនគ្នា តែប៉ុណ្ណឹងទេ!“ ។
ជាមួយគ្នានោះដែរ លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក ដែលជាសហការីលោកសម រង្ស៉ី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ពិតជាខុសគ្នាទាំងស្រុង រវាងព្រឹតិ្តការណ៍នៅថៃ និងកម្ពុជា ដែលនៅថៃ ទោះបីលោកថាក់ស៊ីន ត្រូវបានកាត់ទោសឲ្យជាប់គុក ហើយនៅក្រៅប្រទេស រយៈពេលយូរក៏ដោយ ក៏គេអត់មានរឹបអូសទ្រព្យសម្បត្តិ ភូមិគ្រឹះលោកថាក់ស៊ីន នោះទេ ឯនៅកម្ពុជា លោកសម រង្ស៊ី មេបក្សប្រឆាំង ត្រូវបានតុលាការលក់ឡាយឡុងទ្រព្យសម្បត្តិ ផ្ទះរបស់គាត់ ។ ដូច្នេះលោកស្នើអ្នកនយោបាយខ្មែរ គួរតែបញ្ឈប់វប្បធម៌គុំកួនសងសឹកខ្មែរគ្នាឯងទៅ ហើយធ្វើដូចថៃ គឺអនុវត្តវប្បធម៌ផ្សះផ្សាជាតិ ។
លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “ជារឿងខុសគ្នាទាំងស្រុង ដែលនៅថៃ ទោះបីលោកថាក់ស៊ីន ត្រូវបានកាត់ទោសឲ្យជាប់គុក ហើយនៅក្រៅប្រទេសរយៈពេលយូរក៏ដោយ ក៏ប៉ុន្តែគេអត់មានរឹបអូសទ្រព្យសម្បត្តិលោកថាក់ស៊ីន ភូមិគ្រឹះលោកថាក់ស៊ីន នោះទេ ប៉ុន្តែលោកសម រង្ស៊ី ហ្នឹង ត្រូវបានតុលាការតេឡេហ្នឹង លក់ឡាយឡុងទ្រព្យសម្បត្តិរបស់គាត់ ផ្ទះគាត់ ហើយនិងទីស្នាក់ការគណបក្សសង្រ្គោះជាតិ ដែលស្ថិតនៅក្នុងដីរបស់គាត់ហ្នឹង ។ អ៊ីចឹងមេដឹកនាំផ្ដាច់ការនៅលើពិភពលោក មានតែកម្ពុជា មួយទេ សូម្បីតែនៅកូរ៉េខាងជើង វេណេហ្ស៊ូអេឡា អី គេមិនដែលទៅរឹបអូសទ្រព្យសម្បត្តិមេដឹកនាំបក្សប្រឆាំង ឬផ្ទះរបស់មេដឹកនាំបក្សប្រឆាំងនោះទេ មានតែកម្ពុជា ហ្នឹង គឺខុសគេខុសឯង គឺអាក្រក់អាក្រីមែនទែន ទៅរឹបអូសទ្រព្យសម្បត្តិលោកសម រង្ស៊ី លោកគង់ គាំ ឥឡូវចង់ទៅរឹបអូសទ្រព្យសម្បត្តិ ផ្ទះលោកសុន ឆ័យ ទៀត បន្ទាប់ពីរឹបអូសផ្ទះលោកសម រង្ស៊ី ផ្ទះលោកគង់ គាំ ហើយហ្នឹង ។ អាហ្នឹងឃើញអ៊ីចឹង គឺអាក្រក់អាក្រីមែនទែន ផ្ដាច់ការហើយ អាក្រក់អាក្រីជាងមេដឹកនាំផ្ដាច់ការនៅលើពិភពលោកទៅទៀត របបលោកហ៊ុន សែន លោកហ៊ុន ម៉ាណែត នេះ“ ។
លោកអ៊ុំ សំអាន បានមានប្រសាសន៍បន្តថា “គួរតែបញ្ឈប់ទៅ វប្បធម៌សងសឹកខ្មែរគ្នាឯង ពេលប៉ុល ពត ឡើង កាប់សម្លាប់ខ្មែរគ្នាឯង ឥឡូវលោកហ៊ុន សែន ឡើង បែរជាធ្វើទុក្ខបុកម្នេញ ចាប់គេដាក់គុក រឹបអូសផ្ទះគេអ៊ីចឹង ផ្ទះមេបក្សប្រឆាំងអ៊ីចឹងទៅ ។ យើងគួរធ្វើដូចថៃ ថៃ គេផ្សះផ្សាជាតិ ឥឡូវនេះ លោកថាក់ស៊ីន ត្រូវតុលាការថៃ ហ្នឹងដោះលែងពីការជាប់ឃុំ ដែលទៅស្នាក់នៅមន្ទីរពេទ្យហ្នឹង ប្អូនលោកថាក់ស៊ីន ហ្នឹង គឺអ្នកស្រីយីងឡាក់ ហ្នឹង ក៏តុលាការទម្លាក់បទចោទដែរ ។ លោកភីថា មេបក្សប្រឆាំងហ្នឹង ក៏ត្រូវតុលាការ អត់ឲ្យមានទោសពៃរ៍អីដែរ ឃើញទេ! គេបញ្ចប់វប្បធម៌សឹងសឹក ផ្សះផ្សាជាតិអ៊ីចឹងឯង ខ្មែរ គួរតែបញ្ចប់វប្បធម៌សងសឹកហ្នឹងទៅ ហើយឈានមកដល់វប្បធម៌នៃការផ្សះផ្សាជាតិ ដូចនៅថៃ អាហ្នឹងបានធ្វើឲ្យប្រទេសជាតិរីកចម្រើន ។ បើមិនអ៊ីចឹងទេ ប្រជាពលរដ្ឋក្រីក្រទៅៗ បំណុលវ័ណ្ឌក អត់ការងារធ្វើ គ្មានភ្ញៀវទេសចរ គ្មានវិនិយោគទុន“ ។
ស្របគ្នានេះដែរ លោក គង់ សភា អតីតតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីលោកសម រង្ស៉ី ដែលកំពុងរស់និរទេសនៅប្រទេសកាណាដា បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ថា “អ្នកនយោបាយ មិនត្រូវសងសឹកគ្នានៅពេលដែលគូប្រកួតម្ខាងទៀតធ្លាក់ទឹកនោះឡើយ តួយ៉ាងដូចលោកថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ បានឃ្លាតចាកឆ្ងាយពីភូមិគ្រឹះរបស់គាត់ ជាង១៧ឆ្នាំ។ ប៉ុន្តែរបបយោធាថៃ មិនបានរឹបអូស ប្លន់យកទៅលក់ដូចមេដឹកនាំផ្តាច់ការ ហ៊ុន សែន ដែលបានធ្វើមកលើសម រង្ស៊ី យ៉ាងកំរោល ហ្នឹងគេហៅថាអ្នកនយោបាយសងសឹកខ្មែរគ្នាឯង“ ។
ចំណែកអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំងម្នាក់ទៀត ដែលជាសហការីលោកសម រង្ស៉ីដែរ គឺលោកសោ ចាន់ដេត ដែលកំពុងរស់និរទេសនៅប្រទេសកាណាដា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ថា នៅប្រទេសថៃ មេដឹកនាំនយោបាយ គេមិនយកគ្នាជាខ្មាំងសត្រូវ គេគិតប្រយោជន៍ជាតិជាធំ ឯនៅកម្ពុជា មេដឹកនាំនយោបាយយើង គិតគ្រួសារ បក្ខពួកជាធំ ។ គណបក្សប្រឆាំង ពិតជាចង់បញ្ចប់ណាស់នូវនយោបាយសងសឹកខ្មែរគ្នាឯង តែបក្សកាន់អំណាច មិនព្រមបញ្ចប់ ។
លោកសោ ចាន់ដេត បានមានប្រសាសន៍ថា “វាជាការផ្ទុយគ្នាហើយ ពីព្រោះរឿងនៅស្រុកសៀម ទោះបីយ៉ាងម៉េចយ៉ាងម៉ាក៏គេគិតជាតិគេ ក៏គិតឈាមរបស់គេ គេមិនយកគ្នាជាសត្រូវ ជាខ្មាំងទេ គេគិតផលប្រយោជន៍ជាតិជាធំ មិនដូចស្រុកយើង គឺថារឿងបុគ្គល រឿងផ្ទាល់ខ្លួន គឺហ៊ុន សែន គាត់អត់គិតអំពីមុខមាត់ប្រទេសជាតិ គាត់អត់គិតក្នុងនាមជាខ្មែរដូចគ្នាអីទេ គាត់គិតថា គ្រួសារគាត់ គាត់ចាត់ទុកប្រទេសកម្ពុជា គឺជាកម្មសិទ្ធិរបស់គាត់ ។ អ៊ីចឹងគាត់អត់ខ្វាយខ្វល់ថា អ្វីដែលគាត់បានចាត់វិធានការ ប្រើតុលាការគាត់ទៅរឹបអូសផ្ទះសម រង្ស៊ី ផ្ទះផ្សេងៗទៀតហ្នឹង គឺក្នុងន័យព្រៃផ្សៃ ឬហៅថាជាចោរព្រៃ តាំងខ្លួនជាមេដឹកនាំ អ្នកនយោបាយគិតរឿងប្រទេស រឿងប្រជាពលរដ្ឋ រឿងផ្សះផ្សាជាតិ អត់ទេ! គាត់ហាក់បីដូចជាមេកន្រ្ទាញមួយ ដែលគាត់វ៉ៃច្បាំងយកប្រទេសកម្ពុជា បានហើយ ហើយគាត់យកអាហ្នឹងធ្វើជាជ័យភណ្ឌរបស់គាត់ ព្រោះប្រវត្តិដែលហ៊ុន សែន ដឹកនាំប្រទេស គាត់មិនមែនដឹកនាំស្រុកដោយចំណេះដឹង ដូចពួកថៃ ពួកអី គេបានដោយសារបោះឆ្នោត ទោះបីអាការបោះឆ្នោតហ្នឹងវាយ៉ាងម៉េច រដ្ឋប្រហារយ៉ាងម៉េច ក៏ប៉ុន្តែពួកហ្នឹងសុទ្ធតែមានចំណេះដឹង គេគិតពីជាតិ គិតពីគុណធម៌នៃសាច់ឈាមនឹងគ្នា តែយើងខុសគ្នាស្រឡះ យើងរកនិយាយអីមិនកើត ប្រៀបធៀបមិនកើតទេ” ។
លោកសោ ចាន់ដេត បន្តថា “អ៊ីចឹងទាក់ទងដល់រឿងបញ្ចប់នយោបាយសងសឹកខ្មែរគ្នាឯង និយាយទៅ សម្រាប់ពួកយើងអ្នកប្រជាធិបតេយ្យ យើងមិនដែលយកខ្មែរណាម្នាក់គឺជាខ្មាំងទេ ហើយយើងមិនមែនគ្រាន់តែនិយាយទេ យើងបានធ្វើទៅហើយ ទោះបីយើងមិនទាន់បានដឹកនាំប្រទេសក៏ដោយ ។ ឧទាហរណ៍ដូចពលរដ្ឋខ្មែរយើង មកស្រុកក្រៅនេះ ខ្ញុំគ្រាន់តែជម្រាបឲ្យដឹងត្រួសៗ តែខ្ញុំមិនរៀបរាប់ឈ្មោះ ហើយមិននិយាយវែងអន្លាយទេ ពួកដែលមាននិន្នាការគណបក្សប្រជាជន មកនៅស្រុកក្រៅច្រើនណាស់ មកសុំសិទ្ធិរស់នៅនេះ គ្នាមិនដឹងធ្វើម៉េច ហើយគ្នាចង់ឲ្យជួយការពារ យើងជួយ! យើងដឹង! ថាអ្នកហ្នឹងខ្សែអ្នកនេះ ប៉ុន្តែយើងមិននិយាយទេ យើងអត់មានគិតថា អ្នកហ្នឹងខាងនេះ ខាងនោះ ធ្វើម៉េចមនុស្សមកដល់នេះ គ្នាចង់រស់ ត្បិតអីគ្នាគាំទ្រខាងនោះ ម៉ែឪខាងនោះមែនពិត តែគ្នារស់នោះមិនស្រួល ។ អ៊ីចឹងអាហ្នឹងហើយគឺជាឧទាហរណ៍មួយតូច មិននិយាយរឿងអីផ្សេងទៀតទេ ។ ប៉ុន្តែដោយឡែក ហ៊ុន សែន នេះ គាត់មិនជាមេដឹកនាំដែលចង់ផ្សះផ្សាជាតិ ។ អ៊ីចឹងរកនិយាយថា បញ្ចប់អាហ្នឹង បញ្ចប់ម៉េចកើត? បើចង់បញ្ចប់កើត លុះត្រាភាគីទាំងសងខាង ។ អ៊ីចឹងជឿជាក់ថា មានតែអត់ហ៊ុន សែន ទេ ឲ្យតែអត់ហ៊ុន សែន ខ្មែរគ្មានអ្នកណាយកគ្នាជាសត្រូវ សូម្បីតែខ្មែរក្នុងគណបក្សប្រជាជន ក៏ដោយ ខ្ញុំជឿថា មានតែហ៊ុន សែន មួយទេ ។ អ៊ីចឹងជម្រើសតែមួយគត់ យើងធ្វើយ៉ាងម៉េចឲ្យអត់ត្រកូលហ៊ុន ហ្នឹង គឺចប់ហើយ ខ្មែរលែងឈ្លោះគ្នា ខ្មែរលែងយកគ្នាជាខ្មាំងសត្រូវ ដូចហ៊ុន សែន អ៊ីចឹងទៀតហើយ“ ។
ទោះបីយ៉ាងណា លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ថា អ្វីដែលជាអំណោយផលដល់ខ្លួន គឺក្រុមឧទ្ទាមក្រៅច្បាប់ ចូលចិត្តយកមកប្រៀបធៀប និងអូសទាញការដឹកនាំរបស់រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ឲ្យធ្វើតាមគេ ដូចជាកន្លងមក ឲ្យធ្វើតាមលោកស្រីអោងសាន ស៊ូជី មេបក្សប្រឆាំងភូមា ជាដើម ហើយឥឡូវនេះ ឲ្យធ្វើតាមករណីលោកថាក់ស៊ីន អតីតនាយករដ្ឋមន្រ្តីថៃ ។ ប៉ុន្តែករណីទណ្ឌិតសម រង្ស៊ី និងករណីលោកថាក់ស៊ីន វាខុសគ្នា មិនអាចយកប្រៀបធៀបគ្នាបានទេ ។
លោកសុខ ឥសាន បានមានប្រសាសន៍ថា “អ្វីដែលជាអំណោយផលដល់ខ្លួន គឺក្រុមឧទ្ទាមក្រៅច្បាប់ចូលចិត្តយកមកប្រៀបធៀប ហើយនិងអូសទាញការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនហ្នឹងឲ្យធ្វើតាមគេ ដូចជាអ្នកស្រីអោងសាន ស៊ូជី ដែលគាត់ទទួលជាប់ពន្ធនាគារ រាប់សិបឆ្នាំមកហើយនេះ ក៏ទណ្ឌិតសម រង្ស៊ី យកខ្លួនទៅប្រៀបជាមួយនឹងលោកស្រីអោងសាន ស៊ូជី ។ ឥឡូវចង់រួចខ្លួន គាត់មកប្រៀបធៀបអំពីជីវិតនយោបាយរបស់លោកថាក់ស៊ីន ដែរ ។ អាហ្នឹងយើងមិនអាចទៅរួចទេ ពីព្រោះក្នុងករណីទណ្ឌិតមេឧទ្ទាមក្រៅច្បាប់នេះ តុលាការបានកាត់ទោសជាច្រើនដងមកហើយ រហូតទៅដល់បូកសរុបទៅ វាជាង១៦០ឆ្នាំ ក្នុងការជាប់ពន្ធនាគារ ។ ដូច្នេះករណីទណ្ឌិតសម រង្ស៊ី ហើយនិងករណីលោកថាក់ស៊ីន នេះ វាខុសគ្នា ។ ខុសគ្នា គឺលោកថាក់ស៊ីន និយាយរួម គេបំបរបង់គាត់ ដេញគាត់មិនឲ្យចូលស្រុក ដោយសារអី? ដោយសារគាត់អត់មានធ្វើកំហុសអី ពីព្រោះគាត់ទទួលបានការគាំទ្រពីឆន្ទៈប្រជាពលរដ្ឋថៃ ភាគច្រើន ។ អ៊ីចឹងទេ អានេះវាជាទម្រង់រដ្ឋប្រហារ ក៏ប៉ុន្តែនៅកម្ពុជា អត់មានរដ្ឋប្រហារទេ ទណ្ឌិតសម រង្ស៊ី មានដែលឈ្នះឆ្នោត? ហើយគណបក្សប្រជាជន មានដែលផ្ដួលគាត់ដោយការបណ្ដេញគាត់ដោយកម្លាំងអាវុធឯណា? អត់ទេ! អាហ្នឹងគាត់ធ្វើខុសច្បាប់ ដោយខ្លួនឯង ។ អ៊ីចឹងទេ ការដែលបែកបាក់និងអន្តរាយរបស់អតីតបក្សប្រឆាំង គឺកើតឡើងពីនយោបាយបំបែកបំបាក់ខ្លួនឯងទេ“ ៕ កុលបុត្រ