ប្រទេសរុស្ស៉ី ៖ ទាហានរុស្ស៊ី ៦៥នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយរ៉ុក្កែត របស់អ៊ុយក្រែន បន្ទាប់ពីពួកគេត្រូវបានបញ្ជាឱ្យតម្រង់ជួរនិងដង្ហែក្បួន ដើម្បីត្រួតពល ដោយមេទ័ពកំពូល ឧត្តមសេនីយ៍ទោ អូឡេក ម៉ូអ៊ីស៊ីវ (Oleg Moiseev) អាយុ ៤៩ឆ្នាំ។
ទាហាន អ៊ុយក្រែន មានការស៊ើបអង្កេតយ៉ាងច្បាស់អំពីការជួបជុំរបស់កងទ័ពរុស្ស៉ី ជាមួយលោកអូឡេក ម៉ូអ៊ីស៊ីវ មេបញ្ជាការកងពលទី២៩ នៃតំបន់យោធាភាគខាងកើត និងជាវីរបុរសនៃអ្នកឃោសនាគាំទ្រលោកប្រធានាធិបតី ពូទីន។

ការវាយប្រហាររបស់កងទ័ពអ៊ុយក្រែន ដ៏ជាក់លាក់ ត្រូវបានរាយការណ៍ដោយប្រភពរុស្ស៊ី ថាបានវាយប្រហារមួយភ្លែត មុនពេលមេទ័ពធំ ទៅដល់កន្លែងកើតហេតុ ដោយបានបំផ្លិចបំផ្លាញទីតាំង និងបណ្តាលឱ្យទាហាន ៦៥នាក់ បានស្លាប់ និងមនុស្សរាប់សិបនាក់ទៀត រងរបួស។
យោងតាមមេបញ្ជាការកងទ័ពអាកាស លោក មីកូឡា អូឡេសឈុក (Mykola Oleshchuk) ឲ្យដឹងថា អ៊ុយក្រែន អះអាងថាបានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី Su-34 មួយទៀត។
ករណីដ៏រន្ធត់នៃកាវាយប្រហារនេះ ត្រូវថតបានដោយអ្នកនៅរស់រានមានជីវិត បង្ហាញពីសាកសពទាហានរុស្ស៉ី រាប់សិបនាក់ បានដេកស្លាបរដូករណែលពាសពេញវាលដែលពោរពេញដោយភ្លើងឆេះ បន្ទាប់ពីការវាយប្រហារ។

មានការស្តីបន្ទោសផ្ទាល់ខ្លួនចំពោះឧត្តមសេនីយ៍អូឡេក ម៉ូអ៊ីស៊ីវ មេបញ្ជាការយោធារុស្ស៉ីថា គាត់បានបង្កើតការប្រជុំពលនេះ ធ្វើឲ្យទាហាន ៦៥នាក់ ត្រូវបានសម្លាប់។
អ្នកយកព័ត៌មានសង្គ្រាម លោកអែនដ្រេយ៍ រូដេនកូ (Andrey Rudenko) បានស្តីបន្ទោសមេបញ្ជាការ អូឡេក ម៉ូអ៊ីស៊ីវ សម្រាប់ការតម្រង់ជួរកងទ័ពរបស់ពួកគេ នៅជិតតំបន់សមរភូមិជួរមុខ ដែលមានប្រូបាបខ្ពស់ណាស់ ក្នុងការទទួលគ្រាប់រ៉ុក្កែត របស់សត្រូវ។
អ្នកនយោបាយគាំទ្រវិមានក្រឹមឡាំង ដ៏លេចធ្លោ លោកវ្ល៉ាឌីមៀរ រ៉ូកូវ បានហៅករណិនេះថា ជាការអនុវត្តឧក្រិដ្ឋកម្មនៃការដង្ហែក្បួនទាហាន នៅចំពោះមុខមេបញ្ជាការ នៅក្នុងដែនដីដែលបំពាក់ដោយមីសស៊ីល ។ ទាហានដែលស្លាប់ជាច្រើននាក់ មកពីតំបន់ត្រាន់ស៍ បៃកាល់ (Trans Baikal) នៃស៊ីបេរី។
អាជ្ញាធរនៅទីនោះ បានព្យាយាមបញ្ឈប់ការផ្សព្វផ្សាយរបាយការណ៍អំពីការសម្លាប់រង្គាលលើជនរងគ្រោះជាទាហាន។

ប្រព័ន្ធកាំភ្លើងធំចល័ត (HIMARS) គឺជាឧបករណ៍បាញ់ដោយខ្លួនឯង បំពាក់ដោយកាំជ្រួចរ៉ុក្កែត ដែលអាចបាញ់បានច្រើនប្រភេទ។ គេអាចបាញ់រ៉ុក្កែត ចំនួន ៦គ្រាប់ជាប់ៗគ្នា ដែលអាចឱ្យអ៊ុយក្រែន វាយប្រហារយ៉ាងជ្រៅ ទៅក្នុងទឹកដីកាន់កាប់របស់រុស្ស៊ី និងជាគ្រោះថ្នាក់ដ៏ធំមួយរបស់ទាហានរុស្ស៉ី៕