ខេត្តព្រះសីហនុ ៖ បុរសជាជនស៊ីវិលម្នាក់ បានជិះម៉ូតូ ១គ្រឿង ពាក់ស្លាកលេខ នគរបាល ប៉ុន្តែមិនមានបំពាក់កញ្ចក់ និងថែមទាំងមិនពាក់មួកសុវត្ថិភាពទៀតផង លុះត្រូវបានអ្នកដំណើរប្រទះឃើញ ថតរូបភាពបង្ហោះចូលបណ្តាញសង្គម ធ្វើឱ្យមានការចែករំលែក និងបញ្ចេញមតិ រិះគន់យ៉ាងខ្លាំង ដោយយល់ថា បុរសខាងលើ គឺជាសមត្ថកិច្ច ជិះម៉ូតូពាក់ស្លាកលេខនគរបាល តែមិនគោរពច្បាប់ចរាចរណ៍។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ គណនីហ្វេសប៊ុកឈ្មោះ «ប្រជាជនខេត្តព្រះសីហនុ» បានបង្ហោះរូបភាព ១សន្លឹក បង្ហាញពីបុរសម្នាក់ ស្លៀកពាក់ស៊ីវិល ជិះម៉ូតូពាក់ស្លាកលេខនគរបាល គ្មានកញ្ចក់ និងគ្មានមួកសុវត្ថិភាព កំពុងធ្វើដំណើរលើដងផ្លវ ក្នុងមូលដ្ឋានក្រុងព្រះសីហនុ និងភ្ជាប់ជាមួយសំណេរថា “លោកប៉ូលិសគំរូ សូមស្នងការដ្ឋាននគរបាលខេត្តជួយពិនិត្យមើលផង គាត់ជាមន្ត្រីនគរបាលទេ? បើគាត់ជាមន្ត្រី តើគាត់ចេះច្បាប់ទេ? បើមិនមែន តើបានស្លាកលេខនេះមកពីណា ? មួកក៏គ្មាន កញ្ចក់ក៏គ្មាន…”។
ក្រោយមានការចែកចាយរូបភាពក្នុងបណ្តាញសង្គម ធ្វើឱ្យផ្ទុះការរិះគន់ និងស្នើឱ្យជួយស្វែងរកអត្តសញ្ញាណបុរសខាងលើ ទីបំផុតបុរសខាងលើ ព្រមស្ម័គ្រចិត្តចេញមុខមកទទួលខុសត្រូវ និងព្រមផាកពិន័យតាមផ្លូវច្បាប់។
លុះមកដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ គណនីហ្វេសប៊ុក «ប្រជាជនខេត្តព្រះសីហនុ» បានបង្ហោះរូបភាពបុរសដែលជិះម៉ូតូពាក់ស្លាកលេខ នគរបាល គ្មានមួក គ្មានកញ្ចក់ខាងលើ ដែលបានចូលខ្លួនបង់ពិន័យ និងធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ច រួចបញ្ជាក់ថា “បុគ្គលដែលជិះម៉ូតូ ស្លាកលេខ (នប) នោះ គឺមិនមែនជាមន្ត្រីនគរបាលទេ និងបានស្ម័គ្រចិត្តចូលខ្លួនទទួលខុសត្រូវ និងទទួលការផាកពិន័យ។ ក្នុងគោលដៅធានាបាននូវភាពស្មើគ្នាចំពោះមុខច្បាប់ សមត្ថកិច្ចជំនាញបានស្រាវជ្រាវ និងបានរកឃើញបុគ្គលដែលប្រើប្រាស់ម៉ូតូស្លាកលេខ (នប) ដែលតាមការបញ្ជាក់ បុគ្គលរូបនេះ គឺមិនមែនជាមន្ត្រីសមត្ថកិច្ចនោះទេ បានខ្ចីម៉ូតូមិត្តភក្តិជាមន្ត្រីជិះ ដោយមិនបានយកមួកសុវត្ថិភាពមកពាក់ ហើយម្ចាស់ម៉ូតូ បានបញ្ជាក់រឿងពាក់មួកនេះដែរ តែដោយសារគិតថា ជិះជិតៗទៅទិញម្ហូប ទើបមិនបានពាក់មួកសុវត្ថិភាព…”។

ដោយឡែក កិច្ចសន្យារបស់បុរសខាងលើ បានបញ្ជាក់ថា «ខ្ញុំបាទជាប្រជាពលរដ្ឋឈ្មោះជាន សុខហេង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបើកបររថយន្ត មានលំនៅ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ប្រហែល៩ជាង ខ្ញុំបាទជាអ្នកបើកបរម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ នគបាល 1A-1233 ដែលខ្ញុំបាទបានខ្ចីពីម្ចាស់ម៉ូតូ ឈ្មោះជា ច័ន្ទសុភា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនគរបាលនៅរាជធានីភ្នំពេញ នៅពេលដែលខ្ញុំខ្ចីម៉ូតូពីគាត់ គាត់ក៏មានមួកការពារ វត្ថិភាពដែរ ប៉ុន្តែខ្ញុំមិនបានយកមកពាក់ ដោយសារពេលនោះ ខ្ញុំគិតថាបើកម៉ូតូរកទៅទិញបាយហូប នៅជិតហ្នឹងបន្តិច។ ក្រោយពេលខ្ញុំទិញបាយ និងហូបបាយរួច ខ្ញុំក៏បានឡើងមកភ្នំពេញ ធ្វើការធម្មតា លុះពេលមកដល់ភ្នំពេញ វេលាម៉ោងប្រហែល១៩ជាងយប់ ខ្ញុំបាទក៏បានដឹងតាមបណ្តាញសង្គម ហ្វេសប៊ុក ថារូបខ្ញុំត្រូវបានគេថតរូបភាពពេលកំពុងបើកបរម៉ូតូពាក់ផ្លាកលេខនគរបាល មិនពាក់មួកការពារសុវត្ថិភាពបង្ហោះតាមបណ្តាញសង្គម ហ្វេសប៊ុក ក្រោយពេលដឹងពីពត៌មាននេះរួច រូបខ្ញុំក៏បានស្ម័គ្រចិត្តចូលមកធ្វើការផាកពិន័យតាមអំពើល្មើសច្បាប់ស្តីពីចរាចរចរាចរណ៍ផ្លូវគោក របស់ខ្ញុំ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
ខ្ញុំបាទសូមសន្យាចំពោះមុខសមត្ថកិច្ចដូចខាងក្រោម ៖
១- ខ្ញុំបាទសូមសន្យាមិនប្រព្រឹត្តកំហុសបែបនេះជាលើកទី២ទេ
២- ខ្ញុំបាទសូមសន្យាបើកបរយានយន្តគ្រប់ប្រភេទ ត្រូវតែគោរពច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា

ក្នុងករណីថ្ងៃខាងមុខ ខ្ញុំបាទមិនបានអនុវត្តទៅតាមខ្លឹមសារសន្យាខាងលើ ខ្ញុំបាទព្រមទទួលខុសត្រូវតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងច្បាប់ផ្សេងៗក្នុងព្រះរាជាណាចក្រកម្ពុជា ដោយឥតប្រកែកតវ៉ាឡើយ»៕