ខេត្តព្រៃវែង ៖ មន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះពិនិត្យស្ថានភាពស្រូវដែលរងការបំផ្លាញពីសត្វល្អិតចង្រៃ (សត្វមមាចត្នោត ដង្កូវមូរស្លឹក និងមុស្សផ្លុង) ប្រមាណជាង៤០ហិកតារ ស្ថិតនៅភូមិត្បូងក្តី ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ការចុះពិនិត្យស្រូវប្រាំងដែលរងការបំផ្លាញ់ដោយសត្វល្អិតនេះ មានការចូលរួមពីក្រុមប្រឹក្សាឃុំដំរីពួន និងប្រជាកសិករដែលមានស្រែរងការបំផ្លាញពីសត្វល្អិតចង្រៃផងដែរ។

លោកអ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឱ្យដឹងថា ក្រោយពីចុះពិនិត្យស្រូវ មន្ត្រីជំនាញសង្កេតឃើញថា ស្រូវដែលរងការបំផ្លាញខ្លាំងជាងគេ គឺដង្កូវមូរស្លឹក និងមុស្សផ្លុង រីឯមមាចត្នោតមិនមានច្រើនដូចការរាយការណ៍នោះទេ។

លោកអ៊ុក សំណាង បានបញ្ជាក់ថា ដំណោះស្រាយជាបឋម មន្ត្រីជំនាញបានអូសរនាស់បំបែកសំបុកដង្កូវមូរ ស្លឹក និងបំបាក់ដើមផ្លុង ដើម្បីឱ្យខ្នែងថ្មីដុះឡើងវិញ និងប្រើប្រាស់ប្រេងម៉ាស៊ូត ពី ១,៥លីត្រ ទៅ២លីត្រ ក្នុង១ហិកតារ ព្រមទាំងកាត់បន្ថយការប្រើប្រាស់ពូជស្រូវ និងកាត់បន្ថយការប្រើប្រាស់ជីអ៊ុយរ៉េ កាត់បន្ថយការប្រើថ្នាំពុលកសិកម្ម មិនត្រឹមត្រូវ នៅពេលមិនទាន់មានសត្វល្អិតចង្រៃ នាំឱ្យមានភាពស៊ាំនឹងថ្នាំ។

ក្រៅពីវិធានការទាំងខាងលើនេះ មន្ត្រីជំនាញបានណែនាំបន្ថែម ស្តីពីការធ្វើឱ្យសត្វល្អិតចង្រៃកើនឡើង និងកត្តាអាកាសធាតុផងដែរ៕

