ភ្នំពេញ ៖ ដោយសារកំណើនអ្នកជំងឺគ្រុនឈាម មានការកើនឡើងគួរឱ្យព្រួយបារម្ភនោះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកអង្គប្រជុំមួយ ជាមួយមន្ទីរសុខាភិបាល មន្ទីរពាក់ព័ន្ធ និងអភិបាលខណ្ឌទាំង១៤ ដើម្បីបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់សត្វមូស កាត់បន្ថយឱ្យបាននូវការរីករាលដាលនៃជំងឺគ្រុនឈាម។

នៅក្នុងកិច្ចប្រជុំរៀបចំផែនការបាញ់ថ្នាំសម្លាប់មូស នៅតាមមូលដ្ឋានសង្កាត់ ក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងពលតូចលេខ៧០ ដែលតែងតែបានជួយប្រជាពលរដ្ឋលើវិស័យសុខា ភិបាលកន្លងមក។

លោកឃួង ស្រេង បានបន្តថា អនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការទាំងអស់ ត្រូវឈឺឆ្អាលពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយតាមរយៈការងារកន្លងមក គឺពិតជាបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។ តាមរយៈរបាយការណ៍ ដែលបានបង្ហាញជំងឺគ្រុនឈាម បានកើតគួរឱ្យព្រួយបារម្ភ ដែលទាមទារឱ្យយើងគ្រប់គ្នាមានវិធានការដោះស្រាយ ពិសេសគឺអនុវត្តវិធានការបាញ់ថ្នាំមូស នៅក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅ តាមប្រឡាយ ឬទីតាំងដែលជជម្រកមូសខ្លា និងការប្រើប្រាស់ថ្នាំអាបែត សម្លាប់ដង្កូវទឹក ជាដើម។

លោកអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវចុះពិនិត្យមើលមូលដ្ឋានរបស់ខ្លួន ពិសេសចំពោះទីតាំងដែលបង្កលក្ខណៈឱ្យមូស អាចរស់នៅបាន ដើម្បីមានវិធានការកម្ចាត់មូសទាំងនោះ។ មន្ទីរសុខាភិបាល ត្រូវតែដើរតួយ៉ាងសំខាន់ ក្នុងការធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅលើវិស័យសុខាភិ បាល ពោលគឺធ្វើយ៉ាងណាកុំឱ្យជំងឺគ្រុនឈាម កើនឡើងថែមទៀត។

លោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅ៦សប្តាហ៍កន្លងមកនេះ ជំងឺគ្រុនឈាម បានឆ្លងរាលដាល ចំនួន១០០០នាក់ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

ជុំវិញបញ្ហានេះ ក្រោយពីមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសុខាភិបាល នឹងបែងចែកក្រុមការងារ ជា៤ក្រុម ដើម្បីចុះបាញ់ថ្នាំសម្លាប់សត្វមូស ដោយដំបូងន នឹងបាញ់ថ្នាំសម្លាប់មូស នៅខណ្ឌចំនួន៤ មាន ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល ដោយចាប់អនុវត្តកិច្ចការ ងារនេះ ចាប់ពីថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ទៅ៕