Thursday, February 27, 2025
Homeព័ត៌មានអន្តរជាតិ ហ្សេឡេនស្គី ទម្លាយថា ទាហានអ៊ុយក្រែន ស្លាប់ជាង៣ម៉ឺននាក់ ក្នុងសង្គ្រាម ជាមួយរុស្ស៉ី

 ហ្សេឡេនស្គី ទម្លាយថា ទាហានអ៊ុយក្រែន ស្លាប់ជាង៣ម៉ឺននាក់ ក្នុងសង្គ្រាម ជាមួយរុស្ស៉ី

អ៊ុយក្រែន ៖ លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន បានទម្លាយថា ទាហានអ៊ុយក្រែន ចំនួន ៣១ ០០០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីសង្គ្រាមជាមួយរុស្ស៊ី បានចាប់ផ្តើមកាលពីពីរឆ្នាំមុន។

ទីភ្នាក់ងារសារព័ត៌មានបរទេស រាយការណ៍នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថា លោក ហ្សេឡេនស្គី ប្រធានាធិប តីអ៊ុយក្រែន បានបង្ហាញនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ថាគាត់នឹងធ្វើបច្ចុប្បន្នភាពចំនួនទាហានអ៊ុយក្រែន ដែលត្រូវបានសម្លាប់ ឆ្លើយតបនឹងតួលេខបំផ្លើសរបស់រុស្ស៊ី ដែលបានលាតត្រដាងពីមុនមក។

លោកហ្សេឡេនស្គី បានបញ្ជាក់ថា ទាហានអ៊ុយក្រែន ៣១ ០០០នាក់ បានស្លាប់នៅក្នុងសង្រ្គាមនេះ មិនមែន ៣០០ ០០០ ឬ ១៥០ ០០០នាក់ ដូចអ្វីដែលលោកវ៉្លាឌីមៀរ ពូទីន និងអ្នកភូតកុហកនិយាយនោះទេ។ ប៉ុន្តែការបាត់ បង់ជីវិតនីមួយៗ វាជាការខាតបង់ដ៏ធំមួយសម្រាប់ប្រទេសរបស់លោក។ យ៉ាងណា លោកហ្សេឡេនស្គី បានបន្ថែមថា លោកនឹងមិនបង្ហាញពីចំនួនអ្នករបួសទេ ព្រោះវានឹងជួយឱ្យរុស្ស៊ី មានផែនការ។

នៅពេលនិយាយអំពីការខាតបង់ ក្រៅពីបុគ្គលិកយោធា លោកហ្សេឡេនស្គី បាននិយាយថា  ជនស៊ីវិល រាប់ម៉ឺននាក់ បានស្លាប់នៅក្នុងប្រទេសអ៊ុយក្រែន ដែលកាន់កាប់ដោយរុស្ស៊ី ប៉ុន្តែលោកមិនដឹងចំនួនពិតទេ។

លោកហ្សេឡេនស្គី និយាយថា «ខ្ញុំមិនដឹងថាមានមនុស្សប៉ុន្មាននាក់បានស្លាប់ ប៉ុន្មាននាក់ត្រូវបានគេសម្លាប់ ប៉ុន្មាននាក់ត្រូវបានគេធ្វើទារុណកម្ម និងប៉ុន្មាននាក់ត្រូវនិរទេស»។

វាមិនមែនជាញឹកញាប់ទេ ដែលអ៊ុយក្រែន បញ្ចេញតួលេខការខាតបង់យោធារបស់ខ្លួន នៅក្នុងសង្គ្រាម ខណៈ ពេលដែលប្រទេសផ្សេងទៀត ការប៉ាន់ស្មានចំនួនអ្នកស្លាប់នៅអ៊ុយក្រែន គឺខ្ពស់ជាងការបង្ហាញ។ គិតត្រឹមខែសីហា ឆ្នាំ២០២៣ មន្ត្រីអាមេរិក បានប៉ាន់ស្មានថា ទាហានអ៊ុយក្រែន ជាង ៧០ ០០០នាក់ បានស្លាប់ ចាប់ តាំងពីសង្គ្រាមបានចាប់ផ្តើម និងមានអ្នករបួសចំនួន ១២០ ០០០នាក់។

លោកហ្សេឡេនស្គី ក៏បានប៉ាន់ប្រមាណការខាតបង់របស់រុស្ស៊ី ផងដែរ ដោយលោកបាននិយាយថា ទាហានរុស្សី ១៨០ ០០០នាក់ បានស្លាប់ និងរាប់ម៉ឺននាក់ទៀត រងរបួស។

ទីភ្នាក់ងារព័ត៌មានជាភាសារុស្សី របស់ BBC នៅក្នុងគម្រោងមួយជាមួយ Mediazona បានចេញផ្សាយឈ្មោះទាហានរុស្ស៊ី ៤៥ ០០០នាក់ ដែលបានស្លាប់ ប៉ុន្តែចំនួនពិត ត្រូវបានគេជឿថាមានច្រើនជាងនេះ៕

RELATED ARTICLES