កូរ៉េខាងត្បូង ៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានកំណត់ឱសានវាទ ឲ្យវេជ្ជបណ្ឌិត រាប់ម៉ឺននាក់ ដែលបានធ្វើបាតុកម្ម រយៈពេលមួយសប្តាហ៍មកហើយនោះ ត្រូវតែចូលធ្វើការវិញ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បើមិនដូច្នោះទេ ពួកគេនឹងត្រូវទទួលទណ្ឌកម្ម។

ទីភ្នាក់ងារសារព័ត៌មានបរទេស បានរាយការណ៍ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋាភិបាលកូរ៉េខាងត្បូង បានដាក់ឱសានវាទ ឲ្យក្រុមវេជ្ជបណ្ឌិត ចូលធ្វើការវិញ នៅចុងខែកុម្ភៈ បើមិនដូច្នេះទេ អ្នកនឹងត្រូវទទួលទោស បន្ទាប់ពីពួកគេបានរួមគ្នាធ្វើបាតុកម្មតវ៉ា រហូតដល់ប៉ះពាល់ដល់ការព្យាបាលអ្នកជំងឺ ក្នុងមន្ទីរពេទ្យធំៗជាច្រើន។តាមស្ថិតិបានបង្ហាញបង្ហាញថា វេជ្ជបណ្ឌិតវ័យក្មេង ជាង ១០ ០០០នាក់ ឬ 80.5% នៃវេជ្ជបណ្ឌិតទាំងអស់ នៅ ក្នុងប្រទេសកូរ៉េខាងត្បូង កំពុងធ្វើកូដកម្ម ដើម្បីប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាល ក្នុងការបង្កើនចំនួននិស្សិតពេទ្យចូលរៀននៅសាលាវេជ្ជសាស្ត្រ ដើម្បីដោះស្រាយបញ្ហាកង្វះវេជ្ជបណ្ឌិត ហើយវេជ្ជបណ្ឌិតនិងគ្រូពេទ្យរដ្ឋ កាន់តែចាស់ច្រើន។

បាតុកម្មនេះ បានបង្ខំឱ្យមន្ទីរពេទ្យជាច្រើន បដិសេធទទួលអ្នកជំងឺ ពន្យារពេលការព្យាបាល និងសេវាកម្មមួយចំនួន ដូចជា ផ្នែកវះកាត់ និងការព្យាបាលមហារីក ត្រូវបានដកចេញកាលពីពេលថ្មីៗនេះ។
លោក លី សាងមីន (Lee Sang-min) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កូរ៉េខាងត្បូង បានបញ្ជាក់ថា ដោយពិចារណាលើស្ថានភាពធ្ងន់ធ្ងរ ដូច្នេះរដ្ឋាភិបាល សម្រេចចេញសំណើចុងក្រោយនេះ គឺដោយសារតែភាពចលាចលដែលកំពុងកើតមាននៅក្នុងមន្ទីរពេទ្យ និងសេវាសង្គ្រោះបន្ទាន់ វាបានកើនឡើងដល់កម្រិតគ្រោះថ្នាក់។

លោកលី សាងមីន និយាយថា “ប្រសិនបើអ្នកមិនត្រលប់ទៅមន្ទីរពេទ្យដែលអ្នកបោះបង់ចោលនៅថ្ងៃទី២៩ ខែ កុម្ភៈ មានន័យថា អ្នកមិនទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងនោះទេ។ សំឡេងរបស់អ្នកខ្លាំងបំផុត និងមានប្រសិទ្ធភាពបំផុត នៅពេលអ្នកនៅខាងអ្នកជំងឺ”។
កន្លងមក រដ្ឋាភិបាល បានព្រមានថា ចំណាត់ការផ្លូវច្បាប់ នឹងត្រូវចាត់វិធានការចំពោះវេជ្ជបណ្ឌិតដែលឈប់ពីការងារ ធ្វើកូដកម្ម ហើយមិនបានធ្វើតាមបញ្ជា ឱ្យត្រឡប់ទៅធ្វើការវិញ។ ការពិន័យ អាចរួមមានដំណើរការនីតិ វិធីតុលាការ ការចាប់ខ្លួន ការព្យួរការងារ និងការដកហូតអាជ្ញាប័ណ្ណវេជ្ជសាស្ត្រ។

ចំណែកក្រុមវេជ្ជបណ្ឌិត និងគ្រូពេទ្យដែលកំពុងធ្វើបាតុកម្មតវ៉ា ទាមទារឲ្យរដ្ឋាភិបាល ដោះស្រាយបញ្ហាប្រាក់ខែ និងលក្ខខណ្ឌការងារដល់ពួកគេ មុនពេលព្យាយាមបង្កើនចំនួនគ្រូពេទ្យថ្មី៕