ភ្នំពេញ ៖ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ កន្លងទៅ ក្រសួង បានចុះបញ្ជីយានយន្តសរុប ចំនួន ៦៥២ ១៦៣គ្រឿង ដោយរួមបញ្ចូលទាំងយានយន្តដើរដោយថាមពលអគ្គិសនី (EV) ចំនួន ៦០៤គ្រឿង។ ចំពោះយានយន្តដែលបានចុះបញ្ជីស្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន មានចំនួន ២៦ ៦៥៩គ្រឿង ហើយទទួលបានចំណូលសរុប ប្រមាណ ១៦លានដុល្លារ។

លោកប៉េង ពោធិ៍នា បានថ្លែងយ៉ាងដូចនេះ កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសបានអញ្ជើញបើក សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួង ដើម្បីពង្រឹងការអភិវឌ្ឍធនធានមនុស្ស គុណភាពសំណង់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំច្បាប់-បទដ្ឋានគតិយុត្ត ការផ្តល់សេវា និងការប្រើប្រាស់បច្ចេកវិទ្យានិងឌីជីថល នៅទីស្តីការក្រសួង ដោយមានការចូលរួមពីលោក លោកស្រី និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

លោករដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកញ្ជូន បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ កន្លងទៅនេះ ក្រសួងបានចុះបញ្ជីយានយន្តសរុបចំនួន ៦៥២ ១៦៣គ្រឿង ដោយរួមបញ្ចូលទាំងយានយន្តដើរដោយថាមពលអគ្គិសនី ចំនួន ៦០៤ គ្រឿងផងដែរ។ ចំពោះយានយន្តដែលបានចុះបញ្ជី ស្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន មានចំនួន ២៦ ៦៥៩គ្រឿង ហើយទទួលបានចំណូលសរុបប្រមាណ ១៦លានដុល្លារ។ យានយន្តដែលត្រូវបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) មានចំនួន ៦៥៦ ៩១៦គ្រឿង។
លោករដ្ឋមន្ត្រី បានថ្លែងថា បើគិតពីឆ្នាំ១៩៩០ ដល់ត្រឹមខែធ្នូ ឆ្នាំ២០២៣ យានយន្តបានចុះបញ្ជីសរុបមានចំនួន៧ ៥៦៣ ៣៩៥ គ្រឿង ក្នុងនោះមានយានយន្តអគ្គិសនី (EV) បានចុះបញ្ជី មានចំនួនសរុប ១៣៣៥គ្រឿង។ ក្រសួង ក៏បានសាងសង់ និងដាក់ឱ្យប្រើប្រាស់ស្ថានីយសាកថ្ម យានយន្តដើរដោយថាមពលអគ្គិសនី (EV) មានចំនួន ១៨ទីតាំង។

ចំពោះសមិទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០២៣ រួមមាន ទទួលបានការអនុម័តពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាព ចរាចរណ៍ផ្លូវគោកលើកទី២ ឆ្នាំ២០២១ -២០៣០។ បានបើកយុទ្ធនាការជិះម៉ូតូពាក់មួកសុវត្ថិភាព ក្នុងក្រុងសៀមរាប ៥០០មួក ជូនសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ និងបានចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនប្រជាពលរដ្ឋ បានចំនួន ៥ ៩៧៣ នាក់ បានចែកមួកសុវត្ថិភាពសរុប ៧០៤៤មួក និងស្ទិកឺរចំណាំងផ្លាត ប្រមាណ ១៣ម៉ឺនសន្លឹក ជូនប្រជាជនដោយឥតគិតថ្លៃ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

លោករដ្ឋមន្ត្រី បានបន្ថែមថា ចំពោះសមិទ្ធផលការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បច្ចេកទេស និងយានយន្តកែច្នៃខុស រួមមាន ៖ បានត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់ចំនួន ២ ៩២៧ ៩៤១គ្រឿង ក្នុងនោះយានយន្តពិន័យ (លើសទម្ងន់ចាប់ពី ៥ភាគរយឡើងទៅ) មានចំនួន ២ ២៤៧គ្រឿង ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស សរុបចំនួន ៣៧ ២៧៦គ្រឿង ក្នុងនោះពិនិត្យឃើញយានយន្តមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ចំនួន ៧ ៨១៣គ្រឿង៕
