Tuesday, May 21, 2024
Homeសង្គម និងជីវិតប្រពន្ធដើមពោះធំ៤ខែ ប្តីលួចសែនប្រពន្ធចុង

ប្រពន្ធដើមពោះធំ៤ខែ ប្តីលួចសែនប្រពន្ធចុង

កំពង់ស្ពឺ៖ អ្នកស្រីមិត្ត ខន អាយុ៥៥ឆ្នាំ រស់នៅភូមិព្រិច ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានរៀបរាប់ឱ្យដឹងថា  គាត់មានម្តាយឈ្មោះវិត ខុំ ឪពុកឈ្មោះខន ស្លាប់ទាំងពីរនាក់ជាច្រើនឆ្នាំមកហើយ។ គាត់មានបងប្អូន៦នាក់ (ប្រុស៣ ស្រី៣) រីឯប្អូនស្រីទី៣ម្នាក់ ដែលត្រូវប្តីស្ទាវ ក្បត់ចិត្តលួចទៅសែនព្រេនយកប្រពន្ធចុងនោះ មានឈ្មោះមិត្ត សុខឃី សព្វថ្ងៃអាយុ៣៦ឆ្នាំ។ ក្នុងចំណោមបងប្អូនស្រី២របស់គាត់ គ្រាន់តែធំពេញក្រមុំភ្លាម អាយុ១៨ឆ្នាំ មិនទាន់ផង​មានប្រុសលួចស្រលាញ់ នាំចាស់ទុំរបស់គេចូលស្តីដណ្តឹងរៀបការយកធ្វើជាប្រពន្ធ សាងសុភមង្គលគ្រួសារអស់ទៅហើយ លើកលែងតែប្អូនស្រីទី៤ម្នាក់នេះ មិនដឹងជាហេតុអ្វី គ្មានប្រុសណាម្នាក់ចាប់ចិត្តស្រលាញ់ ចូលដណ្តឹងយកធ្វើជាគូគាប់សោះ រហូតធ្វើឱ្យប្អូនស្រីរបស់គាត់ម្នាក់នេះ ក្លាយជាក្រមុំសៅកែប្រចាំភូមិ។

ស្ត្រីរូបនេះបន្តទៀតថា កាលពីឪពុកម្តាយរបស់គាត់នៅមានជីវិត ក៏ងឿងឆ្ងល់ពីរឿងប្អូនស្រីនេះដែរ ថែមទាំងបានពឹងពាក់គ្រូហោ ឱ្យជួយរាប់ដៃរាប់ជើងមើលពីដំណើរជីវិតរបស់ប្អូនស្រីម្នាក់នេះ ដោយជើងលេខឆ្លើយថា ប្អូនស្រីម្នាក់នេះ ត្រូវមន្តអាគម “ប្រខ្នាយ” របស់គេ ទើបបានជាគ្មានប្រុសស្រលាញ់បែបនេះ។ ប្រសិនបើចង់បន្សាបមន្តអាគមនេះ ទាល់តែរកឆ្អឹងខ្លាអណ្តែតយកមកពាក់ជាប់ក ប៉ុន្តែអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ក្រុមគ្រួសាររបស់គាត់រកមិនបានឆ្អឹងខ្លាអណ្តែត ម៉្យាងទៀត ឆ្អឹងសត្វកម្រនេះ មានតម្លៃខ្ពស់ណាស់ ក្រុមគ្រួសារគាត់មិនមានលទ្ធភាពទិញឡើយ ដែលជាហេតុធ្វើឱ្យប្អូនស្រីរូបនេះ រស់នៅគ្មានគូរហូតមក និងលេចឮពាក្យខ្សឹបខ្សៀវ មិនល្អពីនាងជាច្រើន ធ្វើឱ្យប្អូនស្រីរបស់គាត់ធុញទ្រាន់ និងតូចចិត្តវាសនារបស់ខ្លួនផង ក៏បានរត់ទៅសំងំធ្វើការងារក្នុងរោងចក្រកាត់ដេរ នៅទីក្រុងភ្នំពេញ ដោយសន្សំប្រាក់បានមួយចំនួនទៀតផង ក្នុងអំឡុងពេល៣-៤ឆ្នាំមុននេះ។

អ្នកស្រីមិត្ត សុខឃី និងលោកស្រស់ ឡោះ​ (ក្នុងថ្ងៃរៀបការ)

អ្នកស្រីខន បន្តទៀតថា ក្រោយពីទៅធ្វើការរស់នៅទីក្រុង និងមានលុយច្រើនក្រាស់ក្រែលជាប់ខ្លួន គាត់សង្កេតឃើញថា ប្អូនស្រីហាក់បីដូចជាខុសប្លែកពីមុន ដោយនាំមិត្តភក្តិប្រុសស្រីមកលេងផ្ទះជាបន្តបន្ទាប់ ជាពិសេសនៅថ្ងៃបុណ្យទាន និងថ្ងៃឈប់សម្រាក។ លុះពេលគាត់លួចសួរនាំ អ្នកស្រុកភូមិដែលទៅធ្វើការរោងចក្រជាមួយប្អូនស្រី ទើបដឹងថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយប្រុសស្ទាវម្នាក់ មានអាយុមិនដល់20ឆ្នាំផង យ៉ាងផ្អែមល្ហែម។ ពេលនោះគាត់ក៏បានហៅប្អូនស្រីមកសួរនាំ និងក្រើនរំលឹកផងដែរ ប្រយ័ត្នចាញ់បោកប្រុសស្ទាវម្នាក់នោះ ព្រោះប្រុសក្មេងកម្រនឹងមានចិត្តស្រលាញ់ស្មគ្រ័ស្មោះ ជាមួយស្រីចំណាស់ណាស់ ប៉ុន្តែប្អូនស្រីរបស់គាត់បានអះអាងថា ប្រុសស្នេហ៍របស់នាងពិតជាស្រលាញ់នាងដោយស្មោះស្ម័គ្រ។ ហើយក្រោយមក​ មិនយូរប៉ុន្មាន ប្អូនស្រីបាននាំប្រុសក្មេង ឈ្មោះស្រស់ ឡោះ អាយុ១៨ឆ្នាំ ជាសង្សាររបស់នាងមកស្រុកកំណើត ធ្វើពិធីរៀបការតូចតាចមួយ ក្រាបក្បាលដល់កន្ទេល យកគ្នាជាប្តីប្រពន្ធតែម្តង រួចក៏នាំគ្នាត្រឡប់ទៅធ្វើការនៅក្នុងទីក្រុងភ្នំពេញ វិញ។

ស្ត្រីជាបងរូបនេះបញ្ជាក់ថា នៅពេលប្តីប្រពន្ធប្អូនស្រីរួមរស់ជាមួយគ្នា គាត់មិនសូវជាដឹងសុខទុក្ខឡើយ ព្រោះពួកគេរស់នៅទីក្រុងរហូត ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុន ស្រាប់តែឃើញត្រឡប់មកផ្ទះតែម្នាក់ឯង ជាមួយទឹកមុខស្រពាប់ស្រពោន ព្រមទាំងយំក្តុកក្តួល រៀបរាប់ប្រាប់បងប្អូនថា នាងរួមរស់ជាមួយប្តីក្មេងនេះមានសេចក្តីសុខតិចតួចណាស់ ព្រោះប្តីក្មេងតែងដើរលេងផឹកស៊ីបាត់ៗ លួចមានស្រីញី និងដឹងតែចាំលាដៃសុំលុយពីប្រពន្ធចាយប៉ុណ្ណោះ។ ជាពិសេស អ្វីដែលធ្វើឱ្យនាងឆ្អែតចិត្តបំផុតនោះ គឺខណៈដែលនាងពោះធំ៤ខែ ស្រាប់តែប្តីក្មេងរករឿង បង្កជម្លោះជាមួយប្រពន្ធ ចោទថា នាងមានចិត្តមិនស្មោះជាមួយប្តី លួចទៅប្រវាស់កូនជាមួយប្រុសសហាយទៅវិញ រួចប្តីក្មេងរូបនេះក៏រត់ទៅសែនព្រេនយកប្រពន្ធចុងយ៉ាងរំភើយ ធ្វើឱ្យនាងឈឺចាប់ពើតផ្សា ទើបភ្ញាក់ខ្លួនដឹងថា ចាញ់បោកប្តីក្មេង។ ហើយគ្រាន់តែយំរៀបរាប់ប្រាប់រឿងរ៉ាវត្រូវប្តីក្បត់ចិត្តរួច ប្អូនស្រីរបស់គាត់បានជិះម៉ូតូត្រឡប់ទៅបន្ទប់ជួល ជិតកន្លែងធ្វើការនៅក្នុងទីក្រុងភ្នំពេញ បាត់ស្រមោល ធ្វើឱ្យបងប្អូនអាណិតប្អូនស្រីម្នាក់នេះ ខ្លោចចិត្ត ក៏ទូរស័ព្ទនិយាយទៅលើកទឹកចិត្តនាង មិនត្រូវអស់សង្ឃឹម គិតខ្លីធ្វើអត្តឃាតខ្លួនឡើយ។

ដោយឡែក នាងមិត្ត សុខឃី អាយុ៣៦ឆ្នាំ ជាសាមីខ្លួន និងលោកស្រស់ ឡោះ អាយុ១៨ឆ្នាំ ជាប្តី អ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំការបកស្រាយបន្ថែមបានទេ ប៉ុន្តែយើងនឹងរង់ចាំអ្នកទាំងពីរមកបកស្រាយគ្រប់ពេលវេលា។

នាងង៉ែត លី អាយុ21ឆ្នាំ បានឱ្យដឹងថា នាង អាណិតបងស្រីមិត្ត សុខឃឺ ណាស់ មិនគួរណាត្រូវ ប្តីក្មេងធ្វើបាបចិត្តយ៉ាងនេះឡើយ។ កាលដើមឡើយ នាងគិតថា ប្រហែលជាបងស្រីសុខឃី រកបានប្តីដែល ស្រលាញ់ខ្លួនពិតប្រាកដហើយ ព្រោះប្តីក្មេងនោះ សុខចិត្តមករៀបការជាមួយគាត់តាមប្រពៃណី ក្រាប ក្បាលដល់កន្ទេល តែដឹងអី! ក្រោយពីរួមរស់ជាមួយ គ្នា ប្រពន្ធពោះធំ4ខែ ស្រាប់តែប្តីជើងល្អនោះលួចទៅ សែនព្រេនយកប្រពន្ធថ្មីមួយទៀតបាត់ស្រមោល….៕    សុខ វណ្ណា 

នាងង៉ែត លី

 

RELATED ARTICLES