ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានប្រតិកម្មនឹងលោកប៉ា ងួនទៀង អតីតនាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) សព្វថ្ងៃកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក ដែលជាអតីតសហការីលោកកឹម សុខា កាលនៅជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានលើកឡើងចោទប្រកាន់ថា គណបក្ស ការពារឧកញ៉ាបោកលុយពលរដ្ឋ ។ ជាមួយគ្នានេះ អតីតសហ ការីលោកកឹម សុខា រូបនេះ បានស្នើដល់ពួកប្រឆាំង ជម្រះគំនិតតួឯក និងអ្នកក្លាហានលើអាកាស ងាកមករកផ្លូវរួបរួមគ្នា ដើម្បីជួយប្រជាពលរដ្ឋ។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅល្ងាចថ្ងៃទី២៩ ខែ កុម្ភៈ ឆ្នាំ២០២៤ ថា គណបក្សប្រជាជនកម្ពុជា អត់មានគោលការណ៍ការពារអ្នកដែលប្រព្រឹត្តខុសច្បាប់ទេ ទោះបីឋានៈតួនាទីណាក៏ដោយ មិនថាឧកញ៉ា ទោះបីជាសមាជិក សមាជិកា ឬមន្រី្តជាន់ខ្ពស់មួយចំនួន នៅក្នុងជួររាជរដ្ឋាភិបាល ក៏ដោយ បើសិនណាជាមានការប្រព្រឹត្តល្មើសច្បាប់ ត្រូវចាត់វិធានការផ្លូវច្បាប់ ដូចជាប្រជាពល រដ្ឋទូទៅដែរ ។ ដូច្នេះរាល់ការចោទប្រកាន់ទាំងឡាយណាដែលដាក់កំហុសមកលើគណបក្សប្រជាជនកម្ពុជា សុទ្ធតែរំលោភលើការពិតទាំងអស់ ។
លោកសុខ ឥសាន បានប្រសាសន៍ថា “ការនិយាយរបស់គាត់ហ្នឹង វាផ្ទុយអំពីការពិត ។ បងប្អូនឥស្សរជនណាដែលមានស្នាដៃ បរិច្ចាគថវិកា សម្ភារៈ ធនធាន ដើម្បីចូលរួមចំណែកនៅក្នុងការកសាង អភិវឌ្ឍប្រទេស ដែលមានស្នាដៃធំៗ អាហ្នឹងត្រូវបានទទួលព្រះរាជក្រឹត្យពីព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កំណត់ឥស្សរិយយស ឲ្យឋានៈជាឧកញ៉ា អ្នកឧកញ៉ា ។ល។ និង ។ល។ ដូច្នេះហើយ គឺជាកិត្តិយស ជាសេច ក្ដីថ្លៃថ្នូររបស់ឥស្សរជននោះ ដែលបានរួមចំណែកនៅក្នុងការកសាងប្រទេសជាតិ ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ។ អ៊ីចឹងទេ គឺថាមិនមែនផ្ដល់ឧកញ៉ាហ្នឹង ដើម្បីឲ្យប្រព្រឹត្តល្មើសច្បាប់ទេ ក៏ប៉ុន្តែដោយ ឡែកក្នុងចំណោមឧកញ៉ាទាំងឡាយនេះ ក៏វាមានមិនល្អមួយរយភាគរយទេ វាមានការខ្វះខាតដោយមួយចំនួនតូចទេ ក៏ប៉ុន្តែអ្នកមួយចំនួនតូចហ្នឹង គាត់មិនមានបុព្វសិទ្ធិអីថា ឲ្យតែអនុវត្តខុសហើយ គឺមិនទទួលខុសត្រូវចំ ពោះមុខច្បាប់ទេ ។ អ៊ីចឹងសាមីជនណាដែលជាឧកញ៉ា ឬអ្នកឧកញ៉ា ដែលប្រព្រឹត្តល្មើសច្បាប់ អាហ្នឹងលោកត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ហើយកន្លងទៅ យើងឃើញហើយ ឧកញ៉ាមួយចំនួនដែលប្រព្រឹត្តល្មើស ច្បាប់ ដូចជាបញ្ហាឆបោក ឬមិនអនុវត្តតាមកិច្ចសន្យាជាមួយអតិថិជន ឬមហាជននោះ អាហ្នឹងត្រូវទទួលខុសត្រូវហើយ គឺថាកន្លងទៅនេះ មានឧកញ៉ាមួយចំនួន ដែលអង្គភាពប្រឆាំងអំពើពុករលួយហ្នឹង ចាត់វិធានការ ដើម្បីនឹងឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ហ្នឹងឯង ។ ដូច្នេះមិនមែនមានន័យដូចដែលលោក ប៉ា ងួនទៀង និ យាយយ៉ាងដូច្នោះទេ ។ គណបក្សប្រជាជន អត់មានគោលការណ៍ការពារអ្នកដែលខុសច្បាប់ទេ ទោះបីឋានៈនាទីណាក៏ដោយ មិនថាឧកញ៉ា ទោះបីជាសមាជិក សមាជិកា ឬឯកឧត្ដមមួយចំនួននៅក្នុងជួររាជរដ្ឋាភិបាលក៏ដោយ បើសិនណាជាមានការប្រព្រឹត្តល្មើសច្បាប់ អាហ្នឹងត្រូវចាត់វិធានការផ្លូវច្បាប់ ដូចជាប្រជាពលរដ្ឋទូទៅដែរ“ ។
លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “យើងដឹងហើយថា គាត់ (ប៉ា ងួនទៀង) រត់ទៅនៅអាមេរិក រត់ទៅនៅកាណាដាហ្នឹង គាត់និយាយគឺថាវាផ្អែកទៅលើគំនិតមនោគមន៍វិជ្ជារបស់លោកខាងលិច ដែលប្រទេសគាត់រស់នៅហ្នឹងហើយ ។ អាហ្នឹងវាមានអីចម្លែក? ក្នុងចំណុចនេះ គ្មានពាក់ព័ន្ធនឹងគណបក្សប្រជាជនកម្ពុជា ទេ ដែលថាមានបណ្ដាញយុវជន ឬមួយក៏អ្នកប្រមូលលុយ ឬក៏អ្នកដែលឃោសនាដើម្បីឲ្យមានការប្រមូលពលករទៅធ្វើការនៅក្រៅប្រទេសហ្នឹង អាហ្នឹងជារឿងផ្ទៃក្នុងរបស់ក្រុមហ៊ុនគាត់ (ឧកញ៉ាឡេង ចាន់ណា) ទេ ។ ដូច្នេះមិនមានពាក់ព័ន្ធអីដល់គណបក្សប្រជាជនកម្ពុជា ទេ ។ បើថាគាត់ប្រមូលពលករទៅធ្វើការនៅក្រៅ អាហ្នឹងវាមានក្រសួងការងារគេ វាមានបណ្ដាញក្រសួងការងារគេ គេត្រួតពិនិត្យហើយ បើគាត់បើកក្រុមហ៊ុនប្រមូលពល ករ អាហ្នឹងត្រូវតែទទួលស្គាល់ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ អាហ្នឹងវាមានអ៊ីចឹង មិនមែនធ្វើតែ ឯងបានទេ គឺអនុវត្តតាមកិច្ចព្រមព្រៀងទទួលយកពលករពីបណ្ដាប្រទេស ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នេះ ជាសេនាធិការ ។ អ៊ីចឹងបើគាត់ធ្វើដោយឡែកសម្រា ប់តែក្រុមហ៊ុនគាត់ ហើយមានបណ្ដាញរបស់គាត់ អាហ្នឹងជារឿងគាត់ ដែលទទួលខុសត្រូវចំពោះមុខច្បាប់ បើសិនណាជាមានការមិនអនុវត្តតាមកិច្ចសន្យាជាមួយនឹងពលករ ឬមួយក៏ប្រមូលលុយពីពលករ តែគ្មានការងារឲ្យគេធ្វើ អាហ្នឹងក៏ជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនឧកញ៉ាហ្នឹងដែរ“ ។
លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “និយាយរួម គឺគណបក្សប្រជាជនអត់មានគោលការណ៍កាន់ជើងអ្នកដែលប្រព្រឹត្តល្មើសច្បាប់ទេ ទោះអ្នកដែលប្រព្រឹត្តល្មើសច្បាប់ហ្នឹង ជាសមាជិករបស់គណបក្សប្រជាជន ក៏ដោយ ។ អ៊ីចឹងរាល់ការចោទប្រកាន់ទាំងឡាយណាដែលដាក់កំហុសមកលើគណបក្សប្រជាជន សុទ្ធតែរំលោភលើការពិតទាំងអស់“ ។
គួរបញ្ជាក់ថា ប្រតិកម្មឆ្លើយតបរបស់លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីលោក ប៉ា ងួនទៀង អតីតនាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានលើកឡើងចោទប្រកាន់គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច ថាការពារឧកញ៉ាបោកលុយពលរដ្ឋ ដោយបានលើកចំឈ្មោះឧកញ៉ា មួយរូប និងអ្នកឧកញ៉ា មួយរូប ដែលមានត្រកូលដូចគ្នា។
ទោះបីជាយ៉ាងណា ជុំវិញការចោទប្រកាន់របស់លោក ប៉ា ងួនទៀង ខាងលើនេះ “នគរធំ” បានព្យាយាមទាក់ ទងសុំប្រតិកម្មឆ្លើយតប ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកស្រីឧកញ៉ា ឡេង ចាន់ណា ផងដែរ ប៉ុន្តែមិន បានសម្រេចទេ កាលពីម្សិលមិញ ៕ កុលបុត្រ