Friday, October 18, 2024
Homeតារាខ្មែរលីម កញ្ញា ចង់ល្បីដូចជីជី

លីម កញ្ញា ចង់ល្បីដូចជីជី

ស្រីក្មេងខ្ចីល្ហក់ វ័យពេញក្រមុំ១៦ឆ្នាំ នាងលីម កញ្ញា ទើបតែហក់ចូលប្រឡូកក្នុងអាជីសម្ដែង ទើបបានជាង២ឆ្នាំប៉ុណ្ណោះ តែស្រីស្អាតមានឱកាសបានលេចមុខថតភាពយន្ដជាបន្ដបន្ទាប់ ពិសេសនៅផលិតកម្ម Rock ទើបធ្វើឲ្យបណ្ដាផលិតករមួយចំនួនទៀត បានចាប់អារម្មណ៍ទេពកោសល្យស្រីស្រស់រូបនេះ បន្ទាប់ពីនាងបានលេចមុខក្នុងរឿង ”ជំនួញអាគមន៍” របស់ផលិតកម្ម Rock ដែលនាងសម្ដែងជាតួខ្មោចស្រីចងក ដ៏គួរឲ្យខ្លាចព្រឺក្បាលនោះមក។ ពេលនេះ កញ្ញា ឆក់បានតំណែងជាតួរងមួយទៀត របស់ប៉ុស្ដិ៍បាយ័ន គឺរឿង ”ទឹកភ្នែកកក” ដែលជាស្នាដៃនិពន្ធ និងដឹកនាំសម្ដែងរបស់នាងប៊ុន ចាន់និមល។

ក្នុងជំនួបចៃដន្យ ជាមួយស្រីស្អាតរូបនេះ កាលពីថ្ងៃទី០៣​ ខែកុម្ភៈ ​ឆ្នាំ២០១៧ ​នាងលីម ​កញ្ញា និយាយ​ថា​ ពេលនេះអាជីពសម្ដែងនាងកំពុងតែហក់ទៅមុខសន្សឹមៗ ហើយក្រោយពីបានសម្ដែងភាពយន្ដខ្នាតធំ របស់ផលិតកម្ម Rock មក នាងមានទីផ្សារប្រសើរជាងមុន។

ស្រីស្រស់ច្រមុះស្រួចរូបនេះ វាចាថា ”ខ្ញុំចូលសិល្បៈជាង២ឆ្នាំមកហើយ ដោយមុនដំបូង ខ្ញុំហាត់រៀននៅក្លឹប GS ខាងសម្ដែងមួយរយៈខ្លី ក្រោយមកក៏ឈានទៅថតរឿង ”នារីវេទមន្ដ”, ”សតិជាប់ទ្រុង”, ”ជំនួញអាគមន៏”, ”ខូចចិត្តអាជីព”, និងពេលនេះកំពុងថតរឿងឲ្យទូរទស្សន៍ប៉ុស្ដិ៍បាយ័ន រឿង ”ទឹកភ្នែកកក” ផងដែរ។ ក្រៅពីការសម្ដែងរឿងខាងលើនេះ ខ្ញុំក៏ធ្លាប់ថតស្ពតអប់រំមួយចំនួនដែរ ប៉ុន្តែខ្ញុំមិនទាន់បានតំណែងតួឯកទេ គឺបានតែតួរង ព្រោះអ្នកដឹកនាំរឿងថា ខ្ញុំនៅក្មេងពេក ថ្ងៃក្រោយគង់តែមានឱកាសទេ”។

លីម កញ្ញា មានស្រុកកំណើត នៅខេត្តបាត់ដំបង មានឪពុកឈ្មោះឡុង ចិន្ដា អាយុ៤៩ឆ្នាំ ម្ដាយឈ្មោះឡឹម សុវណ្ណ អាយុ៤៧ឆ្នាំ ជាអាជីវករ មានបងប្អូន៤នាក់ (ស្រី៣) កញ្ញា ជាកូនពៅ ដែលបានផ្លាស់ប្ដូរការសិក្សា ពីខេត្តបាត់ដំបង មកភ្នំពេញ តាំងពីឆ្នាំ២០១៦ ហើយពេលនេះនាងរៀនថ្នាក់ទី១០ វិទ្យាល័យហ៊ុន សែន បុរី១០០ខ្នង។

ឆ្លើយតបសំណួរថា តើកញ្ញា ហ៊ានលេងឈុតដោះអាវអស់ ដើម្បីល្បីដូចនាងឌុច លីដា ក្នុងរឿង ”នារីវេទមន្ត” ដែរឬទេនោះ? ស្រីក្មេងនិយាយមិនបង្អង់ថា ”ខ្ញុំប្រហែលជាមិនហ៊ានទេបង ព្រោះអីខ្ញុំថតរឿងមើលសាច់រឿងដែរ បើមានឈុតខ្លះអីចឹង (ស្នេហារោលរាល) អី ក៏ខ្ញុំមិនហ៊ានដែរ ព្រោះអីក្រុមគ្រូសារខ្ញុំជាអ្នកមានមុខមាត់ គាត់មិនឲ្យខ្ញុំលេងឈុតដែលមិនសមរម្យដែរ ខ្លាចមានការរិះគន់។ មុនខ្ញុំចូលសិល្បៈ ក្រុមគ្រួសារខ្ញុំបានប្រឆាំងមិនចង់ឲ្យខ្ញុំថតសម្ដែងអីទេ គាត់ថា ឭគេថា មិនល្អ កុំអីកូន…។ តែនៅពេលខ្ញុំតស៊ូចូលសិល្បៈ ព្រោះតែខ្ញុំស្រលាញ់នោះ គាត់ក៏យល់ព្រម ហើយម៉ាក់ខ្ញុំគាត់ស្គាល់ខ្ញុំច្បាស់ ជឿទុកចិត្តលើខ្ញុំ ហើយជឿថា ខ្ញុំនឹងមិនធ្វើអ្វីដែលមិនល្អនោះឡើយ។ ខ្ញុំគិតថា អាជីពសិល្បៈល្អ ឬមិនល្អ គឺនៅលើខ្លួនយើងទេ ហើយមុនដំបូង ខ្ញុំថតបានលុយតិចតួច តែពេលនេះ ខ្ញុំអាចទប់ទល់លើការចំណាយបានហើយ គឺសមរម្យ ហើយកន្លងមក បានបងប្រុសលី ម៉េង នៅ Rock គាត់បានហៅខ្ញុំថតច្រើន ដោយគាត់ថា អាណិតខ្ញុំចេះតស៊ូ ហើយទោះជាថតរឿងដល់យប់ជ្រៅយ៉ាងណា ក៏មានម៉ាក់ខ្ញុំតាមជាប់ជានិច្ច”។

លោកលី ម៉េង ផលិតករនៅផលិតកម្ម Rock ដែលតែងហៅលីម កញ្ញា ថតរឿងជាហូរហែ

លីម កញ្ញា មានអាយុ១៦ឆ្នាំ កម្ពស់១,៥៦ម៉ែត្រ ទម្ងន់៤៥គ.ក្រ។ តាមព័ត៌មានថា ស្រីស្រស់វ័យក្មេងរូបនេះមានមន្ដស្នេហ៍មិនធម្មតាទេ គឺមានប្រុសៗតាមស្នេហ៏ដល់កន្លែងថត ទើបធ្វើអ្នកស្រីឡឹម សុវណ្ណា តាមកូនស្រីស្អិតគ្រប់ជំហានយ៉ាងនេះ ដោយសារតែខ្លាចមានប្រុសតាមលូកលាន់ស្នេហ៏។

លីម កញ្ញា បន្ថែមថា ”ខ្ញុំគ្មានសង្សារទេ! ខ្ញុំនៅក្មេងណាស់ ពេលនេះ ក្រៅពីអាជីពសម្ដែង ខ្ញុំចង់សម្រេចក្ដីស្រមៃមួយទៀត ដែលស្រលាញ់ជាយូរមកហើយនោះ គឺធ្វើជាពិធីការិនី ហើយខ្ញុំឃើញបងស្រីជីជី គាត់ធ្វើបានល្អ គាត់ជាពិធីការិនីដែលមានកាយវិការក្រមិចក្រមើម គួរឲ្យទាក់ទាញមែនទែន ខ្ញុំចង់បានដូចគាត់ ហើយនឹងប្រឹងប្រែងនាពេលខាងមុខ ព្រោះខ្ញុំមានដុងខាងហ្នឹងដែរ។ ចំណែកពិធីការិនីរៀមច្បង២នាក់ គឺអ្នកនាងយុគ ចិន្ដា និងគង់ សុជាតិ គាត់ធ្វើបានល្អស្រាប់ ហើយគូរឲ្យគោរពពួកគាត់ណាស់”៕

RELATED ARTICLES