Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះខ្យូសស្បូវ រាលឆេះហាងជាប់គ្នា

ភ្លើងឆេះខ្យូសស្បូវ រាលឆេះហាងជាប់គ្នា

ភ្នំពេញ ៖ ខ្យូសស្បូវ ក្នុងភោជនីយដ្ឋានមួយកន្លែង សង្ស័យឆ្លងចរន្តអគ្គិសនី បង្កការឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យភ្លើងរាលទៅឆេះខ្យូសស្បូវភោជនីយដ្ឋានមួយទៀត ដែលនៅជាប់គ្នាបណ្តាលឱ្យរងការខូចខាត និងផ្អើលដល់បុគ្គលិកហាងទាំង២ នាំគ្នាជួយពន្លត់យ៉ាងសស្រាក់សស្រាំ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង២០នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភោជនីយដ្ឋាន បឹងកម្សាន្ត និងភោជនីយដ្ឋាន បឹងឫស្សី ដែលមានទីតាំងនៅជាប់គ្នា ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ហាងខាងលើ បានបិទទ្វារឈប់លក់ដូរទៅហើយ ចំណែកបុគ្គលិកទាំងអស់ បានចូលសម្រាករៀងៗខ្លួន។ លុះមកដល់ម៉ោងកើតហេតុ ដោយមិនថាមានបញ្ហាអ្វីឱ្យប្រាកដនោះទេ ស្រាប់តែមានភ្លើងឆេះចេញពីខ្យូសប្រក់ស្បូវ របស់ហាងបឹងកម្សាន្ត ហើយក៏ឆេះរាលដាលដល់ហាងបឹងឫស្សី យ៉ាងសន្ធោសន្ធៅតែម្តង។

តាមប្រភពដដែល បានបន្តថា បន្ទាប់ពីដឹងថាមានភ្លើងឆាបឆេះហើយ ប្រជាពលរដ្ឋអ្នកជិត ខាង បាននាំគ្នាស្រែកផ្អើលឆោឡោ ផ្អើលអស់មនុស្សម្នា និងបុគ្គលិកដែលស្នាក់នៅក្នុងហាងបាននាំគ្នាយកទឹកទៅជួយជះពន្លត់ដែរ តែដោយសារខ្យូសប្រក់ស្បូវទាំងនោះ ងាយនឹងឆាបឆេះលឿនពេក ពួកគាត់បានត្រឹមជះទឹកទប់ស្កាត់កុំឱ្យមានឆ្លងទៅដល់ខ្យូសដទៃទៀតតែប៉ុណ្ណោះ ហើយទុកឱ្យភ្លើងឆេះតាមដំណើរ ព្រោះមិនដឹងថារាយការណ៍ទៅខាងណាទាន់នោះទេ បានត្រឹមតែនាំគ្នាជួយពន្លត់ម្នាក់មួយដៃមួយជើង ទើបធ្វើឱ្យភ្លើងរលត់ទៅវិញ នៅវេលាម៉ោង៥ព្រឹក ថ្ងៃដដែល។

ហេតុការណ៍នេះ មិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡើយ គ្រាន់តែឆេះខូចខាតខ្យូសក្នុងហាងទាំង២ ដែលនៅជាប់គ្នា សរុបចំនួន៧ខ្យូស។ ចំពោះមូលហេតុ សង្ស័យមកពីការឆ្លងចរន្តអគ្គិសនី៕

RELATED ARTICLES