Monday, April 29, 2024
Homeព័ត៌មានជាតិចិញ្ចឹមកូន១៦៧នាក់ អង្ករ១ថ្ងៃ ១បាវ ប្រធានមណ្ឌលថា សក់ក្រញាញ់មិនចម្លែក

ចិញ្ចឹមកូន១៦៧នាក់ អង្ករ១ថ្ងៃ ១បាវ ប្រធានមណ្ឌលថា សក់ក្រញាញ់មិនចម្លែក

ភ្នំពេញ ៖ ប្រធានមណ្ឌលមែកឈើ លោក ផន ផល្លា ដែលកំពុងចិញ្ចឹមក្មេងកំព្រា ចំនួន ១៦៧នាក់ បានបញ្ជាក់ថា ក្នុង១ខែ អស់អង្ករ ៣០បាវ (១ថ្ងៃ ១បាវ) និងត្រូវចំណាយលើម្ហូបអាហារ សម្ភារៈសិក្សា សម្លៀកបំពាក់ ព្រមទាំងអ្វីជាច្រើនផ្សេងទៀត ដូច្នេះហើយ សក់លោកក្រញាញ់ មិនចម្លែកទេ បើសក់លោកមិនក្រញាញ់ ទើបចម្លែក ។ ជាមួយគ្នានេះ បុរសបេះដូងសប្បុរសធម៌រូបនេះ បានឲ្យដឹងថា មណ្ឌលមែកឈើ របស់លោក ត្រូវការជាចាំបាច់នូវជំនួយសប្បុរសធម៌ ពីសប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស ដើម្បីបន្តនិរន្តរភាពការចិញ្ចឹម ផ្គត់ផ្គង់កុមារ ទាំង១៦៧នាក់នេះ។

លោក ផន ផល្លា បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ ថា “អង្ករ ៖ កូនគេ ទិញ១មួយបាវ ញុំាបានមួយខែ កូនខ្ញុំ ទិញ ៣០បាវ បានគ្រាន់មួយខែ បើសក់ខ្ញុំមិនក្រញាញ់ ទើបវាចម្លែក“ ។

តាមរយៈហ្វេសប៊ុក ដដែល លោក ផន ផល្លា បានប្រកាសទទួលយកអំណោយមូលនិធិពីសប្បុរសជននានា ដើម្បីចិញ្ចឹមមផ្គត់ផ្គង់ក្មេង ១៦៧នាក់ ។

លោក ផន ផល្លា បានសរសេរថា «មណ្ឌលមែកឈើ នាពេលយប់ ៖ ពេលថ្ងៃ ខ្ញុំត្រូវប្រឹងធ្វើការ ពេលយប់ ខ្ញុំត្រូវឆ្លៀតពេលដើរមើលកូនៗតាមបន្ទប់ មុនពេលពួកគេចូលនិទ្រា ស្រឡាញ់ពួកគេណាស់ ១៦៧នាក់ ទន្ទឹមនឹងគ្នា ខ្ញុំបានឃើញពុកម៉ែ បងប្អូនខ្លះ មានបំណងចិត្តចង់ចូលរួមចំណែកជាមួយខ្ញុំ ដើម្បីឧបត្ថម្ភដល់កូនៗកុមារកំព្រារបស់យើងដែរ ដូច្នេះហើយ ខ្ញុំសូមភ្ជាប់នូវលេខកុង ដូចខាងក្រោមនេះ ៖ ABA : 012324711 (Phorn Phalla)  លេខទាន់ចិត្ត : 012324711 (ផន ផល្លា)“ ។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោក ផន ផល្លា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ថា មណ្ឌលមែកឈើ នៅមានការខ្វះខាតច្រើន ទៅលើតម្រូវការចាំបាច់មួយចំនួន ដូចជា ការហូបចុកប្រចាំថ្ងៃ សម្ភារសិក្សា សម្លៀកបំពាក់ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ រួមទាំថ្នាំពេទ្យផងដែរ ដោយសារមណ្ឌល មិនមានជំនួយប្រចាំខែសម្រាប់ផ្គត់ផ្គង់នោះទេ ខណៈដែលការចំណាយ ក្នុងមួយខែ អស់ថវិកាជាច្រើនផងដែរ ។ ដូច្នេះលោកបន្តអំពាវនាវដល់សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស សូមចូលរួមជួយចែករំលែកទាំងក្តីស្រលាញ់ ទាំងអំណោយ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីជួយដល់កុមារកំព្រាឥតទីពឹង នៅមណ្ឌលមែកឈើ ដើម្បីឱ្យក្មេងៗ អាចមានឱកាសមានជម្រករស់នៅ មានគ្រឿងឧបភោគ បរិភោគគ្រប់គ្រាន់ បានសិក្សាអប់រំ សំដៅជួយស្ដារអនាគតពួកគេឱ្យល្អប្រសើរឡើងផងដែរ ។

លោក ផន ផល្លា បានមានប្រសាសន៍ថា “បាទ! មែនទែនទៅ ការដែលខ្ញុំសរសេរថា សក់មិនក្រញាញ់ ទើបចម្លែក ចិញ្ចឹមកូន ១៦៧នាក់ អស់អង្ករ ១ខែ ៣០បាវនោះ ខ្ញុំគ្រាន់តែចង់ចែកចាយការងារប្រឈមរបស់ខ្ញុំ ដែលពាក់ព័ន្ធទៅនឹងការចិញ្ចឹមកូន ដែលសុទ្ធសឹងជាក្មេងកំព្រាសុទ្ធ ហើយនិងកុមាររងគ្រោះ តាមរយៈករណីផ្សេងៗទៀត ដែលឥឡូវនេះ យើងមានរហូតដល់ចំនួន ១៦៧នាក់ហើយ ហើយបូករួមទាំងម្ដាយថែទាំ ឬក៏យើងហៅថា បុគ្គលិកដែលបម្រើការងារក្នុងការមើលថែទាំក្មេងៗទាំងអស់ ២៨នាក់ទៀត ។ អ៊ីចឹងសរុបចូលគ្នា វាចូលជិត២០០នាក់ឯណោះ ។ អ៊ីចឹងក្នុង១ថ្ងៃ គឺគ្រាន់តែអង្ករ ១បាវ ៥០គីឡូហ្នឹង គឺដាច់តែម្ដង ។ អ៊ីចឹងដូចខ្ញុំបានបញ្ជាក់អ៊ីចឹង ក្នុង១ខែ តិចណាស់ គ្រាន់តែអង្ករ គឺរហូតដល់ ៣០បាវ វាស្មើនឹង ១តោនកន្លះ ។ អ៊ីចឹងសម្រាប់ការទទួលខុសត្រូវមួយនេះ ខ្ញុំគិតថា វាជាបន្ទុកធ្ងន់មួយដែរ សម្រាប់ខ្ញុំ​ ក្នុងការកៀរគរមូលនិធិ ហើយធ្វើការខ្លះផង ដើម្បីទទួលខុសត្រូវការចិញ្ចឹមកូនៗទាំងអស់នេះ ហើយមែនទែនទៅ ការផ្ដល់នូវមូលនិធិពីបងប្អូនសប្បុរជនហ្នឹង វាធម្មតាទេ ជួនកាលពួកគាត់មាន ក៏អាចបរិច្ចាគបាន ពួកគាត់មិនមាន ក៏ទៅតាមហ្នឹង ។ អ៊ីចឹងហើយ មិនមែនរាល់ពេលសុទ្ធតែយើងមានស្បៀងគ្រប់គ្រាន់នោះទេ ។ អ៊ីចឹងវាទាមទារឲ្យត្រូវប្រឈមនឹងការធ្វើការផ្សេងៗទៀត ដើម្បីឲ្យយើងអាចគ្រប់គ្រងគ្រប់គ្រាន់ ។ ប៉ុន្តែជារួម មិនថាបែបណាទេ សម្រាប់ខ្ញុំ ជាអាណាព្យាបាល ឬក៏ជាអ្នកគ្រប់គ្រងជំហររបស់កូនៗទាំងអស់ គឺធ្វើយ៉ាងណាត្រូវតែរកស្បៀងអាហារ ក៏ដូចជាលទ្ធភាពមួយដើម្បីកូនអាចរស់ទាំងអស់គ្នា ។ អ៊ីចឹងហើយ វាជាបន្ទុកមួយមែន ប៉ុន្តែសប្បាយចិត្ត ក្នុងការដែលទទួលបន្ទុកមួយនេះ ពីព្រោះវាអាចផ្ដល់នូវការសង្រ្គោះទៅកាន់កុមាររងគ្រោះមួយផ្នែក ក្នុងប្រទេសរបស់យើង“ ។

លោក ផន ផល្លា បានមានប្រសាសន៍បន្តថា “ក្នុង១ថ្ងៃៗ អាចនិយាយបានថា ខ្ញុំប្រើខួរក្បាលគិតទៅដល់កូនៗជានិច្ច ពីព្រោះអីក្មេងៗដែលរស់នៅទីនេះ មួយផ្នែកក៏ជាក្មេងដែលមានប្រភេទជំងឺអូទីសឹម ក្មេងដែលពិការភាពខាងផ្នែកសតិអារម្មណ៍ខួរក្បាល ក្មេងដែលពិការខាងសរីរាង្គ មានន័យថា ពិការដៃ ពិការជើង ដែលមិនអាចជួយខ្លួនឯងបានទាល់តែសោះ ហើយនិងក្មេងដែលពាក់ព័ន្ធទៅនឹងការធ្វើបាប តាមរយៈរូបភាពនៃអំពើហិង្សា ពីឪពុកចុង ពីគ្រួសារជាដើម ហើយកូនយើងខ្លះទៀត ក៏មានការរំលោភបំពានដែរ ។ អ៊ីចឹងហើយ ខ្ញុំជារៀងរាល់ថ្ងៃ ត្រូវតែយកចិត្តទុកដាក់ជាប្រចាំតែម្ដង សម្រាប់ស្ថានភាពរបស់ពួកគាត់ ធ្វើម៉េចចង់ស្ដារស្ថានភាពរបស់ពួកគាត់ឲ្យបានល្អប្រសើរឡើង អ៊ីចឹងហើយ មិនអាចធ្វេសប្រហែសបាននោះទេ ហើយក្នុង១ខែ បើយើងគិតសម្រាប់ចំណាយទៅលើម្ហូប ការទិញអង្ករ ការចាយវាយទៅលើការឈឺថ្កាត់របស់ពួកគាត់ ទឹក ភ្លើងអីជាដើម យើងចាយចូល ៥ពាន់ ទៅ៦ពាន់ដុល្លារដែរ ក្នុង១ខែ ហើយមែនទែនទៅ យើងពេលខ្លះក៏វាដាច់ពេលដែរ ខ្ញុំប្រើពាក្យហ្នឹង ។ ប៉ុន្តែនៅពេលដែលខ្ញុំមានការបន្ទាន់បែបនេះ ខ្ញុំមានមិត្តភក្ដិល្អៗ ពីរបីនាក់ដែរ ដែលពួកគាត់ចាំផ្ដល់នូវការជួយចុងក្រោយមួយ សម្រាប់នៅពេលដែលយើងខ្វះខាតខ្លាំង ។ អ៊ីចឹងនៅពេលដែលយើងពិបាកខ្លាំង ខ្ញុំអាចរត់រកគាត់ជាបណ្ដោះអាសន្នសិន ។ យ៉ាងណា ជាការពិត យើងអត់ដែលពឹងទៅលើការបរិច្ចាគ ឬក៏ថវិកាសប្បុរសជនទាំងស្រុងទេ ខ្ញុំត្រូវតែមានជំហរមួយទៀត ទាក់ទៅនឹងការងារផ្ទាល់ខ្លួនរបស់ខ្ញុំ ។ ការពិត ខ្ញុំជាគ្រូបង្រៀនម្នាក់ ខ្ញុំបង្រៀននៅមហាវិទ្យាល័យដែរ ។ អ៊ីចឹងហើយ វាមួយផ្នែកហើយ ដែលខ្ញុំត្រូវតែរ៉ាប់រង ទោះយើងទទួលជំនួយមិនគ្រប់គ្រាន់ ក៏ខ្ញុំនៅមានលទ្ធភាពរស់ តាមការងាររបស់ខ្ញុំដែរ ។ ប៉ុន្តែវាអាចពិបាក ប៉ុន្តែបើសិនមានការចូលរួមពីបងប្អូនសប្បុរសជន វាមិនធ្វើឲ្យការងាររបស់ខ្ញុំហ្នឹងវាយ៉ាប់យ៉ឺនទេ ហើយកន្លងមក ការផ្ដល់ជំនួយ សម្រាប់បងប្អូននៅក្រៅប្រទេស ខ្ញុំអត់សូវមានទេ ដោយសារតែខ្ញុំអត់មានបណ្ដាញនៅក្រៅស្រុកទេ ។ អ៊ីចឹងភាគច្រើនគឺខ្ញុំតែងតែផ្សព្វផ្សាយ ក៏ដូចជាផ្ដល់ព័ត៌មានខ្លះទៅកាន់បងប្អូនក្នុងស្រុកនេះ ។ អ៊ីចឹងហើយ ទោះមិនបានជាប់លាប់ ប៉ុន្តែឃើញមានបងប្អូនក្នុងស្រុកយើង បានផ្ដល់ការជួយគាំទ្រជាហូរហែដែរ“ ។

លោក ផន ផល្លា បានមានប្រសាសន៍បន្តទៀតថា “សម្រាប់ខ្ញុំៗព្រួយបារម្ភដែរ ដោយសារតែពេលខ្លះគិតថា ប្រសិនបើខ្ញុំនៅជំហរអ៊ីចឹងទៅ មានលទ្ធភាពក្នុងការផ្សព្វផ្សាយជាបន្តបន្ទាប់ អាហ្នឹងវាមិនជាបញ្ហាទេ ពីព្រោះយើងដឹងថា យ៉ាងណាបងប្អូនខ្មែរយើង លោកមានដួងចិត្តចង់ជួយណាស់ ពិសេសគឺក្មេងៗ កុមាររងគ្រោះ កុមារកំព្រានេះឯង ។ អ៊ីចឹងខ្ញុំយល់ថា មិនមែនតែខ្ញុំទេ ដែលមានដួងចិត្តមួយចង់ធ្វើការងារអស់នេះ ចង់ជួយក្មេងអស់នេះ បងប្អូនដទៃទៀតក៏ចង់ជួយដូចគ្នាដែរ ។ ទោះបីជាការជួយរបស់គាត់មិនជាប់លាប់ក៏ដោយ ប៉ុន្តែសម្រាប់ខ្ញុំ ការងារនេះ ខ្ញុំត្រូវទទួលបន្ទុកផ្ទាល់ ហើយត្រូវតែធ្វើដោយជាប់លាប់ ហើយសម្រាប់បងប្អូនដទៃទៀត គាត់អាចបំពេញបន្ថែមជាមួយនឹងការខ្វះខាត តម្រូវការរបស់យើងជាដើម ។ ចំពោះការព្រួយបារម្ភ នៅតែមានអ៊ីចឹង ខ្លាចពេលខ្លះខ្ញុំធ្លាក់ខ្លួនឈឺអ៊ីចឹងទៅ អស់លទ្ធភាពក្នុងការរកចំណូល អាហ្នឹងវានៅតែហ្នឹងហើយ ប៉ុន្តែសម្រាប់បច្ចុប្បន្ននេះ មិនជាបញ្ហាប្រឈមប៉ុន្មានទេ ហើយភាគច្រើនយើងបានទទួលការទាក់ទងរដ្ឋដែរ ប៉ុន្តែគាត់ធ្វើជាលក្ខណៈគ្រួសារដែរ ។ ប៉ុន្តែការជួយជាស្ថាប័នរដ្ឋតែម្ដង គឺយើងអត់មានរួមទេ ។ ដូច្នេះជាចុងក្រោយ សម្រាប់ខ្ញុំៗយល់ថា ប្រសិនបើយើងទាំងអស់គ្នាអាចជួយគាំទ្រជាផ្នែកណាមួយទៅកាន់ក្មេងៗរងគ្រោះ វាមិនត្រឹមតែជាសេចក្ដីល្អ សេចក្ដីសប្បុរសផ្ទាល់ខ្លួនទេ ប៉ុន្តែយើងអាចជួយស្ដារនូវធនធានមនុស្សនៅក្នុងសង្គមយើងបានទាំងអស់គ្នា ។ ដូច្នេះបើពឹងផ្អែកមកលើខ្ញុំតែឯង ទៅមិនរួចទេ ។ អ៊ីចឹងមានតែអំពាវនាវទៅដល់បងប្អូនដែលមានលទ្ធភាពទាំងអស់ អាចចូលរួមគាំទ្រ មកកាន់មណ្ឌលមែកឈើ បាន ខ្ញុំគិតថា វាជារឿងមួយគួរឲ្យសាទរខ្លាំងណាស់“ ។

គួរបញ្ជាក់ថា មណ្ឌលមែកឈើ បានបង្កើតឡើងរយៈពេល ៣៩ឆ្នាំមកហើយ តាំងពីឆ្នាំ១៩៩៤ ដោយបានទទួលចិញ្ចឹមកុមារកំព្រា ជាង៧០០នាក់ សុទ្ធតែទទួលបានការទំនុកបម្រុង ឱ្យសិក្សា រហូតដល់ចប់មហាវិទ្យាល័យ ទៅតាមជំនាញរៀងៗខ្លួន និងចិញ្ចឹមខ្លួនឯងបាន ។ មណ្ឌលមែកឈើ ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ មណ្ឌលមែកឈើ ក្រោមការគ្រប់គ្រងរបស់លោក ផន ផល្លា បានផ្លាស់ប្ដូររូបរាង ដោយប្រែពីផ្ទះឈើចាស់បុរាណ មកជាផ្ទះឈើបែបថ្មី។ បច្ចុប្បន្នទីនេះ ទទួលមើលថែទាំកុមារទាំងពីរភេទ ជិត២០០នាក់ ហើយផ្ដល់អាហារបីពេល ក្នុងមួយថ្ងៃ កន្លែងស្នាក់នៅសមរម្យ និងផ្ដល់ការអប់រំភាសាខ្មែរ និងអង់គ្លេស។ មណ្ឌលនេះ រស់បានដោយមានការទំនុកបម្រុងពីសប្បុរសជនក្រៅនិងក្នុងប្រទេស ។ កុមារកំព្រាគ្មានទីពឹង ដែលត្រូវបានឪពុកម្តាយស្លាប់ ឬបោះបង់ចោល បានចាត់ទុកមណ្ឌលមែកឈើ ជាជម្រកផ្តល់ភាពកក់ក្តៅសម្រាប់ពួកគេ ក្នុងរស់រានមានជីវិត ដូចកុមារផ្សេងទៀត…។

សូមបញ្ជាក់ផងដែរថា លោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ ត្រូវបានមហាជន ជនរួមជាតិខ្មែរទូទៅ ស្គាល់និងកោតសរសើរស្ញប់ស្ញែងយ៉ាងខ្លាំង​ចំពោះសកម្មភាពមនុស្សធម៌របស់លោក ដែលបានលះបង់យ៉ាងធំធេងក្នុងការងារមនុស្សធម៌ ដែលក្រៅពីចិញ្ចឹមកុមារកំព្រាគ្មានទីពឹង ចំនួន ១៦៧នាក់ នៅពេលនេះ លោកក៏បានជួយកៀរគររកជំនួយ យកទៅចែកជូនជនក្រីក្រ ជនងាយរងគ្រោះ ចាស់ជរាគ្មានទីពឹងជាច្រើន ដោយ១ថ្ងៃៗ លោកចំណាយពេលស្ទើរតែទាំងស្រុងក្នុងការគ្រប់គ្រង មើលថែក្មេងក្នុងមណ្ឌលមែកឈើ ដោយលះបង់ទាំងតំណែង ឋានៈ តួនាទី ជាទីប្រឹក្សារាជរដ្ឋាភិបាល និងក្នុងគណបក្សនយោបាយ មកផ្តោតតែលើការងារមនុស្សធម៌ ជួយសង្គម ៕ កុលបុត្រ

RELATED ARTICLES