Saturday, May 18, 2024
Homeសង្គម និងជីវិតក្រមុំខកចិត្តសង្សារក្បត់សន្យា យកប្រុសពិការធ្វើប្តី

ក្រមុំខកចិត្តសង្សារក្បត់សន្យា យកប្រុសពិការធ្វើប្តី

បន្ទាយមានជ័យៈ នាងមឿន ស្រីភា អាយុ១៧ឆ្នាំ សព្វថ្ងៃរស់នៅភូមិភាស ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានរៀបរាប់ឱ្យដឹងថា នាងជាកូនទី៣ ក្នុងចំណោមបងប្អូន៥នាក់ (ស្រី៤ ប្រុស១)ដែលមានម្តាយឈ្មោះរស់ សែន អាយុ៥៣ឆ្នាំ ឪពុកឈ្មោះនេត ភាព (ស្លាប់) និងមានស្រុកកំណើតនៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ កាលពីក្មេង ព្រោះតែឪពុកស្លាប់ ម្តាយមេម៉ាយ មានជីវភាពមិនសូវធូរធារ ធ្វើឱ្យជីវិតនាងមិនមានសំណាងកាន់ក្តារសៀវភៅទៅសាលា បានរៀនសូត្រចេះលេខអក្សរនឹងគេទេ ដោយ រវល់ដើរស៊ីឈ្នួលជួលព័ទ្ធគេ យកប្រាក់ចិញ្ចឹមជីវិតជាមួយនឹងក្រុមគ្រួសារ។ លុះដល់វ័យជំទង់ នាងបានទៅស៊ីឈ្នួលបម្រើតាមផ្ទះគេ យកប្រាក់កម្រៃ ផ្ញើឱ្យម្តាយដោះស្រាយជីវភាពប្រចាំថ្ងៃ ហើយពេលនោះ ព្រោះតែប្រាក់ នាងបានរសាត់អណ្តែតស៊ីឈ្នួលគេដល់ស្រុកថៃ បានមួយរយៈធំ ទើបត្រឡប់មកផ្ទះវិញ។ នាងបន្តថា ពេលធំពេញក្រមុំ ដ្បិតតែគ្រួសារមានជីវភាពក្រីក្រ ដើរតែស៊ីឈ្នួលគេ គ្មានពេលសម្រាកលាបក្រែមផាត់ម្សៅដូចក្រមុំគេដទៃទៀតមែន ប៉ុន្តែមានរូបសម្រស់ស្រស់ស្អាតពីធម្មជាតិ មានកំលោះជាច្រើននាក់តាមអង្វរសុំស្នេហ៍ ចង់បានធ្វើជាប្រពន្ធឥតខ្វះ តែមានកំលោះម្នាក់ ឈ្មោះធា ចាន់នូ អាយុបងនាង៣ឆ្នាំ ជាអ្នកស្រុកភូមិជាមួយគ្នា ដែលមានសំណាងបានបេះដូងនាងថ្នាក់ថ្នម។

នាងមឿន ស្រីភា រំលឹកថា ដើមឡើយ នាងក៏មិនចង់ប្រឡូកលេងនឹងល្បែងស្នេហា ព្រោះខ្លាចត្រូវពិសស្នេហ៍ឱ្យឈឺចុកចាប់រកថ្នាំដាក់មិនត្រូវ។ តែដោយសារលោកធា ចាន់នូ មានពាក្យសម្តីផ្អែមល្ហែម ពូកែលួងលោមស្រី ម៉្យាងទៀតគេមានរូបរាងស្រស់សង្ហាផង ទើបធ្វើឱ្យនាងបាក់ចិត្តស្រលាញ់គេវិញ ដូចត្រូវមន្តសណ្តំ និងបានបណ្តើរគ្នាសាងអនុស្សាវរីយ៍យ៉ាងផ្អែមល្ហែមរួមគ្នា រាប់មិនអស់ តែមិនបានជ្រុលជ្រួសខ្លួនប្រាណហួសគន្លងប្រពៃណីទេ យ៉ាងច្រើនណាស់ បានត្រឹមប៉ះដៃគ្នាបន្តិចបន្តួចប៉ុណ្ណោះ។ ក្នុងពេលក្តីស្នេហ៍ កំពុងតែផ្អែមល្ហែមយ៉ាងមានន័យនោះ ប្រុសថ្លើមថ្លៃបានសុំឱ្យនាងរង់ចាំ៣ឆ្នាំ ដើម្បីទុកពេលឱ្យគេធ្វើការសន្សំប្រាក់ មកស្តីដណ្តឹងនាងរៀបការតាមប្រពៃណី។ ហើយកាលនោះ នាងក៏ព្រមរង់ចាំតាមសម្តីប្រុសបណ្តូលចិត្តដែរ តែដឹងអី! ១ឆ្នាំក្រោយ ស្រាប់តែលោកធា ចាន់នូ ក្បត់ពាក្យសន្យា លួចទៅមានទំនាក់ទំនងស្នេហាជាមួយនារីផ្សេង ខណៈដែលគេទៅស៊ីឈ្នួលដឹកទឹកកកឱ្យគេ ធ្វើឱ្យនាងឈឺចាប់ពើតផ្សាក្នុងឱរា តែសំណាងល្អដែលនាងរក្សាភាពក្រមុំព្រហ្មចារីបាន ម៉្លេះអី! កាន់តែឈឺចាប់ជាងនេះជាមិនខាន ហើយពេលនោះ នាងបានចាកចេញពីស្រុក មករស់នៅជាមួយបងប្រុស នៅស្រុកស្វាយចេក នេះ។

នាងស្រីភា បន្តថា បន្ទាប់មករស់នៅជាមួយបងប្រុស បានមួយរយៈខ្លី នាងបានស្គាល់ជាមួយកំលោះពិការ ជើងម្នាក់ ឈ្មោះស្មត រ៉ាវី អាយុ២៤ឆ្នាំ ហើយគ្រាន់តែជួបភ័ក្ត្រ ហាក់ដូចជាមាននិស្ស័យ ក៏ជំពាក់ចិត្តគ្នាភ្លែត ដោយមើលឃើញគេជាមនុស្សស្លូតបូត ឧស្សាហ៍តស៊ូក្នុងការងារ ធ្វើឱ្យនាងមានចិត្តអាណិតគេកាន់ខ្លាំងឡើង ហើយគ្រាន់តែប្រុសស្នេហ៍ហាមាត់សុំស្នេហ៍បន្តិច នាងឆ្លើយអូខេភ្លែត យកគ្នាធ្វើជាគូគាប់ទ្រនាប់ជីវិតតែម្តង ដើម្បីព្យាបាលរបួសបេះដូង។ នាងបញ្ជាក់ថា ពេលរួមរស់ជាមួយគ្នា ដ្បិតប្តីជាមនុស្សពិកល្យពិការមែន តែអីៗ អត់ពិការទេ ស្គាល់គ្រប់កន្លុកកន្លៀតទាំងអស់ អាចផ្តល់សេចក្តីសុខឱ្យប្រពន្ធ ដូចប្រុសមានកាយសម្បទាគ្រប់គ្រាន់ដែរ ហើយពេលនេះនាងកំពុងត្រៀមខ្លួនធ្វើជាម្តាយដ៏ល្អម្នាក់។

លោកស្មត រ៉ាវី ជាប្តីបានឱ្យដឹងថា លោកមានស្រុកកំណើតនៅកន្លែងរស់នៅសព្វថ្ងៃ និងពិការជើងតាំងពីកំណើតមកម៉្លេះ។ ហើយកាលពីក្មេង លោករៀនសូត្រមិនបានជ្រៅជ្រះនឹងគេទេ ព្រោះតែជើងពិការ ពិបាកធ្វើដំណើរ និងមានមិត្តភក្តិក្នុងថ្នាក់រើសអើង បន្តុះបង្អាប់ពេក ធ្វើឱ្យលោកខ្មាសគេ ក៏ឈប់ទៅ។ លុះធំពេញវ័យ លោកដឹងខ្លួនឯងច្បាស់ត្រូវតែរកចំណេះ ជំនាញដាក់ខ្លួន ធ្វើជារបរចិញ្ចឹមជីវិត ព្រោះមិនដូច្នេះទេ ដំណើរជីវិតនឹងដើរ សុំទានគេមិនខាន។ បន្ទាប់មក លោកបានធ្វើការទាក់ទងទៅអង្គការស៊ីវ័រ ដែលមានបង្រៀនជួសជុលម៉ាញ៉េ វិទ្យុ ទូរទស្សន៍ ដល់ជនពិការ មិនយកប្រាក់ ហើយលោកក៏បានរៀនជំនាញ រហូតទទួលបានវិញ្ញាបណ្ណបត្រ ចេះចាំស្ទាត់ជំនាញ អាចចេញបើកមុខរបរចិញ្ចឹមជីវិតខ្លួនឯងបាន ទើបលោកសុំចេញពីអង្គការ ត្រឡប់មកផ្ទះវិញ បើករបរនេះរហូតមក។

លោករ៉ាវី ឱ្យដឹងទៀតថា ដោយសារកើតមកជាមនុស្សពិការជើង ពេលធំពេញកំលោះ លោកមិនមានចិត្តប្រាថ្នាស្រលាញ់នារីណាទេ ហើយមិនមានស្រីណាស្ម័គ្រធ្វើជាប្រពន្ធដែរ។ លុះបានស្គាល់នាង មឿន ស្រីភា (ប្រពន្ធសព្វថ្ងៃ) លោកបាក់ចិត្តស្រលាញ់នាងស្រឹប ទ្រាំមិនបាន ក៏ដាច់ចិត្តសារភាពស្នេហ៍នាង តាមត្រង់ ស្រាប់តែនាងមិនប្រកាន់លោកជាមនុស្សពិការ ព្រមធ្វើជាប្រពន្ធលោកតែម្តង រួមរស់ជាមួយគ្នាយ៉ាងមានសុភមង្គល មកទល់នឹងសព្វថ្ងៃនេះ ដោយប្រកបរបរជួសជុលម៉ាញ៉េ វិទ្យុ ទូរទស្សន៍ ចិញ្ចឹមជីវិត។

នាងឡាំង សុខលាង, នាងមាន ឡេ និងអ្នកស្រីសំ គួយ

នាងមាន ឡេ អាយុ៣៥ឆ្នាំ នាងឡាំង សុខលាង អាយុ៣៩ឆ្នាំ និងអ្នកស្រីសំ គួយ អាយុ៤១ឆ្នាំ ជា អ្នកជិតខាងបានឱ្យដឹងថា លោកស្មត រ៉ាវី ជាមនុស្សពិការជើង តាំងពីកំណើតមកម៉្លេះ។ លុះពេលធំដឹងក្តី ក្រមុំក្នុងភូមិនេះ គ្មានអ្នកណាម្នាក់ចាប់ចិត្តស្រលាញ់ទេ តែបែរជានាងមឿន ស្រីភា នៅក្មេងខ្ចី មានសម្រស់ស្រស់ស្អាត ស្ម័គ្រធ្វើជាប្រពន្ធទៅវិញ ពិតជាសំណាងធំរបស់លោកស្មត រ៉ាវី ណាស់៕                                                                                      ចាន់ សុខលន់

RELATED ARTICLES