Monday, April 29, 2024
Homeព័ត៌មានជាតិបញ្ញវន្តខ្មែរថា ក្រសួងអប់រំ គួរប្រើកម្មវិធីត្រួតពិនិត្យអក្ខរាវិរុទ្ធ ដើម្បីខ្មែរសរសេរខ្មែរ បានត្រឹមត្រូវ

បញ្ញវន្តខ្មែរថា ក្រសួងអប់រំ គួរប្រើកម្មវិធីត្រួតពិនិត្យអក្ខរាវិរុទ្ធ ដើម្បីខ្មែរសរសេរខ្មែរ បានត្រឹមត្រូវ

ភ្នំពេញ ៖ បន្ទាប់ពីក្រសួងអប់រំ យុវជននិងកីឡា បានធ្វើការណែនាំដល់គ្រប់អង្គភាព ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សិស្សានុសិស្ស យុវជន និងប្រជាជនខ្មែរទាំងអស់ សរសេរអក្សរខ្មែរ ឲ្យបានត្រឹមត្រូវ ទាំងអក្ខរាវិរុទ្ធ និងវេយ្យាករណ៍ ដើម្បីលើកកម្ពស់ការប្រើប្រាស់សំណេរនិងអក្ខរាវិរុទ្ធភាសាខ្មែរ នៅលើបណ្តាញផ្សព្វផ្សាយ បណ្តាញទំនាក់ទំនងសង្គម និងនៅតាមទីសាធារណៈ ព្រមទាំងបណ្តុះស្មារតីស្រលាញ់និងថែរក្សាអក្សរនិងភាសាជាតិ ឱ្យបានគង់វង្ស និងរីកចម្រើនថែមទៀតនោះ បញ្ញវន្តខ្មែរ ថាបានផ្តល់យោបល់ថា ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ជួយត្រួតពិនិត្យអក្ខរាវិរុទ្ធ គឺជាជម្រើសឆ្លាតវៃ នៅក្នុងសម័យឧស្សាហកម្ម ៤.០ ហេតុនេះក្រសួងអប់រំ យុវជននិងកីឡា និងភាគីពាក់ព័ន្ធ គួរគាំទ្រគម្រោងកម្មវិធីត្រួតពិនិត្យអក្ខរាវិរុទ្ធ ដើម្បីជាប្រយោជន៍នៃសរសេរនិងប្រើប្រាស់ភាសាខ្មែរ ឱ្យបានត្រឹមត្រូវ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម ដែលជាបញ្ញវន្តសាធារណៈមួយរូប បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “កម្មវិធីត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ ការសរសេរភាសាខ្មែរ មិនបានត្រឹមត្រូវ នៅតែជាបញ្ហានៅក្នុងការប្រើប្រាស់ភាសាខ្មែរ រួមទាំងក្នុងវិស័យអប់រំ។ ដើម្បីដោះស្រាយបញ្ហានេះ កាលពីឆ្នាំ២០១៩ ខ្ញុំនិងមិត្តភក្ដិមួយចំនួនទៀត បានបង្កើតកម្មវិធីត្រួតពិនិត្យអក្ខរាវិរុទ្ធ ដើម្បីជួយសម្រួលនិងលើកកម្ពស់ការសរសេរភាសាខ្មែរ ឱ្យបានត្រឹមត្រូវ។ ប៉ុន្តែកម្មវិធីនេះ បានដំណើរការមួយរយៈប៉ុណ្ណោះ ដោយសារតែខ្វះការគាំទ្រផ្នែកហិរញ្ញវត្ថុ ។ ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ជួយត្រួតពិនិត្យអក្ខរាវិរុទ្ធ គឺជាជម្រើសឆ្លាតវៃ នៅក្នុងសម័យឧស្សាហកម្ម ៤.០។ ហេតុនេះដើម្បីលើកកម្ពស់ការសរសេរភាសាខ្មែរ ក្រសួងអប់រំយុវជននិងកីឡា MoEYS Cambodia និងភាគីពាក់ព័ន្ធ គួរគាំទ្រគម្រោងកម្មវិធីត្រួតពិនិត្យអក្ខរាវិរុទ្ធ ដើម្បីជាប្រយោជន៍នៃសរសេរនិងប្រើប្រាស់ភាសាខ្មែរ ឱ្យបានត្រឹមត្រូវ“ ។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកបណ្ឌិត ប៉ា ចន្ទរឿន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ថា  “ បាទ! កន្លងមក សង្គមយើងហ្នឹងនៅមានបញ្ហាខ្វាយខ្វល់ច្រើន រឿងការសរសេរភាសាខ្មែរ មិនបានត្រឹមត្រូវ រាប់ទាំងពីសិស្ស និស្សិត រហូតទៅដល់អ្នកធ្វើការងារនៅក្រសួងអប់រំ ខ្លួនឯងហ្នឹង ក៏មានករណីពេលខ្លះហ្នឹង ចេញលិខិតមកហ្នឹង ក៏សរសេរខុសច្រើនដែរ ហើយជាការពិត គឺកង្ខះខាត ឬក៏ការភ័ន្តច្រឡំ និងការសរសេរតាមចំណាំតគ្នា វាជាមូលហេតុមួយដែលនាំឲ្យមានការសរសេរអក្សរខ្មែរ មិនបានត្រឹមត្រូវ ហើយទី២ វាទាក់ទងទៅនឹងគុណភាពនៃការអប់រំផ្នែកអក្សរសាស្រ្តខ្មែរ នៅក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅផងដែរ ។ ដូច្នេះដើម្បីដោះស្រាយបញ្ហានៃការសរសេរភាសាខ្មែរ មិនបានត្រឹមត្រូវហ្នឹង ទាល់តែ ៖ ទី១ ក្រសួងអប់រំ ហ្នឹង យកចិត្តទុកដាក់ពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការអប់រំ ជាពិសេសគឺការរៀនអក្សរសាស្រ្ត និងភាសាជាតិហ្នឹង ឲ្យបានប្រសើរជាងមុន អាហ្នឹងទើបអាចដោះស្រាយបាន ហើយទន្ទឹមគ្នានោះដែរ ក្រសួង ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធហ្នឹង គួរតែប្រើប្រាស់បច្ចេកវិទ្យា AI ដូចជាកម្មវិធីត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ ដែលខ្ញុំនិងសហការីមួយចំនួន បានរួមគ្នាបង្កើត កាលពីប៉ុន្មានឆ្នាំមុនហ្នឹង ដើម្បីជាជំនួយនៅក្នុងការជួយពិនិត្យផ្ទៀងផ្ទាត់អក្ខរាវិរុទ្ធ នៅក្នុងសំណៅ នៅក្នុងសំណេរឯកសារ ទាំងក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាក្នុងការធ្វើកិច្ចការងារជាផ្លូវការអីជាដើម ពីព្រោះការប្រើប្រាស់បច្ចេកវិទ្យាជួយពិនិត្យផ្ទៀងផ្ទាត់ហ្នឹង វាជួយយើងបានច្រើន វាជួយមើលចំណុចខ្វះខាត ចន្លោះប្រហោង ដែលពេលខ្លះភ្នែកមនុស្សយើងហ្នឹង មើលមិនអស់ ។ ហើយជាពិសេស គឺនៅក្នុងសម័យឌីជីថលនេះ ការប្រើប្រាស់បច្ចេកវិទ្យាបែបហ្នឹង វាជារឿងចាំបាច់ ដើម្បីជួយឲ្យការងារហ្នឹង វាធ្វើបានលឿន ធ្វើបានប្រសើរ ហើយនិងមានសុក្រឹតភាពខ្ពស់ ។ ប៉ុន្តែវាគួរឲ្យស្ដាយ គម្រោងនៃកម្មវិធីត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ ដែលពួកខ្ញុំបានបង្កើត កាលពី ២០១៩ ហ្នឹង វាមានភាពរអាក់រអួល ដោយសារតែយើងខ្វះការគាំទ្រ ជាពិសេសគឺការជួយគាំទ្រខាងផ្នែកហិរញ្ញវត្ថុ ដើម្បីដំណើរការកម្មវិធីហ្នឹងតទៀត» ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បន្តថា «ដូច្នេះប្រសិនបើក្រសួងអប់រំ ក៏ដូចអាជ្ញាធរពាក់ព័ន្ធ មានការគាំទ្រ ខ្ញុំគិតថា យើងអាចអភិវឌ្ឍកម្មវិធីហ្នឹងមួយកម្រិតទៀត ដើម្បីឲ្យវាមានទិន្នន័យច្រើន ដែលអាចបំពេញមុខងារនៅក្នុងការត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ ហ្នឹងបានទូលំទូលាយ ហើយធ្វើកិច្ចការងារបានលឿន និងមានភាពសុក្រឹតខ្ពស់ ដែលជាជំនួយការចាំបាច់នៅក្នុងការជួយពិនិត្យមើល និងកែតម្រូវនូវកំហុសអក្ខរាវិរុទ្ធ ទាំងក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាក្នុងការធ្វើកិច្ចការងារ ។ យើងឃើញនៅក្នុងភាសាបរទេស ដូចជាភាសាអង់គ្លេស អី គេមានកម្មវិធីស្រដៀងគ្នានឹងកម្មវិធីត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរយើងហ្នឹងដែរ ហើយគេមានមនុស្សប្រើរាប់លាននាក់ ទូទាំងពិភពលោក ។ ដូច្នេះភាសាខ្មែរយើងហ្នឹង គួរតែអភិវឌ្ឍមួយកម្រិតទៀត ដោយប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាហ្នឹង ដើម្បីជាជំនួយនៅក្នុងការពង្រឹងការប្រើប្រាស់ ជាពិសេសគឺការសរសេរនិងការប្រើប្រាស់ភាសាខ្មែរ ហ្នឹងឲ្យបានត្រឹមត្រូវ“ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តទៀតថា “បើសិនជាមានការជួយឧបត្ថម្ភជ្រោមជ្រែង គម្រោងនៃការបង្កើតកម្មវិធីត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរហ្នឹង នឹងដំណើរការអភិវឌ្ឍមួយកម្រិតទៀត ហើយជួយបានច្រើនណាស់ ជាពិសេសគឺអ្នកកាសែត អ្នកដែលធ្វើកិច្ចការងារទាក់ទងនឹងការសរសេរចងក្រងអត្ថបទហ្នឹង បើបានកម្មវិធីហ្នឹង គឺជួយបានច្រើនយកតែមែនទែន ។ វាជួយទាំងចាប់ពាក្យដែលសរសេរខុស ហើយវាជួយទាំងកែពាក្យហ្នឹងទៀត នៅពេលដែលយើងអភិវឌ្ឍវាទៅ ។ ដូច្នេះសរុបទៅ ខ្ញុំសំណូមពរ ៖ ទី១ ដើម្បីធានាថា ការសរសេរភាសាខ្មែរយើងហ្នឹង បានត្រឹមត្រូវ សម្រាប់រយៈពេលវែងហ្នឹង គឺពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការអប់រំអក្សរសាស្រ្តជាតិ ។ ទី២ ការសរសេរ ការធ្វើឯកសារជាដើមហ្នឹង គួរតែមានការត្រួតពិនិត្យ ដោយមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាថា មិនមានកំហុសឆ្គង ហើយទី៣ នៅក្នុងសម័យឌីជីថលនេះ គួរតែងាកមកប្រើប្រាស់បច្ចេកវិទ្យាជួយត្រួតពិនិត្យអក្ខរាវិរុទ្ធហ្នឹង ជាជំនួយការ ដើម្បីបង្កើនប្រសិទ្ធភាពនិងប្រសិទ្ធផលនៃការងារត្រួតពិនិត្យអក្ខរាវិរុទ្ធហ្នឹង ។ ឥឡូវនេះ កម្មវិធីហ្នឹងមានហើយ អ៊ីចឹងត្រូវការតែការជួយឧបត្ថម្ភគាំទ្របន្ថែមពីក្រសួងអប់រំ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីឲ្យអ្នកបច្ចេកទេស និងក្រុមការងារដែលបានបង្កើតកន្លងមកហ្នឹង បង្កើននូវមុខងារអភិវឌ្ឍកម្មវិធីត្រួតពិនិត្យអក្ខរាវិរុទ្ធហ្នឹង ឲ្យវាបានប្រសើរមួយកម្រិតទៀត និងបន្តដំណើរការ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋយើង មិនត្រឹមតែនៅស្រុកខ្មែរទេ តាមពិតទូទាំងពិភពលោក បើសិនជាកម្មវិធីហ្នឹង វេបសាយហ្នឹងដំណើរការឲ្យបានទូលំទូលាយទៅហ្នឹង គឺវាជួយដោះស្រាយបញ្ហាកំហុសអក្ខរាវិរុទ្ធហ្នឹង បានមួយផ្នែកធំមែនទែន” ។

គួរបញ្ជាក់ថា ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរ នៅលើបណ្តាញផ្សព្វផ្សាយ បណ្តាញទំនាក់ទំនងសង្គម និងនៅតាមទីសាធារណៈ ទាំងក្បួនសរសេរ អក្ខរាវិរុទ្ធ និងវេយ្យាករណ៍ ព្រមទាំងបណ្តុះស្មារតីស្រលាញ់និងថែរក្សាអក្សរ និងភាសាជាតិ ឱ្យបានគង់វង្ស និងរីកចម្រើនថែមទៀត ក្រសួងអប់រំ យុវជននិងកីឡា បានធ្វើការណែនាំដល់គ្រប់អង្គភាព ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សិស្សានុសិស្ស យុវជន និងអ្នកពាក់ព័ន្ធ ដូចខាងក្រោម ៖

១. សិស្សានុសិស្ស និងយុវជនទាំងអស់ ត្រូវយកចិត្តទុកដាក់និងខិតខំរៀនភាសាខ្មែរ ទាំងលើការអាន និងការសរសេរ ឱ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ និងវេយ្យាករណ៍ភាសាខ្មែរ។

២. សិស្សានុសិស្ស យុវជន និងពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ភាសាខ្មែរ ទាំងការនិយាយ ទាំងការសរសេរ ឱ្យបានត្រឹមត្រូវតាមក្បួនវេយ្យាករណ៍ និងអក្ខរាវិរុទ្ធភាសាខ្មែរ ក្នុងគ្រប់ស្ថានភាព ទោះក្នុងបណ្តាញទំនាក់ទំនងសង្គម ឬទំនាក់ទំនងផ្ទាល់ ការផ្សព្វផ្សាយឬការចែករំលែកព័ត៌មាន និងការកម្សាន្តណាមួយក្តី។

៣. គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវត្រួតពិនិត្យនិងកែលម្អគ្រប់សំណេរទាំងឡាយ ដែលប្រើប្រាស់ ដាក់តាំងនិងផ្សព្វផ្សាយជាសាធារណៈ នៅក្នុងបរិវេណគ្រឹះស្ថានសិក្សារបស់ខ្លួន ជាពិសេសអក្ខរាវិរុទ្ធ និងក្បួនវេយ្យាករណ៍ភាសាខ្មែរ។

៤. គ្រូបង្រៀនគ្រប់ភូមិសិក្សា គ្រប់កម្រិតថ្នាក់ និងគ្រប់មុខវិជ្ជា ត្រូវជំរុញនិងលើកទឹកចិត្តសិស្ស និងនិស្សិត ឱ្យយកចិត្តទុកដាក់លើការអាន និងការសរសេរភាសាខ្មែរ ឱ្យបានត្រឹមត្រូវ និងផុលផុស។

៥. គណៈគ្រប់គ្រងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវជំរុញឱ្យមានការប្រឡងប្រជែង អាននិងសរសេរ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអាន និងការសរសេរភាសាខ្មែរ។

៦- គ្រប់អង្គភាពអប់រំ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសាលារៀន ត្រូវពង្រឹង និងយកចិត្តទុកដាក់ក្នុងការប្រើប្រាស់អក្ខរាវិរុទ្ធ និងក្បួនវេយ្យាករណ៍ភាសាខ្មែរ ឱ្យបានត្រឹមត្រូវ នៅក្នុងលិខិតរដ្ឋបាល ឬលិខិតបទដ្ឋានគតិយុត្តទាំងឡាយ។

៧. មាតាបិតា និងអាណាព្យាបាលសិស្ស ត្រូវជួយជំរុញ បង្កលក្ខណៈងាយស្រួល និងលើកទឹកចិត្តកូនចៅ ក្នុងការអាន ការសរសេរ និងការស្រាវជ្រាវ ដោយប្រើប្រាស់ភាសាខ្មែរ ឱ្យបានត្រឹមត្រូវ។

៨. មាតាបិតា អាណាព្យាបាលសិស្ស និងគ្រូបង្រៀន ត្រូវលើកទឹកចិត្តកូនចៅ និងសិស្សានុសិស្ស ឱ្យប្រកាន់ទម្លាប់ប្រើប្រាស់អក្សរខ្មែរ សម្រាប់កត់ត្រា និងសរសេរភាសាខ្មែរ និងគួរចៀសវាងការប្រើអក្សរនៃភាសាដទៃ ជំនួសតួអក្សរខ្មែរ។

ជាមួយគ្នានេះ ក្រសួង សូមអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន មហាជន និងអ្នកពាក់ព័ន្ធទាំងអស់ មេត្តាជួយណែនាំ ត្រួតពិនិត្យ និងកែសម្រួលលើការប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរ ដែលបានប្រើប្រាស់ ដាក់តាំង និងផ្សព្វផ្សាយគ្រប់ទម្រង់ នៅតាមទីសាធារណៈ ឬតាមបណ្តាញទំនាក់ទំនងសង្គមនានា ៕ កុលបុត្រ

RELATED ARTICLES