Monday, April 29, 2024
Homeព័ត៌មានជាតិ អភិបាលរាជធានីភ្នំពេញ ជំរុញលុបបំបាត់មូសខ្លា និងជំងឺគ្រុនឈាម

 អភិបាលរាជធានីភ្នំពេញ ជំរុញលុបបំបាត់មូសខ្លា និងជំងឺគ្រុនឈាម

ភ្នំពេញ ៖ ក្នុងការលើកកម្ពស់ដល់សុខមាលភាពប្រជាពលរដ្ឋ តាមការចង្អុលបង្ហាញពីសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌ មន្ត្រីជំនាញពាក់ព័ន្ធ ក្រុមការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បន្តសហការជាមួយកងពលតូចលេខ៧០ ក្នុងចុះបាញ់ថ្នាំមូស នៅសង្កាត់ទាំង១០៥ សំដៅធ្វើយ៉ាងណាលុបបំបាត់ឱ្យអស់មូសខ្លា និងគ្មានជំងឺគ្រុនឈាម។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ លោកឃួង ស្រេង បានថ្លែងអំណរអរគុណចំពោះអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់អស់កម្លាំងកាយចិត្ត ក្នុងការបម្រើភាពសុខសាន្តជូនប្រជាពលរដ្ឋ រហូតទទួលបាននូវការគោ រពស្រឡាញ់ និងការជឿទុកចិត្តមកលើរាជរដ្ឋាភិបាល រហូតមកដល់ពេលនេះ។ ប៉ុន្តែលោកក៏បានជំរុញដល់អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន បន្តចុះទប់ស្កាត់បង្ក្រាបក្មេងទំនើង ការបង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសង ជាដើម។ ពិសេសឱ្យអាជ្ញាធរខណ្ឌ ចុះមើលទីតាំងនៅមុខសាលារៀន ភោជនីយដ្ឋាន ឬកន្លែងអាជីវកម្មផ្សេងៗទៀត ខណៈអាណាព្យាបាល មកយកកូន ឬមកទទួលសេវាផ្សេងៗ បណ្តាលឱ្យមានការកកស្ទះចរាចរណ៍ ត្រូវចុះដោះស្រាយភ្លាមៗ កុំឱ្យកកស្ទះចរាចរណ៍។

លោកឃួង ស្រេង បានបញ្ជាក់ថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនេះ ធ្វើឡើងដើម្បីពិនិត្យលើការងារឡើងវិញ ថាតើនៅខ្វះចន្លោះអ្វីខ្លះ ដើម្បីយកមកបំពេញបន្ថែម សំដៅធ្វើយ៉ាងណាបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ ទាំងការរក្សាសន្តិសុខ សុវត្ថិភាព និងការផ្តល់សេវាសាធារ ណៈ ជូនពួកគាត់ជាដើម។

ជាមួយគ្នានេះ លោកម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានបញ្ជាក់ថា នៅរាជធានីភ្នំពេញ មានមណ្ឌលកម្សាន្ត ចំនួន ៣៦៣ទីតាំង អាជីវកម្ម ដែលមានខារ៉ាអូខេ ចំនួន២៧២ទីតាំង ក្លឹប ចំនួន៤៦ទីតាំង និងបៀរហ្គារដិន ចំនួន៤៥ទីតាំង។

ចំពោះទីតាំងអាជីវកម្មខាងលើនេះ លោកឃួង ស្រេង បានជំរុញឱ្យមានផែនការទប់ស្កាត់បញ្ហាគ្រឿងញៀន ពិសេសអាជ្ញាធរខណ្ឌ ទាំង១៤ ត្រូវចុះពិនិត្យមើលទីតាំងដែលមានហានិភ័យ ចំពោះគ្រឿងញៀននេះ ដើម្បីមានវិធានការលើការបង្ក្រាប លុបបំបាត់គ្រឿងញៀន ឱ្យបាន។ បញ្ហាគ្រឿងញៀន ត្រូវតែមានវិធានការលុបបំបាត់ មិនថាទីតាំងអាជីវកម្មខាងលើ នៅតាមសាលារៀន និងទីតាំងផ្សេងៗទៀតឡើយ គឺត្រូវរួមគ្នាដើម្បីលុបបំបាត់។ ត្រូវបំផុសផ្សព្វផ្សាយប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការទប់ស្កាត់គ្រោះអគ្គិភ័យ ដោយសារ តែរដូវនេះជារដូវក្តៅ ងាយរងគ្រោះដោយអគ្គិភ័យ ។

នាឱកាសនោះដែរ លោកឃួង ស្រេង បានស្នើដល់អាជ្ញាធរខណ្ឌទាំង១៤ នៅពេលគោរពទង់ជាតិ តាមសាលា រៀន ត្រូវចុះផ្សព្វផ្សាយដល់សិស្សានុសិស្ស ពីផលប៉ះពាល់នៃគ្រឿងញៀន ដើម្បីឱ្យពួកគាត់ ដើរឲ្យឆ្ងាយពីគ្រឿងញៀន ឆ្លើយថាទេ ចំពោះគ្រឿងញៀន និងដើរឱ្យឆ្ងាយ ពីក្រុមបងតូច បងធំជាដើម៕

RELATED ARTICLES