Monday, April 29, 2024
Homeព័ត៌មានជាតិរូបមន្តរក្សាអំណាច តាមទ្រឹស្តីនយោបាយ គិតពីលទ្ធផល ជាជាងមធ្យោបាយ

រូបមន្តរក្សាអំណាច តាមទ្រឹស្តីនយោបាយ គិតពីលទ្ធផល ជាជាងមធ្យោបាយ

ភ្នំពេញ ៖ អ្នកវិភាគ បានលើកឡើងថា រូបមន្តរក្សាអំណាច តាមទ្រឹស្តីនយោបាយ គិតពីលទ្ធផល ជាជាងមធ្យោបាយ ។ ប៉ុន្តែសម្រាប់អ្នកនយោបាយឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ ដែលអត់ខ្វល់ពីសីលធម៌ ពេលខ្លះគេប្រើមធ្យោបាយឃោរឃៅ ដើម្បីរក្សាអំណាច ។

លោកបណ្ឌិត រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ថា “រូបមន្តរក្សាអំណាច តាមទ្រឹស្តីនយោបាយ គិតពីលទ្ធផល ជាជាងមធ្យោបាយ។ វាជាការពិតដែលថាមនុស្សឈ្នះនយោបាយ ដោយសារតែពួកគេបានជំរុញអ្នកដទៃឱ្យចូលរួមជាមួយពួកគេ ក្នុងសម្ព័ន្ធភាពនិងសម្ព័ន្ធមិត្រ (Riker, 1986, p. ix)។ ជាការកត់សម្គាល់ទ្រឹស្ដី Heresthetic គឺជាទ្រឹស្ដីជម្រើសសង្គម ដែលជាសាខាឯកទេសនៃទ្រឹស្តីសេដ្ឋកិច្ច និងទ្រឹស្តីនយោបាយ (Riker, 1986) ដែលពន្យល់ពីរបៀបដែលតួអង្គនយោបាយបំភ្លៃដំណើរការធ្វើសេចក្តីសម្រេច ដើម្បីយកឈ្នះលើគូប្រជែង ឬសត្រូវនយោបាយ។ ពួកគេសង្កត់ធ្ងន់ថាមាគ៌ានយោបាយ ដើម្បីកាន់អំណាច ទាមទារនូវកម្រិតនៃភាពឃោរឃៅ (ភាពគ្មានមេត្តា) និងឆន្ទៈក្នុងការលើកកម្ពស់ខ្លួនឯង បើទោះបីជាការធ្វើបែបនេះអាចធ្វើឱ្យឈឺចាប់ ឬធ្វើឱ្យខូចប្រយោជន៍ដល់អ្នកដទៃក៏ដោយ (Belmi & Laurin, 2016)“ ។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកបណ្ឌិត រ៉ូ វណ្ណៈ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ថា ជាយោបល់របស់លោក ក្នុងនាមជាអ្នកសិក្សារៀនសូត្រ យើងគួរតែគិតគូរពីមនុស្សធម៌ ពីមនុស្សជាតិ គិតគូរពីការធ្វើនយោបាយប្រកបដោយបញ្ញា សីលធម៌ ។ មានន័យថា យើងប្រើប្រាស់មធ្យោបាយដែលអនុលោមទៅតាមច្បាប់ អនុលោមទៅតាមគោលការណ៍គុណធម៌ និងសីលធម៌ ដើម្បីផលប្រយោជន៍របស់ប្រជាជន ។ ជាពិសេស រូបមន្តរក្សាអំណាច ដែលសមស្រប គឺស្របទៅតាមរដ្ឋធម្មនុញ្ញ ដែលមានចែង របបប្រជាធិបតេយ្យសេរី ដែលផ្ដល់លទ្ធភាពឲ្យពលរដ្ឋទាំងអស់គ្នា មានឱកាសនៅក្នុងការប្រកួតប្រជែងយកអំណាចនយោបាយ ដើម្បីបម្រើប្រយោជន៍សាធារណៈ។

លោកបណ្ឌិត រ៉ូ វណ្ណៈ បានមានប្រសាសន៍ថា “បាទ! ទាក់ទងនឹងបញ្ហាហ្នឹង គឺគេប្រើប្រាស់មធ្យោបាយអ្វីក៏ដោយ ឲ្យតែជោគជ័យ ។ អ៊ីចឹងមានន័យថា គេគិតពីលទ្ធផល ជាជាងមធ្យោបាយ ហើយនៅក្នុងរូបមន្តហ្នឹង គេហៅថាជារូបមន្តនៃអ្នកនយោបាយបែបប្រាកដនិយម ឆ្អិនក្បាល ស៊ីក្បាល ឆ្អិនកន្ទុយ ស៊ីកន្ទុយ មានន័យថា ជាទ្រឹស្ដីមួយ ដែលផ្ដល់តម្លៃខ្លាំងឲ្យមេដឹកនាំគិតគូរតែពីរឿងលទ្ធផល គិតតែពីរឿងផលប្រយោជន៍ ទោះបីជាមធ្យោបាយដើម្បីទៅសម្រេចលទ្ធផល ទទួលបានផលប្រយោជន៍ហ្នឹងប្រកបដោយធម៌ ការប្រើប្រាស់មធ្យោបាយទុច្ចរិត ឬក៏សុចរិត គឺគេអត់ខ្វល់ ។ អ៊ីចឹងមធ្យោបាយដែលប្រើ ជាទូទៅ គេប្រើមធ្យោបាយ៣ ។ មធ្យោបាយទី១ គឺមធ្យោបាយគំរាមកំហែង សម្លុត ចាប់ដាក់គុក ឬក៏និរទេស ឬចុងក្រោយ គេហៅថា សម្លាប់ ។ ដល់អ៊ីចឹង អាមធ្យោបាយមួយទៀត ក្រៅពីប្រើហិង្សាហ្នឹង គេប្រើមធ្យោបាយមួយទៀត គឺការទិញដូរ ការផ្ដល់ជាតួនាទី លាភសក្ការៈ បុណ្យស័ក្ដិ ទ្រព្យសម្បត្តិ ដើម្បីសម្រេចគោលដៅដែលគេចង់បានដែរ ហើយមធ្យោបាយមួយទៀត ដែលសម្រាប់អ្នកចេះដឹង សម្រាប់បញ្ញជន ឬក៏នៅក្នុងសង្គមប្រជាធិបតេយ្យទំនើបហ្នឹង គឺគេប្រើប្រាស់មធ្យោបាយមួយទៀត ហៅថា ទន់ឬក៏ស្រទន់ ។ មានន័យថា គេពន្យល់ គេបញ្ចុះបញ្ចូល គេលើកទឹកចិត្ត បំផុសទឹកចិត្តឲ្យអ្នកដែលធ្វើឲ្យគេហ្នឹងយល់ដឹងពីឆន្ទៈ យល់ដឹងពីផលប្រយោជន៍រួម យល់ដឹងពីអ្វីដែលជាផលប្រយោជន៍សម្រាប់សង្គម សម្រាប់ជាតិទាំងមូលរួមគ្នា ។ អ៊ីចឹងអាមធ្យោបាយនេះ គេមិនបាច់បង្ខំ គេមិនបាច់ទិញ គេមិនបាច់អីទេ គឺអ្នកដែលធ្វើហ្នឹងព្រមធ្វើ ដោយសារតែវាជាមធ្យោបាយមួយ ដែលធ្វើទៅសម្រេចលទ្ធផលបានទាំងអស់គ្នា ។ អ៊ីចឹងជាទូទៅ គឺមធ្យោបាយហ្នឹង គេប្រើប្រាស់ដើម្បីរក្សាអំណាច ប៉ុន្តែដល់ពេលយើងផ្ដោតសំខាន់គិតតែពីលទ្ធផល ធ្វើឲ្យអ្នកនយោបាយខ្លះ គាត់អត់ខ្វល់ពីនយោបាយទេ គឺគាត់ខ្វល់តែពីលទ្ធផល ។ អ៊ីចឹងត្រលប់មកវិញ នៅពេលដែលយើងគិតពីលទ្ធផលជាគោល យើងច្បាស់ជាពេលខ្លះទាត់ចោលរបាំងសីលធម៌ របាំងគុណធម៌“ ។

លោកបណ្ឌិត រ៉ូ វណ្ណៈ បានមានប្រសាសន៍បន្តថា “អ៊ីចឹងទូទៅ នៅពេលដែលគេឲ្យនិយមន័យថា សំខាន់លើលទ្ធផល មានន័យថា បើសិនជាអ្នកនយោបាយ អ៊ីចឹងលទ្ធផលរបស់អ្នកនយោបាយ គឺស្អី? លទ្ធផលរបស់អ្នកនយោបាយ គឺអំណាច អ៊ីចឹងមានអំណាច គឺមានអ្វីៗទាំងអស់ មានអំណាច មានទ្រព្យសម្បត្តិ មានអំណាច មានកិត្យានុភាព មានអំណាច គឺអាចធ្វើអីស្រេចនឹងចិត្ត អាហ្នឹងលទ្ធផលរបស់អ្នកនយោបាយ ។ បើលទ្ធផលរបស់អ្នកជំនួញ យើងនិយាយជាផលប្រយោជន៍ យើងនិយាយរឿងប្រាក់ចំណេញ ។ លទ្ធផលរបស់អ្នកសិក្សារៀនសូត្រ គឺបង្កើនចំណេះដឹង ទទួលបាននូវពុទ្ធិថ្មីៗ ដើម្បីយកទៅចែករំលែកជាមួយអ្នកដទៃ ។ អ៊ីចឹងលទ្ធផល ដែលយើងនិយមន័យវាផ្សេងៗគ្នា ។ អ៊ីចឹងត្រលប់មកវិញ លទ្ធផលរបស់អ្នកនយោបាយ គឺអំណាច ។ ក្នុងន័យនេះ រូបមន្តរក្សាអំណាច នៅកម្ពុជាយើង គេបត់បែន ។ ខ្ញុំមើលឃើញតួអង្គនយោបាយ គេហៅតួអង្គនយោបាយ គឺបត់បែន គឺហៅថាផលប្រយោជន៍រួម ក៏សាច់ការនិយម ។ មានន័យថា ពេលខ្លះគេប្រើប្រាស់អំណាចរឹង ដោយការគំរាមសម្លុត ពេលខ្លះគេប្រើប្រាស់អំណាចរឹង នៃការទិញដូរ ការឲ្យតួនាទី លាភសក្ការៈ បុណ្យស័ក្ដិ ឬក៏ទ្រព្យសម្បត្តិ ពេលខ្លះទៀត គេប្រើប្រាស់អំណាចនៃការបញ្ចុះបញ្ចូល លួងលោម ឬក៏ការបំផុសទឹកចិត្ត ។ អ៊ីចឹងវាអាស្រ័យទៅលើតួអង្គដែលគេចង់ឲ្យធ្វើតាមនោះ ជាតួអង្គប្រភេទណា? អ៊ីចឹងជាទូទៅ ខ្ញុំមើលឃើញថា គេប្រើរូបមន្តទាំងអស់ហ្នឹង ដើម្បីរក្សាឲ្យបាននូវអំណាចរបស់គេ“ ។

លោកបណ្ឌិត រ៉ូ វណ្ណៈ បានមានប្រសាសន៍បន្តទៀតថា “នៅក្នុងទ្រឹស្ដីរបស់ម៉ាគី វ៉ាលី ឬក៏ទ្រឹស្ដីរបស់អ្នកប្រាជ្ញឥណ្ឌាបុរាណ កាពីយ៉ាក់ គឺគាត់ឲ្យយោបល់ទៅមេដឹកនាំថា នៅក្នុងករណីដែលខ្លួនចង់រក្សាអំណាច ឬក៏ចង់ច្បាមអំណាច រក្សាអំណាចឲ្យបានយូរអង្វែង អ៊ីចឹងពេលខ្លះមធ្យោបាយដែលប្រាសចាកពីសីលធម៌ហ្នឹង មធ្យោបាយដែលប្រើប្រាស់ឃោរឃៅហ្នឹង ដើម្បីរក្សាអំណាចបាន ដូចជាសម័យកម្ពុជាប្រជាធិបតេយ្យ របស់ប៉ុល ពត ហ្នឹង គឺគេប្រើប្រាស់មធ្យោបាយហិង្សា រហូតដល់ការកាប់សម្លាប់ ដើម្បីគំរាម ដើម្បីសម្លុត ដើម្បីរក្សាអំណាចរបស់ខ្លួន ។ អ៊ីចឹងមធ្យោបាយឃោរឃៅ ពេលខ្លះគឺគេប្រើប្រាស់ដើម្បីរក្សាអំណាច ។ អាហ្នឹងគឺសម្រាប់អ្នកនយោបាយឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ មានន័យថា គេអត់ខ្វល់ពីសីលធម៌ ។ ប៉ុន្តែជាយោបល់របស់ខ្ញុំ ក្នុងនាមជាអ្នកសិក្សារៀនសូត្រ យើងគួរតែគិតគូរពីមនុស្សធម៌ ពីមនុស្សជាតិ គិតគូរពីការធ្វើនយោបាយប្រកបដោយបញ្ញា ប្រកបដោយសីលធម៌ ។ មានន័យថា យើងប្រើប្រាស់មធ្យោបាយដែលអនុលោមទៅតាមច្បាប់ អនុលោមទៅតាមគោលការណ៍គុណធម៌ និងសីលធម៌ ដើម្បីផលប្រយោជន៍របស់ប្រជាជនជារួមអ៊ីចឹង» ។

លោកបណ្ឌិត រ៉ូ វណ្ណៈ បានមានប្រសាសន៍បន្ថែមថា “យ៉ាងណា ជារួម រូបមន្តរក្សាអំណាច នៅកម្ពុជា ខ្ញុំគិតថា ស្របទៅតាមរដ្ឋធម្មនុញ្ញ ដែលមានចែង គឺរបបប្រជាធិបតេយ្យសេរី ដែលផ្ដល់លទ្ធភាពឲ្យអ្នកទាំងអស់គ្នា ពលរដ្ឋទាំងអស់គ្នាមានឱកាសនៅក្នុងការប្រកួតប្រជែងយកអំណាចនយោបាយ ជាឈ្នាន់ដើម្បីជាន់យកអំណាចរដ្ឋហ្នឹង ហើយយកអំណាចរដ្ឋហ្នឹង ដើម្បីមកប្រើប្រាស់បម្រើប្រយោជន៍សាធារណជន ។ អ៊ីចឹងយើងយកទីលាននៃការប្រកួតប្រជែង ដោយគោរពទៅតាមវិធាន ឬក៏តាមច្បាប់ ជាជាងយើងប្រើប្រាស់វិធានដែលប្រាសចាកចេញពីគោលការណ៍ច្បាប់ ។ យ៉ាងណាក៏ដោយ នៅក្នុងនយោបាយក្នុងស្រុក វាខុសពីនយោបាយការបរទេស នៅពេលដែលយើងនិយាយពីនយោបាយក្នុងស្រុក យើងគួរតែផ្ដោតសំខាន់ទៅលើសីលធម៌ក្ដី នៃការធ្វើនយោបាយ ។ ប៉ុន្តែនៅពេលនៅក្នុងក្របខ័ណ្ឌទំនាក់ទំនងអន្តរជាតិ បែបប្រាកដនិយម មេដឹកនាំពេលខ្លះ ត្រូវប្រាសចាកចេញពីមេត្តាធម៌ ប្រាសចាកចេញពីគោលការណ៍សីលធម៌ ដើម្បីធ្វើយ៉ាងណាក៏ដោយ ឲ្យជាតិរបស់ខ្លួនហ្នឹងរីកធំធាត់ និងលូតលាស់បាននៅក្នុងបទដ្ឋាននយោបាយមួយដែលពោរពេញទៅដោយការប្រកួតប្រជែង“ ៕ កុលបុត្រ

RELATED ARTICLES